គណបក្សកម្លាំងជាតិនឹងដឹកនាំសកម្មជនប្រមាណ ១រយនាក់ ដើម្បីតស៊ូមតិទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ នៅទីស្នាក់ការបក្សកម្លាំងជាតិ ក្រោយពីសាលាក្រុងភ្នំពេញហាមឃាត់មិនឱ្យសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៨ មេសា កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលថា ការហាមឃាត់មិនឱ្យពលរដ្ឋ និងគណបក្សនយោបាយសម្ដែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យនេះគឺជាការអនុវត្តផ្ទុយពីច្បាប់។
គណបក្សកម្លាំងជាតិនៅថ្ងៃទី១៨ ខែមីនា បានឱ្យដឹងថា គណបក្សកម្លាំងជាតិសម្រេចជួបជុំសម្ដែងមតិដោយសន្តិវិធីដើម្បីទាមទារដោះលែងសមាជិកបក្ស និងអ្នកទោសមនសិការផ្សេងទៀតនៅទីស្នាក់ការគណបក្សនៅថ្ងៃទី២២ ដល់ ២៤ ខែមេសា ខាងមុខ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានឱ្យដឹងថា ថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សកម្លាំងជាតិប្រមាណ១រយនាក់នឹងធ្វើការសម្ដែងមតិទាមទារឱ្យរដ្ឋាភិបាលដោះលែងសមាជិកបក្ស គឺលោក អ៊ំ វីរៈរដ្ឋ និង លោក គា វិសាល ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនដាក់ពន្ធនាគារពីបទ «ញុះញង់» និង «រួមគំនិតក្បត់» និងទោសមនសិការផ្សេងទៀត ព្រោះគណបក្សកម្លាំងជាតិយល់ថា សកម្មភាពរបស់ពួកគាត់មិនបានប្រព្រឹត្តខុសច្បាប់នោះទេ។
លោក រ៉ុង ឈុន៖ «មិនដូចការចោទប្រកាន់របស់អាជ្ញាធរក៏ដូចតុលាការនោះទេ ពីព្រោះរឿងទាំងអស់នេះនរណាក៏គេមើលឃើញដែរថា ជារឿងនយោបាយ ហើយនៅក្នុងការសម្ដែងមតិទាមទារហ្នឹងក៏យើងសុំឱ្យមានការដោះលែងលោកប្អូន កើត សារ៉ាយ ផងដែរ យើងដឹងហើយ គាត់គ្រាន់តែស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ»។
លោក រ៉ុង ឈុន ក៏សម្ដែងការសោកស្ដាយដែលសាលាក្រុងភ្នំពេញមិនឱ្យគណបក្សរៀបចំការតស៊ូមតិនេះនៅទីលានប្រជាធិបតេយ្យ ហើយលោកចាត់ទុកថា ការហាមឃាត់នេះគឺផ្ទុយពីច្បាប់នៃការធ្វើបាតុកម្មដោយសន្តិវិធីដែលពលរដ្ឋមានសិទ្ធិធ្វើបាតុកម្មដោយតម្រូវឱ្យជូនដំណឹងទៅអាជ្ញាធរ។
លោក រ៉ុង ឈុន៖ «យើងមានការសោកស្ដាយចំពោះករណីនេះព្រោះការបង្កើតទីលានប្រជាធិបតេយ្យជាកន្លែងឱ្យសាធារណជន ប្រជាពលរដ្ឋធ្វើសម្ដែងមតិពេលដែលមិនសប្បាយចិត្ត មិនពេញចិត្តត្រង់ចំណុចណាមួយ ប៉ុន្តែនៅពេលដែលយើងជូនដំណឹងបែរជាអាជ្ញាធររាជធានីភ្នំពេញមិនយល់ព្រមទៅវិញ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានទេ នៅថ្ងៃទី១៨ ខែមេសា។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត លើកឡើងថា ការហាមឃាត់មិនឱ្យគណបក្សកម្លាំងជាតិសម្ដែងមតិដោយអហិង្សានេះ គឺផ្ទុយនឹងច្បាប់ដែលបានចែង។ លោកថា ពលរដ្ឋរាប់ម៉ឺននាក់អាចធ្វើដំណើរកម្សាន្តក្នុងពិធីចូលឆ្នាំគឺមិនមានប៉ះពាល់ដល់សណ្ដាប់ធ្នាប់អ្វីនោះទេ ដូច្នេះលោកថា ការតស៊ូមតិអហិង្សាក៏មិនមានប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដូចគ្នា។
លោក យី សុខសាន្ត៖ «យើងមើលៗ ពិធីបុណ្យចូលឆ្នាំមនុស្សរាប់ម៉ឺននាក់មកចូលរួមបាន ហើយគណបក្សនយោបាយមានគ្នាប៉ុន្មាននាក់ពេលខ្លះ យើងការពារជូនគាត់ទៅបើយើងចាត់ទុកថាគាត់ស្នើសុំដោយស្របច្បាប់ យើងការពារជូនគាត់ឱ្យស្របច្បាប់ទៅគាត់ធ្វើប៉ុន្មានម៉ោង ប៉ុន្មាននាទីនៅទីលានប្រជាធិបតេយ្យដើម្បីសម្ដែងមតិ»។
គិតត្រឹមខែមេសានេះ អ្នកទោសមនសិការបានកើនឡើងប្រមាណ ៥០នាក់វិញហើយ ក្រោយពីអាជ្ញាធរបានបន្តបង្ក្រាប និងចាប់មន្ត្រីបក្សប្រឆាំង អ្នករិះគន់ និងមន្ត្រីអង្គការសង្គមស៊ីវិល រួមទាំងប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលត្រូវបានអង្គការជាតិ និងអន្តរជាតិចាត់ទុកថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ។ ចំណែកអ្នកទោសនៅក្នុងពន្ធនាគារមួយចំនួនបានធ្លាក់ខ្លួនឈឺ និងជួបការលំបាកទ្វេដង អំឡុងពេលដែលអាកាសធាតុឡើងកម្ដៅខ្លាំង រហូតដល់ថ្ងៃខ្លះកើនឡើងដល់ជាង ៤០អង្សាសេចាប់តាំងពីដើមខែមេសាមក។ នេះបើតាមការរៀបរាប់របស់គ្រួសារអ្នកទោសនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។