មន្ត្រីសង្គមស៊ីវិលជំរុញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព ដើម្បីទប់ស្កាត់អំពើពុករលួយ និងមន្ត្រីរដ្ឋាភិបាលទាំងឡាយណា ដែលយកតែសែស្រឡាយខ្លួនឯងចូលបម្រើការក្នុងស្ថាប័នរដ្ឋ ដែលធ្វើឱ្យយុវជនមានចំណេះដឹងបាត់បង់ឱកាសបញ្ចេញសមត្ថភាព។ ពួកគេស្នើដល់អាជ្ញាធរគួរតែពិនិត្យឡើងវិញ ពាក់ព័ន្ធការអនុវត្តច្បាប់ និងបង្កើនធនធានមនុស្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានប្រសិទ្ធភាព។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ឧសភាថា លោកសាទរ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេះគិតគូរពីបញ្ហាមន្ត្រីពុករលួយនៅថ្នាក់ក្រោមជាតិ ប៉ុន្តែបញ្ហាអំពើពុករលួយនៅតាមថ្នាក់មូលដ្ឋាននេះ មិនមែនទើបតែកើតឡើងនោះទេ ។ លោកបន្តថា មន្ត្រីរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរតែចុះត្រួតពិនិត្យការអនុវត្តច្បាប់ និងដាក់ទោសទណ្ឌលើមន្ត្រីណា ដែលប្រព្រឹត្តខុសច្បាប់ ដើម្បីជាគំរូដល់មន្ត្រីដទៃទៀត។
លោក សន ជ័យ៖«ការដោះស្រាយបញ្ហាជំងឺរ៉ាំរ៉ៃអំពើពុករលួយក្នុងសង្គមនេះ គឺការបើកឱកាសឱ្យមានការប្រលងដោយការប្រកួតប្រជែង ហើយនិងការសម្រួលនីតិវិធីផ្សេងៗ នៃដំណើរការប្រលង កុំឱ្យស្មុគស្មាញ ព្រោះកន្លងទៅ យើងបានឮពាក្យចចាមអារ៉ាមថា ដំណើរការនៃការដាក់ពាក្យប្រលងអីផ្សេងៗ នេះ សុទ្ធតែមានការលំបាកអ៊ីចឹង គឺគេត្រូវសម្រួលនីតិវិធី និងបើកចំហឱ្យមានការប្រឡងប្រជែងមួយដោយស្មើភាពគ្នា»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ឧសភា ថា លោកបានទទួលពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរថា មានមន្ត្រីមួយចំនួនប្រព្រឹត្តអំពើពុករលួយជ្រើសរើសសែស្រឡាយខ្លួនឯងធ្វើជាមន្ត្រីថ្នាក់ឃុំ និងមន្ត្រីខ្លះទៀត មានតែឈ្មោះប្រឡង ប៉ុន្តែមនុស្សយកពីខេត្តផ្សេងមកដាក់។ លោក ស ខេង ព្រមាននឹងដកតំណែងស្នងការនគរបាលណា ដែលប្រព្រឹត្តិអំពើពុករលួយជ្រើសរើសកូនចៅខ្លួនឯងធ្វើជានគរបាលឃុំ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា ការជ្រើសរើសនគរបាលថ្នាក់ឃុំ គឺត្រូវមានការប្រលងស្របតាមច្បាប់ត្រឹមត្រូវ និងមានចុះហត្ថលេខាទទួលស្គាល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ស ខេង៖«ព័ត៌មានមួយទៀត មិនមែនជាលាយលក្ខណ៍អក្សរទេរៀបចំទម្លាក់ពីខេត្តទៅតែម្ដង។ ដាក់ទៅត្រង់ណាប៉ុន្មាន អ្នកណាប៉ុន្មាន ក ខ គ ឈ្មោះមនុស្សជាក់ស្ដែងមិនមែនជាមនុស្សនៅកន្លែងហ្នឹង។ អ៊ីចឹង វាដដែលជាដដែល។ ខ្ញុំថា បើរកឃើញរឿងពិតប្រាកដមែន ស្នងការនគរបាលត្រូវទទួលខុសត្រូវមុនគេ ជាការល្អ គឺថា សុំដកខ្លួនលាលែង កុំឱ្យដេញ តែដេញទៅមិនស្រួលបកអស់ស័ក្ដិអស់អីទៀត ពីព្រោះយើងចង់ថា បើកូនចៅប្រជាពលរដ្ឋនៅកន្លែងណាប៉ុស្តិ៍ប៉ូលិស នៅកន្លែងហ្នឹងបានន័យថា មន្ត្រីប៉ូលិសជាមនុស្សនៅហ្នុង»។
ទោះបីជា លោក ស ខេង រិះគន់ការធ្វើការរបស់មន្ត្រីថ្នាក់ក្រោមថា ប្រព្រឹត្តអំពើពុករលួយលើកបន្តុបកូនចៅខ្លួនឯងឱ្យមានតំណែងក្នុងស្ថាប័នរដ្ឋយ៉ាងណាក៏ដោយ ក៏លោក ស ខេង ខ្លួនឯងបាន លើកបន្តុបកូនៗ របស់លោក គឺ ស សុខា ឡើងតំណែងជារដ្ឋលេខាធិការក្រសួងអប់រំ កូនប្រុសពៅឈ្មោះ ស រដ្ឋា មានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ឯក ផ្កាយ៣ និងក្មួយៗ របស់លោក ក៏ជាមន្ត្រីជាន់ខ្ពស់ប៉ូលិសផងដែរ។ ក្រៅពីកូនៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលតំណែងធំ បន្ទាប់ ពីឪពុកនោះកូនប្រុសរបស់លោក ហ៊ុន សែន ទាំង ៣នាក់ គឺមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ព្រមទាំងកូនប្រសារបស់លោក គឺលោក ឌី វិជ្ជា និងលោក សុខ ពុទ្ធិវុធ សុទ្ធតែត្រូវបានដំឡើងតួនាទីធំៗ សំខាន់ៗ ក្នុងស្ថាប័នស៊ីវិល និងស្ថាប័នកងទ័ព។ លើសពីនេះ លោក ហ៊ុន សែន ក៏កំពុងរៀបចំផ្ទេរអំណាចឲ្យកូនច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ស្នងតំណែងបន្តផងដែរ។ រូបភាព និងការតែងតាំងសាច់សាលោហិត សាច់ញាតិរបស់ថ្នាក់ដឹកនាំកំពូលៗ ទាំងនេះ ទំនងជាកត្តាចម្បង ដែលធ្វើឱ្យមន្ត្រីថ្នាក់ក្រោមមួយចំនួនយកគំរូតាមរហូតដល់មានប្រជាពលរដ្ឋខ្លះរងគ្រោះដោយសារតែការស៊ីសំណូកសូកប៉ាន់របស់មន្ត្រីថ្នាក់ក្រោម ជាក់ស្ដែង កាលពីពេលថ្មីៗ នេះ ពលរដ្ឋចំនួន ១១គ្រួសារ នៅខេត្តបាត់ដំបង បានដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃជួយអន្តរាគមន៍លើករណីមន្ត្រីពន្ធនាគារខេត្តបាត់ដំបង លោកស្រី ស៊ឹម សុខុន បោកលុយពួកគេជិត ១០ម៉ឺនដុល្លារ ក្រោមហេតុផលជួយរត់ការឱ្យពួកគេចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិជាដើម។
ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់សំគាល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តែងតែលើកឡើងពីបញ្ហាអំពើពុករលួយនេះ រហូតដល់មានបង្កើតស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទប់ស្កាត់ការប្រព្រឹត្តខុសច្បាប់ ប៉ុន្តែ អ្នកប្រព្រឹត្តខុសច្បាប់នៅតែបន្តកើនឡើង។ លោកបន្តថា ការតែងតាំងសែស្រឡាយ និងបក្ខពួកខ្លួនឯងនៅក្នុងស្ថាប័នរដ្ឋបែបនេះ ធ្វើឱ្យប៉ះពាល់ដល់យុវជន ដែលមានសមត្ថភាព ហើយកម្ពុជានឹងបាត់បង់ធនធានមនុស្សប្រឈមនឹងចំណាកស្រុកទៅក្រៅប្រទេសច្រើន។
លោក ស៊ឹង សែនករុណា៖«ស្ថាប័នរដ្ឋាភិបាលមួយចំនួន ក៏ទទួលស្គាល់ រួមទាំងស្ថាប័នអន្តរជាតិមួយចំនួន ក៏គេបានរកឃើញពីបញ្ហាទាំងអស់នេះដែរ។ អ៊ីចឹង ចង់កែប្រែបញ្ហាទាំងអស់នេះ គួរតែមានវិធានការច្បាស់លាស់ណាមួយ ដោយអនុម័តឱ្យបានម៉ឺងម៉ាត់ជៀសវាងជាការលើកឡើងក្នុងជ្រុងមួយ លើកឡើងហើយ លើកឡើងទៀត។ ប៉ុន្តែបញ្ហាហ្នឹង នៅតែជាបញ្ហាមិនអាចដោះស្រាយបានដែល។ អ៊ីចឹង គួរតែមានការពិនិត្យធ្វើម៉េច កែលំអ ឬការអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ឱ្យបានច្បាស់លាស់»។
កន្លងមកអង្គការជាតិ និងអន្តរជាតិបានរកឃើញថា កម្ពុជា គឺជាប្រទេសដែលសម្បូរអំពើពុករលួយ ជាពិសេស គឺប៉ូលិស មន្ត្រីរដ្ឋាភិបាល និងមន្ត្រីតុលាការ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលតែងបដិសេធ និងថ្លែងការពារ ដោយអះអាងថា អំពើពុករលួយបានថយចុះច្រើនណាស់។ ទោះជាបែបនេះក្ដី មន្ត្រីសង្គមស៊ីវិលទទូចឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធអនុវត្តន៍ច្បាប់ឱ្យមានតម្លាភាព ដើម្បីកាត់បន្ថយអំពើពុករលួយលើកកម្ពស់វប្បធម៌សុចរិតភាព និងគណនីភាព លើគ្រប់ស្រទាប់នៃសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។