គ្រួសារសកម្មជនបក្សប្រឆាំងលោក សុខ ចន្ថា ដែលជាប់ឃុំក្នុងពន្ធនាគារប្រឈមជីវភាពលំបាកក្រោយពីម្ដាយស្លាប់ខណៈឪពុកកំពុងជាប់ឃុំក្នុងពន្ធនាគារហើយបន្សល់កូន៣នាក់នៅកំព្រា។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការ គួរបន្ធូរបន្ថយទោសនិងដោះលែងគ្រួសារអ្នកជាប់ឃុំនយោបាយដើម្បីអោយពួកគាត់បានជួបជុំគ្រួសារឡើងវិញ។
កូនរបស់សកម្មជនបក្សប្រឆាំង លោក សុខ ចន្ថា កំពុងរៀបចំបុណ្យអោយម្ដាយ អ្នកស្រី សោម ចន្ធូ ដែលបានស្លាប់ដោយសារជំងឺប្រចាំកាយកាលថ្ងៃទី២០ ខែធ្នូ។ ពួកគាត់ឱ្យដឹងថាបន្ទាប់ពីម្ដាយស្លាប់ទៅជីវភាពគ្រួសារជួបលំបាកព្រោះគ្មានអ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារដោយសារឳពុកក៏ជាប់ពន្ធនាគារហើយក្លាយជាកូនកំព្រាគ្មានទីពឹងម្យ៉ាងប្អូនខ្វះភាពកក់ក្ដៅ។ ពួកគេបារម្ភជីវភាពនាថ្ងៃខាងមុខនិងសង្ឃឹមថាតុលាការនឹងដោះលែងលោកឳពុកឆាប់ៗដើម្បីមករស់នៅជុំគ្រួសារនិងមើលថែកូនៗ។កូនអ្នកស្រី សោម ចន្ធូ សោកស្ដាយដែលថ្ងៃជូនដំណើរម្ដាយជាលើកចុងក្រោយតែគ្មានវត្តមានលោកឳពុក។
ពិធីបុណ្យសព អ្នកស្រី សោម ចន្ធូ មានសាច់ញាតិនិងប្រជាពលរដ្ឋចូលរួមជាង១រយនាក់ (១៤០) សពត្រូវបានដង្ហែទៅបូជានៅវត្តទួលសមាធិ ក្នុងភូមិ៥ ឃុំព្រែកសាយខ ស្រុកពាមរ ខេត្តព្រៃវែង។
កូនប្រុសសកម្មជនបក្សប្រឆាំងជាប់ឃុំ លោក សុខ ចន្ថា គឺលោក សុខ ចំរើន ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី២១ ខែធ្នូ ថា លោកឈឺចាប់ដែលឳពុកត្រូវបានចាប់ដាក់ពន្ធនាគារហើយម្ដាយក៏ស្លាប់ចោលលោកនិងប្អូនៗ។លោកបន្តថា លោក និងម្ដាយតែងនាំគ្នាដើរលក់សណ្ដែកដីស្ងោរដើម្បីសន្សំប្រាក់ទិញអង្ករនិងសម្ភារៈមួយចំនួនយកទៅសួរសុខទុក្ខឳពុកនៅពន្ធនាគារត្រពាំងផ្លុង។លោកបន្ថែមថាអ្នកម្ដាយរបស់លោករាល់ថ្ងៃសុក្រតែងនាំទៅស្រែកទាមទារអោយដោះលែងលោកឳពុកដើម្បីឱ្យមករស់នៅជុំគ្រួសារវិញ។ លោក សុខ ចំរើន ថាការចោទប្រកាន់ឳពុករបស់លោកថា ក្បត់ជាតិជារឿងអយុត្តិធម៌។លោកបញ្ជាក់ថាក្រោយពីរៀបចំបុណ្យសពម្ដាយរួចលោកនៅតែបន្តទៅទាមទារអោយតុលាការដោះលែងឳពុករបស់លោកចេញពីពន្ធនាគារដូចដែលម្ដាយធ្លាប់ធ្វើកន្លងមក៖
«ប៉ានៅក្នុងគុកហើយម៉ែនៅខាងក្រៅហើយមិនទាន់ដឹងអ្វីផងម៉ែគាត់លាចាកលោកពីកូនបាត់ទៅហើយ។រាល់ថ្ងៃនេះខ្ញុំនៅក្នុងផ្ទះនៅតែ៣នាក់បងប្អូនមីងម៉ាងៗមើលហៃគាត់ផ្ដែផ្ដាំអោយខ្ញុំមើលបងប្អូន។ហើយនិយាយពីការឈឺចាប់ៗបងវាលើសពីការគិតទៀតណាបងគាត់វាលឿនពេក។ខ្ញុំខំប្រាប់គាត់អោយតស៊ូម៉ែៗតស៊ូឡើងណាម៉ែណាប៉ាមិនទាន់ចេញពីគុកទេម៉ែខំប្រឹងឡើងម៉ែតិចទៀតប៉ានិងបានចេញហើយ។ដល់ពេលគាត់ឆ្លើយតបខ្ញុំវិញគាត់ថាម៉ែទៅលែងរួចហើយកូនម៉ែហត់ណាស់ៗម៉ែដើរស្រែកតវ៉ាសុំអោយគេជួយគាត់ថាគាត់ហត់គាត់គាត់ទៅលែងរួចដល់ពេលហើយបេះដូងគាត់លែងដំណើរការ»។
លោក សុខ ចន្ថា និងលោកស្រី សោម ចន្ធូ មានកូន៣នាក់ប្រុស២នាក់និងស្រីម្នាក់ដែលរស់នៅជុំគ្នាក្នុងផ្ទះក្បែរស្ពានអ្នកលឿងនៅខេត្តព្រៃវែង។
ក្រោយពីអត់មានឳពុកម្ដាយជីវភាពពួកគាត់កាន់តែលំបាកព្រោះប្រាក់ព្យាបាលជំងឺអ្នកម្ដាយអស់និងត្រូវរកប្រាក់មកចំណាយបុណ្យសពម្ដាយនិងត្រៀមសម្រាប់បុណ្យខួប៧ថ្ងៃនាពេលខាងមុខបន្ថែមទៀត។
ចំណែកក្រុមស្ត្រីថ្ងៃសុក្រម្នាក់ កញ្ញា ហេង បូរី ថ្លែងថាជារឿងសង្វេគនិងរន្ធត់ចិត្តបំផុតដែលទទួលដំណឹងបាត់បង់លោកស្រី សោម ចន្ធូ។ កញ្ញាថា លោកស្រីជាមនុស្សល្អទោះបីគាត់ជាស្ត្រីម្នាក់មិនសូវមានចំណេះដឹងខ្ពង់ខ្ពស់ប៉ុន្តែគាត់មានឆន្ទៈនិងមនសិការហ៊ានលះបង់ដើម្បីគ្រួសារនិងយុត្តិធម៌សង្គម។ កញ្ញាបន្តថាគាត់តែងចែករំលែកនិងយកអាសាអ្នកជុំវិញខ្លួនហើយមិនដែលទុកអ្នកដទៃចោលឡើយក្នុងពេលដែលអាជ្ញាធរបង្ក្រាបម្ដងៗ៖
«ពួកខ្ញុំពិតជាមានការរន្ធត់យ៉ាងខ្លាំងវាហាក់ដូចជាលឿនពេកដែលត្រូវបាត់បង់រូបគាត់ទៅទាំងដែលពួកយើងខំតស៊ូជាមួយគ្នារយៈពេលជិត៣ឆ្នាំមកហើយ។ហើយគាត់ទៅបាត់ទាំងដែលគាត់មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ហើយខ្ញុំយល់ថា រដ្ឋាភិបាលគួរតែដោះលែងប្ដីរបស់គាត់ដូចជាអ្នកទោសមនសិការទាំងអស់អោយមានសេរីភាពមកវិញពីព្រោះពួកគាត់សុទ្ធតែជាបុគ្គលស្អាតស្អំមិនមានទោសកំហុសដូចដែលតុលាការបានចោទប្រកាន់នោះទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ប្លង់ សំណាង និងអ្នកស្រី ស្រេង សូយ៉េត ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេថ្ងៃទី២១ ខែធ្នូ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា ទិដ្ឋភាពនយោបាយនិងផ្លូវច្បាប់គឺដាច់ដោយឡែកពីគ្នាព្រោះតុលាការអនុវត្តទៅតាមច្បាប់។ លោកថា ការយល់ឃើញថា ករណីទាំងនេះជារឿងនយោបាយគឺជាការយល់ឃើញប៉ុន្តែមិនមែនជាការអនុវត្តច្បាប់៖
«បើយើងនិយាយអ៊ីចឹងវាហាក់ដូចជាការដែលគាត់ដាក់លក្ខខណ្ឌមកលើរដ្ឋាភិបាលឬមកលើតុលាការបើមិនដោះលែងទេគាត់តវ៉ាតទៅទៀត។មានអ្នកណាបិទសិទ្ធិគាត់អាហ្នឹងជាសិទ្ធិនយោបាយរបស់គាត់ទេបើគាត់តវ៉ាគាត់តវ៉ាទៅអោយតែតវ៉ាត្រូវច្បាប់តែបើតវ៉ាមិនត្រូវច្បាប់រឿងតែប៉ុណ្ណឹង»។
ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថាករណីនេះគួរអោយអាណិតអាសូរចំពោះក្រុមគ្រួសារលោក សុខ ចន្ថា ដែលបាត់បង់ប្រពន្ធ។ លោកថា លោកស្រី សោម ចន្ធូ ជួបការលំបាកច្រើនដោយត្រូវចិញ្ចឹមកូននិងធ្វើដំណើរទៅសួរសុខទុក្ខប្ដីនៅឯពន្ធនាគារផ្លូវឆ្ងាយខណៈខ្លួនមានជំងឺប្រចាំកាយទៀត។ លោកបន្តថា រដ្ឋាភិបាល និងតុលាការគួរបន្ធូរបន្ថយទោសនិងដោះលែងពួកគាត់ដើម្បីបានជួបជុំគ្រួសារនិងធ្វើការងាររកប្រាក់ចំណូលចិញ្ចឹមកូនៗ។
«ខ្ញុំយល់ថាដើម្បីបញ្ចប់វិបត្តិនយោបាយក៏ដូចជាភាពរងគ្រោះនៃសកម្មជននយោបាយតទៅទៀតវាមានតែអ្នកនយោបាយខ្មែរទាំងអស់ត្រូវតែមានការជជែកគ្នាតាមការបន្តនៃវប្បធម៌សន្ទនាឬក៏ការជជែកគ្នាដោយការគោរពគ្នាទៅវិញទៅមកការប្រកាន់នូវឧត្ដមគតិរបស់ខ្លួនដោយតម្កល់នូវឧត្ដមប្រយោជន៍ជាតិឧត្ដមប្រយោជន៍ប្រជាពលរដ្ឋជាធំដើម្បីបញ្ចប់នូវវិបត្តិដែលសេសសល់ហ្នឹងក៏ដូចជាបំបាត់នូវវប្បធម៌នៃការរងទុក្ខនៃសកម្មជននយោបាយតទៅទៀត»។
កន្លងមកសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង លោក សុខ ចន្ថា ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួននៅផ្ទះរបស់លោកកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដោយចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងរួមគំនិតក្បត់»។តុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ជាមួយសកម្មជនបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀតប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែហើយទោសនៅសល់ត្រូវបានព្យួរ។
សាច់ញាតិ និងសង្គមស៊ីវិលសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលនិងអ្នកនយោបាយខ្មែរពន្លឿនបញ្ចប់វិបត្តិនយោបាយកុំអោយសកម្មជននិងអ្នកពាក់ព័ន្ធរងគ្រោះកាន់តែច្រើននិងទាមទារអោយដោះលែងអ្នកទោសមនសិការដែលជាប់ឃុំដោយអយុត្តិធម៌នៅពន្ធនាគារដើម្បីស្តាមុខមាត់កម្ពុជាលើឆាកអន្តរជាតិឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។