អ្នកវិភាគថា របបផ្ដាច់ការត្រកូលហ៊ុន នឹងដួលរលំដូចរបបផ្ដាច់ការនៅស៊ីរីដែរ
2024.12.10
អ្នកតាមដាននយោបាយលើកឡើងថា របបផ្ដាច់ការត្រកូលហ៊ុន នៅទីបំផុត ទៅអាចនឹងមានវាសនាមិនខុសពីមេដឹកនាំផ្ដាច់ការលើពិភពលោក ដែលដួលរលំជាបន្តបន្ទាប់នោះឡើយ។
ការលើកឡើងរបស់អ្នកតាមដាននយោបាយនេះ ធ្វើឡើងនៅក្រោយពេល មេដឹកនាំ ផ្ដាច់ការស៊ីរី ដែលដឹកនាំប្រទេស ត "ត្រកូល " ដូចនៅកម្ពុជាដែរ នោះ គឺ លោក បាស្សា អាល់អាស្សាដ (Bashar Al-Assad) បានរត់ចោលស្រុកភ្លាមៗ កាលពីថ្ងៃទី៨ធ្នូ ក្រោយពីរបបរបស់លោកបានដួលរលំ។
អ្នកតាមដាននយោបាយ និងកិច្ចការអន្តរជាតិ លើកឡើងថា របបផ្ដាច់ការនៅប្រទេសស៊ីរី របស់ លោក បាស្សា អាល់អាស្សាដ បានដួលរលំនៅពេលនេះ គឺជាគំរូមួយដ៏ល្អ សម្រាប់ឱ្យមេដឹកនាំផ្ដាច់ការនៅកម្ពុជាដឹងខ្លួនថា ការដឹកនាំប្រទេសបែបផ្ដាច់ការទោះជាខ្លាំងយ៉ាងណា ក៏នៅតែអាចដួលរលំវិញបានដែរគ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ឱ្យដឹងកាលពីថ្ងៃទី៩ ធ្នូ ថា នៅកម្ពុជា ទោះបីជាលោក ហ៊ុន សែន ប្រើល្បិចកលនយោបាយអាក្រក់គ្រប់បែបយ៉ាង ដើម្បីទប់លំនឹងអំណាចរបស់ក្រុមគ្រួសារត្រកូលហ៊ុនបែបណាក៏ដោយ ក៏មិនអាចឈរជើងលើអំណាចផ្ដាច់ការបានយូរអង្វែងទៅមុខទៀតបានដែរ។ លោក គឹម សុខ ព្យាករថា អំណាចផ្ដាច់ការរបស់ក្រុមគ្រួសារត្រកូលហ៊ុននេះ នឹងដួលរលំវិញជាមិនខាន។
លោក គឹម សុខ៖ «ចិនជាខ្នងបង្អែកកំពុងតែធ្លាក់ដៃ ទី២ កង់ទ័ពនិងពលរដ្ឋ ធុញទ្រាន់នឹងត្រកូលហ៊ុនស្រដៀងនិងរបបអាស្សាដ។ ទី៣ ក្រុមប្រឆំាងកំពុងតែផុសផុលធ្វើចលនាប្រឆាំង និងទី៤ របបត្រកូលហ៊ុនលែងមានការគាំទ្រពីប្រទេសបស្ចិមលោក ដូចនៅស៊ីរីដែរ»។
ការលើកឡើងរបស់លោក គឹម សុខ នេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំផ្ដាច់ការស៊ីរី លោក បាស្សា អាល់អាស្សាដ វ័យ៥៩ឆ្នាំ ដែលកាន់អំណាច បន្តពីឱពុករបស់លោករយៈពេល ២៤ឆ្នាំ បានដួលរលំវិញ កាលពីថ្ងៃទី៨ ធ្នូ។ ទន្ទឹមនឹងរបបរបស់លោកដួលរលំ លោក អាស្សាដ និងក្រុមគ្រួសារ បានរត់ភៀសខ្លួនតាមយន្តហោះភ្លាមៗទៅកាន់ប្រទេសរុស្ស៊ី (Russia) ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីសុំសិទ្ធិជ្រកកោន។
ការដួលរលំរបបផ្ដាច់ការរបស់អាស្សាដនេះ គឺដោយសារតែកម្លាំងរដ្ឋាភិបាលរបស់លោក មិនអាចទប់ទល់នឹងក្រុមប្រឆាំងរដ្ឋាភិបាលបាន។ កម្លាំងប្រដាប់អាវុធរបបផ្ដាច់ការនេះ បានដកថយរត់គេចពីការវាយប្រហារភ្លាមៗ រយៈពេល ១១ថ្ងៃចុងក្រោយ។ ក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលលោក អាស្សាដ បានសម្រុកវាយលុក ដណ្ដើមបានទីក្រុងនានា និងចុងក្រោយបានឡើងកាន់កាប់រដ្ឋធានីដាម៉ាស (Damascus) ភ្លាមៗ កាលពីថ្ងៃអាទិត្យទី៨ ធ្នូ ដោយពូកគេបានប្រកាសថា ជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋស៊ីរី ដែលពួកគេបានបណ្ដេញមេដឹកនាំផ្ដាច់ការបានជោគជ័យ។
ការដួលរលំរបបផ្ដាច់ការស៊ីរីនេះ ទទួលបានការចាប់អារម្មណ៍ ពីពិភពលោកទាំងមូល។ ក្រោយក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលលោក អាស្សាដ បានដណ្ដើមទីក្រុងដាម៉ាស និងវិមានរដ្ឋាភិបាលបានហើយនោះ ពួកគេបានហ៊ោកញ្ជ្រៀវ និងបាញ់កាំភ្លើងឡើងលើ លឺកងរំពង ប្រកាសពីជ័យជំនះរបស់ខ្លួន។ ពួកគេបានសម្រុកចូលវិមានរដ្ឋាភិបាល សើរើឯកសារ និងយកកម្ទេចសម្ភារៈ និងលួចយកគ្រឿងសង្ហារិមមួយចំនួន នាំរត់ចេញពីអគាររបស់រដ្ឋាភិបាល។ ក្រុមខ្លះបានរត់គាស់ទ្វារពន្ធនាគារ បើកឱ្យអ្នកទោស ដែលអាជ្ញាធរលោក អាស្សាដ បានចាប់ឃុំខ្លួនឱ្យមានសេរីភាពឡើងវិញជាដើម។
លើសពីនេះទៀតក្រុមពលរដ្ឋ និងក្រុមប្រឆាំងបានវាយកម្ទេចរួបសំណាក អតីតមេដឹកនាំផ្ដាច់ការ គឺ លោក ហាហ្វីស អាល់ អាស្សាដ (Hafez Al-Assad) ដែលជាឪពុករបស់លោក បាស្សា អាល់អាស្សាដ។
លោក ហាហ្វីស អាល់ អាស្សាដ បានដឹកនាំប្រទេសស៊ីរីប្រមាណ៣០ឆ្នាំ។ លោកផ្ទេរអំណាចបន្តត្រកូលឱ្យកូនប្រុសរបស់លោក គឺ លោក បាស្សា អាល់អាស្សាដ (Bashar Al-Assad) នៅឆ្នាំ២០០០។ ការផ្ទេរអំណាចតត្រកូលនេះ មិនខុសពីលោក ហ៊ុន សែន បានផ្ទេរអំណាចឱ្យកូនគឺលោក ហ៊ុន ម៉ាណែត នៅឆ្នាំ២០២៣ឡើយ។
កាលពី២៤ឆ្នាំមុន ក្រោយពីអតីតមេដឹកនាំផ្ដាច់ការស៊ីរីផ្ទេរអំណាចឱ្យកូន នោះ ប្រជាពលរដ្ឋស៊ីរីកាលនោះធ្លាប់រំពឹងថា ការដឹកនាំប្រទេសរបស់កូន អាចល្អជាងឪពុក។ ពលរដ្ឋស៊ីរី មានក្ដីរំពឹងយ៉ាងខ្លាំង ពីព្រោះថា លោកអាស្សាដ បានបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេស ហើយដំបូងឡើយលោកបានប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋ។ ក្រោយមកទៀត លោក អាស្សាដ ក៏បានបើកឱ្យមានការបោះឆ្នោតដែលពិភពលោកមិនទទួលស្គាល់ និងខ្វះភាពស្របច្បាប់។
នេះក៏មិនខុសពីលោក ហ៊ុន ម៉ាណែត ដែលបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅចក្រភពអង់គ្លេស (England) និងបញ្ចប់ការសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិកឡើយ។ ក្រោយពីលោក ហ៊ុន ម៉ាណែត បានឡើងកាន់អំណាច ក៏ពលរដ្ឋខ្មែរ និងក្រុមប្រទេសលោកខាងលិចមួយចំនួនរំពឹងថា លោកអាចដឹកនាំប្រទេសល្អជាងលោក ហ៊ុន សែន ដែរ។ ប៉ុន្តែអ្វីៗខុសពីការរំពឹងទុក។ ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជាង ១ឆ្នាំមកនេះ លោកបានបង្កើនការធ្វើទុក្ខបុកម្នេញ ចាប់ចងក្រុមអ្នករិះគន់ សកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថានឥតត្រាប្រណីឡើយ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត លោកបានដឹកនាំបង្កើតប្រព័ន្ធរដ្ឋាភិបាលមួយដែលចាក់ស្រេះពោរពេញដោយអំពើពុករលួយ បក្ខពួកគ្រួសារនិយមខ្លាំងជាងសម័យកាលឪពុករបស់លោកទ្វេដង។ រដ្ឋាភិបាលរបស់លោកក៏បង្កើនយុទ្ធនាការបង្ក្រាបលើក្រុមអ្នករិះគន់តាមប្រព័ន្ធឌីជីថល ជាពិសេសនៅលើអនឡាញ និងសហការគាបសង្កត់ឆ្លងដែនជាមួយរដ្ឋាភិបាលក្នុងតំបន់ពិសេសប្រទេសថៃ និងម៉ាឡេស៊ី ដើម្បីចាប់បញ្ជូនក្រុមអ្នករិះគន់ឱ្យមកទទួលទោសក្នុងស្រុកវិញ។
ងាកមកមើលពីការដឹកនាំរបស់មេដឹកនាំផ្ដាច់ការ នៅស៊ីរីវិញ ចលនាពលរដ្ឋនៅក្នុងប្រទេស និងក្រុមប្រឆាំងបានងើបបះបោរប្រឆាំងនឹងការដឹកនាំរបស់អាស្សាដ តាំងពីឆ្នាំ២០១១មក។ ចាប់ពីពេលនោះមក ប្រទេសស៊ីរីខ្ទេចខ្ទី មានការកាប់សម្លាប់មនុស្ស និងចាប់អ្នកប្រឆាំងដាក់គុករាប់ពាន់នាក់ ដែលសហគមន៍អន្តរជាតិបានថ្កោលទោស។ ប្រទេសនេះមានសង្គ្រាមស៊ីវិល តាំងពីពេលនោះ មករហូតដល់ថ្ងៃដួលរលំ។ ត្រកូលអាស្សាដ បានដឹកនាំប្រទេសស៊ីរី បានជាងកន្លះសតវត្សគិតមកដល់ថ្ងៃដួលរលំនៅថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៤នេះ។
ទាក់ទងនឹងបញ្ហានេះ លោក គឹម សុខ បន្ថែមថា ការដួលរលំរបបផ្ដាច់ការស៊ីរីនៅពេលនេះ ក៏ដោយសារ រដ្ឋបាលរបស់អាស្សាដ ពឹងផ្អែកលើរុស្ស៊ី និងអឺរ៉ង់ (Iran) ជាដើម។ ក៏ប៉ុន្តែ ឥលូវនេះ រុស្ស៊ីកំពុងជាប់ដៃបង្កសង្គ្រាមជាមួយអ៊ុយក្រែន (Ukraine) ក៏ជាកត្តារួមផ្សំធ្វើឱ្យមេដឹកនាំផ្ដាច់ការនេះគ្មានខ្នងបង្អែកតទៅទៀតដែរ។
លោក គឹម សុខ៖ «អំណាចផ្ដាច់ការជួយលែងកើតនឹងដួលរលំហើយ ដូចជានៅស៊ីរី រុស្ស៊ីកំពុងតែជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន និងអ៊ីរ៉ង់កំពុងតែទ្រុឌទ្រោមដោយសារតែអ៊ីស្រាអែលនោះ«។
ឆ្នាំ២០២៤នេះ របបផ្ដាច់ការពីរ នៅលើពិភពលោក បានដួលរលំជាបន្តបន្ទាប់ ដោយសារតែចលនាតស៊ូនៅក្នុងស្រុក ដូចជា ប្រជាពលរដ្ឋនៅប្រទេសបង់ក្លាដេស (Bangladesh) បានធ្វើបដិវត្តន៍ផ្ដួលរំលំអតីតមេដឹកនាំផ្ដាច់ការ អ្នកស្រី សេក្ហ ហាស៊ីណា (Sheikh Hasina) បានជោគជ័យកាលពីខែសីហា ឆ្នាំ២០២៤។ ក្រោយដួលរលំ មេដឹកនាំតពូជរួបនេះ បានរត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសឥណ្ឌា (India)។
ទី២ គឺនៅប្រទេសស៊ីរី ដែលមេដឹកនាំផ្ដាច់ការ លោក បាស្សា អាល់អាស្សាដ រត់ទៅសុំសិទ្ធិជ្រកកោននៅប្រទេសរុស្ស៊ីនាពេលនេះជាដើម។
អ្នកវិភាគលើកឡើងថា សម្រាប់នៅកម្ពុជាវិញ មេដឹកនាំត្រកូលហ៊ុន ក៏នឹងមិនអាចគ្រប់គ្រងអំណាចផ្ដាច់ការបានយូរអង្វែងទៀតដែរ ប្រសិនបើមេដឹកនាំឪនិងកូន លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត មិនងាកមកស្ដារប្រជាធិតេយ្យ និងគោរពសិទ្ធិមនុស្សឱ្យល្អឡើងវិញទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។