អ្នកឃ្លាំមើលថា កម្ពុជាជាប្រធានប្តូរវេនអាស៊ានគ្មានសុឆន្ទៈពិតប្រាកដជួយដោះស្រាយវិបត្តិនយោបាយនៅភូមាទេ
2022.03.21

អ្នកឃ្លាំមើលថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន (ASEAN) ទំនងជាគ្មានសុឆន្ទៈពិតប្រាកដក្នុងការជួយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា នោះទេ។ ការលើកឡើងនេះ កើតមានឡើងស្របពេលដែលប្រេសិតពិសេសអាស៊ាន និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កំពុងបំពេញទស្សនកិច្ចការងាររយៈពេលបីថ្ងៃនៅភូមា ដោយបានទៅចាប់ដៃជាមួយមេដឹកនាំខុសច្បាប់នៃរបបសឹកយោធាភូមា តែនៅមិនទាន់ទៅជួបក្រុមមេដឹកនាំស្របច្បាប់ និងភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងវិបត្តិភូមានេះនៅឡើយទេ។ ក្រុមប្រឆាំងភូមា ថ្កោលទោសប្រេសិតពិសេសអាស៊ានថា ព្យាយាមគាំទ្ររបបរដ្ឋប្រហារយោធាខុសច្បាប់ភូមា។

មិនខុសពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសកាលពីលើកមុនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជួបមេដឹកនាំរបបសឹកភូមា ក្រោយពីបានទទួលតំណែងជាប្រធានប្តូរវេនអាស៊ានភ្លាមនោះ ដំណើរទស្សនកិច្ចដំបូងរបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសអាស៊ាន ទៅកាន់ភូមានាពេលនេះ ក៏ទំនងជានឹងមិនអាចទម្លុះទម្លាយភាពទាល់ច្រក ឬទទួលបានផ្លែផ្កាអ្វីជាដុំកំភួននោះឡើយ ក្រៅតែពីការថតរូបចាប់រលាក់ដៃជាមួយមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) ដែលកំពុងតែរងនូវការចោទប្រកាន់ពីពិភពលោកថា កំពុងប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ ក៏ប៉ុន្តែ អ្វីដែលលោក ប្រាក់ សុខុន ទទួលបានមកវិញនោះ គឺការថ្កោលទោស និងបាតុកម្មតវ៉ាពីក្រុមប្រឆាំង និងពលរដ្ឋភូមាថា លោកកំពុងជាន់ឈ្លីឆន្ទៈរបស់ពួកគេ ដោយព្យាយាមគាំទ្ររបបសឹករដ្ឋប្រហារយោធាភូមា។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ ប្រសិនបើលោក ប្រាក់ សុខុន ព្យាយាមជម្នះទៅជួបមេដឹកនាំរដ្ឋាភិបាលរួបរួមជាតិភូមា និងភាគីពាក់ព័ន្ធដទៃទៀត ព្រមទាំងដោះស្រាយបញ្ហាវិបត្តិមនុស្សធម៌នៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែ លោកថា ការឈានទៅពន្លឿនការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច ជាពិសេសការអនុវត្តបទឈប់បាញ់ និងអំពើហិង្សាក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ ទំនងជាពិបាកសម្រេចបាន៖ «ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំអត់មានជំនឿជឿជាក់ថា យើងមានសុឆន្ទៈពិតប្រាកដនៅក្នុងការដោះស្រាយបញ្ហាហ្នឹងទេ ទីមួយ។ ទីពីរ សមត្ថភាពរបស់យើង ឬក៏តម្លៃរបស់កម្ពុជានៅក្នុងការសម្របសម្រួលបញ្ហាភូមានេះ ក៏អត់ទាន់ការឱ្យតម្លៃពេញលេញពីគ្រប់ភាគីរបស់ភូមាគ្រប់គ្រាន់ដែរ។ យើងមើលឃើញការពហិការរបស់ភាគីពាក់ព័ន្ធក្រៅពីរដ្ឋាភិបាលយោធានៅក្នុងដំណើរទស្សនកិច្ចកាលពីខែមករាកន្លងទៅ គឺយើងមើលឃើញហើយ។ មួយចំណែកទៀត គឺសមាជិកអាស៊ានគ្នាឯងហ្នុង ក៏មានគំនួច ឬក៏ភាពមិនស្មោះត្រង់ដែរនៅក្នុងការសម្តែង ឬក៏គាំទ្រកម្ពុជាឱ្យពេញលេញ»។
លោក ឯម សុវណ្ណារ៉ា ពន្យល់ថា ប្រសិនបើបញ្ហាវិបត្តិនយោបាយនៅភូមាអាចត្រូវបានដោះស្រាយរួច នោះមានន័យថា បញ្ហាភូមានេះលែងចោទជាបញ្ហាធំអាទិភាពរបស់អាស៊ានទៀតហើយ ដែលការណ៍នេះអាចធ្វើឱ្យអាស៊ានងាកមកផ្តោតលើបញ្ហាធ្លាក់ចុះប្រជាធិបតេយ្យនៅថៃ និងកម្ពុជាវិញម្តង។

វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ដើម្បីសុំការបញ្ជាក់បន្ថែមពីកម្មវិធីលម្អិតនៃដំណើរទស្សនកិច្ចការងាររបស់ប្រេសិតពិសេសអាស៊ាននាពេលនេះ និងចង់ដឹងថា តើលោកអាចនឹងជួបជាមួយភាគីពាក់ព័ន្ធដទៃទៀត រួមទាំងមេដឹកនាំស្របច្បាប់ភូមា អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែលត្រូវរបបសឹកយោធាចាប់ដាក់គុក ដែរឬទេ ក៏ប៉ុន្តែ នៅពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ រដ្ឋាភិបាលកម្ពុជាបានព្យាយាមរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហានេះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឱ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូងនេះ មានគោលបំណងដើម្បីបង្កើត «លក្ខខណ្ឌអំណោយផល» ឈានទៅដល់ការបញ្ចប់អំពើហិង្សា និងការអត់ធ្មត់ខ្ពស់បំផុតរបស់គ្រប់ភាគីភូមាទាំងអស់។ ក្រៅពីនេះ ក៏មានគោលដៅចែកចាយជំនួយមនុស្សធម៌ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់ និងកិច្ចសន្ទនានយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ាន និងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួន។
វិទ្យុអាស៊ីសេរីផ្សាយជាភាសាភូមា រាយការណ៍ឱ្យដឹងថា ពលរដ្ឋភូមាជាច្រើននាក់នៅក្រុងកាឡេ (Kale Township) នៃតំបន់សាហ្គាំង (Sagaing) ស្ថិតនៅភាគពាយព្យនៃប្រទេសភូមា កាលពីថ្ងៃទី២១ ខែមីនា បាននាំគ្នាចេញតវ៉ាតាមផ្លូវប្រឆាំងនឹងវត្តមានរបស់លោក ប្រាក់ សុខុន។ ពួកគេបានលើកស្លាកសរសេរជាភាសាអង់គ្លេសថា ពួកគេមិនត្រូវការវត្តមានលោក ប្រាក់ សុខុន ទេ (We don’t need you Prak Sokhonn) និងថា លោកមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសភូមាឡើយ (You are not welcomed to Myanmar)។

ដោយឡែក ក្រសួងការបរទេសនៃរដ្ឋាភិបាលរួបរួមជាតិភូមា (National Unity Government/NUG) ដែលជារបស់ភាគីក្រុមមេដឹកនាំស្របច្បាប់ភូមា រួមទាំងអ្នកស្រី អ៊ុង សានស៊ូជី ផងបានអំពាវនាវឱ្យប្រេសិតពិសេសអាស៊ាន លោក ប្រាក់ សុខុន ជួបជាមួយភាគីពាក់ព័ន្ធដទៃទៀតក្នុងអំឡុងពេលទស្សនកិច្ចនេះ ដូចតាមកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃរដ្ឋាភិបាលរួបរួមជាតិភូមា ក៏ទាមទារឱ្យលោក ប្រាក់ សុខុន ជួបជាមួយក្រុមមេដឹកនាំស្របច្បាប់ដែលត្រូវបានរបបសឹកភូមាចាប់ដាក់គុក ក្នុងនោះក៏រួមមានប្រធានាធិបតី លោក អ៊ូ វិន ម្យិន (U Win Myint) និងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី ផងដែរ។ ពួកគេថា រដ្ឋាភិបាលរួបរួមជាតិភូមា បានទាក់ទងជាផ្លូវការទៅកាន់រដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដោយស្វាគមនិងគាំទ្រប្រេសិតពិសេសអាស៊ានក្នុងការដោះស្រាយវិបត្តិនៅភូមានេះ។
Unclear how meetings with junta representatives only will lead to resolve the multiple junta-induced crises in #Myanmar. Nevertheless as the legitimate representative of the people of Myanmar, @NUGMyanmar reaffirms our cooperation with #ASEAN. Our statement👇 pic.twitter.com/jG8mcyiyd5
— Zin Mar Aung (@ZinMarAungNUG) March 21, 2022
បន្ថែមពីលើនេះ ក្រុមប្រឆាំងនឹងរបបសឹកភូមា ឈ្មោះ អង្គភាពសម្របសម្រួលការតវ៉ាគ្រប់វិស័យ (General Strike Coordination Body) ដែលមានសមាជិកមកពីអង្គការ ៣៦ស្ថាប័ននៅភូមា បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២០ ខែមីនា ថ្កោលទោសប្រេសិតពិសសអាស៊ាន លោក ប្រាក់ សុខុន ថាជួបជាមួយក្រុមមេដឹកនាំរបបសឹក លោក មីន អ៊ុងលាំង ដែលពួកគេហៅថាជាភេរវករ។ សេចក្តីថ្លែងការណ៍ដដែលថា ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន កំពុងតែទាត់ចោលនូវលទ្ធផល និងការស្នើឡើងរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានស្នើឱ្យប្រេសិតពិសេសអាស៊ានជួបប្រជុំផ្លូវការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងវិបត្តិភូមា រួមទាំងរដ្ឋាភិបាលរួបរួមជាតិភូមាផង។ សេចក្តីថ្លែងការណ៍ហៅដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នាពេលនេះ ថាធ្វើឡើងផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋភូមា និងកម្លាំងប្រជាធិបតេយ្យនៃប្រទេសនេះ។ ពួកគេចោទថា អាស៊ាន និងប្រេសិតពិសេសរបស់អាស៊ានបានបរាជ័យមិនអាចដោះស្រាយវិបត្តិនៅភូមាបាន។
ទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) របស់អាមេរិក រាយការណ៍កាលពីថ្ងៃទី២១ ខែមីនា ផ្អែកតាមប្រភពពីសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាននៃរបបសឹកភូមាថា លោក ប្រាក់ សុខុន និងមេដឹកនាំរដ្ឋប្រហារនៃរបបសឹកខុសច្បាប់ភូមា លោក មីន អ៊ុងល្លាំង បានជជែកគ្នាអំពីការអនុវត្តផែនការកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ព្រមទាំងលក្ខខណ្ឌនានាសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសហការជាមួយអាស៊ាន។ សេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាននៃរបបសឹកភូមា ឱ្យដឹងដែរថា ជំនួបនេះគឺជា «ជំហានដំបូង» ហើយមេដឹកនាំរបបសឹក លោក មីន អ៊ុងល្លាំង ក៏បានផ្តល់អំណះអំណាងប្រាប់លោក ប្រាក់ សុខុន អំពីមូលហេតុដែលនាំឱ្យក្រុមយោធាឈានទៅគ្រប់គ្រងប្រទេស និងអំពើហិង្សាដែលបានកើតឡើងជាបន្តបន្ទាប់។

នៅមុនដំណើរទស្សនកិច្ចនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) កាលពីថ្ងៃទី១៨ ខែមីនា បានអំពាវនាវឱ្យអាស៊ាន និងប្រធានប្តូរវេនរបស់អាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឱ្យរបបសឹកភូមាបញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សា និងការវាយប្រហារទាំងអស់មកលើប្រជាពលរដ្ឋភូមា ព្រមទាំងធានានូវការបំពេញតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលរដ្ឋសមាជិកអាស៊ានបានឯកភាពគ្នា។ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ព្រមានថា ការមិនបានបំពេញតាមលក្ខខណ្ឌណាមួយ នោះអាស៊ាននឹងត្រូវប្រឈមនឹងការផ្តល់ឱ្យក្រុមយោធាភូមានូវភាពស្របច្បាប់ក្នុងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិបន្ថែមទៀត។
ក្រោយឡើងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជារងការរិះគន់ថា ធ្វើឱ្យអាស៊ានបែកបាក់ និងទន់ខ្សោយដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្នះទៅជួបមេដឹកនាំខុសច្បាប់នៃរបបសឹកភូមា កាលពីដើមខែមករា ក្នុងអ្វីដែលក្រុមអ្នកវិភាគមើលឃើញថាជាការប៉ុនប៉ងទទួលស្គាល់របបនេះដូចតាមបំណងរបស់ចិន។ ក្រោយបរាជ័យមិនអាចរៀបចំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដំបូងបាន កម្ពុជាក្រោយមកបានព្យាយាមកែសម្រួលស្ថានការណ៍ដោយមិនអនុញ្ញាតឱ្យមេដឹកនាំរបបសឹកភូមាចូលរួមកិច្ចប្រជុំអាស៊ានបាន។
របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីសប្តាហ៍មុនបានរកឃើញថា ចាប់តាំងពីរបបសឹកយោធាភូមាឡើងកាន់អំណាចតាមអំពើរដ្ឋប្រហារមក ក្រុមយោធាភូមាបានបើកយុទ្ធនាការបង្ក្រាបជាប្រព័ន្ធមកលើជនស្លូតត្រង់ស៊ីវិលភូមា ដែលអំពើនេះស្មើនឹងការប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។