មន្ត្រីសង្គមស៊ីវិលជំរុញទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរបង្កបរិយាកាសល្អដល់គ្រប់គណបក្សនយោបាយ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតខាងមុខនេះ។ ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យ គ.ជ.ប អះអាងថា គ.ជ.បបានរៀបចំរួចហើយ ដើម្បីឲ្យឃោសនានេះដំណើរបានល្អ និងគ្មានជម្លោះ។
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការឃោសនារកសំឡេងឆ្នោតគឺជាផ្នែកសំខាន់មួយដែលអាចគណបក្សនយោបាយកើនប្រជាប្រិយភាព ប៉ុន្តែពួកគេជំរុញឲ្យការធ្វើសកម្មភាពនេះគោរពច្បាប់ ហើយគណបក្សនយោបាយដែលចូលរួមឃោសនាក៏ត្រូវមានការយោគយល់គ្នាទៅវិញទៅមក។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើងថា តួអង្គសំខាន់ពីរក្នុងការជំរុញឲ្យការឃោសនារកសំឡេងឆ្នោតមានបរិយាកាសល្អ គឺអាជ្ញាធរមូលដ្ឋាន និង គ.ជ.ប។ លោកក៏មិនចង់ឃើញមន្ត្រីរាជការលួចពេលវេលា និងធនធានរបស់រដ្ឋទៅបម្រើការឃោសនាដែរ។ អ្នកឃ្លាំមើលការបោះឆ្នោតរូបនេះជំរុញទៅសកម្មជននយោបាយដែលចូលរួមឃោសនា គួរព្យាយាមលើកពីគោលការណ៍នយោបាយនៃបក្សរបស់ខ្លួន នឹងត្រូវជៀសវាងការវាយប្រហារលើបុគ្គល ព្រោះបញ្ហានេះបង្កឲ្យមានជម្លោះកើតឡើង៖ «អ៊ីចឹងការសម្របសម្រួល ការពិនិត្យឲ្យគ្រប់គណបក្សនយោបាយក្នុងចូលរួមនេះ គឺជារឿងមួយដ៏សំខាន់ សម្រាប់ស្ថាប័នគ . ជ . ប ដើម្បីពង្រឹងការជឿទុកចិត្តគ្រប់គណបក្សនយោបាយ»។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ចង់ឃើញមន្ត្រីរាជការជាពិសេសកម្លាំងប្រដាប់អាវុធ រក្សាមានការរក្សាអព្យាក្រឹត្យ។ លោក ស៊ឹង សែនករុណា ក៏ចង់ឃើញមានការកំណត់ធនធានថវិកានៃឃោសនានេះកុំឲ្យមានការចាយលុយលើយុទ្ធនាការនេះខុសគ្នាឆ្ងាយពេក៖ «ជារឿងធម្មតាទេ យើងមានវិសាលភាពធំ យើងប្រើប្រាស់លុយធំហើយ ក៏ប៉ុន្តែ ក្នុងពេលយើងឃើញមានការប្រើប្រាស់ធនធានថវិកាទីតាំងប្រកួតប្រកួតប្រជែងហាក់បីដូចលុបទៅលើអ្នកដែលគាត់អត់មានធនធាន ហើយមិនមានឱកាសក្នុងការចូលរួមក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនឲ្យគ្រប់គ្រាន់ និងស្មើភាពគ្នា»។
មន្ត្រីសង្គមស៊ីវិលលើកឡើងបែបនេះខណៈមួយសប្ដាហ៍ទៀត នឹងឈានដល់ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ទន្ទឹមគ្នានោះដែរ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា មានគណបក្សនយោបាយខ្លះបំប៉ោងស្ថានភាពពិតដើម្បីធ្វើឲ្យប៉ះពាល់លទ្ធផលបោះឆ្នោត។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែឧសភា ចេញសេចក្ដីថ្លែងការណ៍មួយចោទប្រកាន់ថា នារដូវកាលយុទ្ធនាការបោះឆ្នោតនេះ គណបក្សនយោបាយដែលតាំងខ្លួនជាអ្នកប្រឆាំង តែងប្រឌិតព័ត៌មានថា មានបរិយាកាសចង្អៀតចង្អល់ ការរឹតត្បិតសេរីភាពនិងសកម្មភាពនយោបាយដើម្បីត្រៀមដាក់ទម្ងន់ លើការចោទប្រកាន់ ធ្វើឲ្យប៉ះពាល់លទ្ធផលបោះឆ្នោតនាពេលខាងមុខ។
ទោះយ៉ាងមន្ត្រីសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា លើកឡើងថា ដើម្បីឲ្យការបោះឆ្នោតខាងមុខ មានការទទួលស្គាល់ថា ធ្វើឡើងដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ទាមទារឲ្យ បើកលំហសេរីភាពនយោបាយ ការគោរពសិទ្ធិមនុស្ស ការកែប្រែច្បាប់បោះឆ្នោត និងក្បាលម៉ាស៊ីន គ.ជ.ប ជាដើម។
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងថា ពេលនេះ គ.ជ.បបានបណ្ដុះបណ្ដាលមន្ត្រីបោះឆ្នោត និងផ្សព្វផ្សាយពីក្រមសិលធម៌ដល់សាធារណជន ដើម្បីឲ្យការឃោសនានោះប្រព្រឹត្តិទៅដោយមានភាពចាស់ទុំ។
លោក ហង្ស ពុទ្ធា អំពាវនាវអាជ្ញាធរមូលដ្ឋាន បង្កភាពងាយស្រួលដល់គណបក្សនយោបាយដែលគ្រោងធ្វើឃោសនានាពេលខាងមុខ។ ដោយឡែកចំពោះការលើកឡើងពីការកំណត់ថវិការបស់គណបក្សនយោបាយក្នុងការឃោសនា លោកថា គ.ជ.ប មិនអាចបង្គាប់បញ្ជាទៅគណបក្សនយោបាយបានទេ ព្រោះគ្មានច្បាប់ចែង។ លោកបន្តថា បើសិន អង្គការសង្គមស៊ីវិលចង់ ចង់ឲ្យមានការកែប្រែចំណុចនេះ ពួកគេអាចដាក់សំណើជាលាយលក្ខណ៍អក្សរដើម្បីឲ្យ គ.ជ.ប ធ្វើការពិចារណា៖ «បាទខ្ញុំលើកឡើងពីការអំពាវនាវជូនអាជ្ញាធរព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើយ៉ាងណាបង្កភាពងាយស្រួលដល់ពលរដ្ឋទៅបោះឆ្នោតផង ហើយបង្កភាពងាយស្រួលឲ្យគណបក្សនយោបាយទាំងអស់ដែលបានចុះឈ្មោះផ្លូវការដាក់បេក្ខភាពរបស់ខ្លួនហើយធ្វើសកម្មភាពប្រកបដោយសុខសន្តិភាព និងមានសណ្ដាប់ធ្នាប់ក្នុងអំឡុងពេលឃោសនាបោះឆ្នោត»។
យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១៧ ដែលចូលរួមការបោះឆ្នោតខាងមុខ មានរយៈ ១៤ថ្ងៃ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនាខាងមុខ។ ច្បាប់បោះឆ្នោតអនុញ្ញាតឱ្យគណបក្សនយោបាយហែក្បួនទាំងទ្រង់ទ្រាយធំនៅតាមមូលដ្ឋានរបស់ខ្លួនត្រឹមពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃចាប់ផ្ដើម និងថ្ងៃចុងបញ្ចប់នៃយុទ្ធនាការនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។