គ.ជ.ប.រំឭក​ដល់​គ្រប់​បក្ស​នយោបាយ​ឲ្យ​ត្រៀម​ឯកសារ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២

0:00 / 0:00

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​រំឭក​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​បំណង​ចូល​រួម​ប្រកួត​ប្រជែង បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ ឲ្យ​ត្រៀម​ឯកសារ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស និង​បេក្ខជន​ឲ្យ​បាន​គ្រប់​ចំនួន ដែល​ការ​ចុះ​បញ្ជី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​កុម្ភៈ នេះ។

មន្ត្រី គ.ជ.ប បាន​ព្យាករ​ថា អាច​មាន​គណបក្ស​នយោបាយ​ចំនួន​៣ នឹង​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ។

អ្នកស្រី ស៊ីន ជុំបូ បាន​ឲ្យ​ដឹង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ ជ.គ.ប ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែ​កុម្ភៈ ថា ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះ ត្រូវ​ធ្វើ​នៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត តាម​រាជធានី​ខេត្ត​នីមួយៗ។ ហើយ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​មក​យក​គំរូ​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី នៅ​ទីស្ដីការ ជ.គ.ប តាម​​ពេល​ម៉ោង​ធ្វើ​ការ។

ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស និង​បេក្ខជន នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤។ ហើយ​ថា បេក្ខជន​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​មាន​អាយុ​ចាប់​ពី ២៥​ឆ្នាំ​ឡើង​ទៅ។

កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ជា​លក្ខណៈ​អសកល។ ហើយ​មាន​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​តំណែង​សរុប​ចំនួន ១១.៤៥៩​នាក់​ទេ ទើប​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​តំណែង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ សរុប​ចំនួន ៣.៣២៤​នាក់។ ក្នុង​នោះ ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​មាន ៣៩៣​នាក់ និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន ២.៩៣១​នាក់។

​ការ​បោះ​ឆ្នោត​នេះ សម្រាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ដូចៗ​គ្នា​ថា បាន​ត្រៀម​​​ឯកសារ​សម្រាប់​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ឈរ​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​រួច​ហើយ។

​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ព្យាករ​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ ទំនង​ជា​អាច​មាន​គណបក្ស​​នយោបាយ​ពី ២ ទៅ ៣​ទេ នឹង​មក​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង៖ «ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​ខ្ញុំ​អាច​មាន​ពី ២ ទៅ ៣ គណបក្ស​ហ្នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។ ហើយ​យើង​នឹង​ដឹង​ច្បាស់​នៅ​ពេល​យើង​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ»

ទាក់ទិន​ការ​បោះ​ឆ្នោត​នេះ​ដែរ លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី បាន​ផ្ញើ​លិខិត​ណែនាំ​ចុះ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ទៅ​ថ្នាក់​ដឹក​នាំ​គណបក្ស​របស់​ខ្លួន​នៅ​តាម​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ពិសេស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ថា គណបក្ស សម រង្ស៊ី ដែល​ជា​ដៃគូ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស នឹង​មិន​សុំ​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២​នេះ​ទេ។

​ជាង​នេះ លោក គង់ គាំ បាន​ណែនាំ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជា​អង្គ​បោះ​ឆ្នោត ឲ្យ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ។

ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ត្រង់​មាត្រា​២ បាន​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​រយៈពេល ៥​ឆ្នាំ។ ក្រុម​ប្រឹក្សា​នេះ​នឹង​ត្រូវ​ផុត​កំណត់​នៅ​​ពេល​មាន​ក្រុម​​​ប្រឹក្សា​ថ្មី​ចូល​មក​​​​កាន់​​តំណែង​បន្ត។

ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​ក្នុង​អាណត្តិ​ទី​១ បាន​ចាប់​ផ្ដើម កាល​​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៩។

បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​រាជធានី​ខេត្ត​ចំនួន​២៥ ហើយ​បែង​ចែក​ជា​រាជធានី​ចំនួន​១ និង​ខេត្ត​ចំនួន​២៤ ព្រម​​ទាំង​មាន​ក្រុង ស្រុក ខណ្ឌ សរុប​ចំនួន ១៩៧ នៅ​ទូទាំង​ប្រទេស។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ នា​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ គ.ជ.ប គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ១​លាន ៧​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។