អ្នក​នយោបាយ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​យល់​ឃើញ​ផ្សេង​គ្នា ចំពោះ​ការ​ដក​ខ្លួន​របស់​លោក ចូ បៃដិន មិន​បន្ត​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក

0:00 / 0:00

អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង និង​អ្នក​នយោបាយ​នៃ​គណបក្ស​កាន់​អំណាច​យល់​ឃើញ​ផ្សេង​គ្នា ចំពោះ​ការ​ប្រកាស​ដក​ខ្លួន​របស់​ប្រធានាធិបតី​អាមេរិក​ លោក ចូ បៃដិន (Joe Biden) ដែល​នឹង​មិន​បន្ត​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ នៃ​សហរដ្ឋ​អាមេរិក​នៅ​ចុង​ឆ្នាំ​នេះ។

ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន កោត​សរសើរ​លោក ចូ បៃដិន និង​ ហៅ​ការ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​របស់​ប្រធានា​ធិបតី​អាមេរិក​ថា ជា​គំរូ​មេ​ដឹក​នាំ​ល្អ ដែល​ចេះ​ស្ដាប់​សំឡេង​ផ្ទៃ​ក្នុង​គណបក្ស​របស់​លោក ដោយ​តម្កល់​ផល​ប្រយោជន៍​ ជាតិ​និង​ប្រជាពលរដ្ឋ​អាមេរិក​ជា​ធំ។

លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី២២ ខែកក្កដា ថា ស្ថានភាព​ជាតិ​ កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​រិះគន់ ទាក់ទង​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ បញ្ហា​ គោរព​សិទ្ធិ​មនុស្ស និង​អំពើ​ពុករលួយ ដែល​ជា​ឧបសគ្គ​ដ៏​ធំ ដល់​ការ​ទាក់ទាញ​អ្នក​ វិនិយោគ​ជា​ដើម ទាមទារ​ឱ្យ​អ្នក​នយោបាយ​ដឹក​នាំ​ប្រទេស ចេះ​បើក​ចិត្ត​ទូលាយ​ ទទួល​យក​មតិផ្ទុយ ដូច​គំរូ​របស់​លោក ចូ បៃដិន ដែរ។

លោក រ៉ុង ឈុន៖ «យើង​គួរ​តែ​រៀន​សូត្រ​ទៅ​តាម​ប្រធានាធិបតី​លោក ចូ បៃដិន គួរ​តែ​រៀន​សូត្រ យក​គំរូ​តាម។ យើង​មិន​ទាមទារ​ឱ្យ​ចុះ​ចេញ​អី​ទេ ចំពោះ​កម្ពុជា ប៉ុន្តែ គ្រាន់​តែ​ទាមទារ​ថា យើង​ត្រូវ​តែ​បើក​លំហ​សេរីភាព​ដល់​អ្នក​នយោបាយ​ដល់​គណបក្ស​នយោបាយ ក៏​ដូច​ជា អង្គការ​សង្គម​ស៊ីវិល​ឱ្យ​មាន​សេរីភាព​ពេញ​លេញ ហើយ​ឱ្យ​គណបក្ស​ចូលរួម​ការ​ប្រកួត​ប្រជែង​ស្មើ​មុខ​ស្មើ​មាត់​គ្នា ហើយ​អ្នក​ដែល​ចាញ់​គឺ​ចុះ​ចេញ អ្នក​ដែល​ឈ្នះ​ឡើង​ដឹក​នាំ អ្នក​ចាញ់​ធ្វើ​បក្ស​ប្រឆាំង»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន (Joe Biden) កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា បាន​ប្រកាស​ដក​ខ្លួន​ពី​ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ឡើង​វិញ និង​គាំទ្រ​អ្នកស្រី កាមាឡា ហារីស៍ (Kamala Harris) ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ ប្រកួត​ប្រជែង​ប្រធានាធិបតី​ជំនួស​លោក។

លោក ចូ បៃដិន ជឿ​ជាក់​ថា គឺ​ជា​ផល​ប្រយោជន៍​ដ៏​ល្អ​បំផុត សម្រាប់​គណបក្ស​ ប្រជាធិបតេយ្យ និង​ប្រទេស​ជាតិ ដែល​លោក​ត្រូវ​ដក​ខ្លួន​ចេញ ហើយ​ផ្ដោត​ទៅ​ការ​បំពេញ​ភារ​កិច្ច​របស់​លោក ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សម្រាប់​រយៈពេល​ ដែល​នៅ​សល់។ លោក​អះអាង​ថា គឺ​ជា​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​លោក ដែល​បាន​ធ្វើ​ប្រធានាធិបតី​របស់​ពលរដ្ឋ​អាមេរិក។

លោក ចូ បៃដិន គាំទ្រ​អនុ​ប្រធានាធិបតី អ្នកស្រី កាមាឡា ហារីស៍ ឱ្យ​ក្លាយ​ជា​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រកួត​ត​ទល់​នឹង​លោក ដូណាស់ ត្រាំ (Donald Trump) ដែល​ជា​បេក្ខភាព​ប្រធានាធិបតី នៃ​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​តំណែង​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។

ចំពោះ​ការ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​របស់​លោក ចូ បៃដិន នេះ មាន​ការ​យល់​ឃើញ​ផ្សេង​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច និង​អ្នក​នយោបាយ​ នៃ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​របស់​លោក ចូ បៃដិន គឺ​ជា​សិទ្ធិ​នយោបាយ​របស់​លោក​ ដោយ​ផ្អែក​លើ​កត្តា​អាយុ​ច្រើន សុខភាព​មិន​សូវ​ល្អ និង​មាន​មតិ​ផ្ទៃ​ក្នុង​បក្ស​មិន​ចង់​ឱ្យ​លោក​បន្ត​ឈរ​ឈ្មោះ​ទៀត។

ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២២ ខែកក្កដា​ថា គ្មាន​ការ​ចាំ​បាច់​យក​គំរូ​តាម​លោក ចូ បៃដិន ឡើយ គឺ​អាស្រ័យ​ទៅ​លើ​ការ​ភ្ញាក់​រឭក​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​និង​ការ​សម្រេច​របស់​គណបក្ស។

លោក​អះអាង​ដោយ​អំនួត​ថា គណបក្ស​កាន់​អំណាច​របស់​លោក ធ្វើ​គំរូ​ល្អ​ជាង​នៅ​អាមេរិក​ទៅ​ទៀត ដោយ​លោក​លើក​ហេតុ​ផល​ថា លោក ហ៊ុន សែន បាន​ចូល​និវត្តន៍​ពី​ការ​ប្រកួត​តំណែង​នាយក​រដ្ឋមន្ត្រី​តាំង​ពី​អាយុ ៧០ឆ្នាំប្លាយ មិន​ដូច​លោក ចូ បៃដិន ដែល​ប្រកាស​ឈប់​បន្ត​ប្រកួត​នៅ​អាយុ​ជាង ៨០ ឆ្នាំ​ទៅ​ហើយ​នោះ​ទេ។

លោក សុខ ឥសាន៖ «គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​គំរូ​ល្អ​ជាង​នៅ​អាមេរិក ទៅ​ទៀត ពីព្រោះ​សម្ដេច​តេជោ ហ៊ុន សែន លោក​ទើប​តែ​អាយុ ៧០ប្លាយ​ឆ្នាំ​ទេ ហើយ​លោក​មិន​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ណា ទោះបី​ជា​គាត់​មាន​ជាប់​ឈ្នះ គាត់​ផ្ទេរ​អំណាច​ទៅ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់​អនាគត​ជូន​សម្ដេច ហ៊ុន ម៉ាណែត ហើយ។ អ៊ីចឹង បាន​សេចក្ដី​ថា សម្ដេច ហ៊ុន សែន លោក​ដូច​ជា យើង​អាច​និយាយ​ថា ចូល​និវត្តន៍​ពី​នាយក​រដ្ឋមន្ត្រី​នីតិកាល​ទី៦ ចូល​ដល់​ទី៧ គាត់​មិន​ធ្វើ​ទៀត​ទេ។ អ៊ីចឹង​គាត់​ឱ្យ​ក្មេង​ជំនាន់​ក្រោយ ដើម្បី​បន្ត​វេន»។

ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក ចូ បៃដិន នោះ គឺ​លោក ហ៊ុន សែន បាន​ក្រាញ​អំណាច​ជា​មេ​ដឹក​នាំ​កម្ពុជា​ជិត៤០ឆ្នាំ រីឯ​លោក ចូ បៃដិន ដែល​បាន​ ឡើង​តាម​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ និង​កំពុង​ដឹក​នាំ​សហរដ្ឋ​អាមេរិក ជា​ប្រធានាធិបតី​ ត្រឹម​មួយ​អាណត្តិ​ដែល​មាន​រយៈ​ពេល ៤ឆ្នាំ​ប៉ុណ្ណោះ។ តំណែង​ប្រធានាធិបតី​របស់​លោក​នឹង​ផុត​នៅ​ខែមករា ឆ្នាំ២០២៥ខាង​មុខ ហើយ​បើ​ទោះ​ជា​លោក​មាន​សិទ្ធិ​ឈ្មោះ​ម្ដង​ទៀត​ក៏​ដោយ​ចុះ ក៏​លោក​សម្រេច​ចិត្ត​មិន​ឈរ​ឈ្មោះ​ទៀត​ទេ។

ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក​និយាយ​ថា សមិទ្ធផល​សម្រាប់​សហរដ្ឋ​អាមេរិក​ ក្រោម​អាណត្តិ​របស់​លោក មិន​អាច​សម្រេច​បាន ដោយ​គ្មាន​ការ​ចូលរួម​ពី​ ប្រជាពលរដ្ឋ​អាមេរិក​នោះ​ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន វិញ ជា​រឿយៗ តែង​ចាត់​ទុក​សមិទ្ធផល​នានា នៅ​កម្ពុជា​ជា​ស្នាដៃ​ផ្ដាច់​មុខ​របស់​លោក ហើយ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​គុណ​លោក។

លោក ចូ បៃដិន និយាយ​ថា គ្មាន​អ្វី​ដែល​អាមេរិក​ធ្វើ​មិន​បាន​នោះ​ទេ នៅ​ពេល​ដែល​យើង​ធ្វើ​វា​ជាមួយ​គ្នា ប៉ុន្តែ​លោក ហ៊ុន សែន ប្រកាស​កម្ចាត់​អ្នក ដែល​មាន​មតិផ្ទុយ និង​គូប្រជែង​ឱ្យ​អស់​ពី​កម្ពុជា​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។