អ្នក​ឃ្លាំ​មើល​ថា លោក ហ៊ុន សែន នៅ​តែ​ចង់​បង្ហាញ​ពី​ភក្ដីភាព​ជាមួយ​វៀតណាម ទោះ​បី​ជា​លោក​កំពុង​ពឹង​ពាក់​ចិន​ជា​ខ្នង​បង្អែក​ក្ដី

ដោយ មាន ឫទ្ធិ
2022.11.20
អ្នក​ឃ្លាំ​មើល​ថា លោក ហ៊ុន សែន នៅ​តែ​ចង់​បង្ហាញ​ពី​ភក្ដីភាព​ជាមួយ​វៀតណាម ទោះ​បី​ជា​លោក​កំពុង​ពឹង​ពាក់​ចិន​ជា​ខ្នង​បង្អែក​ក្ដី លោក ហ៊ុន សែន ជួប​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​វៀតណាម​លោក វឿង ឌីញហ្វេ (VUONG DINH HUE) នៅ​វិមាន​សន្តិភាពនៅ​ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុង​ឱកាស​ខួប ៥០​ឆ្នាំ​នៃទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។
រូប៖ SPM

អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​តែ​ចង់​បង្ហាញ​ពី​ភក្ដី​ភាព​ជា​មួយ​វៀតណាម​ដែល​ជា​ចៅហ្វាយ​នាយ​លើក​បន្តុប​លោក​ឱ្យ​ដឹក​នាំ​កម្ពុជា​នៅ​ទសវត្ស​ទី៨០។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល លោក ហ៊ុន សែន មាន​ជំនួប​ទ្វេ​ភាគី​ជា​មួយ​ប្រធាន​រដ្ឋសភា​វៀតណាម​លោក វឿង ឌីញហ្វេ (Vuong Dinh Hue) ក្នុង​ឱកាស​ខួប ៥០ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ។

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វេស​ប្រហែស ឬ​បង្ហាញ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​គាំទ្រ​ប្រទេស​ណា​មួយ​ជា​ពិសេស​ប្រទេស​ចិន និង​វៀតណាម នោះ​កម្ពុជា​អាច​នឹង​ប្រឈម​បាត់បង់​អធិបតេយ្យ និង​ឯករាជ្យ​លើ​ខ្លួន​ឯង។

ការ​លើកឡើង​នេះ​ស្រប​ពេល​ដែល​ពួក​គេ​មើល​ឃើញ​ថា ប្រទេស​ចិន និង​វៀតណាម​នៅ​តែ​បន្ត​ប្រកួត​ប្រជែង​ដណ្ដើម​ឥទ្ធិពល​ភូមិ​សាស្ត្រ​នយោបាយ ជាពិសេស​ជុំវិញ​រឿង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជាលោក គៀន ពន្លក ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា​ថា ទោះ​បី​ជា​នយោបាយ​ការ​ទូត​លោក ហ៊ុន សែន បច្ចុប្បន្ន​ត្រូវ​គេ​មើល​ឃើញ​ថា​ហាក់​លម្អៀង​ទៅ​រក​ចិន​កុម្មុយនីស្ត​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន នៅ​តែ​ចង់​បង្ហាញ​ពី​ភក្ដីភាព​នៃ​ទំនាក់​ទំនង​ជា​មួយ​វៀតណាម​ព្រោះ​វៀតណាម​ជា​អ្នក​លើក​បន្តុប​លោក​ឱ្យ​ដឹក​នាំ​កម្ពុជា​ក្រោយ​នៅ​ទសវត្ស​ទី៨០។

លោក គៀន ពន្លក យល់​ថា រដ្ឋាភិបាល​ត្រូវ​ប្រកាន់​ជំហរ​ឯក​រាជ្យ​លើ​ខ្លួន​ឯង និង​ត្រូវ​អនុវត្ត​គោល​នយោបាយ​អព្យាក្រឹត្យ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយ​មិន​លម្អៀង ឬ​ចាប់​យក​ប្រទេស​ណា​មួយ​ធ្វើ​ជា​ខ្នង​បង្អែក ដើម្បី​រក្សា​បាន​នូវ​អធិបតេយ្យ​ជាតិ​កម្ពុជា

«យើង​ដឹង​ហើយ​ថា វៀតណាម និង​ចិន​ជា​ប្រទេស​គូរ​ទំនាស់​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ ជំនួប​ទ្វេ​ភាគី​រវាង​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​លោក វឿង ឌីញហ្វេ (Vuong Dinh Hue) ជា​ជំនួប​មួយ​ដែល​បង្ហាញ​ថា វៀតណាម​នៅ​តែ​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ហើយ​វៀតណាម​ចង់​ប្រាប់​ទៅ​មិត្ត​កម្ពុជា​ថា ប្រសិន​បើ​មិត្ត​កម្ពុជា​ដក​ខ្លួន​ពី​ឥទ្ធិពល​របស់​វៀតណាម កម្ពុជា​នឹង​អាច​ជួប​គ្រោះ​មហន្តរាយ​មួយ​ដ៏​ធំ ប្រសិន​បើ​កម្ពុជា​ទៅ​ចាប់​ចិន។ មេ​ដឹក​នាំ​វៀតណាម​នៅ​តែ​ចិញ្ចឹម​ចិត្ត​មួយ​គឺ​ការ​គ្រប់​គ្រង​ប្រទេស​កម្ពុជា ដែល​កម្ពុជា​កន្លង​មក​ធ្លាប់​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ទៅ​ហើយ»

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌីញហ្វេ (Vuong Dinh Hue) និង​បន្ត​រឹតចំណង​មិត្ត​ភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ឱកាស​ខួប ៥០ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។ លោក ហ៊ុន សែន ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ភាគី​វៀតណាម​ស្នើ​សុំ​កម្ពុជា​ចុះ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ «ស៊ី​ជម្រៅ​ថែម​ទៀត» លើ​គ្រប់​វិស័យ។ លោក ហ៊ុន សែន អះ​អាង​ថា ដៃ​គូ​សេដ្ឋកិច្ច​ល្អ​គឺ​នាំ​ទៅ​ដល់​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ទាំង​ផ្នែក​នយោបាយ និង​វិស័យ​ផ្សេងៗ​ទៀត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បី​សាក​សួរ​បន្ថែម​អំពី​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា។

ប្រធាន​រដ្ឋសភា​វៀតណាមលោក វឿង ឌីញហ្វេ កំពុង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ និង​មិត្ត​ភាព​នៅ​កម្ពុជា និង​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី៤៣ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៥ នៅ​ក្រុង​ភ្នំពេញ។

នៅ​មុន​កម្ពុជា​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ លោក ហ៊ុន សែន ហាក់​ផ្ដោត​សំខាន់​ក្នុង​ការ​ទទួល​ជំនួប​ទ្វេភាគី​ជា​មួយ​មិត្ត​ម៉ឺន​ឆ្នាំ​វៀតណាម និង​សម្ពន្ធ​មិត្ត​ដែក​ថែប​របស់​លោក​គឺ​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកា លោក ហ៊ុន សែន ក៏​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​វៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) ដែរ ដោយ​ផ្ដោត​លើ​ការ​ពង្រឹង​ទំនាក់​ទំនង នយោបាយ និង​សេដ្ឋកិច្ច។ កាល​នោះ ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ឯក​សារ​ចំនួន១១ ពាក់​ព័ន្ធ​នឹង វិស័យ​ពាណិជ្ជកម្ម កសិកម្ម ទូរគមនាគមន៍ ការងារ និង​វិស័យ​ហិរញ្ញវត្ថុ ជាដើម។ ចំណុច​សំខាន់​មួយ​នៃ​សេចក្ដី​ថ្លែង​ការណ៍​រួម ១៦ចំណុច រវាង​ប្រទេស​ទាំង​ពីរ គូស​បញ្ជាក់​ថា ភាគ​ទី​ទាំង​ពីរ​ឯក​ភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការ​ពារ​ជាតិ និង​សន្តិ​សុខ ដោយ​ផ្តោត​លើ​គោលការណ៍​ដែល​មិន​អនុញ្ញាត​ឱ្យ «កម្លាំង​អមិត្ត» ណា​មួយ​ប្រើប្រាស់​ទឹក​ដី​របស់​ខ្លួន​ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ និង​ផល​ប្រយោជន៍​របស់​ភាគី​ម្ខាង​ទៀត។ បើ​ទោះ​បី​ជា​ភាគី​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ថា «កម្លាំង​អមិត្ត» នេះ ជា​ប្រទេស​ណា​មួយ​ឱ្យ​ពិត​ប្រាកដ​ក៏​ដោយ វៀតណាម​ទំនង​ជា​ចង់​ឱ្យ​កម្ពុជា​បញ្ជាក់​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​ឡើយ ខណៈ​សហរដ្ឋអាមេរិក​បន្ត​សង្ស័យ​ពី​រឿង​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា។ វៀតណាម បាន​ងាក​ទៅ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​សហរដ្ឋ​អាមេរិក​ក្នុង​រឿង​ជម្លោះ​ដណ្ដើម​អធិបតេយ្យ​ជា​មួយ​ចិន​នៅ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ទន្ទឹម​គ្នា​នោះ នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ចិន​កុម្មុយនីស្ត​ក៏​បាន​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ដោយ​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជា​មួយ​លោក ហ៊ុន សែន ដោយ​ប្រកាស​ថា ប្ដេជ្ញា​ចិត្ត​បន្ត​រឹត​ចំណង​មិត្ត​ភាព​ក្នុង​នាម​ជា​មិត្ត​ដែកថែប​យូរ​អង្វែង ដើម្បី​កសាង​ជោគ​វាសនា​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​បង្កើន​នៃ​ការ​ពង្រឹង​នូវ​កិច្ចប្រតិបត្តិការ​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា និង​ចិន ឱ្យ​កាន់​តែ​​ស៊ី​ជម្រៅ។ ភាគី​ទាំង​ពីរ​បាន​ប្រកាស​ពី​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ១៨ពាក់ព័ន្ធ​នឹង​កម្ចី​ឥណទាន​សម្បទាន កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ កសិកម្ម សុខាភិបាល អប់រំ​ជាដើម។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​គឺ​ភាគី​ទាំង​ពីរ​បាន​ចុះ​អនុសារណៈ​យោគ​យល់​គ្នា​តម្រូវ​ឱ្យ​កម្ពុជា​ដាក់​បញ្ចូល​ភាសា​ចិន​នៅ​តាម​សាលារៀន​រដ្ឋ​ចាប់​ពី​ថ្នាក់​ទី៧ ដល់​ថ្នាក់​ទី១២។ សេចក្ដីប្រកាស​រួម ៨ចំណុច​រវាង​ប្រទេស​ទាំង​ពីរ ប្រកាស​ថា ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ថា នឹង​ពន្លឿន​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ដោយ​សន្យា​ថា នឹង​ប្រើប្រាស់​ឱ្យ «អស់​សក្ដានុពល» នូវ​យន្តការ​ផ្លាស់​ប្ដូរ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​ដោយ​បង្កើន​ទំនាក់​ទំនង​រវាង​ស្ថាប័ន​ការពារ​ជាតិ និង​យោធា​គ្រប់​កម្រិត​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់​ស្ដែង ដូច​ជា ការ​បណ្ដុះ​បណ្ដាល និង​ការ​ហ្វឹក​ហាត់​រួម​គ្នា ការ​ផ្ដល់​បរិក្ខារ​យោធា បច្ចេកវិទ្យា សេវា​សុខាភិបាល ឡូ​ជី​ស្ទីក និង​សន្តិសុខ​ពហុភាគី។

ក្រុម​អ្នក​ឃ្លាំ​កម្ពុជា ព្រួយ​បារម្ភ​ថា ឥរិយាបថ​ប្រទេស​ចិន​កុម្មុយនីស្ត និង​ប្រទេស​វៀតណាម​ពេល​នេះ ឆ្លុះ​បញ្ចាំង​អំពី​ការ​ដណ្ដើម​ភូមិ​សាស្រ្ត​នយោបាយ​ដែល​អាច​យក​កម្ពុជា​ធ្វើ​ជា​កូន​អុក ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន។ លើស​ពី​នេះ ពួក​គេ​ថា ប្រសិន​កម្ពុជា​ធ្វេស​ប្រហែស​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​នយោបាយ​នៃ​ប្រទេស​ណា​មួយ នោះ​កម្ពុជា​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ និង​បាត់បង់​ឯករាជ្យ​ខ្លួន​ឯង។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ដំណើរ​ទស្សន​កិច្ច​ប្រធាន​សភា​វៀតណាម​មក​កម្ពុជា​ពេល​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ លោក គឹម សុខ មើល​ឃើញ​ថា ភាគី​វៀតណាម​ហាក់​កំពុង​ព្រួយ​បារម្ភ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​យោធា​ជាមួយ​ប្រទេស​ចិន​ចំហ​ក្នុង​អំឡុង​ពេល​កម្ពុជា​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន​កន្លង​ទៅ។ ក្រៅ​ពី​នេះ លោក​ថា​ប្រធាន​សភា​វៀតណាម​មក​កម្ពុជា​ពេល​នេះ​គ្មាន​ផ្ដល់​ដល់​ប្រជា​ជាតិ​ខ្មែរ​ឡើយ ក្រៅ​តែ​ពី​ការ​ជជែក​អំពី​ពង្រឹង​បក្ស​កុម្មុយនីស្ត​វៀតណាម ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា៖ 

«មាន​ន័យ​ថា​វៀតណាម ទោះ​បី​ជា​មាន​ឈ្មោះ​ជា​ចៅហ្វាយ​លើក​អំណាច​ឱ្យ​លោក ហ៊ុន សែន ក៏​ដោយ​នៅ​ពេល​នេះ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ។ [វៀត​ណាម] ព្រួយ​ខ្លាច​សាធារណរដ្ឋ​ប្រជា​មានិត​ចិន លូក​ដៃ​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជា​សម្ងាត់​ជា​មួយ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ទាប់​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និង​រដ្ឋាភិបាល​លោក ហ៊ុន សែន​ឈាន​រហូត​ចុះ​កិច្ច​ព្រមព្រៀង​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​ជា​ចំហ​តែ​ម្ដង»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន អះ​អាង​ថា ជំនួប​ទ្វេ​ភាគី​រវាង​លោក ហ៊ុន សែន និង​ប្រធាន​សភា​វៀតណាម គឺ​ជា​កិច្ច​ការងារ​ការ​ទូត​ធម្មតា​នៃ​ការ​បង្កើន​ទំនាក់​ទំនង​កម្ពុជា និង​វៀតណាម​តែ​ប៉ុណ្ណោះ។ លោក​អះ​អាង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​ច្បាស់លាស់ និង​អព្យាក្រឹត្យ​ដោយ​មិន​ចាប់​យក​ប្រទេស​ណា​មួយ​ធ្វើ​ជា​ខ្នង​បង្អែក ដើម្បី​រួម​ដៃ​រំលោភ​បំពាន​អធិបតេយ្យ​ប្រទេស​ណា​មួយ​ឡើយ៖

«វៀតណាម​មក​នេះ មិន​មែន​មក​ដើម្បី​កៀរគរ​កម្ពុជា​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​ចិន ឯ​ណា។ មេ​ដឹក​នាំ​ចិន​ក៏​មក​ជួប​ថ្នាក់​ដឹក​នាំ​កម្ពុជា​ដែរ ក៏​មិន​មែន​កៀរគរ​ឱ្យ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​វៀតណាម ឯ​ណា​អត់​ទេ។ អ៊ី​ចឹង អ្នក​វិភាគ​ហ្នឹង មិន​ដឹង​វិភាគ​ស្អី​ទេ ព្រោះ​គាត់​វិភាគ​ហ្នឹង​ប្រហែល​នឹង​ដៃ​ម្ភៃ វា​ខ្លាំង​ជា​ព្រះនារាយណ៍​ទៅ​ទៀត»

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ច​ការ​អន្តរ​ជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​ប្រទេស​ចិន​កុម្មុយនីស្ត​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា របត់​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​កម្ពុជា​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​វៀតណាម។ អ្នក​ជំនាញ​រូប​នេះ​ព្រមាន​ថា បើ​កម្ពុជា​ខ្វះ​ភាព​ឯករាជ្យ​ក្នុង​ការ​រៀប​ចំ​កិច្ច​ជាតិ​របស់​ខ្លួន​ដោយ​ឯករាជ្យ នោះ​កម្ពុជា​នឹង​ពិបាក​ក្នុង​ការ​រក្សា​បាន​ផល​ប្រយោជន៍​ពេញ​លេញ​សម្រាប់​ប្រជា​ជាតិ​ខ្លួន​ឯង៖

«ជា​មួយ​ចិន យើង​មាន​ឥទ្ធិពល​ពាក់​ព័ន្ធ​នយោបាយ​ការ​បរទេស ពាក់​ព័ន្ធ​ទៅ​នឹង​សង្គម​វប្បធម៌​ ដែល​កម្ពុជា​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​ច្រើន។ ក៏​ប៉ុន្តែ ចំពោះ​វៀតណាម​វិញ​វា​មាន​ពាក់ព័ន្ធ​ទៅ​នឹង​គេ​ហៅ​ថា ឥទ្ធិពល​សេដ្ឋកិច្ច ឥទ្ធិពល​សង្គម​វប្បធម៌​ផង ឥទ្ធិពល​នយោបាយ​ផង ហើយ​និង​គេ​ហៅ​ថា ពាក់ព័ន្ធ​នឹង​អធិបតេយ្យ​ភាព បូរណភាព​ទឹក​ដី​កម្ពុជា​ទៀត ហើយ​កាល​ណា​បើ​សិន​ជា​យើង​ទៅ​ពឹង​អាស្រ័យ​ទៅ​បណ្ដា​រដ្ឋ ឬ​ប្រទេស​ជិត​ខាង​ខ្លាំង​ពេក យើង​ខ្វះ​ម្ចាស់​ការ​ក្នុង​ការ​រៀប​ចំ​កិច្ច​ការ​ជាតិ​យើង ដោយ​ឯក​រាជ្យ​ហ្នឹង យើង​ពិបាក​នឹង​រក្សា​បាន​ផល​ប្រយោជន៍​ជាតិ​យើង​ពេញ​លេញ​ដែរ»

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​កម្ពុជា រិះ​គន់​ថា ការណ៍​ដែល​កម្ពុជា​បន្ត​ឱប​ក្រសោប​ប្រទេស​កុម្មុយនីស្ត​ធ្វើ​ជា​ខ្នង​បង្អែក​នឹង​មិន​ផ្ដល់​ចំណេញ​អ្វី​សម្រាប់​ជាតិ​ឡើយ ក្រៅ​ពី​ការពារ​ខ្លួន និង​អំណាច​របស់​ខ្លួន។ លើស​ពី​នេះ ពួក​គេ​ថា ទោះ​បី​ជា​របត់​នយោបាយ​ពេល​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ចិន​ក្ដី លោក ហ៊ុន សែន ទំនង​មិន​អាច​រំដោះ​ខ្លួន​រួច​ផុត​ពី​ឥទ្ធិពល​នយោបាយ​នៃ​ប្រទេសវៀតណាម​បាន​ឡើយ ដ្បិត​បក្ស​កុម្មុនីស្ត​វៀតណាម​នេះ​ឯង ដែល​បាន​លើក​បន្តុប​លោក​ឡើង​កាន់​អំណាច​កាល​ពី​អំឡុង​ទសវត្ស​ទី៨០ ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ។ ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ថា មិត្ត​ភាព​នៃ​ទំនាក់​ទំនង​ក្នុង​នាម​ជា​មិត្ត​ដែក​ថែប​កម្ពុជា​ចិន​ពេល​នេះ​ឆ្លុះ​បញ្ចាំង​នៃ​ភាព​ទំនាក់​ទំនង​កាន់​តែ​ជម្រៅ ដែល​ធ្វើ​ឱ្យ​ភាគី​វៀតណាម​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ជាតិ​របស់​ខ្លួន ស្រប​ពេល​ដែល​អាមេរិក​ដាក់​ការ​សង្ស័យ​ថា ចិន​កំពុង​លួច​សាង​សង់​មូល​ដ្ឋាន​កង​ទ័ព​នៅ​កម្ពុជា​ដោយ​សម្ងាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។