គ.ជ.ប អំពាវនាវ​ឲ្យ​គ្រប់​បក្ស​នយោបាយ​ត្រៀម​លក្ខណៈ​ចូល​រួម​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា

ដោយ ដែន អយុធ្យា
2014.03.28
ទេព នីថា ៣០៥ អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា
Photo: RFA

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​២ ឲ្យ​ត្រៀម​លក្ខណៈ ឬ​ឯកសារ​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​រួម​គ្នា​លើក​កម្ពស់​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​មាន​ភាព​រលូន។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា ថា គណបក្ស​នយោបាយ​ដែល​មាន​បំណង​ផ្លាស់​ប្ដូរ​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​ពី​ក្នុង​បញ្ជី​បោះ​ឆ្នោត សូម​រួសរាន់​ឲ្យ​បាន​មុន គ.ជ.ប ផ្តល់​សុពលភាព​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ លោក​បន្ត​ថា ច្បាប់​បាន​កំណត់​ថា ការ​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះ​ឆ្នោត​នេះ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៤៖ «ចំពោះ​គណបក្ស​នយោបាយ​ដែល​គាត់​មាន​បំណង​ផ្លាស់​ប្ដូរ ឬ​ក៏​ថា​បំពេញ​បន្ថែម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ សូម​មេត្តា​រួសរាន់ ព្រោះ​នៅ​ពេល គ.ជ.ប ផ្តល់​សុពលភាព​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នេះ​ហើយ គឺ​មិន​អាច​ផ្លាស់​ប្ដូរ​អ្នក​បោះ​ឆ្នោត ឬ​ក៏​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បាន​ទេ។ លើក​លែង​តែ​ក្នុង​ករណី​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បាន​ស្លាប់ អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះដូរ​ក្នុង​រយៈពេល​១​សប្ដាហ៍ មុន​ថ្ងៃ​បោះ​ឆ្នោត។ នេះ​ជា​ការងារ​សំខាន់។ ការ​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះ​ឆ្នោត​ហ្នឹង គឺ គ.ជ.ប នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ព្រោះ​ថា ច្បាប់​តម្រូវ​ឲ្យ គ.ជ.ប ផ្តល់​សុពលភាព ៣៥​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត»

បន្ថែម​លើ​នេះ លោក ទេព នីថា ក៏​បាន​អំពាវនាវ​ទៅ​ដល់​អង្គ​បោះ​ឆ្នោត​ឲ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ដែល​បាន​បិទ​នៅ​តាម​សាលា​ឃុំ​សង្កាត់​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ប្រាកដ​ថា មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ នា​ពេល​ខាង​មុខ។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​អសកល គឺ​មាន​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង សរុប​ចំនួន​ជាង ១​ម៉ឺន ១​ពាន់​នាក់​ទេ ទើប​មាន​សិទ្ធិ​បោះ​ឆ្នោត។

ការ​បោះ​ឆ្នោត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន​៥ បាន​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស និង​បេក្ខជន រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។