សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបងអះអាងថា មន្ត្រីគណបក្សខ្មែរស្រលាញ់ជាតិដែលទើបបង្កើតថ្មី ចាប់ផ្ដើមដើរអូសទាញសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានឱ្យចូលរួមធ្វើនយោបាយជាមួយគណបក្សនេះជាបន្តបន្ទាប់។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកការងារបោះឆ្នោត យល់ថា បរិបទនយោបាយសព្វថ្ងៃនេះ ក្រៅអំពីគណបក្សសង្គ្រោះជាតិមិនទាន់មានគណបក្សណាមានលទ្ធភាពអាចប្រកួតប្រជែងយកឈ្នះគណបក្សកាន់អំណាចនោះទេ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា សកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋាន នៅក្នុងស្រុករបស់លោកនៅតែស្មោះស្ម័គ្រជាមួយគណបក្សលោកដដែល។ ជំទប់ទី១ ឃុំព្រែកនរិន្ទ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិស្រុកឯកភ្នំខេត្តបាត់ដំបង លោក សុខ សុភ័ក្រ ថ្លែងនៅថ្ងៃទី២៧ ឧសភាថា មន្ត្រីគណបក្សខ្មែរស្រលាញ់ជាតិឈ្មោះ ហ៊ុយ ហ៊ាង បានមកចែចូវលោក និងសកម្មជនដទៃ ក្នុងឃុំជាមួយគាត់ ឱ្យបោះបង់គណបក្សសង្គ្រោះជាតិចោល ហើយងាកមករួមរស់ជាមួយគណបក្សបង្កើតថ្មីរបស់គេវិញ៖ « ហើយបើម្នាក់ទៅបង្កើតគណបក្សក្នុងស្ថានភាពសេដ្ឋកិច្ចអត់សឹងតែរកបាយស៊ីគ្មានអីចឹងទៅបង្កើតគណបក្សមានន័យយ៉ាងម៉េច ? ។ ខ្ញុំអត់យល់ទៅបង្កើតគណបក្សហ្នឹងមិនថាយកអី បើប្រជាពលរដ្ឋគាត់ចេះដឹងគាត់ស្គាល់នីតិវិធីក្នុងការបោះឆ្នោត ហើយគាត់ផ្ដួចផ្ដើមចង់បោះឆ្នោតហ្នឹងរួចបាត់ទៅហើយ ទៅបង្កើតធ្វើយ៉ាងម៉េចបានសន្លឹកឆ្នោត » ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិស្រុកមោងឫស្សី លោក អ៊ុត ជឿន វិញ មានប្រសាសន៍ថា មន្ត្រីរបស់គណបក្សដែលទើបបង្កើតថ្មីនេះ ក៏លួងលោមលោកឱ្យទៅរួមរស់ជាមួយគេដែរ ក៏ប៉ុន្តែលោកមិនបានចូលរួមតាមការអំពាវនាវនោះទេ។លោកបញ្ជាក់ថា មូលហេតុដែលលោកមិនធ្វើនយោបាយជាមួយគណបក្សនេះ ពីព្រោះជាក្រុមមនុស្សឱកាសនិយម ធ្វើនយោបាយដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៖ « ចំពោះប្រជាពលរដ្ឋនិយាយឱ្យចំសកម្មជនគេសំដៅទៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ តែពួកខាងសកម្មជនហ្នឹងគាត់ដូចជាមានបទពិសោធន៍ គាត់ធុញទ្រាន់ហ្នឹងនយោបាយ ថាមិនទៅគណបក្សណាទាំងអស់ គាត់នៅធ្វើជាពលរដ្ឋធម្មតាស្រួលជាង គាត់លែងខ្វល់ខ្វាយហើយ » ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីគណបក្សខ្មែរស្រលាញ់ជាតិ លោក ហ៊ុយ ហ៊ាង ប្រាប់អាស៊ីសេរីថា គណបក្សរបស់លោក គឺជាជម្រើសថ្មី ដើម្បីជួយស្រោចស្រង់ដល់សកម្មជនគណបក្សសង្គ្រោះជាតិ ឱ្យបានចូលធ្វើនយោបាយឡើងវិញ។លោកបន្តថា គណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញបានទេ ដូច្នេះហើយបានជាពួកលោករួមកម្លាំងអ្នកស្នេហាជាតិបង្កើតគណបក្សថ្មីនេះឡើង ដើម្បីចូលរួមប្រកួតប្រជែងនយោបាយជាមួយគណបក្សកាន់អំណាចនៅពេលខាងមុខ៖ «យើងបើកចំហក្នុងនាមយើងដែលជាអ្នកប្រជាធិបតេយ្យ យើងត្រូវតែប្រមូលមតិគ្នា ដើម្បីតស៊ូ មតិធ្វើការងារបន្ត យើងមិនអាចរង់ចាំបានទេ។ ខ្ញុំឧទាហរណ៍តែមួយទេបើមេបញ្ជាការហ្នឹងលោករងរបួស ឬក៏យ៉ាងម៉េចត្រូវមានមេបញ្ជាការរងហ្នឹងងើបតស៊ូ ហើយខ្ញុំទាញឧទាហរណ៍តែមួយទេនៅពេលដែលយើងធ្វើសង្គ្រាម តើសុខចិត្តចាញ់សមរភូមិឬក៏សុខចិត្តចាញ់សង្គ្រាម » ។
លោកបន្តថា ក្រសួងមហាផ្ទៃបានទទួលស្គាល់គណបក្សខ្មែរស្រលាញ់ជាតិជាគណបក្សនយោបាយ នៅថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០២០ ហើយលោក ជីវ កត្តា ជាប្រធានបណ្ដោះអាសន្នរបស់គណបក្សមួយនេះ។លោកថា គណបក្សនេះមានសមាជិក ៨០នាក់ដំបូង បានឈរឈ្មោះជាស្ថាបនិករបស់គណបក្ស។
ទោះជាយ៉ាងណាមន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការ ខុមហ្រែល (Comfrel) លោក កង សាវាង្ស មានប្រសាសន៍ថា ការបង្កើតគណបក្សនយោបាយជាសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែការសម្រេចបោះឆ្នោតជូនគណបក្សណាមួយនោះ ជាសិទ្ធិរបស់ម្ចាស់ឆ្នោត។លោកកត់សំគាល់ទៀតថា ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក មិនទាន់មានគណបក្សណាមួយមានប្រជាពលរដ្ឋគាំទ្រច្រើន ដែលអាចមានកម្លាំងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាននៅឡើយទេ៖ « ប្រជាពលរដ្ឋគួរជ្រើសអ្នកនយោបាយឬគណបក្សនយោបាយ ឬក៏សម្រេចចិត្តបែបណា ដើម្បីឱ្យអ្នក ដែលយើងបានជ្រើសយើងហ្នឹងបម្រើយើងពិតប្រាកដ មានន័យឆន្ទៈក្នុងការជួយគិតគួរបញ្ហារបស់ ដូចការសួរសុខទុក្ខយើងពិតប្រាកដ។ អីចឹងបានតែប្រជាពលរដ្ឋខ្លួនឯងទេ ធ្វើតាមដានហើយវិនិច្ឆ័យ ហើយកុំឱ្យការវិនិច្ឆ័យរបស់ខ្លួនឯងទៅតាមអ្នកដទៃ » ។
មកទល់ពេលនេះគណបក្សខ្មែរស្រឡាញ់ជាតិ បានលើកស្លាកចំនួន ៧ខេត្តរួចមកហើយ រួមមាន ខេត្តបាត់ដំបង កំពង់ធំ ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ចាម បន្ទាយមានជ័យ និងត្បូងឃ្មុំ។
ទោះជាយ៉ាងណា លោក កង សាវាង្ស កត់សំគាល់ថា សព្វថ្ងៃនេះ គណបក្សនយោបាយ មិនងាយបោកបញ្ឆោតទាញការគាំទ្រពីពលរដ្ឋបានដូចពេលមុននោះទេ ពីព្រោះពួកគាត់បានឆ្លងកាត់បទពិសោធការបោះឆ្នោតយ៉ាងជោកជាំរួចមកហើយ៕