លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងមានវត្តមានក្នុងប្រទេសចិនកុម្មុយនិស្ត ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) កិច្ចប្រជុំកំពូលអេកម៉ិក (ACMECS) និងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា។ អ្នកជំនាញ និងអ្នកឃ្លាំមើលវាយតម្លៃថា កម្ពុជានឹងមិនទទួលបានផលប្រយោជន៍ពីកិច្ចប្រជុំកំពូលទាំងនេះឡើយ ដោយសារតែកម្ពុជាគ្មានជំហររឹងមាំដោយខ្លួនឯង និងស្ថិតក្រោមឥទ្ធិពលនយោបាយបរទេស។
ប្រទេសចិនកុម្មុយនិស្តកំពុងធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលចំនួន៣ ដែលផ្ដោតសំខាន់លើការពិនិត្យលទ្ធផលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានមួយចំនួន។
ក្រសួងការបរទេសកម្ពុជាឱ្យដឹងកាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នាឆ្នាំនេះក្រោមប្រធានបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញនវានុវត្តន៍» ចំណែក កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) ហៅកាត់ថា អេកម៉ិក (ACMECS) លើកទី១០ គឺផ្ដោតលើប្រធានបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ»។ រីឯ កិច្ចសហប្រតិបត្តិក្របខ័ណ្ឌអាស៊ានចំនួន ៤ប្រទេសបានចងសម្ពន្ធភាពក្នុងការប្ដេជ្ញាចិត្តជំរុញវិស័យសេដ្ឋកិច្ចរួមគ្នា គឺកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) លើកទី១១ ប្រទេសទាំងនេះនឹងជជែកគ្នាក្រោមប្រធានបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព»។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawaddy-Chao Phraya Mekong Economic Cooperation Strategy) គឺជាឈ្មោះទន្លេបីនៅក្នុងតំបន់ ឬហៅកាត់ថា អេកម៉ិក (ACMECS) បង្កើតឡើងដំបូងកាលពីឆ្នាំ២០០៣ ដែលមានសមាជិក ៥ប្រទេស គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ យន្តការនៃកិច្ចសហប្រតិបត្តិការនេះបណ្ដាប្រទេសដែលពាក់ព័ន្ធ តែងតែប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការផ្ដោតលើការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមប្រទេសសមាជិក ដើម្បីឱ្យក្លាយជាច្រកពាណិជ្ជកម្ម និងដឹកជញ្ជូនកាន់តែឆាប់រហ័ស និងដោយរលូន។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងនេះ ភាគីបណ្ដាប្រទេសពាក់ព័ន្ធនឹងគ្រប់ដណ្ដប់ក្នុងការពិនិត្យលើសមិទ្ធផល និងកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវការផ្ដល់ទំនុកចិត្តដល់គ្នាទៅវិញទៅមក និងលើកកម្ពស់សុខុមាលភាពប្រជាជនក្នុងតំបន់ ជាដើម។
ទន្ទឹមនឹងការបើកកិច្ចប្រជុំកំពូលទាំងនេះ សម្រាប់កម្ពុជាត្រូវបានអ្នកជំនាញវាយតម្លៃថា នឹងមិនទទួលបានផលចំណេញឡើយ ខណៈលោក ហ៊ុន ម៉ាណែត ហាក់ផ្ដោតសំខាន់ខ្លាំងក្នុងការស្វែងរកអ្នកជំនួញ និងកៀរគរក្រុមហ៊ុនចិនឱ្យមកបោះទុនរកស៊ីនៅកម្ពុជានៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលទាំងនេះ។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែវិច្ឆិកាថា ប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) គឺជាយន្តការសំខាន់មួយរបស់ចិនដែលព្យាយាមបង្ហាញថា ខ្លួនមានឥទ្ធិពលខ្លាំងតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសសមាជិកអាស៊ានចំនួន៥ លើវិស័យវិនិយោគ ទំនាក់ទំនងសេដ្ឋកិច្ច សង្គម និងនយោបាយជាដើម។
លោក សេង វណ្ណលី វាយតម្លៃថា ការចូលរួមរបស់លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសចិននេះ គឺផ្ដោតសំខាន់ក្នុងការស្វែងរកប្រាក់កម្ចី និងគម្រោងដាក់ទុនវិនិយោគពីបណ្ដាប្រទេសសមាជិកក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលទាំងនេះប៉ុណ្ណោះ។
លោក សេង វណ្ណលី៖«(GMS)យើងដឹងហើយថា ជាកិច្ចសហប្រតិបត្តិការដែលចិនមានឥទ្ធិពលខ្លាំង ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចក្នុងប្រទេសចំនួន ៥នៅក្នុងតំបន់អាស៊ានជាមួយនឹងចិន គឺជាក្របខ័ណ្ឌដែលចិនគាត់មានឥទ្ធិពលខ្លាំងជាងប្រទេសទាំង ៥។ ជានិច្ចកាលយើងដឹងហើយថា ទាំងក្របខ័ណ្ឌ(GMS)ក្របខ័ណ្ឌអេកម៉ិក(ACMECS)និង(CLMV)គឺចិនវិនិយោគច្រើន។ ថ្វីត្បិតកម្ពុជាជាប្រទេសតូចមិនសូវមានការអភិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែរាល់កិច្ចប្រជុំកំពូលនីមួយៗចិនតែងតែអនុញ្ញាត ឬផ្ដល់ឱកាសដល់កម្ពុជាក្នុងការស្នើគម្រោងថ្មីៗ ហើយខ្លួនឯងអនុម័ត ឬផ្ដល់ហិរញ្ញប្បទានផង ជាជំនួយផង ដើម្បីអាចជំរុញគម្រោងដែលស្នើដោយកម្ពុជាហ្នឹងអាចឱ្យវាចេញជារូបរាង»។
រីឯ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កិច្ចប្រជុំកំពូលទាំង ៣ គឺមានសារៈសំខាន់ចំពោះបណ្ដាប្រទេសពាក់ព័ន្ធ និងជាប្រទេសសមាជិកគួរតែជជែកពិភាក្សាលើការបញ្ហាដោយទទួលខុសត្រូវ និងគិតគូរខ្ពស់ពាក់ព័ន្ធសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ជាជាងផ្ដោតសំខាន់លើសេដ្ឋកិច្ច។ បន្ថែមពីនេះ លោកថា សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ប្រទេសសមាជិកហាក់មិនទាន់ឯកភាពក្នុងការរិះរកវិធីបើកច្រក ឬជំរុញសេដ្ឋកិច្ចឱ្យបានល្អប្រសើរនៅឡើយ។
លោក ឯម សុវណ្ណារ៉ា៖«ប៉ុន្តែខ្ញុំគិតថា វាជាកិច្ចការល្អដែរនៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌណាវាល្អដែរពីព្រោះសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រទេសទាំង ៤នៅតែចរាចរនៅក្នុងក្របខ័ណ្ឌមួយយឺតជាងប្រទេសទាំង ៦ទៀត។ ប្រទេសទាំង ៤[កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម]ប្រសិនប្រើយន្តការ ឬជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬកិច្ចសហប្រតិបត្តិការផ្សេងកើតមានឡើង ដើម្បីពន្លឿនសេដ្ឋកិច្ចរបស់ខ្លួនខ្ញុំគិតថា ជាកិច្ចការមួយល្អ។ អេកម៉ិក(ACMECS)ក៏ជាកិច្ចការមួយជំរុញប្រទេសទាំង ៤អាចឈានទៅរីកចម្រើន ឬអាចឈានអភិវឌ្ឍកៀកនឹងប្រទេស ៦ទៀតរបស់អាស៊ានដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី៦ ខែវិច្ឆិកា។
តាមរយៈកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) និងអេកម៉ិក (ACMECS) ប្រទេសចិនកុម្មុយនិស្តរំពឹងថា ប្រទេសជាសមាជិកនឹងមានការផ្លាស់ប្តូរស៊ីជម្រៅជាមួយគ្នា និងសង្កត់ធ្ងន់អំពីកិច្ចសហប្រតិបត្តិការដោយបើកចំហលើការច្នៃប្រឌិត តភ្ជាប់ និងការសម្របសម្រួលការតភ្ជាប់ក្នុងតំបន់ទៅលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ដោយអះអាងថា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ លើកឡើងថា យន្តការជំរុញសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការរវាងចិន ជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន គឺចិនមានគោលបំណងសំខាន់ក្នុងការបញ្ជ្រាបឥទ្ធិពល និងពង្រឹងសេដ្ឋកិច្ចខ្លួននៅក្នុងប្រទេសដែលមានមេដឹកនាំនិយមរបបផ្ដាច់ការ។ លោកថា កម្ពុជាក៏នឹងមិនទទួលបានផលចំណេញពីកិច្ចប្រជុំកំពូលនេះដែរ ដោយសារតែកម្ពុជាដឹកដោយលោក ហ៊ុន ម៉ាណែត គ្មានគោលជំហររក្សានយោបាយឯករាជ្យដោយខ្លួនឯង និងដឹកនាំប្រទេសរណបបរទេស។
លោក គឹម សុខ៖«ចិនទាញយកផលប្រយោជន៍ធំបំផុតពីកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គពីព្រោះទីមួយ ភូមិសាស្ត្រចិននៅពីលើចិនអាចអុកឡុកបាន ទីពីរចិនក៏នៅពីលើទាំងផ្នែកនយោបាយ ជាពិសេសនៅពីលើរដ្ឋាភិបាល ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកុម្មុយនិស្តឡាវ។ ឡាវ និងលោក ហ៊ុន ម៉ាណែត មិនហ៊ានក្អកជាមួយចិនទេ។ ទីបី ចិនក៏ទាញយកផលប្រយោជន៍ និងមុខមាត់ក្នុងការទាញអាស៊ានមិនឱ្យងាកចេញពីនយោបាយចិន ដោយសារតែប្រើប្រាស់រដ្ឋាភិបាល ហ៊ុន ម៉ាណែត រដ្ឋាភិបាលឡាវ ឱ្យតម្រង់អាស៊ានទៅតាមគោលបំណងរបស់ចិនដែរ»។
អ្នកឃ្លាំមើលលើកឡើងថា យន្តការជំរុញសេដ្ឋកិច្ចតាមរយៈកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) និងអេកម៉ិក (ACMECS) ដែលប្រទេសចិនព្យាយាមតម្កើងខ្លួនជាបងធំក្នុងការកាង និងជំរុញសេដ្ឋកិច្ចប្រទេសជាសមាជិក ក៏ជាចំណុចសំខាន់មួយដែលធ្វើឱ្យប្រទេសសមាជិកអាស៊ានកាន់តែបែកខ្ញែក និងបែកបាក់ការរក្សាជំហរឯករាជ្យក្របខ័ណ្ឌអាស៊ាន នៅពេលដែលចិន និងអាមេរិកកំពុងបង្កើនកម្ដៅក្នុងការប្រជែងភូមិសាស្ត្រនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
