សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល ជាប់​ឃុំពីបទ​ប្រមាថ​ព្រះមហាក្សត្រ ​និង​បទ​ញុះញង់ ពឹង​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​

0:00 / 0:00

សកម្មជន​បក្ស​ប្រឆាំង ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា គឺ​លោក ហ៊ុន កុសល ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​ញុះញង់​សម្រេច​ពឹង​មេធាវី​ជួយ​ការពារ​ក្ដី​លោក​ហើយ ក្រោយ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​អស់​រយៈ​ពេល ១៤ថ្ងៃ។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន កុសល លើកឡើង​ជា​សេរីភាព​បញ្ចេញ​មតិ​ តែ​ទំនង​តុលាការ នៅតែ​បន្ត​នីតិវិធី​ដដែល បើ​គ្មាន​ការ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ទេ​នោះ។

បើ​ទោះបី​ជា​លោក ហ៊ុន កុសល ជា​សកម្មជន​បក្ស​ប្រឆាំង និង​ជាប់​ឃុំ​ក្នុង​សំណុំរឿង​ដូច​គ្នា​ជាមួយ​លោក យឹម ស៊ីណន ក៏ដោយ ក៏​លោក​មិន​ទាន់​ទទួល​បាន​ការ​សន្ដោស​ប្រណី​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដូច​សម្លាញ់​របស់​លោក គឺ​លោក យឹម ស៊ីណន នៅ​ឡើយ។

មេធាវី​ការពារ​ក្ដី​របស់​លោក ហ៊ុន កុសល គឺ​លោក​មេធាវី សឺន ជុំជួន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី៤ ខែ​មេសា​ថា ពេល​នេះ​លោក​ទទួល​ការពារ​ក្ដី​ឱ្យ​លោក ហ៊ុន កុសល ជា​ផ្លូវការ និង​បាន​ទៅ​ជួប​កូន​ក្ដី​របស់​លោក​នៅ​ពន្ធនាគារ​រួច ហើយ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។ លោក​មេធាវី ប្រាប់​ទៀត​ថា កូន​ក្ដី​របស់​មាន​សុខភាព​ល្អ​ធម្មតា និង​មាន​ជំហរ​រឹងមាំ​ដដែល។ លោក សឺន ជុំជួន ថ្លែង​ទៀត​ថា លោក ហ៊ុន កុសល នៅតែ​រក្សា​ជំហរ​មិន​សុំ​ទោស ដើម្បី​អាច​រួច​ផុត​ការ​ចោទ​ប្រកាន់​ឡើយ ព្រោះ​អ្វី​ដែល​លោក​បាន​លើកឡើង​តាម​ហ្វេសប៊ុក​កន្លង​មក​នោះ មិនមែន​ការ​ប្រមាថ​ព្រះមហាក្សត្រ និង​បង្ក​ភាព​ញុះញង់ តែ​ជា​សេរីភាព​បញ្ចេញ​មតិ។

លោក​មេធាវី៖«សំណុំរឿង​យើង​នឹង​សិក្សា​សិន ហើយ​យើង​នឹង​ទៅ​សិក្សា​បន្ត​តើ​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​អត់​ទាក់ទង​បទ​ចោទ​ហ្នឹង​ណា​ឥឡូវ​នេះ​គ្រាន់តែ​ជា​សិទ្ធិ​របស់​គាត់(លោក ហ៊ុន កុសល)ក្នុង​ការ​មិន​ទទួល​ស្គាល់​កំហុស​អី​ជា​ដើម​នេះ​ជា​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ណា»។

លោក​មេធាវី សឺន ជុំជួន ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​កូន​ក្ដី​របស់​ជាប់​ឃុំ​រយៈ ១៤ថ្ងៃ ហើយ​តែ​ទើប​ទទួល​បាន​មេធាវី​ការពារ​នៅ​ពេល​នេះ ព្រោះ​កូន​ក្ដី​របស់​លោក​គ្មាន​សាច់ញាតិ​ជួយ​រក​មេធាវី​ទេ ចំណែក​មេធាវី​មួយ​ចំនួន​ដែល​ស្ម័គ្រ​ចិត្ត​ជួយ​ការពារ​ក្ដី​​ជា​មេធាវី​ដែល​លោក ហ៊ុន កុសល​មិន​ស្គាល់​និង​មិន​ទុក​ចិត្ត។ លោក​មេធាវី សឺន ជុំជួន បញ្ជាក់​ថា ​នៅ​រយៈ​ពេល​ចុងក្រោយ​នេះ​សកម្មជន​បក្ស​ប្រឆាំង​លោក មាជ សុវណ្ណារ៉ា ដែល​អះអាង​ថា ជា​បង​ធម៌​របស់​លោក ហ៊ុន កុសល បាន​មក​ពឹង​លោក​ឱ្យ​ជួយ​ការពារ​ក្ដី​លោក ហ៊ុន កុសល។

ទាក់ទង​រឿង​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ថ្លែង​ថា លោក​ស្វាគមន៍​ជំហរ​របស់​លោក ហ៊ុន កុសល ដែល​ចង់​រក​ឈ្នះ​ចាញ់​តាម​ផ្លូវ​តុលាការ។

លោក សុខ ឥសាន៖«អូ​ហ្នឹង​ជា​រឿង​គាត់(លោក ហ៊ុន កុសល)ជា​ការ​សម្រេច​ចិត្ត​របស់​គាត់​ដោយ​ឯករាជ្យ​គាត់​ចង់​បន្ត​ក្ដី​ជា​ការ​ល្អ​ហើយ​យើង​ចង់​បាន​ទេ​តើ ហ្នឹង​ជា​នីតិវិធី​ដែល​តុលាការ​គេ​បាន​ដំណើរការ​រួច​ហើយ​បើ​គេ​ចោទប្រកាន់ ហើយ​ជា​រឿង​របស់​តុលាការ​យើង​មិន​អាច​និយាយ​បាន​ទេ​ព្រោះ​​រឿង​ហ្នឹង​ចូល​ដល់​តុលាការ​ហើយ»។

លោក ហ៊ុន កុសល ប្រឈម​ជាប់​ពន្ធនាគារ ​រយៈ​ពេល ៥ឆ្នាំ ដោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ ចំពោះ​អង្គ​ព្រះមហាក្សត្រ តាម​ក្រម​ព្រហ្មទណ្ឌ មាត្រា ៤៣៧ (ស្ទួន) និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជាអាទិ៍ តាម​ក្រម​ព្រហ្មទណ្ឌ មាត្រា ៤៩៤ ៤៩៥​។ សមត្ថកិច្ច​​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​និយម​លោក កឹម សុខា រូប​នេះ កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ក្រោយ​ពេល​លោក​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​ទាក់ទង​នឹង​ព្រះមហាក្សត្រ។ សំណេរ​របស់​លោក ហ៊ុន កុសល លើក​ឡើង​ថា « ឃើញ​ពួកគេ​ធ្វើបាប​ព្រះទ័យ នឹង​បន្ទាប​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ច្រក​បែបនេះ​។ ទូលបង្គំ​ជា​អ្នកនយោបាយ​ជំនាន់​ក្រោយ​ប្ដេជ្ញា​នឹង​ប្រើ​សមត្ថភាព ដែល​មាន​ទាំង​ប៉ុន្មាន​ចូលរួម​ពូន​ផ្ដុំ​ជាមួយ​លោក​ប្រធាន កឹម សុខា ការពារ​ព្រះ​ចេស្ដា​ក្សត្រ និង​ព្រះរាជ​បល្ល័ង្ក​ដែល​ប្រជារាស្ត្រ​ខ្មែរ​មិន​អាច​ខ្វះ​បាន»។

សារ​របស់​លោក​បែប​នេះ ធ្វើ​ឱ្យ​លោក ហ៊ុន សែន ផ្ទុះ​កំហឹង និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ហ៊ុន កុសល និង​ដៃគូ​របស់​លោក​ម្នាក់​ទៀត គឺ​លោក យឹម ស៊ីណន ពាក់ព័ន្ធ​នឹង​រូបភាព ដែល​ចោទ​ថា លោក ហ៊ុន សែន មានអំណាច​ជាង​ព្រះមហាក្សត្រ ក្នុង​ពេល​ចូលរួម​ព្រះ​រាជពិធី​ប្រទាន​ព្រះអគ្គី​ជ័យកីឡា នៅ​ខេត្ត​សៀមរាប។ បើ​ទោះ​ជា​លោក​ ហ៊ុន កុសល និង​លោក យឹម ស៊ីណន ជាប់​ឃុំ​និង​រង​បទ​ចោទ​ដូច​គ្នា​ក្ដី លោក យឹម ស៊ីណន ត្រូវ​បាន​លោក ហ៊ុន សែន អន្តរាគមន៍​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ ​ក្រោយ​សកម្មជន​រូប​នេះ​បង្ហោះ​វីដេអូ​ចេញ​ពី​ពន្ធនាគារ សុំ​ព្រះរាជទាន​ទោស​ពី​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សុំទោស​លោក​ហ៊ុន សែន។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​លើកឡើង​របស់​លោក ហ៊ុន កុសល ជា​សេរីភាព​បញ្ចេញ​មតិ ព្រោះ​ការ​លើក​ឡើង​នោះ​មិន​បាន​បង្ហាញ​សារ​ហិង្សា​ណាមួយ​នោះ​ទេ។ លោក​បន្ត​ថា ចំពោះ​ការ​ពឹង​ពាក់​មេធាវី​នៅ​ពេល​នេះ វា​ជា​សិទ្ធិ​របស់​លោក ហ៊ុន កុសល តែ​លោក​មិន​សូវ​សង្ឃឹម​ថា លោក ហ៊ុន កុសល អាច​ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ព្រោះ​កន្លង​មក​នៅ​ពេល​តុលាការ​ចោទ​ប្រកាន់​បែប​ណា​ហើយ​លទ្ធផល​ចុងក្រោយ​គឺ​បែប​នោះ​ឯង។

លោក រស់ សុដ្ឋា៖«បើ​យើង​មើល​ជា​រួម​ជា​ទូទៅ​ដូច​គាត់(លោក ហ៊ុន កុសល)មាន​ប្រសាសន៍​ជា​ភាព​ក្លាហាន​មួយ​ហើយ​ដែល​គាត់​ហ៊ាន​ការពារ​សិទ្ធិ​បញ្ចេញ​មតិ​របស់​គាត់​ហើយ​ជា​ទូទៅ​ការ​សម្ដែង​មតិ​បែប​ហ្នឹង​ចាត់​ទុក​ជា​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​បញ្ចេញ​មតិ»។

លោក ហ៊ុន កុសល ជា​សកម្មជន​គណបក្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជាង ៧០នាក់​ផ្សេង​ទៀត ដែល​ពួកគាត់​ជា​មេ​បក្ស​ប្រឆាំង ​សកម្មជន​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស ​អ្នក​ធ្វើ​ការងារ​សង្គម និង​សកម្មជន​ដីធ្លី​ជា​ដើម​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ ព្រោះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ។ អ្នក​ជាប់​ឃុំ​ជាង ៧០នាក់​នោះ ភាគ​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ប្រមាថ​ព្រះមហាក្សត្រ រួម​គំនិត​ក្បត់ និង​បទ​​ក្បត់ជាតិ​ជា​ដើម៕