សង្គមស៊ីវិល និងអ្នកច្បាប់ស្នើឱ្យក្រុមមេធាវីលើកស្ទួយប្រព័ន្ធយុត្តិធម៌សង្គម ចៀសវាងធ្វើជាឧបករណ៍បម្រើអ្នកនយោបាយ
2023.01.22
ស្របពេលដែលគណបក្សកាន់អំណាចកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដាក់គំនាបចោទប្រកាន់ទៅលើគណបក្សប្រឆាំងទៅតាមគ្រប់វិធី កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានស្នើដល់មេធាវីឱ្យចូលរួមចំណែកកសាងសង្គមដោយយុត្តិធម៌។ អ្នកច្បាប់លើកឡើងថា មេធាវីគ្រប់ផ្នែកត្រូវគោរពតាមវិជ្ជាជីវៈក្រមសីលធម៌របស់ខ្លួន ដើម្បីធានាដល់យុត្តិធម៌សង្គម។
អ្នកសិក្សាផ្នែកច្បាប់ លើកឡើងថា មេធាវីបច្ចុប្បន្ន កំពុងអនុវត្តតួនាទីប្រាសចាកគោលការណ៍ច្បាប់ យុត្តិធម៌ និងភាពឯករាជ ដើម្បីស្វែងរកលាភសក្ការៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈ ការបម្រើប្រយោជន៍ឱ្យអ្នកនយោបាយ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ មករា ថា ក្នុងកិច្ចការរបស់មេធាវី មិនថាជាអ្នកការពារក្ដីឱ្យភាគីខាងណាក៏ដោយ គឺត្រូវតែឈរលើការពិត ភាពត្រឹមត្រូវ និងធានាដល់យុត្តិធម៌សង្គម ដោយមិនត្រូវប្រាសចាកពីវិជ្ជាជីវៈខ្លួននោះឡើយ។ លោកបន្ថែមថា ដើម្បីធានាឱ្យសង្គមមួយមានយុត្តិធម៌ និងការលើកកម្ពស់នីតិរដ្ឋបាន លុះត្រាតែមានការចូលរួមពីមេធាវីដែលគោរពតាមវិជ្ជាជីវៈ និងប្រព័ន្ធតុលាការដែលឯករាជ្យ ជាពិសេសអ្នកនយោបាយដែលមិនបង្កើតក្រុមមេធាវីសម្រាប់បម្រើឱ្យផលប្រយោជន៍ឱ្យខ្លួនឯងឬបក្សពួកនោះឡើយ។
លោក វ៉ន ចាន់ឡូត៖ «ប្រសិនបើក្នុងនាមជាមេធាវី យើងជាអ្នកច្បាប់យល់ពីកាតព្វកិច្ចតួនាទីរបស់ខ្លួនហើយៗ យើងនៅតែបំពានទៅនឹងការពិត យើងធ្វើអ្វីសព្វបែបយ៉ាងដើម្បីតែបំពេញចិត្តមេរបស់ខ្លួន ឬអ្នកដឹកនាំនយោបាយហ្នឹង អានឹងខ្ញុំមើលឃើញថាវាកាន់តែមានកំហុសធ្ងន់ធ្ងរថែមទៅទៀតនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន»។
ការលើកឡើងនេះ ធ្វើឡើងនៅបន្ទាប់ពីកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន នៅថ្ងៃទី២០ ខែមករា។ លោក ហ៊ុន ម៉ាណែត ក៏បានស្នើដល់មេធាវីគ្រប់រូបឱ្យចូលរួមកសាងសង្គមប្រកបដោយភាពយុត្តិធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈ ក្រមសីលធម៌របស់ខ្លួន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំនីតិរដ្ឋ ការកែទម្រង់ច្បាប់ ការកែប្រព័ន្ធយុត្តិធម៌ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។ ក្នុងឱកាសនោះ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត របស់លោក ហ៊ុន សែន គឺលោក គី តិច បានបង្ហាញស្នាដៃរបស់ពួកលោកមួយចំនួនថា ពួកគាត់រវល់ខ្លាំងណាស់ប៉ុន្មានឆ្នាំមក ដើម្បីដោះស្រាយសំណុំរឿងធំៗ មួយចំនួនដែលភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងសន្តិសុខជាតិ ដូចជា សំណុំរឿងលោក កឹម សុខា ជាដើម។ លោក គី តិច ប្ដេជ្ញាថា ក្រុមមេធាវីរាជរដ្ឋាភិបាល ត្រូវតែការពារដាច់ខាតចំពោះសំណុំរឿងរបស់ជនណាដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍រាជរដ្ឋាភិបាល។ តែអ្នកឃ្លាំមើល សង្កេតឃើញថា ជាទូទៅ គ្រប់សំណុំរឿងដែលមេធាវីរបស់លោក ហ៊ុន សែន ចេញមុខការពារក្ដី គឺភាគច្រើនបំផុត តែងតែបានទទួលជ័យជម្នះ ជាពិសេសសំណុំរឿងនយោបាយតែម្ដង បើទោះបីជាពួកគាត់ គ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ក៏ដោយ។
នៅរយៈពេលចុងក្រោយនេះ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ លោក ហ៊ុន សែន ហាក់មានភាពក្លាហានក្នុងការចេញគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន និងថ្កោលទោសគណបក្សប្រឆាំង ជាពិសេសក្រុមមេធាវីនេះ តែងតែពុះពាររកភស្តុតាងដើម្បីចោទប្រកាន់ និងដាក់បន្ទុកលើថ្នាក់ដឹកនាំគណបក្សប្រឆាំងផងដែរ។ ជាក់ស្ដែងថ្មីៗនេះ លោក ហ៊ុន សែន បានប្រើប្រាស់ក្រុមមេធាវីរបស់លោក ក្នុងការស្វែងរកបទចោទ ដើម្បីប្ដឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរួមមាន លោក សុន ឆ័យ លោក ថាច់ សេដ្ឋា និងការរឹបអូសទ្រព្យសម្បត្តិ លោក គង់ គាំ ជាដើម។
ជុំវិញរឿងនេះ ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ដើម្បីលើកស្ទួយប្រព័ន្ធយុត្តិធម៌សង្គម ក្រុមមេធាវីគួរតែគិតពីគោលការណ៍ច្បាប់ និងយុត្តិធម៌ ស្របតាមវិជ្ជាជីវៈមេធាវី ដោយមិនត្រូវផ្ដោតតែពីផលប្រយោជន៍របស់កូនក្ដីនោះឡើយ។ លោកបន្តថា នៅក្នុងបរិបទនយោបាយកំពុងតែតានតឹងនេះ មេធាវីគួរតែឈរលើគោលជំហរអព្យាក្រឹត្យ និងចៀសវាងយកអាជីពរបស់ខ្លួនទៅបម្រើឱ្យអ្នកនយោបាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប្រព័ន្ធយុត្តិធម៌ក្នុងសង្គមដើរថយក្រោយ និងរឹតតែធ្លាក់ចុះ។
លោកមេធាវី សុក សំអឿន៖ «ច្បាប់យើងនៅប្រហោងនៅឡើយ។ គួរតែពិនិត្យច្បាប់ហ្នឹងសារជាថ្មី ហើយពង្រឹងប្រព័ន្ធអប់រំនៅតុលាការ ហើយប្រហែលជាត្រូវពង្រឹង នៅប្រព័ន្ធតុលាការនិងដែរ»។
អ្នកច្បាប់ និងអ្នកឃ្លាំមើលនយោបាយ មើលឃើញថា រយៈពេលចុងក្រោយនេះ មេធាវីមួយចំនួន កំពុងទទួលបានតំណែងនិងតួនាទី តាមរយៈការផ្សារភ្ជាប់ខ្លួនទៅនឹងអ្នកនយោបាយគណបក្សកាន់អំណាច។ ការផ្សារភ្ជាប់នេះធ្វើឡើងតាមរយៈការយកអាសា និងចេញមុខរកភស្តុតាងដើម្បីដាក់បន្ទុក លើថ្នាក់ដឹកនាំគណបក្សប្រឆាំងជាដើម។ ពួកគាត់យល់ថា នៅពេលដែលក្រុមមេធាវីក្បត់វិជ្ជាជីវៈ និងនាំគ្នាហែរហម និងធ្វើជាខែលការពារឱ្យអ្នកនយោបាយដូច្នេះ នោះវានឹងនាំឱ្យប្រព័ន្ធយុត្តិធម៌សង្គមបាត់លំនឹង ដែលជះឥទ្ធិពលអាក្រក់ លើការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។