អ្នកឃ្លាំមើលរិះគន់ថា លោក ហ៊ុន សែន នៅតែបង្ហាញជំហរនយោបាយលម្អៀងទៅរកចិន
2022.12.20

អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនទំនាក់ទំនងជាមួយចិន និងបង្ហាញជំហរនយោបាយលម្អៀងទៅរកចិនជាបន្តបន្ទាប់មកនេះ ដោយសារតែលោកជិតផុតអាណត្តិក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថាចិនបានជួយសេដ្ឋកិច្ច នយោបាយ សង្គម និងប្រជាជនកម្ពុជាកាន់តែរីកចម្រើន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែធ្នូថា បើលោក ហ៊ុន សែន នៅតែឱបក្រសោបចិន និងមិនបានអនុវត្តគោលនយោបាយអព្យាក្រឹត្យដែលបានកំណត់ក្នុងច្បាប់ នោះសហគមន៍អន្តរជាតិ ជាពិសេស លោកខាងលិចអាចនឹងមានមន្ទិលកាន់តែខ្លាំងអំពីភាពចម្រូងចម្រាសនៃការសាងសង់មូលដ្ឋានទ័ពរាម។ ក្រៅពីនេះ លោក អ៊ុំ សំអាន យល់ឃើញថា លោក ហ៊ុន សែន ទំនងដឹងខ្លួនឯងថា មានតែប្រទេសចិនកុម្មុយនិស្តទេ ដែលចាំជួយគាំទ្រលោក ហ៊ុន សែន គ្រប់កាលៈទេសៈ បន្ទាប់ពីលោកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានោះ។
លោក អ៊ុំ សំអាន៖«លោក ហ៊ុន សែន គាត់សរសើរចិន ឱបក្រសោបចិនទុកចិនហ្នឹង ចៅហ្វាយរបស់ខ្លួន ព្រោះគាត់យល់ថា មានតែចិនមួយទេ ដែលអាចអំណាចផ្ដាច់ការគាត់បាន ហើយឱ្យគាត់ផ្ទេរអំណាចដោយជោគជ័យពីគាត់ទៅកូនរបស់គាត់គឺលោក ហ៊ុន ម៉ាណែត។ គាត់កំពុងឯកោលើឆាកអន្តរជាតិប្រទេសលោកសេរីដូចជាអាមេរិក (US) សហភាពអឺរ៉ុប (EU) កំពុងដាក់មកលើរដ្ឋាភិបាលគាត់ អ៊ីចឹងមានតែចិនជួយការពារអំណាចរបស់គាត់»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងបែបនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមកាលពីថ្ងៃទី១៩ ខែធ្នូ នៅរាជធានីភ្នំពេញថា ចិនបានផ្ដល់ប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនកម្ពុជា។ លោក ហ៊ុន សែន អះអាងទៀតថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាចិន រីកចម្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម រួមទាំងការពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
៖«បន្ថែមលើនេះ កម្ពុជាតែងទទួលបាននូវការជួយគាំទ្រ និងជួយជ្រោមជ្រែងជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញវត្ថុ មិនមែនហិរញ្ញវត្ថុ ជាពិសេសក្នុងពេលវេលាដ៏លំបាកបំផុតបណ្ដាលមកពីជំងឺកូវិដ-១៩»។
លោក ហ៊ុន សែន អះអាងទៀតថា ជំនួយចិននារយៈពេលចុងក្រោយនេះ គឺមានតម្លៃធំធេងក្នុងជួយការពារអាយុជីវិតពលរដ្ឋកម្ពុជា ក្នុងការផ្ដល់ជំនួយជាវ៉ាក់សាំង និងចូលរួមប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។
ចំណែកអ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា មូលហេតុដែលលោក ហ៊ុន សែន តែងតែមានភក្ដីភាព និងតែងសរសើរចិនក្នុងវេទិកានានា កន្លងមកនេះ ព្រោះលោក ហ៊ុន សែន ត្រូវការចិនជួយគាំទ្រក្នុងការផ្ទេរអំណាចរបស់លោក។
លោក គឹម សុខ៖ «លោក ហ៊ុន សែន គាត់ត្រូវការចាំបាច់ ជំនួយផ្នែកហិរញ្ញវត្ថុពីចិន ទោះបីពីចិនរដ្ឋាភិបាល ឬពីចិនអ្នកវិនិយោគ ប្រភេទណាក៏ដោយ ក្នុងការជ្រោមជ្រែងផែនការផ្ទេរអំណាចពីគាត់ទៅកូនប្រុសរបស់គាត់។ ដូច្នេះ មិនចម្លែកទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើគ្រប់វេទិកាទាំងអស់ និងតួនាទីដែលគាត់មាន ដើម្បីបង្ហាញថា គាត់នៅឱបចិន និងសរសើរចិននោះ»។
ចំណែក ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មើលឃើញថា ទំនាក់ទំនងកម្ពុជាចិនក្នុងរបត់នៃមេដឹកនាំទាំងពីរពលរដ្ឋហាក់ពុំមានការសាទរច្រើន ព្រោះលោកថា ជំហរនយោបាយរបស់មេដឹកនាំឯកបក្សក្នុងការបង្កើនទំនាក់ទំនងជាមួយចិនសព្វថ្ងៃនេះ គឺភាគច្រើនផ្ដោតសំខាន់ជាមូលដ្ឋានរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក សេក សុជាតិ៖ «តាមរយៈទំនាក់ទំនង នៃមេដឹកនាំកំពូលនៃប្រទេសទាំងពីរហ្នឹង មានទំនាក់ទំនងរហូតដល់មិត្តដែកថែប នេះគឺជាការបង្ហាញមួយ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងនាមមេដឹកនាំ។ ក៏ប៉ុន្តែ យើងត្រូវចាំ ព្រោះវាមិនមែនការពេញចិត្តប្រជាពលរដ្ឋនៃប្រទេសទាំងពីរពេញធឹងទេ ពីព្រោះការជួយនេះ គឺជួយទៅលើមេដឹកនាំ ព្រោះយើងឃើញទំនាក់ទំនងមេដឹកនាំទាំងពីរ គឺផ្សារភ្ជាប់ជាមួយនឹងគ្នាដោយមេដឹកនាំធ្វើមូលដ្ឋានឆ្អឹងខ្នង ដើម្បីបង្ហាញថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា»។
លោក សេក សុជាតិ ជឿជាក់ថា បើកម្ពុជាមានប្រជាធិបតេយ្យពេញលេញ និងមានការបោះឆ្នោតមួយប្រកបដោយតម្លាភាព និងយុត្តិធម៌ ហើយមេដឹកនាំនៃប្រទេសទាំងពីរពុំមែនជាមេដឹកនាំសព្វថ្ងៃ នោះទំនាក់ទំនងកម្ពុជាចិន អាចនឹងមានការផ្លាស់ប្ដូរនៃសមិទ្ធផលនានាសម្រាប់ពលរដ្ឋក្នុងរូបភាពផ្សេងទៀត។
អ្នកឃ្លាំមើលស្ថានការណ៍សង្គមកម្ពុជារិះគន់ជាបន្តបន្ទាប់ថា កម្ពុជាក្រោមការដឹកនាំដោយ លោក ហ៊ុន សែន បានដឹកនាំកាន់តែប្រាសចាកពីកន្លងប្រជាធិបតេយ្យ និងបន្តអនុវត្តនយោបាយលម្អៀងទៅរកចិនខ្លាំង។ អ្នកឃ្លាំមើលថា ការណ៍ដែលកម្ពុជាមិនអាចរក្សាបាននូវគោលនយោបាយអព្យាក្រឹត្យនេះ កម្ពុជាក៏អាចប្រឈមជួបបញ្ហាអស្ថិរភាពនយោបាយជាតិ ឯករាជ្យជាតិ និងខាតបង់ទាំងប្រយោជន៍ការទូត សេដ្ឋកិច្ច និងការទទួលបានជំនួយនានាពីប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។