អ្នក​ឃ្លាំមើល​និង​បក្ស​ប្រឆាំង​ថា គម្រោង​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវកម្ម​នឹង​ឡង​ទៅ​ក្រុម​លោក ហ៊ុន សែន វិញ

ដោយ ខាន់ លក្ខិណា
2024.12.08
អ្នក​ឃ្លាំមើល​និង​បក្ស​ប្រឆាំង​ថា គម្រោង​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវកម្ម​នឹង​ឡង​ទៅ​ក្រុម​លោក ហ៊ុន សែន វិញ ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ធ្វើដំណើរទៅប្រទេសអារាប់ នៅថ្ងៃទី៨ ធ្នូ ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នក​ឃ្លាំមើល​និង​បក្ស​ប្រឆាំង​ថា ការ​ប៉ុនប៉ង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន ព្រមាន​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវកម្ម ដែល​មាន​គោល​ដៅ​ត្រឹម​តែ​កម្ចាត់​នយោបាយ​របស់​លោក សម រង្ស៊ី នឹង​លង​ទៅ​ក្រុម​លោក ហ៊ុន សែន។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ធ្វើ​ច្បាប់​ភ្លាមៗ បើ​លោក សម រង្ស៊ី បង្ហាញ​រចនា​សម្ព័ន្ធ​ដឹក​នាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន។

ការ​ព្យាយាម​មិន​ទម្លាក់​ចោល​របស់​លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម ជា​ក្រុម​ភេរវករ កាន់​តែ​ឡើង​កម្ដៅ​ខ្លាំង នៅ​ពេល​លោក សម រង្ស៊ី កាន់​តែ​ធ្វើ​ចលនា​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ប្រមូល​ផ្ដុំ​ជា​កម្លាំង​ចលន​ ជាតិ​តស៊ូ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ការពារ​អធិបតេយ្យ​ភាព​កម្ពុជា។

អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង លើក​ឡើង​ថា គោល​ដៅ​របស់​លោក សម រង្ស៊ី គឺ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ស្រប​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ។ ពួកគាត់​ថា បើ​លោក ហ៊ុន សែន ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវករ ច្បាប់​នោះ នឹង​ក្លាយ​ជា​ឧបករណ៍​បើក​ផ្លូវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត និង​កាត់​ទោស​ក្រុម​លោក ហ៊ុន សែន ទៅ​វិញ​ទេ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ លើក​ឡើង​ថា ចលនា​ជាតិ​តស៊ូ ដែល​ដឹក​នាំ​ដោយ​ក្រុមប្រឹក្សា​ជាតិ​មួយ និង​មាន​គោល​ដៅ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៅ​ក្រៅ​ប្រទេស​នោះ គឺ​ជា​ចលនា​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម។

លោក​ថា រចនា​សម្ព័ន្ធ​ដឹក​នាំ​ទាំង​មូល ចេញ​មុខ​តែ​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ និង​គ្មាន​ក្បាល​ម៉ាស៊ីន​ជា​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ឡើយ ហើយ​ក៏​គ្មាន​តំណែង​ប្រធានាធិបតី ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែរ។ លោក​ថា ទោះបី​ជា​លោក ហ៊ុន សែន ខំ​ស្រាវជ្រាវ​យ៉ាង​ណា ក៏​រក​មិន​ឃើញ​សមាស​ភាព​ពិត​ប្រាកដ​នោះ​ទេ។

លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី៧ ខែធ្នូ ថា សមាជិក​ចលនា​ជាតិ​តស៊ូ មាន​នៅ​គ្រប់​ទី​កន្លែង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មាន​ទាំង​ក្រុម​មន្ត្រី​នៅ​ក្បែរៗ​លោក ហ៊ុន សែន ផង ហើយ​លោក សម រង្ស៊ី ជា​អ្នក​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​សមាជិក​ទាំង​នោះ។ លោក​ថា សមាជិក​ទាំងអស់ ធ្វើការ​ក្នុង​គោល​ដៅ​រួម​មួយ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា និង​មិន​ផ្ដោត​លើ​តំណែង​ជា​ធំ​ទេ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ផ្ទៃ​ក្នុង​ខាង​ក្នុង​កំពុង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ រឿង​បញ្ចេញ​ឈ្មោះ គឺ​អត់​បញ្ចេញ​ទេ គឺ​បញ្ចេញ​តែ​លោក សម រង្ស៊ី មួយ​ទេ។ និយាយ​ឱ្យ​ចំ គាត់​ខំ​ស្រាវជ្រាវ​យ៉ាងណា គណៈរដ្ឋមន្ត្រី​អី អ្នក​ដែល​គេ​ធ្វើ​ម្នាក់ៗ អត់​ចង់​បាន​តួនាទី​ទេ គឺ​គេ​ចង់​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ រឿង​តួនាទី​ជា​បន្ទាប់​បន្សំ​ទេ»

លោក ម៉ែន សុថាវរិន្ទ្រ ឆ្លើយ​តប​យ៉ាង​ដូច្នេះ ចំពោះ​ការ​លើក​ឡើង​របស់​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ុន សែន ដែល​ព្រមាន​ជា​ថ្មី​ទៀត កាលពី​ថ្ងៃទី៥ ខែធ្នូ ថា នឹង​បង្កើត​ច្បាប់​ភ្លាមៗ ក្នុង​ការ​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ក្រុម​ភេរវករ ប្រសិន​បើ​លោក សម រង្ស៊ី ហ៊ាន​បង្ហាញ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៅ​ក្រៅ​ប្រទេស។

លោក ហ៊ុន សែន៖ «ខ្ញុំ​ចង់​ថា ឱ្យ​វា​ប្រកាស​គណៈរដ្ឋមន្ត្រី​ឱ្យ​បាន​លឿន​មក តែ​វា​មិន​ព្រម​ចេញ​ឈ្មោះ​អាណា​ធ្វើ​នាយករដ្ឋមន្ត្រី អាណា​ធ្វើ​ឧបនាយករដ្ឋមន្ត្រី អាណា​ធ្វើ​រដ្ឋមន្ត្រី នឹង​ចេញ​ច្បាប់​មួយ​គ្រឹប ប៉ុន្តែ​វា​មិន​ហ៊ាន​ប្រកាស​ទេ។ បើ​វា​ហ៊ាន​ចេញ​ប្រធានាធិបតី​បាន​ចេញ​សេចក្ដី​ថា ហែង​កំពុង​ប្រឆាំង​របប​រាជា​និយម ហែង​បង្កើត​រដ្ឋាភិបាល​មួយ​មាន​ប្រធានាធិបតី ហែង​ដាក់​ចេញ​មក ប៉ុន្តែ​វា​មិន​ព្រម​ដាក់​ចេញ​មក វា​នៅ​ផ្កា​រីក នៅ​ផ្កា​រីក នៅ​ផ្កា​រោយ ប្រុង​ធ្វើ​អី​ផ្កា​រីក ផ្កា​រោយ​ហ្នឹង»

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែន ករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៧ ខែ​ធ្នូ ថា ទោះបី​ជា​លោក សម រង្ស៊ី បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ក៏​ដោយ ក៏​គ្មាន​អ្វី​ខុស​ដែរ ពីព្រោះ​គឺ​ជា​ទម្លាប់​ប្រតិបត្តិ​របស់​ប្រទេស​ដែល​មាន​ធម្មនុញ្ញ​ប្រជាធិបតេយ្យ។ លើស​ពី​នេះ​ទៀត លោក​ថា ការ​លើក​ឡើង និង​សកម្មភាព​របស់​លោក សម រង្ស៊ី គឺ​ជា​ការ​ឆ្លើយ​តប ទៅ​នឹង​ ការ​ដឹក​នាំ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។

លោក​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដឹក​នាំ​ប្រទេស​ជាតិ ក្នុង​ទិដ្ឋភាព​រំលោភ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដោយ​បង្កើត​វិបត្តិ​នយោបាយ ជាតិ​បែក​បាក់ សេដ្ឋកិច្ច​ជាតិ​ស្រុត​ចុះ ពលរដ្ឋ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​វ័ណ្ឌក​ដោយ​បំណុល ពលរដ្ឋ​ជួប​តែ​ការ​ភ័យ​ខ្លាច ព្រម​ទាំង​មិន​ខ្វល់​ពី​ការ​ការពារ​ទឹក​ដី​ជាតិ។ លោក​ថា បើ​ពិនិត្យ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ទាំង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា និង​ច្បាប់​អន្តរជាតិ មេ​ដឹក​នាំ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន នឹង​ប្រឈម​ការ​កាត់​ទោស​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោក ស៊ឹង សែនករុណា៖ «ច្បាប់​ហ្នឹង អត់​ផុត​សុពល​ភាព​ទេ អ៊ីចឹង​នៅ​ពេល​ដឹក​នាំ​អស់​អំណាច​ទៅ គឺ​គេ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទៅ​លើ​អំពើ​ឧក្រិដ្ឋ​ទាំងអស់​ហ្នឹង​ហើយ ការ​បណ្ដេញ​ដោយ​បង្ខំ បុរី​កីឡា បឹង​កក់ អា​ហ្នឹង​នៅ​ក្នុង​ខ្លឹមសារ​នៃ​ឧក្រិដ្ឋ​កម្ម ប្រឆាំង​នឹង​មនុស្ស​ជាតិ​ហ្នឹង​ឯង ហើយ​ការ​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ហេតុ​ផល​នយោបាយ ការ​សម្លាប់​ការ​ប្រើ​ហិង្សា»

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា លោក ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ឧក្រិដ្ឋកម្ម​ជា​ប្រព័ន្ធ​កម្រិត​អន្តរជាតិ​ជា​ច្រើន​ដំណាក់​កាល ចាប់​តាំង​ពី​លោក​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ១៩៨៥ រហូត​មក​ដល់​លោក​កាន់​តំណែង​ប្រធាន​ព្រឹទ្ធសភា​បច្ចុប្បន្ន។

យោង​តាម​សៀវភៅ​កំពែង​ឫស្សី ផែន​ការ​ក-៥ របស់​វៀតណាម ដែល​ដឹក​នាំ​អនុវត្ត​ដោយ​លោក ហ៊ុន សែន ពីឆ្នាំ១៩៨៥ ដល់​ឆ្នាំ១៩៨៩ បាន​បណ្ដាល​ឱ្យ​បុរស​ខ្មែរ​ពេញ​កម្លាំង ជាង ២០ ម៉ឺន​នាក់​បាត់​បង់​ជីវិត។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ថា លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ លើ​ការ​សម្លាប់​បាតុករ និង​ប្រជាពលរដ្ឋ​យ៉ាង​តិច ១៦នាក់ និង​ របួស​ធ្ងន់​ជាង ១២០នាក់ ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ ដែល​ដឹក​នាំ​ ដោយ​លោក សម រង្ស៊ី នៅ​ខែ​មីនា ឆ្នាំ១៩៩៧។ លោក ហ៊ុន សែន ក៏​ជាប់​ឈ្មោះ ក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ថា លោក​ជា​មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​នៅ​ ខែកក្កដា ឆ្នាំ១៩៩៧ ដែល​បាន​សម្លាប់​ទាហាន និង​កម្លាំង​ប្រដាប់​អាវុធ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រជាពលរដ្ឋ រួម​ទាំង​កុមារ​ជាង ២០០ នាក់។

បន្ថែម​លើស​នេះ សហគមន៍​អន្តរជាតិ បាន​បង្ហាញ​របាយការណ៍​ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​បាតុករ ក្រោយ​ការបោះឆ្នោតឆ្នាំ១៩៩៨ ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ឆ្នាំ២០១៤ រួម​ទាំង​អំពើ​ឃាតកម្ម​ជា​ប្រព័ន្ធ ដែល​បាន​សម្លាប់​បុគ្គល​ល្បីៗ ដូចជា អ្នកស្រី ពិសិដ្ឋ ពិលីកា ព្រះអង្គ សំ ប៊ុនធឿន លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​មេ​ដឹក​នាំ​សហជីព អ្នកនយោបាយ និង​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់​ទៀត។

សហគមន៍​អន្តរជាតិ ធ្លាប់​ចេញ​របាយការណ៍​ជា​បន្ត​បន្ទាប់​ថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត និង​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​ហ៊ុន ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​លើ​ការ​គំរាមកំហែង ការ​វាយ​ដំ​ឱ្យ​របួស និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ជា​ប្រព័ន្ធ​នូវ​សង្គម​ស៊ីវិល បណ្ដាញ​សារព័ត៌មាន​សេរី សកម្មជន​សង្គម សកម្មជន​នយោបាយ អ្នក​នយោបាយ​ប្រឆាំង និង​ប្រជាពលរដ្ឋ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី៤ ខែ​ធ្នូ ថា ច្បាប់​ប្រឆាំង​ ភេរវកម្ម ដែល​លោក ហ៊ុន សែន ចង់​បង្កើត​នេះ នឹង​ត្រូវ​យក​មក​ដាក់​លើ​លោក ហ៊ុន សែន វិញ ពី​ព្រោះ​ប្រជាជន​ដឹង​ច្បាស់​ថា នរណា​ជា​ក្រុម​ភេរវករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។