ប្រពន្ធសកម្មជនគណបក្សប្រឆាំងនៅខេត្តឧត្តរមានជ័យស្នើឱ្យតុលាការដោះលែងលោក សុខ វិល ដែលកំពុងធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារឱ្យមានសេរីភាពឡើងវិញ។ ពួកគាត់ចាត់ទុកការបន្តឃុំខ្លួនមនុស្សដែលគ្មានកំហុសឱ្យរងទុក្ខវេទនា គឺជារឿងអយុត្តិធម៌ និងជាការឈឺចាប់បំផុត។ មន្ត្រីសិទ្ធិមនុស្សយល់ថា លោក សុខ វិល និងអ្នកទោសមនសិការដទៃទៀតគួរទទួលបានការដោះលែងដូចសកម្មជនដែលសុំទោស និងចុះចូលបក្សកាន់អំណាចហើយរួចខ្លួនដែរ ពីព្រោះពួកគេមានបទចោទ ឬសំណុំរឿងតែមួយ។
គ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តឧត្តរមានជ័យនៅតែអះអាងថា លោក សុខ វិល មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
ប្រពន្ធសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារលោក សុខ វិល គឺលោកស្រី ថុន ធន់ ប្រាប់វិទ្យុអាស៊ីសេរីក្រោយពេលចេញពីជួបសួរសុខទុក្ខប្ដីនៅថ្ងៃទី៦ ខែមិថុនាថា លោកស្រីបានយកម្ហូបអាហារត្រីសាច់ ប្រាក់កាក់បន្តិចបន្តួចផ្ញើជូនប្ដីសម្រាប់ហូបចុក និងដោះស្រាយតម្រូវការរស់នៅនៅក្នុងពន្ធនាគារ។ លោកស្រីប្រាប់ទៀតថា លោកស្រីខ្លោចចិត្តពេលឃើញប្ដី ដែលជាមនុស្សស្លូតត្រង់បែរជាស្លៀកសំលៀកបំពាក់អ្នកទោសពណ៌ខៀវនិយាយត្អូញត្អែរអំពីទុក្ខលំបាកនៅក្នុងគុក ជាពិសេស ស្ថានភាពជំងឺលើសឈាមដែលកំពុងធ្វើទុក្ខជារៀងរាល់ថ្ងៃ។ លោកស្រីបន្តថា លោក សុខ វិល ឧស្សាហ៍វិលមុខ ឈឺក្បាល និងមានរោគសញ្ញាធ្លាក់ឈាមចេញតាមមាត់ច្រមុះដែលបណ្ដាលឱ្យប្តីលោកស្រីស្លេកស្លាំងអស់កម្លាំង និងរាងកាយហើមជាដើម។ លោកស្រីបញ្ជាក់ថា មន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យប្តីលោកស្រីទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវនោះទេ។ ស្ត្រីវ័យ ៤៨ឆ្នាំរូបនេះរៀបរាប់បណ្ដើរទឹកភ្នែកបណ្ដើរថាលោកស្រីពិបាកចិត្តជាខ្លាំងនៅពេលប្ដីតែងតែពោលពាក្យថាគាត់មិនចង់ស្លាប់នៅក្នុងគុកដោយគ្មានប្រពន្ធនិងកូននៅក្បែរនោះទេ។
លោកស្រី ថុន ធន់៖ «ស្នើសុំឱ្យដោះលែងធ្វើមិចឱ្យគាត់(ប្ដី)បានមកផ្ទះវិញ គាត់ឈឺយ៉ាងណាយើងបានមើលថែ គាត់ថាបើគាត់ស្លាប់ក្នុងដៃប្រពន្ធនិងកូនបានគាត់អស់ចិត្ត គាត់ខ្លាចស្លាប់ដោយម្នាក់ឯងក្នុងគុក គាត់ស្រមៃអ៊ីចឹងរហូត តែខ្ញុំចេះតែនិយាយបន្លប់គាត់តែអ៊ីចឹង ដល់ពេលខ្ញុំចេញមកខាងក្រៅពន្ធនាគារខ្ញុំយំ ពាក្យសម្ដីគាត់គឺស្នើសុំឱ្យគេជួយគាត់ ចំណែកបងគាត់ស្លាប់ពីររូបវិញខ្ញុំអត់ហ៊ានប្រាប់គាត់ទេ»។
លោក សុខ វិល មានអាយុ ៥៤ឆ្នាំ លោកគឺជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ អាជ្ញាធរខេត្តនេះបានចាប់ខ្លួនលោកទាំងកណ្ដាលថ្ងៃត្រង់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោយពេលលោកប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ លោកត្រូវបានសាលាដំបូងខេត្តនិងសាលាឧទ្ធរណ៍បាត់ដំបងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំជាបន្តបន្ទាប់កាលពីអំឡុងឆ្នាំ២០២២ ពីបទរួមគំនិតក្បត់ ដោយសារលោកគាំទ្រដំណើរវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ គិតមកដល់ពេលនេះ តុលាការកំពូលមិនទាន់កំណត់ថ្ងៃសវនាការលើបណ្ដឹងជំទាស់នឹងរបស់សកម្មជនរូបនេះនៅឡើយទេ។
វិទ្យុអាស៊ីសរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការខេត្តឧត្តរមានជ័យ លោក ហែល ឆេងហុង ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ ខែមិថុនា។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងយកករណីនេះទៅសាកសួរមន្ត្រីពន្ធនាគារខេត្តឧត្តរមានជ័យដើម្បីឆ្លើយតបជុំវិញស្ថានភាពសុខភាពរបស់លោក សុខ វិល ដើម្បីឆ្លើយតបត្រឡប់មកវិញ។ ទន្ទឹមនឹងនេះលោកបញ្ជាក់ថាបើជនជាប់ឃុំមានបំណងស្នើនៅក្រៅឃុំត្រូវដាក់លិខិតទៅមន្ត្រីជំនាញនៃពន្ធនាគារខេត្តដើម្បីពិនិត្យនិងអនុវត្តតាមនីតិវិធី។
លោក នុត សាវនា៖ «រឿងហ្នឹងទាល់តែខ្ញុំសួរបញ្ជាក់ជាមួយគេ(មន្ត្រីពន្ធនាគារខេត្តឧត្តរមានជ័យ)សិន សុខភាព របស់ជនជាប់ឃុំឈ្មោះ សុខ វិល ហ្នឹងយ៉ាងមិចដែរ ហើយមូលហេតុអ្វីគ្រួសារគេស្នើហើយយើងមិនឆ្លើយតបអ៊ីចឹង»។
ក្រៅពីលោក សុខ វិល មានសកម្មជនបក្សប្រឆាំងពីរនាក់ទៀតក៏ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យចាប់ខ្លួនដាក់ពន្ធនាគារក្នុងសំណុំរឿងជាមួយគ្នានេះដែរ។ ក្នុងនោះអតីតមន្ត្រីក្រុមប្រឹក្សាក្រុងសំរោង ខេត្តឧត្តរមានជ័យមកពីបក្សសង្គ្រោះជាតិ គឺលោក ធួក ធឿយ និងសកម្មជនម្នាក់ទៀត គឺលោក គៀត ភ្លី ដែលបានស្លាប់កាលពីឆ្នាំ២០២១ ក្រោយពេលតុលាការដោះលែងឱ្យនៅក្រៅឃុំបានត្រឹមតែជាង ១ខែ។
ទាក់ទងសំណុំរឿងនេះសកម្មជនបក្សប្រឆាំងនៅខេត្តឧត្តរមានជ័យនេះ មេធាវីការពារក្តីឱ្យសកម្មជនគណបក្សប្រឆាំង គឺលោក សំ សុគង់ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ការណ៍ដែលតុលាការផ្ដន្ទាទោសឱ្យកូនក្ដីរបស់លោកជាប់ពន្ធនាគារនោះថា ជារឿងអយុត្តិធម៌ ស្របពេលសមាជិកសកម្មជនបក្សប្រឆាំងមួយចំនួន ដែលប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាបែរជាតុលាការទម្លាក់ចោលការចោទប្រកាន់ទៅវិញ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថាតុលាការបានផ្ដន្ទាទោសលើសកម្មជនបក្សប្រឆាំងពីបទរួមគំនិតក្បត់ និងញុះញង់ទាក់ទងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កន្លងទៅ។ ប៉ុន្តែលោកមើលឃើញថា រយៈពេលចុងក្រោយនេះមានសកម្មជនបក្សប្រឆាំងមួយចំនួនត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ក្រោយពេលពួកគាត់សុំទោស ឬប្រកាសចុះចូលជាមួយបក្សកាន់អំណាច។ លោកយល់ថារដ្ឋាភិបាល និងតុលាការគួរពិចារណាក្នុងការអនុគ្រោះដោយដោះលែងលោក សុខ វិល សកម្មជននយោបាយ និងសិទ្ធិមនុស្សផ្សេងទៀតដែលកំពុងជាប់ឃុំនៅក្នុងសំណុំរឿងដូចគ្នានេះដែរ ដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយ និងសិទ្ធិមនុស្សឱ្យប្រសើរឡើងវិញ។
លោក អំ សំអាត៖ «រដ្ឋាភិបាល និងតុលាការគួរតែពិនិត្យពិចារណាទៅលើអតីតសកម្មជនគណបក្សនយោបាយ សកម្មជនសង្គម សកម្មជនការពារសិទ្ធិមនុស្សជាដើមដែលបទល្មើសទាំងឡាយមិនសមហេតុផលក្នុងការចោទប្រកាន់គួរតែពិនិត្យពិចារណាក្នុងការដោះលែងផងដែរដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខនេះផងដែរបាទ»។
ក្រុមអង្គការជាតិ និងអន្តរជាតិជាច្រើន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ កន្លងមកបានថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជនទាំងនេះ គឺជារឿងនយោបាយ និងគ្មានមូលដ្ឋានច្បាប់។ ពួកគេបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។