អ្នកឃ្លាំមើលថា ហួសចិត្តចំពោះលោក ហ៊ុន ម៉ាណែត ដែលចាត់ទុកការបញ្ចេញមតិយោបល់ អ្នកនៅក្រៅប្រទេសគ្រាន់តែជាការសើចកម្សាន្តរបស់លោក គឺមិនអាចដឹកនាំប្រទេសទៅរកការរីកចម្រើននោះទេ។ ពួកគាត់ថា លោក ហ៊ុន ម៉ាណែត គួរតែរៀនទទួលស្គាល់កំហុស ដើម្បីទើប សមជាមេដឹកនាំល្អ។
អ្នកឃ្លាំមើលរិះគន់ថា ការដឹកនាំដោយ លោក ហ៊ុន ម៉ាណែត មិនខុសពីឪពុកលោកនោះទេ តែងតែចាក់ទុកអ្នករិះគន់ថា ជាក្រុមប្រឆាំង ជាសត្រូវ និង គ្មានប្រយោជន៍ ក្នុងក្រសែភ្នែករបស់លោក។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៧ ខែមិថុនាថា ការណ៍ដែលលោក ហ៊ុន ម៉ាណែត ចាត់ទុកការបញ្ចេញមតិយោបល់របស់អ្នករិះគន់គ្រាន់តែជាការសើចកម្សាន្ត ឬ ថាជាក្រុមប្រឆាំងនេះ ពុំមែនជារឿងថ្មីនោះទេ ព្រោះលោក ហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសតាមរបៀបជនផ្ដាច់ការ។ លោកសង្កេតឃើញថា ការដឹកនាំបែបនេះ ពុំអាចធ្វើឱ្យប្រទេសជាតិរីកចម្រើននោះឡើយ។
លោក ម៉ែន ណាត៖ «នៅប្រទេសប្រជាធិបតេយ្យ គេឱ្យតម្លៃ គេកោតសរសើរដល់អ្នកផ្ដល់យោបល់ ជាពិសេសពួក ប្រជាពលរដ្ឋ ពួកអ្នកវិភាគ។ អ្នករិះគន់ ទាំងឡាយនឹង ពួកគាត់ផ្ដល់យោបល់ ជុំវិញវិធីសាស្ត្រ ក្នុងការដឹកនាំជាតិ ពីព្រោះ អ្នកគ្រប់គ្នាហ្នឹង គ្មាននរណាគេចង់រិះគន់ជាន់ពន្លិចអីនោះទេ»។
ការលើកឡើងនេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែមិថុនា ថ្លែងថា លោកមិនដែលផ្ដល់តម្លៃដល់មតិយោបល់រិះគន់របស់អ្នកវិភាគ ឬអ្នកប្រឆាំងនៅក្រៅប្រទេសនោះឡើយ។ លោកថ្លែងក្នុងពិធីសម្ពោធ កំពង់ផែពហុបំណងកំពត ដែលស្ថិតនៅខេត្តកំពតថា សម្ដីរបស់អ្នករិះគន់ នៅក្រៅប្រទេសគ្រាន់តែជា ការកម្សាន្តសប្បាយ ដើម្បីកំដរពេលអផ្សុករបស់លោកប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត៖ «អ្នកខ្លះនិយាយឱ្យខ្ញុំឈឺ បរាជ័យហើយ ព្រោះខ្ញុំឥឡូវអផ្សុក អ៊ីចឹង ពេលខ្លះយក អាគេវាយ ប្រហារដើម្បីសើចកម្សាន្ត ព្រោះ ប្រសិនបើ គេវាយឱ្យយើងឈឺ ហើយយើងឈឺ យើងចាញ់គេហើយ។ គេដុតឱ្យយើងក្ដៅ បើយើងក្ដៅ យើងចាញ់ហើយ ឱ្យក្ដៅតែខ្លួនឯងចុះ ខ្ញុំត្រជាក់ល្ហឹម»។
អ្នកឃ្លាំមើលរិះគន់ថា ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត បែបនេះ ពុំសមជាមេដឹកនាំនោះទេ។ ពួកគាត់ យល់ឃើញថា មេដឹកនាំត្រូវស្តាប់ និងទទួលយកមតិយោបល់ចម្រុះពីគ្រប់ភាគី ពោលគឺមិនមែនទាត់ចោលការរិះគន់ ហើយស្ដាប់តែពាក្យលើកជើងពីមន្ត្រី ឬមនុស្សអែបអបនោះទេ។
ពួកគាត់ថា នៅពេលមេដឹកនាំមិនចេះស្ដាប់ មតិយោបល់អ្នករិះគន់បែបនេះ គឺការដឹកនាំនឹងបង្កើតបញ្ហាជាច្រើនដល់ប្រទេសជាតិ ដូចស្ដែង ឲ្យឃើញដូចសព្វថ្ងៃ រាប់ចាប់តាំងពីបញ្ហាគ្រឿងញៀន បញ្ហាជួញដូរមនុស្ស បញ្ហាអសន្តិសុខសង្គម បញ្ហាអំពើពុករលួយ និងបញ្ហាអយុត្តិធម៌សង្គម ។ ធ្ងន់ធ្ងរជាងនេះ ករណីដែលលោក ហ៊ុន ម៉ាណែត មិនព្រមស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតាមការស្នើសុំពីសហគមន៍ជាតិ និងអន្តរជាតិនេះ ជាហេតុធ្វើឲ្យកម្ពុជាមាន កេរ្តិ៍ឈ្មោះអាក្រក់លើឆាកអន្តរជាតិ និងថែមទាំងទទួលរងសម្ពាធសេដ្ឋកិច្ចពីសហគមន៍ អន្តរជាតិជាបន្តបន្ទាប់។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរី លើកឡើងថា ការណ៍ដែលមេដឹកនាំ ចាត់ទុកអ្នករិះគន់គ្រាន់តែជា ការលេងសើចនោះ ពុំមែនជារឿងល្អនោះទេ។ លោកបន្តថា អ្នករិះគន់ ឬ អ្នកផ្ដល់អនុសាសន៍ គឺពួកគាត់ ចង់បានមេដឹកនាំ ដែលចេះកែកំហុស ដើម្បីឆ្ពោះទៅរកការដឹកនាំ មួយដែលគិតផលប្រយោជន៍ជាតិជាធំ។
បណ្ឌិត សេក សុជាតិ៖ «មនុស្សដែលដឹងកំហុសហើយកែ ជាមនុស្សល្អ។ រឿងដែលយើងចាំបាច់ជាងគេ យើងដឹងហើយថា ប្រសិនបើ គេរិះគន់យើង ក្នុងនាមយើងជាអ្នកដឹកនាំ យើងត្រូវដឹងថា តើយើងមានកំហុសហ្នឹងមែនអត់ ហើយប្រសិនបើយើងមិនទទួលកំហុស ហើយទៅដាក់ទោសអ្នករិះគន់យើងវិញ នោះគឺជាកំហុសមួយដ៏ធំរបស់មេដឹកនាំ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរបាយការណ៍ប្រចាំឆ្នាំ២០២៣ រកឃើញថា កម្ពុជានៅតែបន្តធ្លាក់ចុះ សេរីភាពសារព័ត៌មាន និងសេរីភាព បញ្ចេញមតិ ដោយសារតែ ការធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សប្រឆាំង សកម្មជនដីធ្លី និងការបិទប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានជាបន្តបន្ទាប់។ ករណី នេះត្រូវបានអង្គការជាតិ និងអន្តរជាតិ វាយតម្លៃថា កម្ពុជាកំពុងដឹកនាំទៅរកលំនាំរបបផ្ដាច់ការ។
អ្នកឃ្លាំមើល និងប្រជាពលរដ្ឋ ចង់ឃើញលោក ហ៊ុន ម៉ាណែត ចាត់ទុកអ្នករិះគន់ ឬអ្នកមានមតិផ្ទុយ គឺជាភ្នែកច្រមុះ ដើម្បីយកមកឆ្លុះបញ្ចាំង កំហុសរបស់ខ្លួន។ ពួកគាត់ថា ប្រសិនបើមេដឹកនាំចាត់ទុកអ្នករិះគន់ គឺជាសត្រូវ ធ្វើឱ្យប្រទេសជាតិសម្បូរដោយជនពុករលួយ ពូកែអែបអប និងលើកជើង។ រីឯ បញ្ហាសង្គម មិនត្រូវបានលើកឡើង ដើម្បីដោះស្រាយនោះទេ ព្រោះតែខ្លាចបាត់បង់បុណ្យស័ក្ដិ និងប្រយោជន៍ផ្ទាល់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។