រដ្ឋសភា​អនុម័តគាំទ្រ​គណៈរដ្ឋមន្ត្រីថ្មីរបស់កូនច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត

រដ្ឋសភា អនុម័ត​ជា​ផ្លូវការ​នូវ​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី បន្ត​ពី​លោក។ នេះ​ជា​ការ​ផ្លាស់ប្ដូរ​អំណាច​ជា ប្រវត្តិសាស្ត្រ​មួយ​នៅ​កម្ពុជា បន្ទាប់​ពី​លោក ហ៊ុន សែន កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី​ជាង​៣៨​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រៀបធៀប​ថា ការ​ផ្លាស់ប្ដូរ​អំណាច​នេះ​មិន​ខុសពី​ផ្ទេរអំណាច​ត​ពូជ​នៅ​ប្រទេស កូរ៉េខាងជើង​នោះ​ទេ។

លើស​ពី​នេះ បើ​ទោះ​បី​ជា លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ក៏ដោយ ប៉ុន្តែ​អ្នកឃ្លាំមើល អះអាង​ថា លោក ហ៊ុន សែន នៅ​តែ​មាន​អំណាច​ដ៏​កំពូល​ដដែល ដើម្បី​ជួយ​ជ្រោមជ្រែង​កូន​របស់​លោក។

ក្រោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​រដ្ឋសភា​ដែល​ជា​ភាគច្រើន​លើសលប់​មក​ពី​បក្ស​កាន់អំណាច​នោះ លោក ហ៊ុន ម៉ាណែត ដែល​ឡើង​កាន់​អំណាច​តាម​ជើងខោ​ឪ បាន​ថ្លែង​សារ​អរគុណ​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ដែល​បាន​ផ្តល់​ទំនុកចិត្ត​ឲ្យ​លោក​ក្លាយជា​អ្នកដឹកនាំ​បន្តវេន។ លោក​ក៏​មិន​ភ្លេច​លើក​សរសេរ​ការដឹកនាំ​របស់​ឪពុក​របស់​លោក​ដែរ ថា ជា​មេដឹកនាំ​ដ៏​ឆ្លាត និង​ខ្លាំងពូកែ ខណៈ​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុកថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​ហិង្សា​និយម ពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស ដើម្បី​រក្សា​អំណាច​ត​ពូជ។

សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​មិន​ខុសពី​ព័ត៌មាន​បាន​បែកធ្លាយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ទេ ក្នុង​នោះ​មាន​ឧបនាយករដ្ឋមន្ត្រី ១០​រូប និង​ទេសរដ្ឋមន្ត្រី ១៨​រូប និង​រដ្ឋមន្ត្រី ២២​រូប​ទៀត ដែល​សុទ្ធ​តែ​ជា​កូនចៅ និង​សាច់​ញាត់​របស់​មន្ត្រី​កំពូលៗ​នៃ​បក្ស​កាន់អំណាច​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ រដ្ឋសភា​ក៏បាន​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា​ថ្មី ក្នុង​នោះ​អ្នកស្រី ឃួន សុដារី ជា​ប្រធាន​រដ្ឋសភា លោក ជាម យៀប ជា​អនុប្រធាន​ទី​១ រដ្ឋសភា និង​លោក វង សូត ដែល​ជា​កូនប្រសា​អតីត​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជា​អនុប្រធាន​ទី​២ រដ្ឋសភា។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។