អ្នកនាំពាក្យ និងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា លើកឡើង ថា អវត្តមានអ្នកសង្កេតការណ៍បោះឆ្នោត របស់អង្គការសង្គមស៊ីវិលណាមួយ គឺមិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ ខែ កក្កដា ខាងមុខនោះទេ។
ប្រតិកម្មរបស់មន្ត្រីនាំពាក្យគ.ជ.បនេះ ធ្វើឡើងក្រោយដែលអង្គការតម្លាភាពកម្ពុជា បានប្រកាសថា នឹងមិនដាក់អ្នកអង្កេតការណ៍ ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកនេះទេ ដោយសារបរិយាកាស និងលក្ខខណ្ឌនយោបាយ ក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ ដែលជាហេតុធ្វើឲ្យអង្គការមួយនេះពុំអាចប្រមូលបានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ ប្រកបដោយអត្ថន័យនោះឡើយ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីអ្នកនាំពាក្យគ.ជ.បបានទេ ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកឆ្លើយតប។ ប៉ុន្តែលោក ហង្ស ពុទ្ធា បានប្រាប់វិទ្យុបារាំង កាលពីថ្ងៃទី២០ ខែមិថុនា ថា អវត្តមានរបស់អង្គការសមាគមណាមួយ នឹងមិនប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតនោះទេ ហើយថារហូតមកដល់ពេលនេះ មានអ្នកសង្កេតការណ៍ជាតិ ជិត៣ម៉ឺននាក់ នឹងចូលរួមសង្កេតការណ៍បោះឆ្នោត។
អង្គការតម្លាភាពកម្ពុជា ធ្លាប់បានចូលរួមក្នុងការងារកែទម្រង់ការបោះឆ្នោត និងអង្កេតការបោះឆ្នោតចំនួន២លើក មកហើយ គឺក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧ ក្នុងគោល បំណងដើម្បីលើកកម្ពស់សុចរិតភាព និងតម្លាភាពក្នុងដំណើរការបោះឆ្នោត។
ក្រៅតែពីអង្គការតម្លាភាពកម្ពុជា អង្គការធំៗពីររួមមានគណៈកម្មាធិការជាតិដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល (COMFREL) និងអង្គការនិកហ្វិច ក៏បានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះដែរ ដោយមានហេតុផលដូចគ្នានេះ។
មន្ត្រីអង្គការខុមហ្វ្រែលបានប្រាប់អាស៊ីសេរីថា មូលហេតុដែលមិនចូលរួមការបោះឆ្នោត ដោយសារសមត្ថកិច្ចបានបិទបន្ទប់ស្ថានការណ៍ (Situation Room) ដែលជាបណ្ដុំអង្គការនិងសមាគម ជាង ៤០ស្ថាប័ន កាលពីឆ្នាំ២០១៧ ដោយបានចោទប្រកាន់អង្គការខុមហ្វ្រែលថា ចូលរួមផ្សព្វផ្សាយចលនាបដិវត្តន៍ពណ៌។
កាលពីថ្មីៗនេះគណបក្សតូចៗក៏បានសម្ដែងការព្រួយបារម្ភ រឿងគ្មានអ្នកជួយសង្កេតការណ៍បោះឆ្នោតនេះដែរ ព្រោះអង្គការសង្គមស៊ីវិលធំៗ ដែលឃ្លាំមើលការបោះឆ្នោត បានដកខ្លួនចេញពីការសង្កេតការណ៍នេះ អស់ទៅហើយ ដោយសារតែការរឹតត្បិតសិទ្ធិសេរីភាព ដល់អង្គការសង្គមស៊ីវិល ហើយពលរដ្ឋខ្លាចរងការចោទប្រកាន់ថា ពួកគេចូលរួមធ្វើបដិវត្តន៍ពណ៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។