អ្នកជំនាញ​បោះឆ្នោតថា បរិយាកាស​នយោបាយ​សព្វថ្ងៃ​ឈានដល់​កម្រិត​តានតឹង​គួរ​ព្រួយបារម្ភ​ខ្លាំង

ដោយ សេក បណ្ឌិត
2023.01.22
Share on WhatsApp
Share on WhatsApp
អ្នកជំនាញ​បោះឆ្នោតថា បរិយាកាស​នយោបាយ​សព្វថ្ងៃ​ឈានដល់​កម្រិត​តានតឹង​គួរ​ព្រួយបារម្ភ​ខ្លាំង ប្រជាពលរដ្ឋទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោតនៅក្នុងការបោះឆ្នោតជាតិនាពេលកន្លងមក។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

អ្នកជំនាញ​បារម្ភថា​ បរិយាកាស​នយោបាយ​សព្វថ្ងៃ​ឈានដល់​កម្រិតតានតឹង​គួរឱ្យ​ព្រួយបារម្ភ​នៅ​មុនការបោះឆ្នោត។ ការលើកឡើងនេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានព្រមាន និង​ប្តឹងចាប់ខ្លួន​មេដឹកនាំបក្សក្រៅ​រដ្ឋាភិបាល​ដាក់គុក​ជា​បន្ទាប់បន្ទាប់។

ពលរដ្ឋខ្មែរ​នឹង​មានឱកាសជ្រើសរើស​មេដឹកនាំថ្មី​របស់ខ្លួន តាមរយៈ​ការបោះឆ្នោត​ថ្នាក់ជាតិ​ថ្ងៃទី២៣ ខែកក្កដា​ខាងមុខ។ ប៉ុន្តែ​អ្នកជំនាញ​កិច្ចការបោះឆ្នោត​ចំនួនពីរ​ស្ថាប័ន​កត់សម្គាល់​ថា ការអនុវត្ត​សិទ្ធិពលរដ្ឋ និង​នយោបាយ​នៅក្នុង​ប្រទេស​ដែល​មាន​ចែងក្នុងរដ្ឋធម្មនុញ្ញ​កំពុង​ធ្លាក់ចុះ។ ពួកគេ​ចង់ឃើញ​គណបក្សកាន់អំណាច និង​បក្សក្រៅ​រដ្ឋាភិបាល​ជជែក​គ្នា​ស្វែងរកដំណោះស្រាយ​លើ​បញ្ហានយោបាយរួម ដើម្បី​ធានាដល់​ការបោះឆ្នោតមួយ ដែលអាច​ទទួលស្គាល់​ពី​គ្រប់ភាគីទាំងអស់។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ការបោះឆ្នោត​ដែល​ស្មើភាព​លុះត្រាតែ​បក្សនយោបាយ​មានសិទ្​ធិពេញលេញ​ក្នុង​ការធ្វើ​សកម្មភាព ហើយ​ស្ថាប័ន​បោះឆ្នោត (..ទៀតសោត​ត្រូវតែ​ឯករាជ្យ និង​អព្យាក្រឹត្យ។ ទោះយ៉ាងណា​លោក​មើលឃើញថា​មកដល់​ពេលនេះ​សិទ្ធិពលរដ្ឋ និងនយោបាយ​មិនទាន់​អនុវត្ត​ឱ្យ​បាន​ប្រសើរ​នៅឡើយ​ទេ។ លោកឱ្យដឹងថា​កន្លងមក​ក្រុមអង្គការ​សង្កមស៊ីវិល រួមទាំង​បក្សនយោបាយ​ក្រៅរដ្ឋាភិបាល​ខ្លះ​ធ្លាប់​ស្នើដល់​ភាគីពាក់ព័ន្ធ​កែលម្អ​កុំឱ្យកើតមាន​ភាពមិន​ប្រក្រតីត​ជុំវិញ​ដំណើរ​ការបោះឆ្នោត​ដែរ តែ​រដ្ឋាភិបាល និងស្ថាប័នបោះឆ្នោត​ហាក់​មិនយកចិត្ត​ទុកដាក់​ដោះស្រាយ។

លោក សំ គន្ធាមី៖ «ដើម្បី​ធានាបរិយាកាស​នយោបាយ​ដោយ​រលូន គណបក្សនយោបាយ​អាច​ធ្វើសកម្មភាព​នយោបាយ​ដោយសេរី​ស្របតាមច្បាប់​អាហ្នឹង​សំខាន់​ណាស់​បាទ សិទ្ធិនយោបាយ​ក៏សំខាន់​ដែរ​ទាំង​គណបក្ស ប្រជាពលរដ្ឋ សង្គមស៊ីវិល​របស់យើង​ក៏ដោយ។ សង្គមស៊ីវិល​នឹង​ដាក់ស្នើទៅ​រដ្ឋាភិបាល គ.ជ.ប និង​ក្រសួងមហាផ្ទៃ​ត្រូវធ្វើមិច​ធានាបរិយាកាស​នយោបាយ​ឱ្យបានសេរី»

របាយការណ៍ អង្គការឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ផ្សាយកាលពីថ្ងៃទី១២ ខែមករា ​រកឃើញថា រដ្ឋាភិបាល​លោក ហ៊ុន សែន បានប្រើវិធានការ​តឹងរ៉ឹង ដើម្បី​បំបិទសេរីភាព​ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ និង​សិទ្ធិនយោបាយ ដោយបាន​កំណត់គោលដៅ​លើ​មនុស្សរាប់សិបនាក់ ដែលជា​ថ្នាក់ដឹកនាំ​សហជីព សកម្មជននយោបាយ​ដែល​មាននិន្នាការ​ផ្ទុយពី​រដ្ឋាភិបាល និង​សកម្មជន​សិទ្ធិមនុស្សផ្សេងៗ តាមរយៈ​ការបង្កើត​បទចោទប្រកាន់​ក្លែងក្លាយ​ពី​សំណាក់តុលាការ។ បច្ចុប្បន្ន​គណបក្សប្រជាជនកម្ពុជា បាន​ប្ដឹង​ថ្នាក់ដឹកនាំ​គណបក្សភ្លើងទៀន​ទៅ​តុលាការ ដូចជា លោក សុន ឆ័យ លោក គង់ គាំ និង​រឹបអូសទ្រព្យសម្បត្តិ​របស់​ពួកគាត់ ហើយ​ករណី​ចុងក្រោយនេះ តុលាការ បានចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា ថែមទៀត។ ថ្មីៗនេះទៀត លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គំរាម​ប្រើប្រាស់​ហិង្សា  និង​ប្តឹង​គណបក្សភ្លើងទៀត​បន្ថែមទៀត។

ពាក់ព័ន្ធរឿងនេះដែរ មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ថ្លែងថា​ បរិយាកាស​នយោបាយល្អ​មុនការបោះឆ្នោត គឺ​មានសាៈរខាន់​សម្រាប់​បេក្ខជន​មកពី​បក្សទាំងអស់​អាច​បំពេញការងារ​របស់ពួកគេ​គ្មាន​ការភ័យខ្លាច។ យ៉ាងណាក្តី​លោកសង្កេតឃើញថា​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ដល់ចំណុច​តានតឹង​គួរឱ្យ​ព្រួយបារម្ភ។ លោកយល់ថា ចំណាត់ការ​លើ​អ្នកនយោបាយ​ក្រៅរដ្ឋាភិបាល​ពេលនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការប្រកួតប្រជែង និង​បង្កបរិយាកាស​អាប់អួរ​មុនការបោះឆ្នោត​នៅ​ខែកក្កដា​នេះ។

លោក កន សាវាង្ស៖ «កន្លងមក​សង្គមស៊ីវិល​បាន​ផ្តល់អនុសាសន៍​រួចហើយ លើកហើយ​នូវបញ្ហាប្រឈម ហើយ​ក៏បាន​ស្នើដល់​ភាគីពាក់ព័ន្​ធជាពិសេស​រដ្ឋាភិបាល​តែម្តង​ដែល​ជាភាគីសំខាន់​ក្នុងការរៀបចំ គឺថា​ស្នើពិនិត្យមើល​ឡើងវិញ​យ៉ាងហោចណាស់​ឱ្យបាន​ចំណុចប្រាំមួយ​ដែល​អង្គការសង្គមស៊ីវិល​ស្នើ​ទាក់ទង​នឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យហ្នឹង យើង​នៅតែ​ស្នើរដ្ឋាភិបាល​ពិនិត្យ​ថែមទៀត ហើយ​សង្គមស៊ីវិល​យើង​នៅតែ​តាមដាន»

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥសាន អះអាងថា​ចំណាត់ការ​លើ​មេដឹកនាំ​គណបក្សភ្លើងទៀន​កន្លងមក​គឺជា​ការអនុវត្តច្បាប់​ដោយ​មិនប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នោះទេ។ លោកអះអាងថា ដំណើរការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្​តនៅតែ​ព្រឹត្តទៅតាមការគ្រោងទុក​ដោយ​បក្សកាន់អំណាច​មិនខ្វល់ថា​បក្សនយោបាយណា​ចូលរួម​ឬ​មិនចូល​ប្រកួតប្រជែង​នោះទេ។

លោក សុខ ឥសាន៖ «អាហ្នឹង​ជារឿង​អ្នកនយោបាយ​ប្រព្រឹត្តល្មើស​ទេ ហើយ​ចេះតែនាំគ្នា​ស្រែកថា​រំលោភ​សិទ្ធិមនុស្ស រំលោភ​សិទ្ធិមនុស្ស ឬគំរាមកំហែង​បក្សប្រឆាំង និង​ចំពោះអ្នកដទៃទៀត​ដែល​ជា​សកម្មជន​បរិស្ថានអី អាហ្នឹង​អ្នកទាំងអស់ហ្នឹង​ជា​អ្នកបង្កើតបញ្ហា​ដោយខ្លួនឯង​គ្មាន​អ្នកណា ឬ​ប្រជាជនណា​បង្កើត​នោះទេ»

ទោះជាយ៉ាងណា លោក សម រង្ស៊ី ប្រធានស្តី​គណបក្សសង្គ្រោះជាតិ ចាត់ទុកការ ​ធ្វើទុក្ខបុកម្នេញ និង​ធ្វើបាប​អ្នកតស៊ូ​ដើម្បី​ទាមទារសេរីភាព​ក្នុងសង្កម​ជា​បន្តបន្ទាប់ ដោយសារ​លោក ហ៊ុន សែន កំពុង​ភ័យខ្លាច​ពី​កម្លាំងចលនា​របស់អ្នកប្រជាធិបតេយ្យ​ត្រៀមបោះឆ្នោត​ឱ្យ​គណបក្សប្រឆាំង ដើម្បី​ទប់ស្តាត់​ផែនការផ្ទេរ​អំណាច​តវង្សត្រកូល​របស់​លោក ហ៊ុន សែន។

លោក សម រង្ស៊ី៖ «បើមនុស្ស​និយាយ​អត់ដឹងអី ហើយ​ដើរគំរាមកំហែង​គេ​ប៉ាតណាប៉ាតណី មានន័យ​ថា​គាត់ (ហ៊ុន សែន) មាន​ការស្លន់ស្លោរ​គឺ​គាត់​ភ័យមែនទែន ភ័យទីមួយ​ក្នុង​ជួរគណបក្ស​ប្រជាជនកម្ពុជា​អត់គាំទ្រ​បេក្ខភាព​របស់លោក ហ៊ុន ម៉ាណែត ឱ្យមក​ជំនួស​គាត់ទេ ហើយ​ទីពីរ​គាត់​ភ័យកម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេសកម្ពុជា»

ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប កាលពី​ថ្ងៃទី​១៣ ខែមករា បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោតដំបូងសម្រាប់ឆ្នាំ​២០២២​ដែលមាន​ឈ្មោះ​អ្នកបោះឆ្នោត​ជាង៩លានប៧សែននាក់ (៩.៧១០.៦៤៥​) និងមានការិយាល័យ​បោះឆ្នោតជាង២ម៉ឺន​ (២៣.៧៨៩) ហើយគ.ជ.ប នឹង​ប្រកាស​ផ្តល់​សុពលភាព​លើ​បញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។