ក្រុមអ្នកឃ្លាំមើលព្រមានថា ជោគវាសនារបស់រដ្ឋាភិបាលនេះអាចប្រឈមនឹងការរង្គោះរង្គើ បើនៅតែមិនព្រមដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដ៏ចម្រូងចម្រាស។
ខណៈនៅមិនដល់ជាង ១សប្តាហ៍ទៀត រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្រប់គ្រងប្រទេសបាន១ឆ្នាំ ក្រុមអ្នកឃ្លាំមើល ព្រមានថា ជោគវាសនារបស់រដ្ឋាភិបាលនេះអាចប្រឈមនឹងការរង្គោះរង្គើ បើនៅតែមិនព្រមដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដ៏ចម្រូងចម្រាស។
«រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រឈមនឹងការដួលរលំហើយប្រសិនបើមិនដកទឹកដីកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នោះទេ ពីព្រោះប្រជាពលរដ្ឋខ្មែរមើលឃើញច្បាស់គ្រប់គ្នាថាគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នោះ ធ្វើឱ្យទឹកដីកម្ពុជារបស់យើងរងហានិភ័យបាត់បង់ ហើយមិនត្រឹមតែ៤ខេត្តទេ ខ្ញុំសិក្សាច្បាស់ណាស់ អាចនឹងកម្ពុជាទាំងមូលរអិលធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម ដូចឡាវបច្ចុប្បន្នអ៊ីចឹង»។
ការព្រមាននេះកើតមានឡើងស្របពេលដែលពលរដ្ឋខ្មែរនៅក្រៅប្រទេសរាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ CLV។ សម្រែកខ្មែរនៅក្រៅស្រុកស្ទើរកក្រើកពិភពលោក រាប់ចាប់ពីប្រទេសកូរ៉េខាងត្បូង ដល់ប្រទេសជប៉ុន អូស្ត្រាលី និងកាណាដា កាលពីថ្ងៃទី១១ ខែសីហា បានអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដកកម្ពុជាចេញពីគម្រោងអភិវឌ្ឍន៍ CLV ជាបន្ទាន់ ព្រោះពួកគាត់បារម្ភថាអាចធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យទៅឱ្យប្រទេសវៀតណាម មិនខុសពីប្រវត្តិសាស្ត្ររឿងទឹកដីកម្ពុជាក្រោម។ ខ្មែរនៅក្រៅស្រុកទាំងនោះ ក៏អំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងបើនៅតែមិនអាចដោះស្រាយរឿងរ៉ាវដែលពួកគាត់ចោទថាអាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនេះបាន។
សម្រែកទាមទាររបស់បាតុករ
ក៏ប៉ុន្តែ ការអំពាវនាវនេះ ត្រូវអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខបដិសេធជាថ្មីម្តងទៀត។ លោក ហ៊ុន សែន បានរំលោភអំណាចនីតិប្រតិបត្តិរបស់នាយករដ្ឋមន្ត្រីជាកូន ដោយគំរាមចាប់ដាក់គុកអ្នកទាំងឡាយណាដែលហ៊ានប្រើប្រាស់សិទ្ធិចេញតវ៉ានៅក្នុងស្រុក។
លោក ហ៊ុន សែន៖ « ប៉ុន្តែ សារដែលបានបញ្ជូនពីខាងក្រៅគឺញុះញង់បងប្អូនខាងក្នុងទទួលយកការវិនាសមួយដែលពិបាកនឹងស្រោចស្រង់។ នេះមិនមែនជាការគំរាមទេ ប៉ុន្តែ គឺជាការនិយាយដោយបញ្ជាក់ច្បាស់ៗអំពីផលប្រយោជន៍ជាតិ និងប្រជាជន។ យើងមិនអាចទុកឱ្យមនុស្សប៉ុន្មាននាក់បំផ្លាញសេចក្តីសុខរបស់ប្រជាជន ១៧លាននាក់បានឡើយ។ មានអ្នកខ្លះឃើញហេតុការណ៍នៅបង់ក្លាដេស្ហប្រៀបធៀបជាមួយហេតុការណ៍នៅក្នុងប្រទេសកម្ពុជា សូមសាកល្បងមើលប្រសិនបើអ្នកអាចចាត់ទុកថាខ្លួនឯងជាអ្នកខ្លាំងគឺសូមអញ្ជើញសាកល្បង »។
សារព្រមានរបស់លោក ហ៊ុន សែន នេះ គឺបន្ថែមទៅលើសារព្រមានរបស់នាយករដ្ឋមន្ត្រីជាកូន គឺលោក ហ៊ុន ម៉ាណែត ដែលប្តេជ្ញាចាត់វិធានការផ្ដាច់ការទៅលើក្រុមអ្នកធ្វើបាតុកម្មដែលយកគំរូតាមប្រទេសបង់ក្លាដេស្ហ។
«ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋខ្មែរមិនធ្វើឱ្យប្រទេសកម្ពុជាបាត់បង់ទេ។ លោក ហ៊ុន សែន តែងតែនិយាយថា ប្រជាពលរដ្ឋដើរហួសបន្ទាត់ក្រហម។ ក៏ប៉ុន្តែ អ្វីដែលយើងចង់បញ្ជាក់នៅពេលនេះ មិនមែនប្រជាពលរដ្ឋទេដែលដើរហួសបន្ទាត់ក្រហម គឺលោក ហ៊ុន សែន ខ្លួនឯងជាអ្នកដើរហួសបន្ទាត់ក្រហមទៅហើយ។ ហួសឆ្ងាយហើយ សម្លាប់ប្រជាធិបតេយ្យ ឥឡូវនេះធ្វើឱ្យទឹកដីជាតិទាំងមូលរងហានិភ័យ។ រឿងនេះគឺហួសបន្ទាត់ក្រហមហើយដល់បន្ទាត់ខ្មៅ»។
ជុំវិញកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ រដ្ឋាភិបាល អះអាងថា គ្មានឡើយការកាត់ទឹកដី៤ខេត្តទៅឱ្យប្រទេសវៀតណាម ឬការយកខេត្តទាំង៤ គឺមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាងរួមបញ្ចូលគ្នាជាដែនដីតែមួយ។ ទន្ទឹមនឹងនេះ ក៏គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ឬការអនុញ្ញាតឱ្យពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរីឡើយ។
ទោះយ៉ាងណា កត្តាប្រវត្តិសាស្ត្រ ភាពមិនទុកចិត្តលើវៀតណាម និងមេដឹកនាំបច្ចុប្បន្ន ព្រមទាំងការចាក់ស្រេះនៃអំពើពុករលួយ កំពុងធ្វើឱ្យពលរដ្ឋខ្មែរបន្តព្រួយបារម្ភពីការបាត់បង់ដីទៅប្រទេសវៀតណាមនាពេលអនាគត។
«ដូច្នេះ ការណ៍ដែលរដ្ឋាភិបាលបដិសេធ ឬច្រានចោលមិនពិចារណាទៅលើសំណើរបស់ប្រជាពលរដ្ឋនេះ គឺបញ្ហានេះនឹងនៅតែបន្តរ៉ាំរ៉ៃ។ ខ្ញុំជឿថា បញ្ហានេះនឹងនៅតែបន្តរ៉ាំរ៉ៃបើសិនជាមិនមានដំណោះស្រាយសមស្របណាមួយចំពោះមតិពលរដ្ឋ។ បញ្ហានេះ នឹងក្លាយជាបញ្ហាក្តៅរហូតដល់ដំណាក់កាលណាមួយដែលយើងពិបាកនឹងស្មានថា តើវានឹងវិវឌ្ឍន៍ទៅដល់ចំណុចណាមួយពីព្រោះបញ្ហារបស់ប្រជាពលរដ្ឋខ្មែរមិនមែនមានតែបញ្ហាប៉ុណ្ណឹងទេ គឺមានបញ្ហាច្រើនយូរណាស់មកហើយដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរចង់ចូលរួមសម្ដែងមតិអំពីបញ្ហាដែលពួកគាត់ជួបប្រទះ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
