នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិថ្ងៃដំបូងនេះ ពលករខ្មែរនិងសកម្មជនគណបក្សសង្គ្រោះជាតិដែលភៀសខ្លួន និងធ្វើការនៅប្រទេសថៃ មិនបានទៅដើរលេងកម្សាន្តដូចឆ្នាំមុនៗឡើយ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ពួកគាត់ភាគច្រើននាំគ្នាសម្ងំនៅក្នុងបន្ទប់ជួល និងធ្វើពិធីជប់លៀងជុំគ្នាបន្តិចបន្តួចនៅកន្លែងស្នាក់នៅ។
ក្រុមពលករខ្មែរនៅប្រទេសថៃថ្លែងថា ពួកគេនឹកស្រុកកំណើតនិងចង់ទៅជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលចូលឆ្នាំខ្មែរដែរ ប៉ុន្តែមិនអាចទៅបានដោយសារអាជ្ញាធរកម្ពុជា និងថៃបិទព្រំដែនប្រទេសទាំងពីរនិងគ្មានប្រាក់ធ្វើដំណើរ។ ចំណែកសកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួនវិញ ពួកគាត់ត្រឡប់ទៅវិញមិនបាន ដោយសារការធ្វើទុក្ខបុកម្នេញពីរបបលោក ហ៊ុន សែន។
ពលករមានស្រុកកំណើតនៅខេត្តកោះកុង លោកស្រី ពិន ស្រីលីន ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៤មេសាថា បុណ្យចូលឆ្នាំខ្មែរថ្ងៃដំបូង មានសភាពសោះកក្រោះ ពោលគឺប្រៀបដូចថ្ងៃធម្មតាដែលគ្មានបុណ្យទានដែរ។ ស្ត្រីវ័យ៣០ឆ្នាំប្លាយរូបនេះបន្តថា នៅកន្លែងធ្វើការរបស់លោកស្រី មានពលករខ្មែរប្រមាណ៥០០នាក់ ហើយពួកគេមិនបានទៅធ្វើបុណ្យនៅទីវត្តអារាម ឬទៅដើរលេងកម្សាន្តនោះទេ ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩។ លោកស្រីបញ្ជាក់ទៀតថា ពលករភាគច្រើនស្នាក់នៅក្នុងបន្ទប់ជួល ហើយនាំគ្នាតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)ដើម្បីកាត់បន្ថយការនឹករលឹកស្រុកកំណើត៖ «ចង់ទៅលេងបាងកកទៅជួបមិត្តភ័ក្ដិក៏អត់ ចង់ទៅលេងស្រុកក៏ទៅមិនកើត ឆ្លងដែនគេកាក់ខ្លួន២០ថ្ងៃត្រឡប់មកវិញក៏ពិបាក មានតែទ្រាំនៅរកស៊ីផ្ញើលុយផ្ញើកាក់ទៅផ្ទះតិចតួចទៅ គ្រាន់បើជាងយើងទៅផ្ទះឱ្យគេគាបសង្កត់គ្រប់បែបយ៉ាង។ ស្ដាប់ៗទៅបងប្អូនខ្ញុំប្រាប់មកថា លំបាកណាស់នៅស្រុកនោះ ដល់អីចឹងខ្ញុំសុខចិត្តទ្រាំនៅបែកបងប្អូនបែកកូនបែកចៅនៅស្រុកគេ។ ពេលខ្លះខ្ញុំនៅក្នុងបន្ទប់សម្ងំស្ងាត់តែឯង អីចឹងមើលទូរស័ព្ទឃើញអីចឹងតុកស៊ិកមួម៉ៅដែរ តែមិនដឹងធ្វើម៉េចមានតែទ្រាំ»។
ចំណែកសកម្មជនគណបក្សប្រឆាំងវិញ ពួកគេក៏មិនបានទៅដើរលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំដែរ ប៉ុន្តែពួកគេនាំគ្នាធ្វើពិធីជប់លៀងហូបនំបញ្ចុកជុំគ្នានៅទីក្រុងបាងកកបន្តិចបន្តួច ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងពេលភៀសខ្លួននៅប្រទេសថៃ។
មន្ត្រីគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ទុំ ប៊ុនថន មានប្រសាសន៍ថា លោកគ្មានអារម្មណ៍លេងសប្បាយក្នុងពេលចូលឆ្នាំខ្មែរនោះទេ ដោយសារលោកឈឺចាប់នៅពេលឃើញប្រជាពលរដ្ឋខ្មែរក្រីក្រលំបាក ជាច្រើននាក់ ជាពិសេសសហការីដែលកំពុងជាប់ឃុំនៅពន្ធនាគារមិនបានជួបជុំសាច់ញាតិ។ លោកបញ្ជាក់ទៀតថា កាលៈទេសៈបែបនេះបានធ្វើឱ្យលោកមានទឹកចិត្តតស៊ូទៅមុខទៀត ដើម្បីទាមទារប្រទេសជាតិមានប្រជាធិបតេយ្យពេញលេញ៖ «ខ្ញុំមិនត្រឹមតែមិនបានជួបជុំបងប្អូនទេ ក៏ព្រាត់ប្រាសដូចពួកគាត់ដែរ អីចឹងអារម្មណ៍ខ្ញុំយល់ពីការព្រាត់ប្រាសគ្នានេះជារឿងមួយដែលឈឺចាប់ដែលយើងមិនអាចបំភ្លេចបានទេ ជាពិសេសយើងបង្កើតការឈឺចាប់ហ្នឹងទៅជាការតស៊ូ ដើម្បីផ្លាស់របបលោកហ៊ុន សែនជាពិសេសដើម្បីឱ្យប្រជាពលរដ្ឋខ្មែរអាចជួបជុំគ្នាឡើងវិញ»។
ទាក់ទងនឹងពិធីបុណ្យចូលឆ្នាំនៅប្រទេសថៃនេះ ស្ថានទូតខ្មែរនៅទីក្រុងបាងកកបានបង្ហោះសារនៅក្នុងហ្វេសប៊ុក អំពាវនាវឱ្យពលករខ្មែរដែលរស់នៅប្រទេសថៃទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នអំឡុងពេលឈប់សម្រាកនេះ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ បន្ថែមពីនេះ ស្ថានទូតក៏ស្នើដល់ពលករឱ្យគោរពតាមការណែនាំរបស់រដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួនផងដែរ។ជាមួយគ្នានេះរដ្ឋាភិបាលថៃបានបន្តដាក់ប្រទេសនៅក្នុងគ្រាមានអាសន្នរហូតដល់ថ្ងៃទី៣១ ឧសភា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ វិធានការនេះអាជ្ញាធរថៃបានហាមឃាតមិនឱ្យប្រជាពលរដ្ឋថៃ និងជនបរទេស ប្រមូលផ្តុំគ្នាជាច្រើននាក់ឡើយ ហើយប្រសិនបើជនណាល្មើសនឹងបម្រាមនេះ ពួកគេប្រឈមនឹងមានទោសជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ៤ម៉ឺនបាត ឬប្រហែល ១ពាន់ ៣០០ដុល្លារ។
ចាប់ពីថ្ងៃទី១ មេសា មកដល់ថ្ងៃទី១៤ មេសា ក្រសួងសុខាភិបាលថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍លើកទី៣ ជាង៧ពាន់នាក់ ហើយក្នុងនោះនៅទីក្រុងបាងកកច្រើនជាងគេ។
ព្រះសង្ឃខ្មែរគង់នៅទីក្រុងបាងកក ព្រះតេជព្រះគុណ វ័ន្ត សំបាន់ មានថេរដីកាថា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរនេះ នៅក្នុងវត្តរបស់ព្រះអង្គមិនសូវមានពលករខ្មែរធ្វើបុណ្យដូចឆ្នាំមុនៗនោះទេ ដោយសារពួកគេខ្លាចខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។ព្រះភិក្ខុ វ័ន្ត សំបាន់ មានថេរដីកាបញ្ជាក់ថា ស្ថានការណ៍បែបនេះ ក្រុមពលករគួរតែសម្រាកនៅក្នុងបន្ទប់ជួលមួយរយៈ ហើយត្រូវតាមដានព័ត៌មាននៅក្នុងប្រទេសថៃឱ្យបានជាប្រចាំ ដើម្បីអនុវត្តទាន់ស្ថានការណ៍៖ «តាមដានឱ្យបានជាប់លាប់ឱ្យបានត្រឹមត្រូវដើម្បីការពារសុវត្ថិភាពផង ការពារកុំឱ្យកើតរឿងរាវនៅក្នុងសង្គមគេផង ដើម្បីជាការលើកកម្ពស់ជីវភាព និងសីលធម៌ ដើម្បីបង្ហាញឱ្យគេដឹងថា យើងជាជនជាតិខ្មែរមានទំនៀមទំលាប់ប្រពៃណីល្អស្អាត។ អីចឹងសូមញាតិញោមអនុវត្តច្បាប់ ឬអនុវត្តតាមទំនៀមទំលាប់ឱ្យបានល្អដើម្បីលើកកំពស់ផង ដើម្បីសុវត្ថិភាពផង ដើម្បីបានទទួលបុណ្យកុសលមកពីការធ្វើបុណ្យនេះផងដែរ»។
របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់ប្រមាណ ១លាន ៨សែននាក់(១.៨០០.០០០)ធ្វើការនៅប្រទេសថៃ។ ចំណែកសកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃវិញ មានប្រហែល ៧០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។