គ.ជ.ប​តម្រូវ​ឲ្យ​បក្ស​​​ចូល​រួម​បោះ​ឆ្នោត​តម្កល់​លុយ​១៥​លាន​រៀល

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ចាត់​ទុក​ថា ការ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) តម្រូវ​បក្ស​នយោបាយ​ឲ្យ​តម្កល់​ប្រាក់​ជា​មុន​ក្នុង​តម្លៃ​មួយ​ខ្ពស់​នោះ គឺ​ជា​រនាំង​មួយ​មិន​ឲ្យ​គណបក្ស​តូចៗ​មាន​សិទ្ធិ​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​ដោយ​សេរី។

0:00 / 0:00

ការ​សម្ដែង​ក្ដី​បារម្ភ​នេះ បន្ទាប់​ពី គ.ជ.ប បាន​ប្រកាស​ជូន​ដំណឹង​កាល​ពី​ចុង​ខែ​មីនា ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​បំណង​ចូល​រួម​ឈរ​បោះ​ឆ្នោត​សម្រាប់​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នា​ខែ​កក្កដា ខាង​មុខ ឲ្យ​តម្កល់​ប្រាក់​ចំនួន ១៥​លាន​រៀល។

នាយក​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា បាន​ហៅ​បទបញ្ញត្តិ​របស់ គ.ជ.ប ថា​កំពុង​ក្លាយ​ជា​ឧបសគ្គ និង​កាត់​បន្ថយ​សិទ្ធិ​ចូល​រួម​ក្នុង​ការ​ប្រកួតប្រជែង​របស់​គណបក្ស​នយោបាយ។ ជាក់​ស្ដែង​មាន​គណបក្ស​នយោបាយ​ចុះ​ឈ្មោះ​នៅ​ឯ​ក្រសួង​មហាផ្ទៃ មាន​ជាង ៤០​គណបក្ស ប៉ុន្តែ​មាន​តែ​ជាង ១០​គណបក្ស​ប៉ុណ្ណោះ ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​កន្លង​មក។

លោក ហង្ស ពុទ្ធា៖ «ការ​កំណត់​ខ្ពស់​ពេក ហាក់​ដូច​ជា​ធ្វើ​ឲ្យ​រាំង​ស្ទះ ហាក់​ដូច​ជា​បាន​កាត់​បន្ថយ​នូវ​សិទ្ធិ​ចូល​រួម​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ជា​គណបក្ស​ប្រកួត​ប្រជែង»

ការ​ដាក់​កំហិត​ឲ្យ​គណបក្ស​បង់​ប្រាក់​កក់​ជា​មុន​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប ពន្យល់​ថា ធ្វើ​ឡើង​ដោយ​យោង​តាម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាងរាស្ត្រ។

ក្នុង​លិខិត​ជូន​ដំណឹង​ថ្មី​របស់ គ.ជ.ប បញ្ជាក់​ថា ប្រាក់​តម្កល់ ១៥​លាន​រៀល នឹង​ត្រូវ​បង្វិល​ជូន​ទៅ​កាន់​គណបក្ស​សាម៉ី​វិញ ក្នុង​ករណី​ដែល​គណបក្ស​នោះ​ដណ្តើម​បាន​ការ​គាំទ្រ​យ៉ាង​តិច ៣% នៃ​សំឡេង​ឆ្នោត​សរុប ឬ​បាន​ទទួល​កៅអី​យ៉ាង​តិច​មួយ​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។ ប្រសិន​បើ​គណបក្ស​នយោបាយ​ណា​មួយ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់ ឬ​កៅអី​ក្នុង​រដ្ឋ​សភា​ទេ​នោះ ប្រាក់​តម្កល់​នឹង​មិន​ត្រូវ​បង្វិល​ឲ្យ​វិញ​ទេ។

ជុំវិញ​បញ្ហា​នេះ​ដែរ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់​ថា គ.ជ.ប មិន​បាន​កំណត់​ប្រាក់​តម្កល់​នោះ​ទេ។ ប៉ុន្តែ​ច្បាប់​បោះ​ឆ្នោត​បាន​កំណត់​ឲ្យ​គណបក្ស​នយោបាយ​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​តម្កល់​ប្រាក់​ជា​ចាំបាច់។

លោក ទេព នីថា៖ «ពេល​ចុះ​បញ្ជី​គណបក្ស​នយោបាយ បេក្ខជន​ឈរ​ឈ្មោះ លក្ខខណ្ឌ​គឺ​ត្រូវ​បង់​ប្រាក់​តម្កល់ ១៥​លាន​រៀល។ ១៥​លាន​រៀល គាត់​នឹង​អាច​ទទួល​យក​វិញ​បាន​នៅ​ពេល​ដែល​គាត់​បាន ៣​ភាគរយ ឬ​ក៏​គាត់​បាន​ទទួល​អាសនៈ​មួយ​តែ​ក្នុង​ករណី​គាត់​មិន​ទទួល​បាន​សំឡេង​ឆ្នោត​មិន​បាន ៣​ភាគរយ ឬ​អាសនៈ​មួយ​ទៀត​ប្រាក់​នឹង​ទៅ​ជា​ប្រាក់​របស់​រដ្ឋ»

លោក ទេព នីថា សង្ឃឹម​ថា អាច​នឹង​មាន​គណបក្ស​នយោបាយ​យ៉ាង​តិច ១០ នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

តាម​ប្រតិទិន​របស់ គ.ជ.ប ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ មេសា ដល់​ថ្ងៃ​ទី​១០ ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។