អ្នកឃ្លាំមើលថា កម្ពុជាខាតបង់ផលប្រយោជន៍ធំធេង ក្រោយពេលស៊ុយអែតបិទស្ថានទូតនៅក្រុងភ្នំពេញ
2024.09.17
អ្នកឃ្លាំមើលថា ប្រទេសស៊ុយអែត ដែលជាប្រទេសប្រជាធិបតេយ្យ និងតែងតែផ្ដល់ជំនួយដល់កម្ពុជាប្រកាសបិទការិយាល័យស្ថានទូតរបស់ខ្លួននៅ ភ្នំពេញមិនមែនជារឿងល្អសម្រាប់កម្ពុជាឡើយ។ ពួកគាត់ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវដោះស្រាយបញ្ហានយោបាយ និងស្ដារប្រជាធិបតេយ្យឱ្យប្រសើរឡើងវិញ ដើម្បីស្ដារទំនុកចិត្ត និងពង្រឹងទំនាក់ទំនងការទូតរឹងមាំជាមួយបណ្តាប្រទេសប្រជាធិបតេយ្យ។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ការណ៍ដែលស៊ុយអែតសម្រេចដកស្ថានទូត ផ្ដាច់ជំនួយ និងបិទការិយាល័យរបស់ខ្លួនចេញពីកម្ពុជានៅពេលនេះ មកពីប្រទេសនេះអស់ជំនឿជាមួយរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យប្រជាធិបតេយ្យដើរថយក្រោយ ទោះបីកន្លងមក ពួកគេបំពេញតួនាទីជួយកម្ពុជាស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ យ៉ាងណាក្តី។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែកញ្ញាថា ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក សហភាពអឺរ៉ុបតាមរយៈប្រទេសស៊ុយអែត បានផ្ដល់ជំនួយជាច្រើនក្នុងការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែ លោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ចំណែកប្រទេសស៊ុយអែត ក៏បានសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា ដោយសារតែប្រទេសទាំងនោះមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើឱ្យប្រសើរឡើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។ លោក សេក សុជាតិ យល់ថា បញ្ហានេះ នឹងប៉ះពាល់ដល់ការពង្រឹងវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនប្រញាប់ដោះស្រាយនោះទេ។
លោក សេក សុជាតិ៖ «ការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សបានល្អ គឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ សម្រាប់ជំរុញនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងនីតិរដ្ឋ ដូច្នេះ កម្ពុជាគួរតែត្រិះរិះ ផ្លាស់ប្ដូរឥរិយាបថ ដោយប្រើប្រាស់គោលនយោបាយឈ្នះៗ ជាមួយគ្រប់ប្រទេសទាំងអស់ ដែលជាដៃគូនៅលើឆាកអន្តរជាតិ ហើយក៏វាអាចឈ្នះៗ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងពលរដ្ឋខ្មែរ ជាមួយពលរដ្ឋ នៃប្រជាជាតិដទៃ នៅជុំវិញពិភពលោកផងដែរ»។
ការិយាល័យស្ថានទូតស៊ុយអែតប្រចាំក្រុងភ្នំពេញ (Embassy of Sweden Section Office in Phnom Penh) កាលពីថ្ងៃទី១៦ ខែកញ្ញា បានប្រកាសនៅលើហ្វេសប៊ុកថា ការិយាល័យស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងត្រូវបិទជាផ្លូវការ និងឈប់ធ្វើការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញាតទៅ បន្ទាប់ពីរដ្ឋាភិបាលស៊ុយអែតសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាកក ប្រទេសថៃ នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយការគ្រប់គ្រង ការគាំទ្រដល់ប្រទេសកម្ពុជាយោងទៅតាមយុទ្ធសាស្ត្រតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ស៊ីដា (Sida) ក្នុងទីក្រុងស្តុកហូម (Stockholm)។
ក្នុងពេលកន្លងមក រដ្ឋាភិបាលស៊ុយអែតតែងតែចេញមុខរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញ ពាក់ព័ន្ធការរំលោភគោលការណ៍ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់ និងចុងក្រោយ ស៊ុយអែតបានបន្តរិះគន់ករណីចាប់អ្នកនយោបាយ និងយុវជនសង្គមដាក់ពន្ធនាគារថែមទៀត។
ក្រៅពីនេះ ក្នុងដំណើរទស្សនកិច្ចនៅភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៧ ឯកអគ្គរាជទូតស៊ុយអែតទទួលបន្ទុកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ អ្នកស្រី អ៊ែននីកា ប៊ែន ដេវីដ (Annika Ben David) ធ្លាប់បញ្ជាក់ប្រាប់រដ្ឋាភិបាលកម្ពុជាថា បើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ នឹងបង្ខំឱ្យរដ្ឋាភិបាលស៊ុយអែត គិតគូរឡើងវិញ អំពីទំនាក់ទំនងជាមួយកម្ពុជា។
ជាក់ស្តែង រដ្ឋាភិបាលស៊ុយអែត កាលពីខែមិថុនា ឆ្នាំ២០២០ បានសម្រេចឈប់ផ្ដល់ជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាលកម្ពុជា ដោយសារតែប្រទេសនេះមើលឃើញថា លំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាទទួលរងការរឹតត្បិតខ្លាំង ដែលជាមូលហេតុធ្វើឱ្យស៊ុយអែតពិបាកបន្តកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយ និងជិតដិតជាមួយរដ្ឋាភិបាលកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សង្គមស៊ីវិលសោកស្ដាយ ដែលប្រទេសស៊ុយអែតបានបិទស្ថានទូត ផ្ដាច់ជំនួយដល់កម្ពុជា និងឈប់បន្តការិយាល័យប្រចាំនៅក្រុងភ្នំពេញ ដែលបញ្ហានេះ នឹងធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍ ពីព្រោះកន្លងមក ស៊ុយអែត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកិច្ចការជាច្រើនដល់រដ្ឋាភិបាល អង្គការសង្គមស៊ីវិលទៅលើផ្នែកអភិបាលកិច្ចល្អ នៅមូលដ្ឋាន ជាពិសេស ផ្ដោតលើគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោក អំ សំអាត៖ «នៅពេលដែលស៊ុយអែត ដែលធ្លាប់ជួយដល់កម្ពុជាជាច្រើនសម្រាប់ទៅលើវិស័យទាំងអស់នេះ តែស្ថានទូតស៊ុយអែត បានដក ដល់ឥឡូវដកការិយាល័យរបស់ស្ថានទូតស៊ុយអែត បានបញ្ចប់ទៀត អាហ្នឹង វាជារឿងមួយសោកស្ដាយ ពីព្រោះកម្ពុជាយើងនៅតែត្រូវការស៊ុយអែត ជួយ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស អភិបាលកិច្ចល្អ ក៏ដូចជា គណនេយ្យភាពនៅថ្នាក់ក្រោមជាតិបន្តទៀតបានទេ»។
ចំណែកមេបក្សប្រឆាំង និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុក នៅថ្ងៃទី១៧ ខែកញ្ញា ដោយលោកលើកឡើងថា ប្រទេសស៊ុយអែតសម្រេចបិទស្ថានទូតនៅកម្ពុជាបានបង្ហាញថា អំណាចត្រកូល ហ៊ុន បរាជ័យទាំងនយោបាយ សេដ្ឋកិច្ច និងការទូត។ លោក សម រង្ស៊ី បញ្ជាក់ថា ទំនាក់ទំនងការទូត គឺមានសារៈសំខាន់ជាមួយប្រទេសណាក៏ដោយ តែដោយសារត្រកូល ហ៊ុន មិនគោរពសិទ្ធិមនុស្ស មិនអាចរក្សាទំនាក់ទំនងការទូតបាន។ លោកបន្តថា នយោបាយ ដែលលោក ហ៊ុន សែន ទៅអែបជិតចិន ខណៈចិន ក៏មានបញ្ហាសេដ្ឋកិច្ចខ្លាំងនោះ ដូច្នេះ ប្រទេសចិនមិនអាចជួយសង្គ្រោះក្រុមគ្រួសារត្រកូល ហ៊ុន ពីទណ្ឌកម្មប្រទេសលោកខាងលិចបានទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ដើម្បីឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី១៧ ខែកញ្ញា។
ប៉ុន្តែ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីបំភ្លឺ កាលពីថ្ងៃទី១៦ ខែកញ្ញាថា ការបិទការិយាល័យស៊ុយអែតនៅទីក្រុងភ្នំពេញ ដោយសារការរៀបចំឡើងវិញចំណុចអាទិភាព លើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ជិតខាងប្រទេសស៊ុយអែត ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញា បានចេញសេចក្ដីបំភ្លឺបន្ថែមថា ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុលស៊ុយអែតប្រចាំក្រុងភ្នំពេញ នៅតែបើកបន្តផ្ដល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។
ប្រទេសស៊ុយអែតជាសមាជិកសហភាពអឺរ៉ុបមានទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៦១ មក ហើយបានបិទស្ថានទូតនៅក្នុងរបបខ្មែរក្រហម។ ប៉ុន្តែ ស៊ុយអែតបានបើកដំណើរការស្ថានទូតនៅកម្ពុជាឡើងវិញ កាលពីខែសីហា ឆ្នាំ២០១០ និងបានប្រកាសបិទស្ថានទូតជាលើកទី២ ក្រោមអំណាចដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងថា បញ្ហានេះមកពីស៊ុយអែត មិនពេញចិត្តនឹងរដ្ឋាភិបាលកម្ពុជាបន្តបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា បញ្ហានីតិរដ្ឋ អំពើពុករលួយ នៅតែកើតឡើងធ្ងន់ធ្ងរ ទោះបីជារដ្ឋាភិបាលស៊ុយអែតជួយដល់កម្ពុជាយ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។