មេដឹកនាំ​បក្ស​ប្រឆាំង​អំពាវនាវ​អ្នក​ប្រជាធិបតេយ្យ​ងាក​មក​លាត​ត្រដាង​បញ្ហា​កោះគជ់ និង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

0:00 / 0:00

មេដឹកនាំ​បក្ស​ប្រឆាំង​អំពាវនាវ​ដល់​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​ងាក​មក​លាតត្រដាង​ពី​បញ្ហា​កោះគជ់ និង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា រួម​ទាំង​បញ្ហា​អយុត្តិធម៌​ជា​ច្រើន​ទៀត ខណៈ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រៀម​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​បញ្ហា​ទាំង​នេះ។ សារ​អំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់​ពី អ្នក​គាំទ្រ​បក្សជំទាស់​ផ្ទុះ​ការ​វែកញែក​នៅ​លើ​បណ្ដាញ​សង្គម រឿង​សារ​បែក​ធ្លាយ​របស់​លោក សេង សារី ធ្វើ​ជា​ចារជន​របស់​លោក ហ៊ុន សែន។

ក្រោយពី​ប្រកាស​មិន​ទទួល​យក​លោក សេង សារី ឱ្យ​មក​រួមរស់​ជាមួយ​បក្ស​ប្រឆាំង ហើយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​យប់​ថ្ងៃ​ទី៧ កុម្ភៈ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា រឿង​បុគ្គល​មិន​សំខាន់​ទេ ប៉ុន្តែ​បញ្ហា​ជាតិ និង​យុត្តិធម៌​សង្គម​សំខាន់​ណាស់ សម្រាប់​ការ​តស៊ូ​របស់​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​យុទ្ធសាស្ត្រ​ផ្ការីក។

ក្រៅពី​លោក សម រង្ស៊ី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ក៏​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក អំពាវនាវ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​នាំគ្នា​លាតត្រដាង​ករណី​កោះគជ់ ឃាតកម្ម​លើ​លោក លិម គិមយ៉ា កសិករ​គ្មាន​ទីផ្សារ ពលរដ្ឋ​ជាប់​បំណុល​វ័ណ្ឌ​ក​ជា​ដើម ប្រសើរ​ជាង​ការ​វែកញែក​ករណី​លោក ហ៊ុន សែន ជាមួយ​លោក សេង សារី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន សែន និង​លោក សេង សារី ជា​ព្រឹត្តិការណ៍​របស់​លោក ហ៊ុន សែន បង្កើត​ឡើង​ក្នុង​គោលដៅ​កម្ទេច​កម្លាំង​បក្ស​ប្រឆាំង​ផង ព្រមទាំង​លាក់បាំង​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង​បង្អាក់​សកម្មភាព​ចេញ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្ដឹង​ករណី​កោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ផង។ ប៉ុន្តែ​លោក​ថា តាក់ទិច​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​លោក សម រង្ស៊ី បញ្ចប់​ទៅ​វិញ​ហើយ ដូច្នេះ អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ងាក​មក​រួម​គ្នា​ប្រឆាំង​អំណាច​គ្រួសារ​ត្រកូលហ៊ុន ដែល​កំពុង​រំលោភ​សិទ្ធិមនុស្ស និង​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់​វិញ។

លោក អ៊ំ សំអាន៖ «លោក ហ៊ុន សែន បង្វែរ​ព្រឹត្តិការណ៍​តែ​ពីរ​បី​ថ្ងៃ ឥឡូវ​នេះ យើង​បាន​បញ្ចប់​ព្រឹត្តិការណ៍​ហ្នឹង ហើយ​ឱ្យ​ពលរដ្ឋ​ស្ងប់​ហើយ តាម​រយៈ​លោក សម រង្ស៊ី ប្រកាស​មិន​យក​លោក សម សារី ចូល​គណបក្ស​ហ្នឹង។ ដូច្នេះ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ងប់​ចិត្ត​ហើយ លែង​ងាក​ទៅ​រឿង​សារ​បែក​ធ្លាយ​រវាង​ពុក និង​កូន​ហើយ ដោយ​ងាក​មក​រឿង​សង្គម​ជាតិ រឿង​ទឹកដី កោះគជ់ ឃាតកម្ម​លើ​លោក លិម គិមយ៉ា ហើយ​រឿង​អយុត្តិធម៌​ដទៃ​ទៀត​នៅ​ប្រទេស​កម្ពុជា​ដូចជា​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ដែល​យើង​ត្រូវ​ផ្ដោត​ជា​សំខាន់ យើង​មិន​ត្រូវ​រត់​តាម​ព្រឹត្តិការណ៍​ដែល​លោក ហ៊ុន សែន បង្កើត​នោះ​ទេ»។

ការ​លើក​ឡើង​នេះ​ធ្វើ​បន្ទាប់​ពី លោក សេង សារី បាន​សារភាព​ថា លោក​ជា​ចារជន​របស់​លោក ហ៊ុន សែន និង​ទទួល​លុយ​ពី​លោក ហ៊ុន សែន យ៉ាង​ហោច​ណាស់​ជាង ១២ម៉ឺន​ដុល្លារ ។ សារ​ឆ្លើយឆ្លង​រវាង​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក សេង សារី ត្រូវ​បាន​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង និង​តាមដាន​ស្ថានការណ៍​សង្គម​មួយ​ចំនួន​ចេញ​បកស្រាយ​ទស្សនៈ​ផ្សេងៗ រហូត​បែងចែក​និន្នាការ​គ្នា នៅ​លើ​បណ្ដាញ​សង្គម។ ប៉ុន្តែ​ក្រោយ​ពី​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​មិន​ទទួល​យក លោក សេង សារី ឱ្យ​មក​រួមរស់​ជាមួយ​បក្ស​ប្រឆាំង​ហើយ ចរន្ត​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ ខណៈ​លោក សេង សារី បន្ត​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី៨ ខែកុម្ភៈ​ថា លោក​នឹង​បកស្រាយ​ពាក់ព័ន្ធ​មូលហេតុ ដែល​នាំ​ឱ្យ​បែក​ធ្លាយ​សំឡេង​ឆ្លើយឆ្លង​រវាង​លោក​ជាមួយ​លោក ហ៊ុន សែន បន្ថែម​ទៀត។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត យល់​ថា​យុទ្ធសាស្ត្រ ដែល​លោក ហ៊ុន សែន តែងតែ​ប្រើ​កម្ទេច​កម្លាំង​ដៃគូ​បាន​ជោគជ័យ​កន្លង​ទៅ គឺ​ការ​ប្រើប្រាស់​រនុកក្នុង​ចូលរួម​ធ្វើការ​​ជាមួយ​​ដៃគូ​ប្រជែង។ លោក​ថា អ្នក​ប្រជាធិបតេយ្យ​មិន​គួរ​មើល​រំលង​យុទ្ធសាស្រ្ត​របស់​លោក ហ៊ុន សែន នេះ​ទេ ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ទប់ស្កាត់​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក វ៉ន ចាន់ឡូត៖ «រឿង​នេះ​ត្រូវតែ​មាន​ការ​ទប់ស្កាត់ មាន​ការ​អន្តរាគមន៍ វា​ប្រៀប​បី​ដូច​ជា​ការ​ឆ្លើយ​តប​នឹង​អាវុធ​មួយ​របស់​លោក ហ៊ុន សែន ដែល​បាន​ប្រើ​មក​ធ្វើ​ការរំខាន ឬ​បង្ក​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​ចំណោម​ចលនា​តស៊ូ​របស់​អ្នក​ប្រជាធិបតេយ្យ»។

ស្រប​ពេល​មេ​ដឹកនាំ​បក្ស​ប្រឆាំង អំពាវនាវ​អ្នក​ប្រជាធិបតេយ្យ​ងាក​មក​លាតត្រដាង​ពី​បញ្ហា​សង្គម​ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ ហ៊ុន ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេសជប៉ុន (Japan) ក៏​ត្រៀម​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី៩ ខែកុម្ភៈ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ការពារ​អធិបតេយ្យ​របស់​កម្ពុជា​នៅ​លើ​កោះគជ់ តាម​រយៈ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​សកល (GCYN) ប្រចាំ​ប្រទេស​ជប៉ុន អ្នកស្រី ម៉ូរី បូរ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​បាន​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា​សម្ដែង​មតិ​នៅ​សួនច្បារ ហ៊ីប៊ីយ៉ា (Hibiya) នៅ​ម៉ោង ១២ថ្ងៃ​ត្រង់ បន្ទាប់​មក​ក្រុម​បាតុករ​នឹង​ហែ​ក្បូន​លើក​បដា​នៅ​កណ្ដាល​ទីក្រុងតូក្យូ (Tokyo) ផ្ញើ​សារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ និង​បង្ហាញ​ជំហរ​ច្បាស់លាស់​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ជាពិសេស ចំណែក​កម្ពុជា​នៅ​លើ​កោះគជ់។ តំណាង​បាតុករ​រូប​នេះ​ស្នើ​ពលរដ្ឋ​ខ្មែរ​ថា មិន​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​កោះគជ់ ករណី​ឃាតកម្ម​លើ​អ្នក​ស្នេហា​ជាតិ ដូច​អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​នោះ​ទេ។

អ្នកស្រី ម៉ូរី បូរ៉ា៖ «លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែងតែ​បង្កើត​វប្បធម៌​ដោះសា ដោយ​មិន ដែល​បង្កើត​វប្បធម៌​ដោះស្រាយ និង​មាន​ការ​សុំទោស​មហាជន​នោះ​ទេ ដូច្នេះ ហើយ​យើង​អំពាវនាវ​ដល់​មហាជន ឬ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ទឹកដី​ត្រូវ​តែ​និយាយ​រឿង​ហ្នឹង ទាមទារ​រឿង​ហ្នឹង បើសិន​មហាជន​មិន​និយាយ​ទេ គឺ​គាត់​ដោះសា​រហូត​ដោយ​មិន​ទទួល​ខុស​ត្រូវ​ទេ គាត់​ព្យាយាម​បង្កើត​រឿង​មួយ​លុប​រឿង​មួយ នេះ​ជា​ចរិត ដែល​យើង​ឃើញ​គាត់​ធ្វើ​កន្លង​មក»។

បញ្ហា​កោះគជ់ និង​ករណី​ស្វែង​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា នេះ​ដែរ សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ណូវែលហ្សេឡង់ដ៍ (New Zealand) នឹង​ធ្វើ​សមាជ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា នៅ​ថ្ងៃ​ទី២៣ ខែកុម្ភៈ។ ចំណែក​យុវជន​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង (South Korea) និង​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក (USA) ប្រទេស​កាណាដា (Canada) និង​ប្រទេស​បារាំង (Franch) ជា​ដើម គ្រោង​ធ្វើ​បាតុកម្ម​នៅ​ខែមីនា និង​ខែមេសា​ខាង​មុខ។ ក្រោយ​ការ​ប្រមូល​យក​មតិ​យោបល់​ពី​ពលរដ្ឋ​នៅ​តាម​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​រួច​ហើយ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ចេញ​សម្ដែង​មតិ និង​ដាក់​ញត្តិ​នៅ​ស្ថានទូត​ខ្មែរ ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន នៅ​ខែឧសភា ខណៈ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សំខាន់ៗ នឹង​បន្ត​សកម្មភាព​ការទូត​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ក្នុង​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែកុម្ភៈ។

អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា លើក​ឡើង​ថា សារ​បែក​ធ្លាយ​រវាង​លោក ហ៊ុន សែន និង​លោក សេង សារី ជា​យុទ្ធសាស្ត្រ​កម្ទេច​កម្លាំង​តស៊ូ​របស់​គណបក្ស​ប្រឆាំង ដែល​គាំទ្រ​លោក សម រង្ស៊ី ដើម្បី​ងាយ​ស្រួល​ដល់​គ្រួសារ​ត្រកូល ហ៊ុន បន្ត​កាន់​អំណាច​នៅ​កម្ពុជា​ដោយ​គ្មាន​ឧបសគ្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។