កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណបក្សកាន់អំណាច របស់ថៃ គឺអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ដោយបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗ នៃរដ្ឋាភិបាលជាច្រើនរូប។ អ្នកឃ្លាំមើលលើកឡើងថា ដំណើរទស្សនកិច្ចរបស់កូនស្រីលោកថាក់ស៊ីន មកកម្ពុជា គឺដើម្បីពង្រឹងឥទ្ធិពលនៃអ្នកបន្តវេនជំនាន់ក្រោយរបស់គ្រួសារមេដឹកនាំបក្សកាន់អំណាចទាំងពីរ។
ប្រធានគណបក្សភឿថៃ (Pheu Thai) និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) គឺអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) បានមកដល់កម្ពុជាហើយ នៅថ្ងៃទី១៨ ខែមីនា ដើម្បីបំពេញទស្សនកិច្ច រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨ និងទី១៩ ខែមីនា ដោយមានប្អូនប្រុសពៅរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី មកចាំស្វាគមន៍ដល់អាកាសយានដ្ឋាន។ ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានការអញ្ជើញរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នៅពេលលោកធ្វើដំណើរទៅប្រទេសថៃ កាលពីថ្ងៃទី២១ ខែកុម្ភៈ ដោយលោកអះអាងថា ដើម្បីសួរសុខទុក្ខ លោក ថាក់ស៊ីន ដែលត្រូវបានដោះលែង បន្ទាប់ពីបានជាប់ឃុំ អស់រយៈពេល ៦ខែ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែមីនា ថា ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចឈានដល់ការពិភាក្សាទៅលើបញ្ហាមួយចំនួន ដែលកំពុងផ្ទុះឡើង ដូចជាទំនាស់ពាក្យសម្ដី និងវប្បធម៌រវាងពលរដ្ឋនៃជាតិសាសន៍ទាំងពីរ ព្រមទាំងបញ្ហាប្រេងនៅតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ដើម្បីឈានទៅដល់ការដោះស្រាយរួមគ្នា។ តែយ៉ាងណា លោកបន្តថា ទំនាក់ទំនងជិតស្និទ្ធនៃរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចទាំងពីរនេះ ក៏កំពុងបង្ហាញភាពស្អិតល្មួតខាងផ្នែកនយោបាយបន្តពីឪពុកទៅកូនៗ ហើយក៏ជាការគំរាមកំហែងដល់សកម្មជនគណបក្សប្រឆាំងផងដែរ។
លោក សេង វណ្ណលី៖ «ទន្ទឹមនឹងហ្នឹង នៅស្រុកខ្មែរប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏ដូចជាសកម្មជននយោបាយ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ក៏កំពុងព្រួយបារម្ភថា ចំណងស្អិតល្មួតរវាងគណបក្សទាំងពីរ ក៏ដូចជារដ្ឋាភិបាលទាំងពីរហ្នឹង វានឹងបង្កការព្រួយបារម្ភដល់សុវត្ថិភាព ក៏ដូចជារាំងស្ទះដល់ដំណើរការទាមទារលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការរស់នៅរបស់ខ្លួននៅប្រទេសថៃ»។
ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ នេះ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត្រ បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ដោយភាគីទាំងពីរបានប្រកាសពីការគាំទ្រគ្នាយ៉ាងពេញទំហឹង ចំពោះការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថៃ ដើម្បីជំរុញទំនាក់ទំនងរវាងគណបក្សកាន់អំណាចទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងស្អិតល្មួត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ។ ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានលើកឡើងពីគម្រោង ដំណើរទស្សនកិច្ចប្រធានរដ្ឋសភាថៃថ្មី គឺលោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា (Wan Muhamad Noor Matha) មកកម្ពុជា នៅថ្ងៃទី២១ ដល់ទី២៣ ខែមីនា ខាងមុខនេះដែរ។
ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សភឿថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបន្តជួបសន្ទនាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងគោលនយោបាយពង្រីកវិស័យសំខាន់ផ្សេងៗ ទៀត រួមទាំងការលើកកម្ពស់តួនាទីរបស់ស្ត្រីជាដើម។
បន្ទាប់ពីជួបសន្ទនាជាមួយ លោក ហ៊ុន ម៉ាណែត រួចមក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបន្តជួបជាមួយប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដើម្បីពិភាក្សាការងារនៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំសួរបន្ថែមបានទេ នៅថ្ងៃទី១៨ ខែមីនា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា លោកមិនដឹងអំពីព័ត៌មានស្ដីអំពីកិច្ចប្រជុំ នៅក្នុងដំណើរទស្សនកិច្ចនេះឡើយ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ សង្កេតឃើញថា ទំនាក់ទំនងរវាងលោក ហ៊ុន សែន និងលោក ថាក់ស៊ីន មានភាពល្អូកល្អិនជាមួយគ្នា លើសពីទំនាក់ទំនងការទូតរវាងប្រទេសនឹងប្រទេស ដោយគ្រួសារដ៏មានឥទ្ធិពលទាំងពីរនេះ ក៏មានបំណុលនយោបាយ ឬការពឹងពាក់គ្នាទៅវិញទៅមកផងដែរ។ លោកបន្តថា នៅក្នុងទំនាក់ទំនងនៃគ្រួសារមេដឹកនាំទាំងពីរនេះ កម្ពុជា និងថៃ ទទួលបានប្រយោជន៍ផ្សេងៗ គ្នា។
លោក គឹម សុខ៖«គេយល់ថា ទំនាក់ទំនងហ្នឹង គ្រាន់តែជាការទាញយកផលប្រយោជន៍ទៅឱ្យថៃ ដូច្នេះគណបក្សភឿថៃ មិនធ្លាក់ប្រជាប្រិយភាព ដោយសារតែមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាទេ។ ប៉ុន្តែ គឺគណបក្សប្រជាជនកម្ពុជា ព្យាយាមរក្សាទំនាក់ទំនងនេះ ដើម្បីពឹងផ្អែកលើ(អំណាច)ខ្លះ ពីលោក ថាក់ស៊ីន ក្នុងការការពារអំណាចតែប៉ុណ្ណោះ»។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Sinawatra) មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន តាំងតែពីមុនលោក ថាក់ ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីទី២៣ របស់ថៃ ពោលគឺ នៅពេលលោក ថាក់ ស៊ីន បោះទុនវិនិយោគលើផ្នែកបណ្ដាញទូរគមនាគមន៍នៅកម្ពុជា ហើយទំនាក់ទំនងនេះ ក៏កាន់តែជិតស្និទ្ធរហូតដល់បច្ចុប្បន្ន។
ទោះជាយ៉ាងណា ទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងគ្រួសារបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរនេះ បានបង្កការភ័យខ្លាចដល់សកម្មជននយោបាយខ្មែរ ដែលកំពុងជ្រកកោននៅប្រទេសថៃ ដោយពួកគាត់បារម្ភថា ទំនាក់ទំនងនេះ បានគំរាមកំហែងដល់សុវត្ថិភាព ជាពិសេស គឺបន្ទាប់ពីមានការចាប់ខ្លួនសកម្មជននយោបាយខ្មែរ ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។