គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធជាផ្លូវការនូវការចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ទោះរងការរិះគន់ថា ជាការទាមទារផ្ទុយនឹងច្បាប់បោះឆ្នោតក្ដី។
លិខិតសម្រេចរបស់ គ.ជ.ប ចុះថ្ងៃទី១៥ ឧសភា ចោទប្រកាន់គណបក្សភ្លើងទៀនថា មិនបានភ្ជាប់នូវសេចក្ដីប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរាជធានីខេត្ត ស្រុកខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
អ្នកជំនាញច្បាប់និងជំនាញខាងកិច្ចការបោះឆ្នោតលើកឡើងស្រដៀងគ្នាថា គ.ជ.ប គួរទទួលស្គាល់ឯកសារសុំចុះបញ្ជីចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន បើផ្អែកទៅលើទិដ្ឋភាពមួយចំនួន ខណៈសេចក្ដីណែនាំថ្មីរបស់ គ.ជ.ប ក៏ពុំមានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។ ពួកគេយល់ឃើញថា គ.ជ.ប មិនគួរបង្ខំឱ្យមានការអនុវត្តតាមសេចក្ដីណែនាំថ្មីរបស់ខ្លួន រហូតបង្កជាបញ្ហាធំនាំឱ្យខាតបង់ប្រយោជន៍ជាតិនោះទេ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។