មន្ត្រីបក្សប្រឆាំងរិះគន់​លោក ហ៊ុន សែន ថា ប្រើពាក្យសន្តិភាពក្នុងពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ ដើម្បីកេងចំណេញនយោបាយ

មន្ត្រីគណបក្សប្រឆាំងរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើពាក្យសន្តិភាពក្នុងឱកាសបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំថា ជាសារប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋនៅមុនការបោះឆ្នោតប៉ុណ្ណោះ។ ប្រតិកម្មរបស់មន្ត្រីបក្សនេះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន បានចេញសារលិខិតមួយអួតអាងថា ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ កម្ពុជាមានការវិវឌ្ឍន៍យ៉ាងច្រើនទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ដែលកើតចេញអំពីសន្តិភាព។

មន្ត្រីគណបក្សប្រឆាំង និងអ្នកអ្នកវិភាគលើកឡើងថា ការដែលលោក ហ៊ុន សែន ព្យាយាមប្រើប្រាស់ពាក្យសន្តិភាពនៅក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ ដោយសារលោកព្រួយបារម្ភខ្លាចចាញ់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅខែកក្កដាខាងមុខ។

ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ លោក ម៉េង សុធារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ មីនាថា ការអួតអាងរបស់លោក ហ៊ុន សែន ដែលថាកម្ពុជា មានការវិវឌ្ឍន៍រីកចម្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជារឿងមិនពិតឡើយ។ លោកមើលឃើញថា លោក ហ៊ុន សែន កំពុងព្រួយបារម្ភខ្លាចកម្មករអត់ការងារធ្វើ ព្រោះក្រុមហ៊ុនរោងចក្រមួយចំនួនបិទទ្វារ និង ព្យួរការងារកម្មករ ដោយសារកាត់បន្ថយការបញ្ជាទិញពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បណ្ដាលមកពីរដ្ឋាភិបាលឯកបក្សរំលាយប្រជាធិបតេយ្យ។ ដូច្នេះលោកចាត់ទុកការប្រើពាក្យសន្តិភាពរបស់លោក ហ៊ុន សែននេះ ថាជាសារប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោក ម៉េង សុធារ៉ា៖ «សន្តិភាពវាផ្ដើមចេញពីសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត អីចឹង យើងទៅកាយធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងគ្រប់បែប រហូតដល់ប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។ចំណែកការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគឺជាការយកចិត្តទុកដាក់ ក្លែងក្លាយសុទ្ធសាធតែម្ដង។ព្រោះអីលោក ហ៊ុន សែន គាត់មិនដែលគិតអំពីផលប្រយោជន៍ប្រជាពលរដ្ឋទេ ដោយសារអី បើគាត់យកចិត្តទុកដាក់លើប្រជាពលរដ្ឋគាត់មិនមែនធ្វើឱ្យបាត់បង់ពន្ធអនុគ្រោះ រហូតដល់ទាញប្រទេសឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបែបនេះទេ»។

ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បានចេញសារលិខិតមួយច្បាប់កាលពីថ្ងៃទី១៦ កុម្ភៈ ហើយទើបចុះផ្សាយនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨មីនាថា ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់ការវិវឌ្ឍន៍យ៉ាងច្រើន ទាំងក្នុងទិដ្ឋភាព នយោបាយ សេដ្ឋកិច្ច និងសង្គម គឺមកពីសុខសន្តិភាព។ លោក ហ៊ុន សែន បន្តថា ការដែលប្រទេសមានសន្តិភាពនេះហើយទើបធ្វើឱ្យកម្ពុជាមានការលូតលាស់ក្នុងកំណើតសេដ្ឋកិច្ចប្រមាណ ៧ភាគរយ ក្នុងរយៈពេលជាង១ទសវត្សចុងក្រោយនេះ។ សារលិខិតរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងដើម្បីផ្ញើសារពីការរីកចំរើនក្រោមការដឹកនាំរបស់លោកជូនដល់ពលរដ្ឋខ្មែរឱ្យបានជ្រាបក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ មីនា។

ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា មូលហេតុដែលលោក ហ៊ុន សែន ចូលចិត្តយកវេទិការបស់ជាតិធំៗ ដើម្បីអួតអាងបន្លំប្រជាពលរដ្ឋខុសពីការពិតដោយសារលោកព្រួយបារម្ភខ្លាចចាញ់ការបោះឆ្នោត។ លោកមើលឃើញថា កម្ពុជាគ្មានសន្តិភាពពិតប្រាកដនោះទេ ដូច្នេះហើយបានជាលោក ហ៊ុន សែន ខំព្យាយាមផ្សព្វផ្សាយបែបប្រជាភិថុតិគ្រប់បែបយ៉ាង ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួនដែលបានសាបព្រោះលើប្រជាពលរដ្ឋនិងប្រទេសជាតិ កន្លងមក។

លោក គឹម សុខ៖ «វិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមវាកាត់តែធ្ងន់ធ្ងរទើបគាត់ខំប្រឹងចេញមុខដើម្បីបំភ្លៃ។ទី២ ក៏ជិតដល់ពេលវេលាបោះឆ្នោតដែរ ដើម្បីគាត់ប្រមូលនូវសន្ដានចិត្តខ្លះដែរពីអ្នកគាំទ្ររបស់។ហើយគាត់យកទៅបំភ្លៃថាដោយសារគាត់ខំប្រឹងប្រែងនឹងហើយ បានជាលទ្ធផលនៃការបោះឆ្នោតដែលគាត់បន្លំនោះវាទទួលបានផលល្អ។ ហើយចំណុចមួយទៀតក៏ជាពេលវេលាជិតដល់ការផ្ទេរអំណាចពីគាត់ទៅកូនប្រុសរបស់គាត់ដែរ»។

កាលពីខែឧសភាឆ្នាំ២០២០ ធនាគារពិភពលោកព្យាករថា ពលរដ្ឋខ្មែរជិត ២លាននាក់បន្ថែមទៀត នឹងធ្លាក់ខ្លួនក្រីក្រ ដោយសារវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩(Covid-19)។ ស្ថាប័ននេះព្រមានថា ការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ត្រូវរងការគំរាមកំហែងខ្លាំងបំផុត ហើយជំរុញឱ្យកម្ពុជាងាកទៅខ្ចីបុល បរទេសបន្ថែមទៀត។

គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាជំពាក់បំណុលបរទេសសរុបប្រមាណជាង ៩ពាន់៨រយលានដុល្លារ។ ក្នុងនោះ បំណុលស្ទើរតែជិតពាក់កណ្ដាល ឬប្រមាណជាង ៤៦%ជាបំណុលដែលរដ្ឋជំពាក់ចិន។

ក្រៅពីនេះ ថ្វីដ្បិតលោក ហ៊ុន សែន អួតអាងពីសន្តិភាពក្តី ក៏រដ្ឋាភិបាលលោក បន្តបង្ក្រាបសំឡេងរិះគន់ឥតឈប់ឈរ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ្នកជំនាញអង្គការសហប្រជាជាតិគ្រប់រូប ដែលបំពេញបេសកកម្មនៅកម្ពុជា សុទ្ធតែរកឃើញថា មានការរំលោភសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់នៅកម្ពុជា។ ដោយសារការរកឃើញថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស«ធ្ងន់ធ្ងរជាប្រព័ន្ធ» នេះហើយ ទើបបានជាគណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០%ពីកម្ពុជា និងគំរាមដកបន្ថែមទៀត។ ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏មិនទាន់ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅGSP ដល់កម្ពុជា និងបានដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាកម្ពុជាមួយចំនួន ដោយសារតែរដ្ឋាភិបាលឯកបក្សដើរចាកកាន់តែឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស៕