លោក កឹម សុខា និង​អ្នក​គាំទ្រ​លោក កឹម សុខា មិន​ទៅ​បោះ​ឆ្នោត

ដោយ មាន ឫទ្ធិ
2022.06.06
លោក កឹម សុខា និង​អ្នក​គាំទ្រ​លោក កឹម សុខា មិន​ទៅ​បោះ​ឆ្នោត លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេលរង់ចាំទទួល​ភ្ញៀវទៅសួរសុខទុក្ខនៅគេហដ្ឋានលោក កាល​ពី​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​គាំទ្រ​លោក​មួយ​ចំនួន សម្រេច​ធ្វើ​ពហិការ មិន​ទៅ​បោះឆ្នោត​ទេ នៅ​ថ្ងៃ​ទី៥ ខែមិថុនា​នេះ។ មនុស្ស​ជំនិត​លោក កឹម សុខា ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លោក កឹម សុខា និង​អ្នក កឹម សុខា និយម មិន​ទៅ​បោះ​ឆ្នោត ព្រោះ​មិន​មាន​ជម្រើស​សម្រាប់​ពួក​គេ​ជ្រើសរើស។

លោក កឹម សុខា តុលាការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ប៉ុន្តែ​លោក​នៅតែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត នៅ​ការិយាល័យ​លេខ០៩៩៦ ដែល​មាន​ទីតាំង​នៅ​វត្ត​ចាក់​អង្រែ​លើ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ទោះ​យ៉ាង​ណា​ក្ដី មេ​ប្រឆាំង​រូប​នេះ សម្រេច​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ។

ក្រៅពី​លោក កឹម សុខា ក្រុម​អ្នក​និយម​លោក កឹម សុខា មួយ​ចំនួន​ក៏​មិន​ទៅ​បោះឆ្នោត​ដែរ​។​ ពួក​គេ​លើកឡើង​ស្រដៀងៗ គ្នា​ថា ទោះ​ពួក​គេ​មាន​សិទ្ធិ​បោះឆ្នោត​ក្ដី ប៉ុន្តែ ការ​បោះឆ្នោត​អាណត្តិ​នេះ​​មិន​ទាន់​មាន​គណបក្ស​ដែល​ពួក​គេ​​ចេញ​ចិត្ត​សម្រាប់​បោះឆ្នោត​ឲ្យ​នោះ​ឡើយ។

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​សៀម​រាប និង​ជា​មនុស្ស​ដែល​ទំនាក់ទំនង​ល្អ​នឹង​លោក​ កឹម សុខា គឺ​លោក ឃូ ហាំងមាង ឲ្យ​វិទ្យុ​អាស៊ី​សេរី​​ដឹង​ថា មាន​ហេតុ​ផល​សំខាន់​ពីរ ដែល​លោក កឹម សុខា មិន​ទៅ​បោះ​ឆ្នោត គឺ​មិន​ដឹង ត្រូវ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ដំណើរ​ការ​ឡើង​វិញ។ លោក​បន្ត​ថា ហេតុផល​មួយ​ទៀត​គឺ បើ​លោក កឹម សុខា ទៅ​បោះឆ្នោត​អាច​ប្រឈម​នឹង​តុលាការ​ចោទ​ប្រកាន់​ថា លោក កឹម សុខា ធ្វើ​សកម្មភាព​នយោបាយ ឬ​ចោទ​ថា លោក កឹម សុខា នៅ​ពី​ក្រោយ​គណបក្ស​នយោបាយ​ណា​មួយ៖ «មិន​គួរ​ទៅ​បោះ​ដោយសារ​យើង​ទៅ​បោះ​ដូច​គាំទ្រ​គេ​រំលាយ​យើង។ ទី២ បក្ស​ដែល​យើង​ទៅ​នោះ​អត់​មាន​សេចក្ដី​សង្ឃឹម​ថា មិន​ខុស​គ្នា​ពី​ទស្សនៈ​លោក កឹម សុខា ទេ មិនមែន​យើង​គាំទ្រ​គាត់​ ហើយ​យើង​ត្រូវ​តែ​ដើរ​តាម​គាត់​ទេ គឺ​គិត​ឃើញ​អ៊ីចឹង​ដូច​គ្នា»

លោក ឃូ ហាំងមាង ឲ្យ​ដឹង​ទៀត​ថា រូប​លោ​ផ្ទាល់ ក៏​មិន​ទៅ​បោះឆ្នោត​ដែរ​ ហើយ ​មាន​អ្នក​គាំទ្រ​លោក កឹម សុខា មួយ​ចំនួន​ទៀត ក៏​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​ដែរ ព្រោះ​ពួក​គេ​គ្មាន​គណបក្ស​នយោបាយ ដែល​ត្រូវ​បោះឆ្នោត​ឲ្យ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មិន​ដឹង​ថា អ្នក កឹម សុខា និយម​ ដែល​មិន​ទៅ​​បោះឆ្នោត​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ​ មន្ត្រី​ជំនិត​លោក កឹម សុខា គឺ​លោក មុត ចន្ថា បាន​បង្ហាញ​ក៏​ជំហរ​ដូច​ទៅ​លោក​ កឹម​ សុខា​ ដែរ​ គឺ​លោក​មិន​ទៅ​បោះ​ឆ្នោត​ទេ ​ព្រោះ​ មិន​មាន​គណបក្ស​នយោបាយ​ណា​មួយ​ជា​ជម្រើស​របស់​លោក។ លោក​បន្ត​ថា ការ​បោះ​មិន​ទៅ​បោះ​ឆ្នោត​នេះ​គឺ លោក​ប្រើប្រាស់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​លោក​ស្របតាម​ច្បាប់ គឺ​ការបោះឆ្នោត​ដោយ​ស្ម័គ្រចិត្ត។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ការ​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត​គឺ​សិទ្ធិ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា តាម​ច្បាប់​បោះ​ឆ្នោត មិន​បាន​ចែង​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ណា ដែល​មិន​ទៅ​បោះ​ឆ្នោត​នោះ​ឡើយ៖ «គាត់​មាន​សិទ្ធិ គាត់​មាន​ឈ្មោះ គាត់​មាន​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ គាត់​មិន​ទៅ​បោះ​ឆ្នោត នៅ​កម្ពុជា​មិន​មាន​ច្បាប់​ដាក់​ទោស​ទណ្ឌ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ទេ»

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥​នេះ​ មាន​ពលរដ្ឋ​​​​​ជាង​​​​៩​លាន​២​សែន​​​​នាក់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ណ័រវ៉េ (Norway) លោក ម៉ែន ណាត យល់​ថា លោក កឹម សុខា មិន​ទៅ​បោះ​ឆ្នោត​ពេល​នេះ ជា​ការ​បញ្ជាក់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ នៅ​តែ​​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួន​លោក និង​យុត្តិធម៌​សម្រាប់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា​ ជំហរ​លោក កឹម សុខា នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក កឹម សុខា មិន​បោះបង់​លោក កឹម សុខា ចោល​នោះ​ឡើយ៖ «ករណី​គាត់ (លោក កឹម សុខា) ជ្រើសរើស​មិន​បោះឆ្នោត​ គាត់​បន្ត​ថ្កោល​ទោស​ការ​ប្លន់​កៅអី​សភា ​ប្លន់​កៅអី​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ២០១៧ ហើយ​ខ្ញុំ​យល់​ថា គាត់​អាច​គិត​ថា ការបោះឆ្នោត​ឆ្នាំ២០២២ នេះ​ក៏​ស្រេច​តែ​លោក ហ៊ុន សែន អ្នក​ចាត់ចែង​ទេ»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ កាល​ពី​ឆ្នាំ២០១៧។កាលពី​ឆ្នាំ២០១៩ តុលាការ​បាន​អនុញ្ញាត​ឲ្យ​លោក អាច​ឱ្យ​ធ្វើដំណើរ​ក្នុង​ប្រទេស​ ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស។

លោក ម៉ែន ណាត ជំរុញ​ទៅ​លោក កឹម សុខា គួរ​បោះ​ជំហាន​បន្ត​ទៀត នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ ដោយ​បន្ត​ព្យាយាម​តស៊ូ​មតិ​តាម​ផ្លូវ​តុលាការ ហើយ​លោក កឹម សុខា គួរ​ធ្វើ​សកម្មភាព​សង្គម​ឲ្យ​សកម្ម​ជាង​មុន​ធ្វើ​យាត្រា​ទាមទារ​យុត្តិធម៌ ចុះ​ជួប​ពលរដ្ឋ​ឲ្យបាន​សកម្ម​ជាង​សព្វ​ថ្ងៃ និង​គួរតែ​ឲ្យ​មនុស្ស​ជំនិត​របស់​លោក ឲ្យ​ដំណើរ​ការ​គណបក្ស​សិទ្ធិ​មនុស្ស​ឡើង​វិញ ដោយ​ប្រើប្រាស់​សម្រាប់​ទាមទារ​យុត្តិធម៌​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។