មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ​រំខាន​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

ដោយ ជាតិ ចំណាន
2024.12.07
មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ​រំខាន​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក រ៉ុង ឈុន ទីប្រឹក្សា​របស់​គណបក្ស​កម្លាំង​ជាតិ។
រូប៖ ហ្វេសប៊ុកគណបក្សកម្លាំងជាតិ

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ចោទ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ដាក់​សម្ពាធ​លើ​ម្ចាស់​ផ្ទះ ដើម្បី​កុំ​ឱ្យ​ជួល​កន្លែង​ឱ្យ​ទៅ​គណបក្ស​កម្លាំង​ជាតិ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ នៅ​ពេល​ខាង​មុខ។ គណបក្ស​កម្លាំង​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព។

គណបក្ស​កម្លាំង​ជាតិ ចាត់​ទុក​ការណ៍​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ទៅ​គំរាមកំហែង​ម្ចាស់​ផ្ទះ ដើម្បី​បញ្ចប់​កិច្ច​សន្យា​ជួល​ទីស្នាក់ការ​ឱ្យ​បក្ស​កម្លាំង​ជាតិ​រៀបចំ​កម្មវិធី​នៅ​ថ្ងៃ​ទី១០ ខែធ្នូ គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​លើ​គណបក្ស​កម្លាំង​ជាតិ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។

ទីប្រឹក្សា​របស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៧ ខែធ្នូ ថា គឺជា​រឿង​សោកស្ដាយ និង​ហួសចិត្ត ដែល​រដ្ឋបាល​ខេត្តកំពង់ធំ​បាន​ជួប​ជជែក​ជាមួយ​តំណាង​បក្ស​កម្លាំង​ជាតិ​អំពី​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​រួច​ហើយ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​នេះ​បែរជា​ទៅ​គំរាមកំហែង​ម្ចាស់ផ្ទះ​ដើម្បី​ឱ្យ​លុប​ចោល​កិច្ចសន្យា​ជួល​ផ្ទះ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ទៅ​វិញ។  លោក រ៉ុង ឈុន អះអាង​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បក្ស​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​នៅ​តែ​បន្ត​ធ្វើ​ដូច​ការ​គ្រោងទុក​បើ​ទោះ​ជា​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ក្ដី។

លោក រ៉ុង ឈុន៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរតែ​គោរព​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ហើយ​វា​ស្រប​ទៅ​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ ហើយ​ប្រសិនបើ​ត្រូវ​បាន​រាំង​ខ្ទប់​មិន​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​អា​ហ្នឹង​វា​ជា​រូបភាព​មួយ​អាក្រក់​មែនទែន​ពីព្រោះ​អ្វី​ដែល​បាន​ឯកភាព​គ្នា​ហើយ​បែរជា​ត្រូវ​បាន​រារាំង​វិញ​អា​ហ្នឹង​វា​ជា​រូបភាព​មិន​ល្អ​សម្រាប់​សង្គម​កម្ពុជា»

គណបក្ស​កម្លាំង​ជាតិ​គ្រោង​ជួបជុំ​សមាជិក សមាជិកា​របស់​នៅ​ថ្ងៃទី១០ធ្នូ ប្រមាណ៤០០នាក់​នៅ​ទីស្នាក់ការ​បក្ស​កម្លាំង​ជាតិ​នៅ​ខេត្ត​កំពង់ធំ។  ប៉ុន្តែ​ក្រោយ​មាន​ការ​ប្រជុំ​ចរចា​កាលពី​ថ្ងៃទី០៤ ខែធ្នូ ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ធំ​ដែល​មាន​អភិបាល​រងខេត្ត លោក អ៊ុន បុត្ត ចូលរួម​ផង​នោះ ខាង​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​រៀបចំ​កម្មវិធី​ដោយ​មាន​សមាជិក​ចូលរួម​២០០នាក់​ដោយ​អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុន បុត្ត អះអាង​ថា ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ចៀសវាង​មាន​បាតុភាព​ណា​មួយ​កើត​ឡើង។ ដោយឡែក​ម្ចាស់​ផ្ទះ​ជួល​យល់​ព្រម​ឱ្យ​បក្ស​កម្លាំង​ជាតិ​ប្រារព្ធ​កម្មវិធី តែ​ក្រោយ​ចប់​កម្មវិធី​ម្ចាស់​ផ្ទះ​នឹង​បញ្ចប់​កិច្ចសន្យា​ជួល​ផ្ទះ​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​ជា​ទីស្នាក់ការ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​អភិបាល​ខេត្ត​កំពង់ធំ លោក លោក នួន ផារ័ត្ន  បាន​ទេ​នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍ អាជ្ញាធរ​គួរតែ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ចូលរួម​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ លោក​បន្ត​ថា ប្រសិនបើ​មាន​ចរចា​រវាង​តំណាង​បក្ស​កម្លាំង​ជាតិ និង​អាជ្ញាធរ​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​រារាំង​តាម​រយៈ​រូបភាព​ផ្សេងៗ​នោះ​គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

លោក នី សុខា៖ «ប្រសិនបើ​មាន​ការ​រឹតត្បិត ឬក៏​ដាក់​កំហិត​ឬក៏​មិន​អនុញ្ញាត​មិន​អាច​បង្ក​លក្ខណៈ​ឱ្យ​គេ​ធ្វើ​សកម្មភាព​បាន​អានេះ​គឺជា​រូបភាព​មួយ​នៃ​ការ​គំរាមកំហែង ការ​គាបសង្កត់​ការ​រឹតត្បិត​ទៅ​លើ​សកម្មភាព​គណបក្ស​នយោបាយ​ហើយ។ ពីព្រោះ​ថា ក្រុម​គាត់​គឺជា​ក្រុម​អ្នក​នយោបាយ ប៉ុន្តែ​បើ​យើង​មើល​ការងារ​របស់​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​យើង​បាន​ធ្វើ​ថ្មីៗ​នេះ​ដូចជា​សហការ​គ្នា​បាន​ល្អ»

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល យុវជន និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រមាណ​៥០នាក់ នៅថ្ងៃទី០៧ ខែធ្នូ បាន​បន្ត​ធ្វើ​ដំណើរ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​ដើម្បី​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​សិទ្ធិ​មនុស្ស​ដល់​ពលរដ្ឋ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ។ ធម្មយាត្រា​ដែល​ឈាន​ដល់​ថ្ងៃទី២​នេះ​ពួកគាត់​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​តាកែវ​ឆ្ពោះ​មក​ខេត្ត​កណ្ដាល។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែល​បាន​ចូលរួម​ក្នុង​ធម្មយាត្រា​នេះ ថ្លែង​ថា ទោះ​បី​មេឃ​ក្ដៅ និង​ត្រូវ​ដើរ​ក្រោម​កម្ដៅ​ថ្ងៃ​យ៉ាង​ណា​ក៏​យុវជន​នៅ​តែ​មាន​ចិត្ត​ស្វាហាប់ និង​មុត​មោះ​ដើម្បី​ផ្សព្វផ្សាយ​ពី​សិទ្ធិ​មនុស្ស។ លោក វន់ ពៅ នឹក​រលឹក​ដល់​សកម្មជន​សង្គម​ដូចជា លោក កើត សារ៉ាយ យុវជន​បរិស្ថាន និង​សកម្មជន​សហជីព​ដែល​ធ្លាប់​ចូលរួម​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​គ្នា ប៉ុន្តែ​ពេល​នេះ​ពួកគាត់​បែរជា​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅ​វិញ។

លោក វន់ ពៅ៖ «ជា​ការ​ផ្ដល់​យោបល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រសិន​ជា​ចង់​បាន​ការ​គោរព​សិទ្ធិ​មនុស្ស​ទាល់​តែ​យើង​ចូលរួម​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​យើង​ជា​ពលរដ្ឋ បំពេញ​កាតព្វកិច្ច​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​អំពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​ស្ដីពី​កង្វល់​របស់​ខ្លួន។ ប្រសិនបើ​ចង់​បាន​យុត្តិធម៌​ត្រូវ​តែ​ហ៊ាន​ចូល​សង្វៀន​ប្រយុទ្ធ​ដើម្បី​យុត្តិធម៌​សង្គម​មាន​ន័យ​ថា ប្រយុទ្ធ​ទៅ​តាម​គោលការណ៍​ច្បាប់ រដ្ឋធម្មនុញ្ញ​ទៅ​តាម​គោលការណ៍​ច្បាប់​ដូច​ចែង​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស»

ដោយឡែក​ទិដ្ឋភាព​នៅ​តាម​ដង​ផ្លូវ​វិញ​មាន​ពលរដ្ឋ​មួយ​ចំនួន​ពួកគាត់​បាន​ចូលរួម​អបអរសាទរ​ជាមួយ​យុវជន និង​អ្នក​ខ្លះ​ទៀត​បាន​ចូលរួម​ផ្ដល់​ជា​នំនែក​ផង​ដែរ។ ការ​ដើរក្បួន​ធម្មយាត្រា​ថ្ងៃនេះ​ពុំ​មាន​កម្លាំង​អាជ្ញាធរ​ណា​តាម​ឃ្លាំ​មើល និង​សួរ​នាំ​នោះ​ទេ ហើយ​កម្មវិធី​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី១០ ធ្នូ ដែល​ជា​ថ្ងៃ​ប្រារព្ធ​កម្មវិធី​ធំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២ពាន់នាក់ (.០០០)

ក្រៅពី​អង្គការ​សមាគម គណបក្ស​នយោបាយ និង​សហគមន៍​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហើយ​នោះ នៅ​មាន​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ដូចជា ប្រទេស​ជប៉ុន (Japan)  ក៏​នឹង​ដើរ​ដង្ហែក្បួន​បាតុកម្ម​ស្ដី​អំពី​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នៅ​ថ្ងៃទី៨ ខែធ្នូ កណ្ដាល​ទីក្រុង​តូក្យូ (Tokyo) ដែល​មាន​ពលរដ្ឋ​ចូលរួម​ចំនួន១ពាន់ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឆ្លងដែន។

គណៈកម្មការ​រៀបចំ​បាតុកម្ម​ទាមទារ​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ដើម្បី​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន លោក ម៉ាច ខេមរា ឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស និង​បង្ហាញ​ពី​ក្ដី​កង្វល់​ជុំវិញ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចាប់ចង​ពលរដ្ឋ​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត ជាពិសេស​ការ​គឺ​គំរាមកំហែង​ឆ្លងដែន។ លោក​បន្ត​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ស្លាប់​បាត់​ហើយ​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល«ហ៊ុន»ដឹក​នាំ​ប្រទេស​បែប​ផ្ដាច់​ការ។

លោក ម៉ាច ខេមរា៖ «ចំពោះ​កម្ពុជា​យើង​ការ​គោរព​សិទ្ធិ​មនុស្ស​សឹង​តែ​ស្លាប់​បាត់​តែ​ម្ដង​មិនមែន​ត្រឹម​តែ​បាត់បង់​ការ​គោរព​សិទ្ធិ​ទេ ប៉ុន្តែ ស្លាប់​តែ​ម្ដង​ពីព្រោះ​យើង​ឃើញ​ការ​បង្ក្រាប​យ៉ាង​សាហាវ​ឃោរឃៅ​ពី​សំណាក់​មេដឹកនាំ​សព្វថ្ងៃ។ សូម្បី​តែ​អ្នក​ការពារ​ធនធាន​ធម្មជាតិ អ្នក​ការពារ​ព្រៃឈើ អ្នក​ការពារ​សិទ្ធិ​មនុស្ស​មិនមែន​ចាប់​តែ​ការ​តែ​សមាគម ឬក៏​អ្នក​ធ្វើ​ការ​ហ្នឹង​ទេ​រួម​ទាំង​បិទ​អង្គភាព​ស្ថាប័ន​អ្នក​ធ្វើ​ការ​តែ​ម្ដង»

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​ចំនួន នៅតែ​បន្ត​ចាប់ និង​ឃុំ​ខ្លួន​អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​កើន​ឡើង​ដល់​ជិត១០០នាក់ ដោយសារតែ​ភាព​សកម្ម​និយម និង​ការ​បញ្ចេញមតិ​របស់​ពួកគាត់។

កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា សភា​អឺរ៉ុប​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​ថ្មី​មួយ ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ពី​ការ​ផ្ដល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដែល​នៅ​សល់​ចំនួន៨០%ជាមួយ​កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ​កម្ពុជា​បែរជា​បង្កើន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​តាម​ទំនើងចិត្ត និង​រឹតត្បិត​ទៅ​លើ​សំឡេង​អង្គការ​សង្គម​ស៊ីវិល​ទៅ​វិញ។ សភា​អឺរ៉ុប​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​រាល់​អ្នក​ទោស​នយោបាយ សកម្មជន អ្នកកាសែត អ្នកការពារ​សិទ្ធិ​មនុស្ស និង​តួ​អង្គ​សង្គម​ស៊ីវិល​ដទៃ​ទៀត​ទាំងអស់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។