សកម្មជនបក្សប្រឆាំងដែលទើបចេញពីការឃុំឃាំង ស្នើសុំតុលាការឱ្យប្រគល់សម្ភារៈ និងទ្រព្យសម្បត្តិ ដែលដកហូតក្នុងពេលចាប់ខ្លួននោះ ឲ្យពួកគាត់វិញ ព្រោះពួកគាត់ត្រូវការប្រើ ប្រាស់ជាចាំបាច់។ មេធាវី និងមន្ត្រីសង្គមស៊ីវិលថា តាមច្បាប់តុលាការគួរតែប្រគល់វត្ថុចាប់យកណា ដែលមិនពាក់ព័ន្ធនឹងបទល្មើសជូនម្ចាស់ដើមវិញ ហើយបើនៅតែរក្សាទុក គឺជាការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស។
សកម្មជនគណបក្សសង្គ្រោះជាតិ លើកឡើងថា សម្ភារៈដែលអាជ្ញាធរ និងតុលាការដកហូតក្នុងពេល ចាប់ខ្លួនពួកគាត់កន្លងមក គឺមានសម្ភារៈខ្លះ មិនមែនជាវត្ថុតាង និងមិនជាប់ពាក់ព័ន្ធក្នុងដំណើរការ រឿងក្តីនោះទេ ប៉ុន្តែពួកគាត់ឆ្ងល់ថា ហេតុអ្វី បានជាតុលាការមិនព្រមប្រគល់ឱ្យពួកគាត់វិញ ខណៈ ពួកគាត់មួយចំនួន បានដាក់ពាក្យស្នើសុំវត្ថុ ដែលចាប់យកទាំងនោះ ចាប់តាំងពីថ្ងៃគេដោះលែងឲ្យពួកគាត់នៅក្រៅឃុំភ្លាមៗ ម្ល៉េះ។
សកម្មជនគណបក្សសង្គ្រោះជាតិរស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក យ៉ាត ភារម្យ ប្រាប់អាស៊ីសេរីថា តុលាការបានដោះលែងលោកឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ប៉ុន្តែ តុលាការមិនបានប្រគល់គ្រឿងអលង្ការ ប្រាក់កាស និងទូរស័ព្ទដៃឲ្យលោកវិញទេ។ លោករៀបរាប់ថា លោកបានដាក់ពាក្យស្នើសុំចំនួនពីរលើកមកហើយ ដែលលើកចុងក្រោយ គឺនៅថ្ងៃទី២០ វិច្ឆិកាថ្មីៗ នេះ ប៉ុន្តែតុលាការមិនទាន់ឆ្លើយអ្វីនោះទេ៖ «ដាក់ពាក្យស្នើសុំយូរណាស់ ដាក់ពីរដងហើយ អត់ឃើញគាត់ ( តុលាការខេត្តបន្ទាយមានជ័យ ) ឆ្លើយតបផង។ អ្វីដែលដកហូតនោះមានថវិកាចំនួន ១ពាន់ ៣រយ ( ១ . ៣០០ ) ដុល្លារ ខ្សែក ខ្សែដៃ មានអង្កាំ ទូរស័ព្ទអាយហ្វូន (Iphone) មួយគ្រឿង សាមស៊ុង (Samsung) មួយគ្រឿង និងណូគា (Nokia) ចុចពិលមួយគ្រឿង ហើយនឹងអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ កាតធនាគារអេស៊ីលីដា (ACLEDA) និងសៀវភៅធនាគារ រួមទាំងឯកសារមួយចំនួនទៀត»។
លោក យ៉ាត ភារម្យ ឲ្យដឹងថា ទ្រព្យសម្បត្តិ និងសម្ភារៈរបស់លោក ត្រូវបានអាជ្ញាធរ និងតុលាការ ដកហូតក្នុងពេលចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែកញ្ញា ដោយចោទពីបទ ''រួមគំនិតក្បត់'' បន្ទាប់ពីលោក បង្ហោះលើហ្វេសប៊ុក (Facebook) ស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
លោក យ៉ាត ភារម្យ ថ្លែងបន្ថែមថា លោកគឺជាជាងធ្វើផ្ទះ។ ដូច្នេះ លោកត្រូវការកាតធនាគារ ត្រូវការលុយ និងសម្ភារៈមួយចំនួនមកវិញ សម្រាប់បម្រើឲ្យមុខរបររកស៊ីរបស់លោក ហើយម្យ៉ាងទៀត សម្ភារៈដកហូតទាំងនោះ មិនមែនជាវត្ថុតាង និងមិនជាប់ពាក់ព័ន្ធក្នុងដំណើរការរឿងក្តីនេះទេ៖ «ជាជាងអ៊ីចឹង ខ្ញុំត្រូវធ្វើផ្ទះឲ្យគេហើយខ្ញុំមានថវិកាក្នុងកាតធនាគារ ដើម្បីដកយកមកធ្វើផ្ទះគេឲ្យហើយ ព្រោះម្ចាស់ផ្ទះគេតឿន។ ខ្ញុំសូមស្នើសុំរបស់ណាដែលចាំបាច់ ដូចជា សៀវភៅធនាគារ ដូចជា ថវិការបស់ខ្ញុំអី ដូចជាគ្មានចាំបាច់អីត្រូវតុលាការយកទៅស៊ើបអង្កេតនោះទេ។ ប៉ុន្តែបើដូចជាទូរស័ព្ទអី បើថា តុលាការទុកស៊ើបអង្កេតក៏ទុកចុះ។ ប៉ុន្តែដូចជាសៀវភៅធនាគារ កាតធនាគារ ថវិកា និងគ្រឿងអលង្ការបស់ខ្ញុំអី គួរតែឲ្យខ្ញុំវិញ ព្រោះវាគ្មានអីត្រូវស៊ើបអង្កេត » ។
លោក យ៉ាត ភារម្យ ក៏បានស្នើសុំតុលាការខេត្តបន្ទាយមានជ័យឱ្យទម្លាក់ការចោទប្រកាន់លើលោក ដែរ ព្រោះអាជ្ញាធរបានចូលទៅចាប់ខ្លួនទាំងគ្មានដីកា ខណៈដែលលោកមិនបានប្រព្រឹត្តអ្វីខុសច្បាប់ ដូចការចោទប្រកាន់ឡើយ។ សកម្មជនរូបនេះត្អូញត្អែរថា ការដោះលែងលោកឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ គឺមិនទាន់គ្រប់គ្រាន់ទេ ព្រោះតុលាការដាក់លក្ខខណ្ឌឲ្យចូលបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសមួយខែម្ដង មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស និងហាមមិនឲ្យសកម្មភាពនយោបាយជាដើម ដែលទាំងនេះ ធ្វើឲ្យប៉ះពាល់ការងារ ជីវភាព និងសិទ្ធិសេរីភាពរបស់លោកធ្ងន់ធ្ងរ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ញឹម ពិសាល បានទេ ដោយសារលោកបង្វែរឲ្យទៅអ្នកនាំពាក្យរបស់តុលាការខេត្តវិញ។
ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក រឿន លីណា អាស៊ីសេរីក៏មិនអាចទាក់ទងបានដែរ ដោយសារទូរស័ព្ទចូលហើយ តែគ្មានអ្នកទទួល។
ចំណែកសកម្មជនបក្សប្រឆាំងម្នាក់ទៀត កញ្ញា យូ ចាន់ធានី ក៏បានដាក់ពាក្យស្នើសុំវត្ថុចាប់យកពី ពីសាលាដំបូងរាជធានីភ្នំពេញដែរ ក្រោយពីតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែ តុលាការមិនឆ្លើយអ្វីទេ។ កញ្ញា យូ ចាន់ធានី ស្នើសុំតុលាការឱ្យពន្លឿនការផ្ដល់សម្ភារៈទាំងនោះ ព្រោះកញ្ញាត្រូវការជាចាំបាច់ ជាពិសេស លុយកាក់ គ្រឿងអលង្ការ និងទូរស័ព្ទដៃ ដោយសារពេលនេះ កញ្ញាបានបាត់បង់ការងារគ្មានថវិកាគ្រប់គ្រាន់ដោះស្រាយជីវភាពនោះទេ៖ ខ្ញុំបានទាក់ទងទៅខាងតុលាការដែរ ប៉ុន្តែគេមិនទាន់បានបញ្ជូនទៅចៅក្រម ហើយទាល់តែឆ្លងកាត់ចៅក្រមសិនទើបអាចទទួលយកវត្ថុតាងនោះបាន ប៉ុន្តែមិនបានទាំងអស់ដែរ។ វត្ថុដែលសមត្ថកិច្ចដកហូតនោះ មានខ្សែក កងដៃ ទូរស័ព្ទ អង្គចង់ចាំ (Memory) លុយចំនួន ៩០ដុល្លារ ហើយលុយខ្មែរខ្ញុំមិនចាំថាប៉ុន្មានទេ។ នៅមានកាតាបនិងកាបូបរបស់ខ្ញុំដែរ។ ខ្ញុំត្រូវ ការរបស់ទាំងនោះ និងលុយកាកចាំបាច់ដែរ ព្រោះពេលនេះអត់មានការងារធ្វើទៀត»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងយ៉ាងខ្លីថា តុលាការនឹងពិចារណាប្រគល់ ជូនវត្ថុចាប់យកណា ដែលមិនពាក់ព័ន្ធនឹងសំណុំរឿងជូនសកម្មជនគណបក្សសង្គ្រោះជាតិវិញ ប៉ុន្តែ វត្ថុតាងណា ដែលជាប់ពាក់ព័ន្ធតុលាការនឹងរក្សាទុកដដែល ព្រោះសំណុំរឿងរបស់ពួកគេមិនទាន់បិទបញ្ចប់នៅឡើយ៖ «ជាគោលការណ៍ច្បាប់តែកាលណាដាក់ពាក្យស្នើសុំទៅតុលាការ គេនឹងពិនិត្យថា តើវត្ថុតាងណាដែលពាក់ព័ន្ធសំណុំរឿងហើយមួយណាគ្មានការពាក់ព័ន្ធ។បើមិន ពាក់ព័ន្ធទេ គេនឹងប្រគល់ជូន តែបើពាក់ព័ន្ធគេនឹងមិនទាន់ប្រគល់ជូនទេ ព្រោះអីសំណុំរឿងមិន ទាន់បិទបញ្ចប់នៅឡើយ»។
មេធាវីការពារក្តីឲ្យជនបក្សប្រឆាំង លោក សំ សុគង់ មានប្រសាសន៍ថា សកម្មជនបក្សប្រឆាំង ជាង ៧០នាក់ ដែលត្រូវបានចាប់ខ្លួន និងដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីពេលថ្មីៗ នេះ សុទ្ធតែបានដាក់ពាក្យស្នើសុំវត្ថុចាប់យកពីតុលាការស្ទើរគ្រប់ខេត្តទាំងអស់ ប៉ុន្តែលោកសង្កេតឃើញថា ចៅក្រម ដែលកាត់សំណុំរឿង គឺមានការយឺតយ៉ាវមិនទាន់បានប្រគល់វត្ថុចាប់យកទាំងនោះជូនពួកគាត់វិញនៅឡើយ។ មេធាវីរូបនេះយល់ថា តុលាការគួរតែសម្រេចឲ្យបានលឿន ដើម្បីឲ្យកូនក្តីរបស់លោក ទទួលបានសម្ភារៈ និងទ្រព្យសម្បត្តិ ដែលសមត្ថកិច្ចដកហូតទាំងនោះមកប្រើប្រាស់ទៅតាមតម្រូវការជាចាំបាច់ឡើងវិញ។ លោក សំ សុគង់ ពន្យល់ថា តាមច្បាប់ វត្ថុដែលដកហូតពីជនសង្ស័យក្នុងពេលឃាត់ខ្លួននោះ ត្រូវប្រគល់ជូនម្ចាស់ដើមវិញ ប្រសិនបើវត្ថុតាងណាមិនជាប់ពាក់ព័ន្ធនឹងបទល្មើស ឬ វត្ថុតាងណា ដែលសមត្ថកិច្ច និងតុលាការ បានស្រាវជ្រាវ និងធ្វើកំណត់ហេតុរួចហើយ និងគ្មានភាពចាំបាច់ស្រាវជ្រាវបន្តទៀត៖ «ឃើញថា វត្ថុទាំងអស់ដែលខ្ញុំបានការពារក្តីឲ្យគាត់គឺមានម៉ូតូ មានរថយន្តមួយចំនួនតូច ហើយមានសម្ភារៈកំប៉ិកកំប៉ុកផ្សេងទៀត ជាពិសេស គឺទូរស័ព្ទ ហើយករណីទូរស័ព្ទនេះ បើសិនជាសមត្ថកិច្ចស្រាវជ្រាវរួចហើយ ធ្វើតាមបច្ចេកទេសនិងធ្វើកំណត់ហេតុ រួចហើយ គួរតែប្រគល់ឲ្យពួកគាត់បានប្រើប្រាស់ឡើងវិញដោយសារតែពួកគាត់សុទ្ធអ្នកក្រីក្រ ហើយពួកគាត់ មិនមានលទ្ធភាពពេលទើបចេញពីឃុំឃាំងវិញ»។
ទាក់ទងករណីនេះដែរ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើវត្ថុតាងទាំងឡាយ ដែលដកហូតនោះមិនជាប់ពាក់ព័ន្ធនឹងបទល្មើសសម្រាប់ចោទប្រកាន់នោះទេ ហើយសមត្ថកិច្ច និងតុលាការ នៅតែរក្សាទុក គឺនឹងប៉ះពាល់ដល់ការអនុវត្តច្បាប់ និងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ច និងតុលាការអនុវត្តច្បាប់ឲ្យបានដិតដល់នោះ គឺមានសម្ភារ និងទ្រព្យសម្បត្តិខ្លះ មិនគួរដកហូតសម្រាប់ធ្វើជាវត្ថុតាងនោះទេ គួរតែប្រគល់ជូនគ្រួសាររបស់ជនសង្ស័យ៖ «តុលាការគួរតែពិនិត្យឲ្យច្បាស់លាស់ ចំពោះវត្ថុតាងដែលបានចាប់យក ថា តើវត្ថុតាងណាដែលពាក់ព័ន្ធនឹងបទចោទប្រកាន់ហើយវត្ថុតាងណាដែលមិនពាក់ព័ន្ធគួរតែ ប្រគល់ឲ្យគាត់វិញដើម្បីទី១ ទាក់ទងនឹងជីវភាពរបស់គាត់ដូចជាលុយកាក់ មាសប្រាក់ ខ្សែក ខ្សែអី គឺមិនពាក់ព័ន្ធនឹងការប្រព្រឹត្តបទចោទនោះទេ តែវាទាក់ទងនឹងជីវភាពរបស់គាត់»។
លោកមេធាវី សំ សុគង់ ឱ្យដឹងថា មានសកម្មជនបក្សប្រឆាំងចំនួន ៧៥នាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកា បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាទៅ តុលាការឲ្យដោះលែង ស្របពេល ដែលសហភាពអឺរ៉ុបដាក់របាយការណ៍វាយតម្លៃបឋមអំពីករណីរំលោភ សិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារនៅកម្ពុជាជូនរដ្ឋាភិបាលកម្ពុជា មុននឹងឈានទៅសម្រេចចិត្តជាផ្លូវការថា តើត្រូវដកហូត ឬមិនដកហូតប្រព័ន្ធអនុគ្រោះពន្ធ ហៅថា EBA របស់សហភាពអឺរ៉ុប។ ប៉ុន្តែនៅសល់សកម្មជន និងអ្នកគាំទ្របក្សប្រឆាំងជាង ២០នាក់ទៀត មិនទាន់ដោះលែងទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។