មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលផ្នែកប្រឆាំងអំពើពុករលួយ លើកឡើងថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការ ជាពិសេសមន្ត្រីកំពូលៗរដ្ឋាភិបាល នៅតែមិនអាចបង្ហាញពីភាពស្អាតស្អំ និងមិនអាចកាត់បន្ថយអំពើពុករលួយបានទេ។ មន្ត្រីសង្គមស៊ីវិល លើកឡើងបែបនេះ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់មន្ត្រីរាជការតាមរបបពីរឆ្នាំសម្រាប់ឆ្នាំ២០២៣។
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា នីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលគ្រាន់តែតម្រូវឲ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ប្រកាសទ្រព្យសម្បត្តិដោយសម្ងាត់ក្នុងស្រោមសំបុត្របិទជិតមិនទាន់គ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះទេ។
អនុប្រធានគណបក្សភ្លើងទៀននិងជាអតីតអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា ដើម្បីឲ្យការប្រយុទ្ធប្រឆាំងអំពើពុករលួយមានប្រសិទ្ធិភាពលុះត្រាតែថ្នាក់ដឹកនាំរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិដោយបើកចំហជាពិសេសមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាដើម៖
«យ៉ាងហោចណាស់ក្នុងចំណោមថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល ដែលការប្រកាសទ្រព្យសម្បត្តិត្រូវប្រកាសដោយចំហ ពីព្រោះវាពិបាកដល់ការតាមដានអំពីការដែលអ្នកទាំងនេះ ក្រោយចាកចេញពីតួនាទី ឬក៏ការតាមដានមួយរយៈកាល នៃការបំពេញតួនាទីរបស់ខ្លួន តើមានការប្រែប្រួលចំពោះទ្រព្យសម្បត្តិប៉ុណ្ណា។ អាហ្នឹងគឺថា មិនអាចរំពឹងតែស្ថាប័ន ឬក៏យន្តការរបស់រដ្ឋាភិបាលដូចអង្គភាពប្រឆាំងអំពើពុករលួយ តែមួយមុខបានទេ។ នេះជាការដែលខ្ញុំយល់ឃើញថា នៅក្នុងប្រទេសមួយចំនួនដែលគេធ្វើមានប្រសិទ្ធភាព គឺគេឲ្យប្រកាសជាចំហបែបហ្នឹង»។
អង្គភាពប្រឆាំងអំពើពុករលួយប្រកាសនៅថ្ងៃទី៦ ខែមករា ថា គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៦ខែមករានាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលបានចំនួនជិតមួយម៉ឺនប្រាំពាន់ (14,945) រូប ស្មើនឹងជាង៦៥ (65.36%) ភាគរយ នៃចំនួនអ្នកត្រូវប្រកាសសរុបជាងពីរម៉ឺនពីរពាន់ប្រាំបីរយហុកសិបបួន (22,864) រូប។ អ្នកដែលបានប្រកាសទ្រព្យសម្បត្តិទាំងនោះរួមមាន ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ស្ថាប័ន គ.ជ.ប និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលព្រមទាំងខេត្តចំនួន៩។រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនៗរបស់លោកព្រមទាំងមន្ត្រីនៅក្រសួងស្ថាប័នសំខាន់ៗជាច្រើនទៀតនៅមិនទាន់ប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅឡើយទេ។
មាត្រា១៧នៃច្បាប់ប្រឆាំងអំពើពុករលួយ ចែងថា មន្ត្រីរាជការស៊ីវិលតាមក្រសួងស្ថាប័នរដ្ឋចាប់ពីប្រធាននាយកដ្ឋាន យោធា នគរបាល ចាប់ពីស័ក្តិ៥ មន្ត្រីតុលាការ និងអ្នកដែលត្រូវបានតែងតាំងពីការបោះឆ្នោត រួមមាន៖ សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងក្រុមប្រឹក្សាខេត្ត ក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលរៀងរាល់ពីរឆ្នាំម្តងនៅក្នុងខែមករាហើយមិនឲ្យហួសថ្ងៃទី៣១ ខែមករា ឡើយ។តាមច្បាប់ប្រឆាំងអំពើពុករលួយការប្រកាសទ្រព្យសម្បត្តិនិងបំណុលនេះធ្វើឡើងដោយសម្ងាត់បិទក្នុងស្រោមសំបុត្រ។ ចំណែកលុយក្នុងធនាគារមិនតម្រូវឲ្យប្រកាសទេ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
នាយិកានៃអង្គការគណៈកម្មាធិការប្រឆាំងអំពើពុករលួយអ្នកស្រី ម៉ម ស៊ីថា ស្វាគមន៍ចំពោះការប្រកាសទ្រព្យសម្បត្តិប៉ុន្តែអ្នកស្រីយល់ថាការប្រកាសជាសម្ងាត់ដោយមិនបង្ហាញជាសាធារណៈបែបនេះស្មើនឹងមិនបានប្រកាសដដែល។ អ្នកស្រីបន្តថា វិធីនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការប្រឆាំងអំពើពុករលួយដែលកំពុងចាក់ស្រេះជាប្រព័ន្ធនិងឈានដល់កម្រិតអាសន្ននៅកម្ពុជា។ អ្នកស្រីយល់ថា រដ្ឋាភិបាលគួរតែប្រើយន្តការបន្ថែមទៀតដើម្បីកាត់បន្ថយអំពើពុករលួយជាពិសេសបញ្ហាបក្ខពួកនិយមនិងការសូកប៉ាន់ផ្សេងៗ៖
«មិនមែនតែអង្គភាពមួយនេះ ប្រឆាំងអំពើពុករលួយមួយប្រទេសបានទេ ទាល់តែមានការគាំទ្រពីប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិលទាំងអស់ ចូលរួមក្នុងការ ប្រយុទ្ធប្រឆាំង បានទៅរួច ។ចូលរួមផ្តល់ព័ត៌មាន ឬហៅថា ចូលរួមលុបបំបាត់វប្បធម៌ស៊ីសំណូក ទៅទាំងអស់បានមានជំនឿជឿជាក់។ធ្វើឲ្យគគ្រឹកគគ្រេង ព្រោះអំពើពុករលួយគគ្រឹកគគ្រេងណាស់ រឿងអីបានជាការប្រឆាំងអំពើពុករលួយមិនគគ្រឹកគគ្រេងដូចពុករលួយសោះ។ ទាល់តែមានយុទ្ធនាការទូលំទូលាយ»។
កាលពីឆ្នាំ២០១១ លោក ហ៊ុន សែន បានប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ទៅអង្គភាពប្រឆាំងអំពើពុករលួយដោយលោកចាត់ទុកថាជាផ្នែកមួយនៃការប្រឆាំងអំពើពុករលួយ។ លោកបានបញ្ជាក់នៅពេលនោះទៀតថា លោកមិនមានប្រភពចំណូលអ្វីផ្សេងទៀតនោះទេក្រៅពីប្រាក់បៀវត្សរ៍ចំនួន ៤លាន ៦សែនរៀលឬស្មើប្រមាណ ១ពាន់ ៥រយ (១.៥០០) ដុល្លារក្នុងមួយខែ។ក្រោយមកចាប់ពីខែមករាឆ្នាំ២០១៧ប្រាក់ខែរបស់លោក ហ៊ុន សែន បានឡើងដល់១០លានរៀលប៉ុន្តែបង់ពន្ធអស់ចំនួន៩១ម៉ឺន (៩១០.០០០) រៀល នៅសល់ជាង ៩លាន (៩.០៩០.០០០) រៀល ឬប្រមាណជាង ២ពាន់ ២រយ (២.២០០) ដុល្លារ។ រីឯប្រាក់ខែរដ្ឋមន្ត្រីឬទេសរដ្ឋមន្ត្រីឡើងដល់ ៤លាន ៥សែនរៀលប្រាក់ខែរដ្ឋលេខាធិការឡើង ៣លាន ៥សែនរៀលនិងប្រាក់ខែអនុរដ្ឋលេខាធិការឡើដល់ ២លាន ៨សែនរៀល។
ទោះបីជា លោក ហ៊ុន សែន និងក្រុមមន្ត្រីរបស់លោកភាគច្រើនចេញពីត្រកូលអ្នកមានជីវភាពសាមញ្ញធម្មតានិងកសាងជីវភាពពីបាតដៃទទេក្រោយដួលរំលំរបបខ្មែរក្រហមហើយមានអាជីពជាមន្ត្រីបម្រើសេវាសាធារណៈពេញមួយជីវិតដោយទទួលបានប្រាក់ខែទាបក្តីប៉ុន្តែបើពិនិត្យទៅលើទ្រព្យសម្បត្តិនិងជីវភាពរស់នៅរបស់ពួកគេសព្វថ្ងៃនេះវិញខុសគ្នាសឹងមិនគួរឱ្យជឿ។ គ្រាន់តែនាឡិកាដៃរបស់លោក ហ៊ុន សែន សុទ្ធតែជាប្រភេទល្បីៗមានតម្លៃរាប់លានដុល្លារ។ សូម្បីតែក្បាលខ្សែក្រវាត់និងសម្លៀកបំពាក់របស់មន្ត្រីទាំងនោះក៏មានតម្លៃចាប់ពីខ្ទង់ពាន់រហូតដល់ខ្ទង់ម៉ឺនដុល្លារដែរ។ ក្រៅពីនេះ ពួកគេម្នាក់ៗមានភូមិគ្រឹះស្កឹមស្កៃពីរបីកន្លែងក្នុងទីក្រុងនិងតាមខេត្ត។ បន្ថែមពីនេះ ក្រុមមន្ត្រីរាជរដ្ឋាភិបាលនិងសែស្រឡាយមេដឹកនាំធំៗមួយចំនួនក៏កំពុងល្បីល្បាញរឿងផ្ញើលុយនៅធនាគារក្រៅប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយជះលុយទិញសញ្ជាតិបរទេសដូចជា ករណីសាច់ញាតិរបស់លោក ហ៊ុន សែន ក្រុមគ្រួសាររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ក្រុមគ្រួសាររបស់រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា និងក្រុមគ្រួសាររបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ជាដើម។
អ្នកស្រី ម៉ម ស៊ីថា សង្កេតឃើញថា បើផ្អែកទៅលើប្រាក់ខែឬប្រភពចំណូលរបស់ក្រុមមន្ត្រីគ្រាក់ៗរដ្ឋាភិបាលមិនស៊ីសង្វាក់គ្នាទៅនឹងទ្រព្យសម្បត្តិនិងជីវភាពរស់នៅរបស់ពួកគេនោះទេ៖
«អំពើពុករលួយវាគ្រោះថ្នាក់ វាជាអ្នកបំផ្លាញអាយុជីវិតជាតិ សូមអោយទាំងអស់គ្នាចាប់អារម្មណ៍ ពិសេសអង្គភាពដែលមានតួនាទី ហើយទាំងអស់គ្នា ចូលរួមកម្ចាត់ចូលរួមបំផុសបំផុលឲ្យកាន់តែខ្លាំងជាងហ្នឹងដើម្បីឲ្យមានប្រជាជនចូលរួមគគ្រឹកគគ្រេងមក។ ច្បាប់អនុវត្តឲ្យមានប្រសិទ្ធភាពទៅ ឲ្យមានស្តង់ដារតែមួយក្រោមដំបូលព្រះរាជាណាចក្រតែមួយ។អ្នកខុស ត្រូវតែទទួលកំហុសតាមផ្លូវច្បាប់កំណត់។អំពើពុករលួយនេះវាបំផ្លាញនូវគ្រឹះលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបំផ្លាញសព្វសារពើកិច្ចអភិវឌ្ឍ។ល។នោះចា៎»។
របាយការណ៍អង្គការឃ្លាំមើលពិភពលោកគ្លបល វីនេស (Global Witness )ផ្សាយកាលពីឆ្នាំ២០១៦បង្ហាញថាត្រកូលរបស់ "លោក ហ៊ុន សែន " កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជាដោយអំពើពុករលួយ រំលោភអំណាចនិងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។ គ្រួសារ ត្រកូល "ហ៊ុន" បានកាន់កាប់ផ្ទាល់ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិកប៉ុន្តែអង្គការគ្លបល វីនេស អះអាងថាពួកគេមានភាគហ៊ុនច្រើនជាងនេះប៉ុន្តែលាក់ព័ត៌មាន។ ប្រទេសកម្ពុជា នៅតែបន្តជាប់ចំណាត់ថ្នាក់អាក្រក់ជាងប្រទេសនានាក្នុងតំបន់ និងនៅលើពិភពលោកខាងប្រព្រឹត្តិអំពើពុករលួយ។ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានបង្ហាញសន្ទស្សន៍នៃការវាយតម្លៃពីអំពើពុករលួយឆ្នាំ២០២១ថាកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥៧ក្នុងចំណោមប្រទេសនិងដែនដីសរុបចំនួន១៨០។ អ្នកឃ្លាំមើល យល់ថា ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយមានឆន្ទៈប្រយុទ្ធប្រឆាំងអំពើពុករលួយពិតប្រាកដនោះទោះបីជាដើរបិទភ្នែកក៏អាចចាប់អ្នកប្រព្រឹត្តអំពើពុករលួយបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។