សង្គមស៊ីវិល និងអ្នកជំនាញចង់ឃើញរដ្ឋាភិបាលឆ្លើយតបសំណើអាមេរិកដោយវិជ្ជមានរឿងស្តារប្រជាធិបតេយ្យឡើងវិញ
2022.11.13

អ្នកជំនាញ និងមន្រ្តីសិទ្ធិមនុស្សចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ឆ្លើយតបសំណើរបស់សហរដ្ឋអាមេរិកដោយវិជ្ជមានទាក់ទងរឿងស្តារប្រជាធិបតេយ្យឡើងវិញ ដើម្បីប្រយោជន៍ជាតិ និងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរចង់បាន។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joseph R. Biden) កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានស្នើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកលំហលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពឡើងវិញ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។
អ្នកជំនាញ និងមន្រ្តីសិទ្ធិមនុស្សជំរុញរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ការគាបសង្កត់លើសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងសង្គមស៊ីវិល ហើយដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពវិញព្រមទាំងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ២០២៣ ខាងមុខ ស្របតាមអនុសាសន៍មេដឹកនាំប្រទេសប្រជាធិបតេយ្យ និងសហគមន៍ជាតិអន្តរជាតិ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា លើកឡើងថា ដែលអាមេរិករំឭកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាយកមកជជែងដោយត្រង់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបទ្វេភាគីនោះ គឺជាសញ្ញាវិជ្ជមានសម្រាប់ពលរដ្ឋខ្មែរទូទៅ។ លោក ឯម សុវណ្ណារ៉ា អំពាវនាវរដ្ឋាភិបាលទម្លាក់ផលប្រយោជន៍បុគ្គល ឬបក្ខពួកចោល ហើយបង្ហាញឆន្ទៈពិតប្រាកដឆ្លើយតបជុំវិញកង្វល់របស់សហគមន៍អន្តរជាតិ ជាពិសេសអាមេរិក ដើម្បីផលប្រយោជន៍ជាតិ និងបញ្ចៀសហានិភ័យទៅថ្ងៃអនាគត។ លោកយល់ថា បញ្ហានេះបើសិនរដ្ឋាភិបាលនៅតែប្រកាន់ជំហរអនុវត្តប្រជាធិបតេយ្យស្តង់ដារដូចបច្ចុប្បន្ននឹងធ្វើឱ្យកម្ពុជាខាតបង់ដូចជា ទំនាក់ទំនងការទូតជាមួយប្រទេសលោកសេរី ទណ្ឌកម្មបុគ្គល បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) និង(GSP) ដែលធ្វើឱ្យប៉ះពាល់ដល់ទំហំពាណិជ្ជកម្ម ការងារធ្វើរបស់ពលរដ្ឋ សេដ្ឋកិច្ចកម្ពុជាជាដើម៖
«បើសិនកម្ពុជានៅប្រកាន់លទ្ធិប្រជាធិបតេយ្យស្តង់ដារកម្ពុជាទេ ដោយមិនឆ្លើយតបនឹងកង្វល់ដែលលើកឡើងដោយសហរដ្ឋអាមេរិកទេ ឬសហគមន៍អឺរ៉ុបទេ កម្ពុជានឹងប្រឈមការខាតបង់ហើយ។ ខ្ញុំសំណូមពរដល់អ្នកនយោបាយកម្ពុជាគួរគិតផលប្រយោជន៍ជាធំ ប្រយោជន៍រួមអាចដោះស្រាយបញ្ហានេះបានហើយ អាចបញ្ចៀសហានិភ័យទៅថ្ងៃអនាគតហើយបាទ»។
ស្រដៀងគ្នានេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ថាសំណើរបស់ប្រធានាធិបតីអាមេរិកស្នើឱ្យរដ្ឋាភិបាលកម្ពុជាដើរតាមកន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សត្រឹមត្រូវពុំមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញលោកមើលឃើញថា កាយវិការ អាមេរិកដែលជាម្ចាស់ហត្ថលេខីកន្លងមកនោះ គឺជាការយកចិត្តទុកដាក់ក្នុងការជំរុញឱ្យកម្ពុជាអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលបានផ្តល់សច្ចប័នលើកតិការសញ្ញាស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងនានា។ ទោះយ៉ាងណាលោកថា សង្ឃឹមថា រដ្ឋាភិបាលនឹងមានភាពឈ្លាសវៃទទួលយកអនុសាសន៍ទាំងនោះទៅពិនិត្យ និងដោះស្រាយដោយឈរលើប្រយោជន៍ជាតិសម្រាប់ពលរដ្ឋខ្មែរនៅថ្ងៃខាងមុខ៖
«កម្ពុជាយើងត្រូវដោះស្រាយបញ្ហាហ្នឹងដោយឈរលើប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ បើសិនរដ្ឋាភិបាលមិនព្រមផ្លាស់ប្តូរ កែប្រែអ្វីដែលគេស្នើឡើងហ្នឹងអាចមានការដាក់សម្ពាធផ្សេងទៀត យើងដឹងហើយសហភាពអឺរ៉ុបក៏នឹងមានការដាក់សម្ពាធដែររឿងហ្នឹង គេបានបញ្ជាក់ហើយពីព្រោះគេចាំមើលឥរិយាបថមុនការបោះឆ្នោត ហើយការស្នើរបស់ប្រធានាធិបតីអាមេរិកចង់ឱ្យដោះស្រាយមុនការបោះឆ្នោត គឺស្របទៅនឹងយន្តការរបស់អឺរ៉ុបដែលកំពុងចាំមើលផងដែរបាទ»។
សំណើរបស់មន្រ្តីសិទ្ធិមនុស្ស អ្នកជំនាញ បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ ក្នុងជំនួបនោះ លោកប្រធានាធិបតី Biden បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកឡើងវិញនូវលំហរសេរីភាពពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ លោកក៏បានអំពាវនាវឲ្យដោះលែងសកម្មជនដែលត្រូវបានតុលាការឃុំខ្លួនពីបទចោទប្រកាន់នយោបាយរួមទាំងពលរដ្ឋខ្មែរអាមេរិក កញ្ញា សេង ធារី ផងដែរ។ លោកប្រធានាធិបតី Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរដែលចង់ឃើញកម្ពុជាមានការរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលបានមកចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏បានអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានដល់សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសហការធ្វើការងារជាមួយអង្គការសង្គមស៊ីវិលឡើងវិញដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបរឿងនេះបានទេនៅថ្ងៃទី១៣ ខែវិច្ឆិកា។
អ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ លោក គង់ ភោគ ប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា រដ្ឋាភិបាលកម្ពុជាមិនទាន់ឆ្លើយតបបែបណាចំពោះការលើកឡើងរបស់អាមេរិកនោះទេ។ ទោះយ៉ាងណា លោក គង់ ភោគ បានការពារទង្វើរំលោភសិទ្ធិមនុស្ស និងប្រជាធិបេត្យរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក ហើយលោកអះអាងថា ចំណាត់ការលើសកម្មជនទាំងនោះ គឺជាការអនុវត្តច្បាប់៖
«បើសិនគាត់ធ្វើខុសច្បាស់ត្រូវទទួលនូវផលលំបាកចេញពីទង្វើរបស់ពួកគាត់។ សម្រាប់យើងបន្តប្រឹងប្រែងឱ្យអស់លទ្ធភាពពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសយើង ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនយើងអាចទាញយកផលរីកចម្រើនពីសេដ្ឋកិច្ច»។
ទោះយ៉ាងណា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ វាយតម្លៃថា កំពុងធ្លាក់ចុះខ្លាំងគួរឱ្យព្រួយបារម្ភ ចាប់តាំងពីរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ និងបំបិទសិទ្ធិនយោបាយថ្នាក់ដឹកនាំគណបក្សប្រឆាំងជាហូហែ។
មកទល់ពេលនេះ អ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ និងជាសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី សកម្មជនគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។
ក្រុមអង្គការជាតិ និងអន្តរជាតិជាច្រើន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិនិងក្រុមប្រទេសប្រជាធិបតេយ្យធំៗកន្លងមកបានថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជនទាំងនេះ គឺជារឿងនយោបាយ និងគ្មានមូលដ្ឋានច្បាប់។ ពួកគេបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បើកលំហរសេរីភាពសង្គមស៊ីវិល និងនយោបាយ ក្នុងនោះក៏រាប់បញ្ចូលទាំងការលុបចោល និងការកែទម្រង់ច្បាប់នានា ដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។