គណបក្ស​កម្លាំង​ជាតិ​បោះឆ្នោត​ជ្រើសតាំង​លោក ជា មុនី ធ្វើ​ជា​ប្រធាន​បក្ស

ដោយ ច័ន្ទ ដារ៉ូ
2024.09.15
គណបក្ស​កម្លាំង​ជាតិ​បោះឆ្នោត​ជ្រើសតាំង​លោក ជា មុនី ធ្វើ​ជា​ប្រធាន​បក្ស លោក ជា មុនី (ឈរលើកដៃសំពះ) នៅថ្ងៃដែលសមាជគណបក្សកម្លាំងជាតិ ជ្រើសតាំងជាប្រធានគណបក្ស នៅថ្ងៃទី១៥ កញ្ញា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណបក្ស​កម្លាំងជាតិ​ធ្វើ​សមាជ​វិសាមញ្ញ​កែសម្រួល និង​ជ្រើស​តាំង​ថ្នាក់ដឹកនាំ​គណបក្ស​បន្ថែម​ទៀត​ទៅ​តាម​លក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស ក្រោយ​ពេល​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ។ មេដឹកនាំ​បក្ស​នេះ​ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង ហើយ​ងាក​ទៅ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ។ មន្រ្តី​បក្ស​កាន់​អំណាច​អះអាង​​ថា គណបក្ស​នយោបាយ​ប្រកួតប្រជែង​នៅ​កម្ពុជា​កន្លង​មក​ធ្វើឡើង​ដោយ​ស្មើ​ភាព​គ្នា។

ដូច​ការ​គ្រោងទុក គណបក្ស​កម្លាំងជាតិ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា នៅ​ទីស្នាក់ការ​គណបក្ស​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​២០០នាក់ ដែល​ភាគច្រើន​ជា​សកម្មជន និង​សមាជិក​បក្ស​មក​ពី​បណ្តា​ខេត្ត​ទូទាំង​ប្រទេស។

សំឡេង « ជយោ! គណបក្ស​កម្លាំងជាតិ ជយោ! ជយោ! លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ជយោ! »

គណបក្ស​កម្លាំង​ជាតិជួបជុំនៅគ្នាប្រារព្ធសមាជ​វិសាមញ្ញ​នេះ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ចំពោះ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស ទៅ​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ដែល​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​ប្រធាន​គណបក្ស គឺ​លោក ស៊ុន ចន្ធី រួម​ជាមួយ​ថ្នាក់ដឹកនាំ​ពីរ​រូប​ទៀត រួមមាន​លោក អ៊ុំ វីរៈរដ្ឋ និង​លោក ជិន ប៉ុណ្ណារ័ត្ន ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ពី​បទ​ញុះញង់ និង​រួមគំនិតក្បត់ កន្លង​ទៅ។

ក្រោយ​ថ្នាក់ដឹកនាំ​បក្ស​ថ្លែង​សារ​នយោបាយ និង​បញ្ជាក់​ជំហរ​នយោបាយ​ហើយ​នោះ គណបក្ស​កម្លាំងជាតិ​បាន​សម្រេច​ជ្រើសតាំង​បំពេញ​បន្ថែម សមាជិក​គណៈកម្មាធិការនាយក​ចំនួន​៣១រូប ក្នុង​ចំណោម​សមាជិក​សរុប​៥១រូប និង​បន្ថែម​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ថ្មី​ចំនួន ៤រូប​ក្នុង​ចំណោម​សមាជិក​សរុប ១០រូប។

អង្គ​សមាជ​ក៏​បាន​ជ្រើសតាំង​អតីត​មេ​សហជីព​គឺ​លោក ជា មុនី ជា​ប្រធាន​គណបក្ស និង​លោក សុខ គឹមសេង ជា​អនុប្រធាន ព្រមទាំង​ជ្រើសតាំង​លោក​មេធាវី ជូង ជូងី ជា​ប្រធាន​គណៈកម្មាធិការនាយក លោក មុត មល្លា ជា​អនុប្រធាន​គណៈកម្មាធិការ​នាយក ចំណែក​អ្នកស្រី យាន ស្រីយ៉ាន ត្រូវ​បាន​ជ្រើសតាំង​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ អ្នកស្រី ឡឹក រដ្ឋា ជា​អនុប្រធាន​គណៈកម្មាធិការ​វិន័យ និង​លោក នួន វណ្ណៈ ជា​អគ្គនាយក​ហិរញ្ញវត្ថុ។ រីឯ​លោក រ៉ុង ឈុន វិញ​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​គណបក្ស​ដដែល។

ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ជា មុនី ប្រាប់​វិទ្យុអាស៊ីសេរី​ថា កាល​ពី​សមាជ​ដំបូង​របស់​គណបក្ស​កម្លាំងជាតិ​មាន​សមាជិក​គណៈកម្មាធិការនាយក​២៧រូប គណៈកម្មាធិការ​អចិន្ត្រៃយ៍​៩រូប ប៉ុន្តែ​អាជ្ញាធរ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​៣រូប​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដាក់​ពន្ធនាគារ ដូច្នេះ​ការ​កែ​សម្រួល​សមាសភាព​ថ្នាក់ដឹកនាំ គឺ​អនុលោម​តាម​លក្ខន្តិកៈ​របស់​បក្ស​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។ ម្យ៉ាងទៀត​លោក​ឱ្យ​ដឹង​ថា ​សមាជ​នេះ​ក៏​ជា​ពេល​សមស្រប​ក្នុង​ការ​បញ្ជូល​ថ្នាក់ដឹកនាំ​បន្ថែម ដើម្បី​ពង្រីក​សកម្មភាព​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ចូលរួម​ការបោះឆ្នោត​ឆ្នាំ២០២៧ និង​២០២៨ ខាងមុខ ។

លោក ជា មុនី៖ «បើក​ចំហ​អង្គការ​សង្គម​ស៊ីវិល នានា បើ​មាន​ឆន្ទៈ ទស្សនៈ គោល​នយោបាយ​ចង់​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ សូម​ស្វាគមន៍​គ្រាប់​និន្នាការ​គណបក្ស​នយោបាយ »

ចំណែក​ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន ថ្លែង​ថា លោក​ចង់​ឃើញ​កម្ពុជា​បើក​លំហ​សេរីភាព​ដល់​គណបក្ស​ប្រឆាំង​និង​សង្គមស៊ីវិល ដោះលែង​អ្នក​ជាប់​ឃុំ​ក្រោម​ហេតុ​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រមទាំង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​បញ្ជាក់​ថា គណបក្ស​កម្លាំងជាតិ​កំពុង​ដើរ​លើ​បន្ទាត់​នយោបាយ​ដ៏​ត្រឹមត្រូវ ស្របតាម​រដ្ឋធម្មនុញ្ញ ហើយ​លោក​ក៏​អំពាវនាវ​ដល់​សមាជិក​បក្ស​ទាំងអស់​ថា បើទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ព្យុះភ្លៀង​យ៉ាងណា ត្រូវ​តាំង​ចិត្ត​តម្កល់​ផលប្រយោជន៍​ជាតិ​ឱ្យ​ខ្ពស់ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​គ្រប់គ្រង​អំណាច​ដឹកនាំ​ប្រទេស តាមរយៈ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​ដែល​ជា​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​ខ្មែរ។

លោក រ៉ុង ឈុន៖ «យើង​ដឹង​ហើយ​ជំហរ​គណបក្ស​កម្លាំងជាតិ​បង្កើត​ឡើង​នេះ​គឺ​បន្ត ជំនួស​ឱ្យ​គណបក្ស​ភ្លើងទៀន និង​ជំនួស​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ឆ្ពោះ​ទៅ​គោលដៅ​ឆ្នាំ២០១៧ ២០២៨ បងប្អូន»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ប្រាប់​វិទ្យុអាស៊ីសេរី​ថា គណបក្សប្រជាជនកម្ពុជា​ស្វាគមន៍​ចំពោះ​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​កណក្ស​កម្លាំង​ជាតិ ត្រៀម​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​ខាងមុខ។ លោក​អះអាង​ថា លំហ​សេរីភាព​នៅ​កម្ពុជា​បាន​បើក​ទូលំទូលាយ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ដោយ​គណបក្ស​ប្រជាជនកម្ពុជា​មិន​បាន​បិទ​សិទ្ធិ​លើ​គូ​ប្រកួត​ណាមួយ​ទេ។ លោក សុខ ឥសាន អះអាង​ទៀត​ថា វិធានការ​លើ​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​កន្លងមក​ជា​ការ​អនុវត្ត​ច្បាប់។

លោក សុខ ឥសាន៖ «ខ្ញុំ​យល់​ថា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​​អត់​មាន​បញ្ហា​អ្វី​ស្មុគស្មាញ​ទេ អត់​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​គណបក្ស​នយោបាយ​ដែល​មាន​អាទិភាព​នៅ​ក្នុង​សង្គម​កម្ពុជា​ទេ អស់​លោក​គណបក្ស​នយោបាយ​នានា​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី ស្រប​ទៅ​តាម​លក្ខន្តិកៈ ឃោសនា​អ្វី​ឃោសនា​ទៅ»

ទោះបីជា​លោក សុខ ឥសាន លើកឡើងបែបនេះក្តី អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើទុក្ខបុកម្នេញ និង​ចាប់ចងថ្នាក់ដឹកនាំគណបក្សប្រឆាំងឥត​ឈប់ឈរ។ ចំណែកអ្នកនយោបាយខ្លះទៀតត្រូវរងការ​គំរាមកំហែង តាមដានពីដំណាក់អាជ្ញាធរនៅរយៈពេលចុងក្រោយថែមទៀត។ អ្នក​ឃ្លាំមើល និង​មន្ត្រី​សិទ្ធិមនុស្សថា ការ​រឹតត្បិតសិទ្ធិ​សេរីភាពផ្នែកនយោបាយ ការ​ចាប់​អ្នកនយោបាយ​ដាក់​ពន្ធនាគារ​កន្លងមក​មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​អ្នក​កាន់​អំណាច​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង និង​បំបិទ​មាត់​អ្នករិះគន់​រដ្ឋាភិបាល។

គណបក្ស​កម្លាំងជាតិ​បាន​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពី​អតីត​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ឲ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​ការបោះឆ្នោត។ ទោះ​ជា​យ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​ទៀត ក៏​ងាក​ទៅ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ទៀត។ រីឯ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ មួយចំនួន​ទៀត ក៏បាន​ចាក​ចេញ​ពី​គណបក្ស​ទៅ​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដែល​ជា​គណបក្ស​ទើប​តែ​បង្កើត​ថ្មី​នេះ​ដែរ។

ទាក់ទង​រឿង​នេះ អ្នកឃ្លាំមើល​លើកឡើង​ថា ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន លុះ​ត្រាតែ​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ទើប​អាច​ទាក់ទាញ ការ​គាំទ្រ​ពី​មហាជន​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។