គណបក្ស​ប្រឆាំង​ថា​ ការ​ស្លាប់​របស់​លោក ទិត រ៉ន ជា​ឃាតកម្ម​ នយោបាយ​តាម​រូប​ភាព​ថ្មី

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ការ​ស្លាប់​របស់​លោក ទិត រ៉ន កូន​សកម្មជន​គណបក្ស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ ថា​ជា​ឃាតកម្ម​នយោបាយ​តាម​រូបភាព​ថ្មី​មួយ​ទៀត​ដែល​ធ្វើឡើង​ដោយ​របប​ក្រុង​ភ្នំពេញ​។ ​ការ​លើក​ឡើង​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ខណៈ​ក្រុម​សមត្ថកិច្ច​បាន​ប្រញាប់​ប្រញាល់​បិទ​ការ​ស៊ើបអង្កេត​ករណី​នេះ​ដោយ​ធ្វើ​ការ​សន្និដ្ឋាន​ថា​ជនជាប់ចោទ​បាន​ដួល​ស្លាប់​ក្នុង​បន្ទប់​ទឹក​ក្នុង​ពន្ធនាគារ​ខេត្ត​ដោយសារ​ញៀន​ស្រា។

គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​​បាន​ទាមទារ​ឱ្យ​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ និង​ សហគមន៍​អន្តរជាតិ​ ជួយ​តាម​ដាន​ឃ្លាំមើល​ករណី​នៃ​ការ​ស្លាប់​លោក ទិត រ៉ន កូន​សកម្មជន​គណបក្ស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ និង​ទាមទារ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ដើម្បី​បញ្ឈប់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។​

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី៦ ឧសភា​នេះ​បាន​ចាត់​ទុក​ការ​ស្លាប់​កូន​សកម្មជន​គណបក្ស​លោក​ ទិត រ៉ន​ ថា ជា​ឃាតកម្ម​នយោបាយ​តាម​រូបភាព​ថ្មី​មួយ​ទៀត​ដែល​ធ្វើឡើង​ដោយ​របប​លោក​ ហ៊ុន សែន​ និង​ទាមទារ​ឱ្យ​របប​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​នេះ​ និង​ត្រូវ​រក​ឱ​ឃើញ​នូវ​អ្នក​នៅ​ពីក្រោយ​ខ្នង​ដើម្បី​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

លោក ទិត រ៉ន បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី១៨ មេសា កន្លងទៅ​បន្ទាប់ពី​បាន​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​អស់​ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស​ពី​បទ​ចោទ​ថា បាន​ប្រើប្រាស់​អំពើ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ គឹមឃឿន ​បញ្ជាក់​ថា ​សមត្ថកិច្ច​បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ហើយ​ដោយ​ចាត់​ទុក​ថា​ជនរងគ្រោះ​លោក​ ទិត រ៉ន បាន​ដួល​ស្លាប់​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ទឹក​ក្នុង​មន្ទីរ​ឃុំឃាំង​ដោយ​សារ​ញៀន ស្រា។​

លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នយោបាយ​ដូច​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ៖ «គណបក្ស​ហ្នឹង​គាត់​បាន​ដើរ​ចោទ​គេ​គ្រប់​គ្នា​អ៊ីចឹង។យើង​បាន​បំភ្លឺ​រួច​ហើយ​តើ​ ស្នង​ការ​ខេត្ត​កំពង់ចាម​ក៏​បំភ្លឺ ព្រះរាជអាជ្ញា​ខេត្ត​ក៏​បំភ្លឺ ​គេ​បាន​សន្និសីទ​សារ​ព័ត៌មាន​រួចហើយ​មូល​ហេតុ​នៃ​ការ​ស្លាប់​គាត់​ដួល​គាត់​អី​ហ្នឹង »

ព្រះរាជអាជ្ញា​ខេត្ត​កំពង់ចាម​លោក ហួត វុទ្ធី បាន​បញ្ជាក់​នៅ​ក្នុង​អង្គ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី​០១ ឧសភា ​ថា ជនជាប់ចោទ​ឈ្មោះ ទិត រ៉ន ស្លាប់​ដោយសារ​ដួល​ក្នុង​បន្ទប់ទឹក​ក្នុង​មន្ទីរ​ឃុំឃាំង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​ទេ​។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​បែបនេះ​ក្ដី​ក៏​លោក​ប្រធាន​គណៈកម្មាធិការប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ទួលព្រះឃ្លាំង លោក​ អៀម ទិត ត្រូវ​ជា​ឪពុក​ជន​រង​គ្រោះ​ប្រាប់​អាស៊ី​សេរី​ថា​កូន​ប្រុស​របស់​លោក​ស្លាប់​ដោយ​មាន​ស្នាម​វាយ​ដំ​ជា​ច្រើន​កន្លែង​ជាប់​ពេញ​ខ្លួន​ និង​មាន​ស្នាម​វាយ​បាក់​កញ្ចឹងក។ លោក​ចោទ​ប្រកាន់​ថា កូន​របស់​លោក​បាន​ទទួល​រង​នូវ​ការ​ធ្វើទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​មុន​ពេល​ស្លាប់៖ «ដល់​ពេល​គេ​យក​ឡាន​មក​ដាក់​សព​មក​ដល់​ផ្ទះ​បាន​បងប្អូន​ កូន​ក្មួយ​កូនចៅ​គេ​វែក​មុខ​មាត់​មើល​ឃើញ​របួស​លើ​ភ្នែក​ បែក​ភ្នែក​ ក​បាក់​រលេះ ស្មា​ជាំ ក្លៀក​ជាំ ឆ្អឹងជំនី​ជាំ ខ្នង​ជាំ​ទាំង​អស់​។កូន​ខ្ញុំ​ទៅ​ពី​ផ្ទះ​គេ​ហៅ​ទៅ​ហ្នឹង​ អត់មាន​របួស​ស្នាម​អត់មាន​គ្រុន​អត់មាន​ឈឺ​អ្វី​ទេ កូន​ខ្ញុំ​បង់​សំណាញ់​រាល់​ថ្ងៃ »

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត​ បញ្ជាក់​ថា​ មាន​ចំណុច​សង្ស័យ​ជាច្រើន​បាន​កើតមាន​ឡើង​ទៅ​លើ ជន រង គ្រោះ។​លោក​មាន​ប្រសាសន៍​ថា​យើង​នឹង​បន្ត​ស៊ើប​អង្កេត​ករណី​នេះ​បន្ត​ទៀត ដើម្បី​រក​ឱ្យ​ឃើញ​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ស្លាប់​នេះ៖ «ឥឡូវហ្នឹង​យើង​កំពុង​ចាប់​ផ្តើម​ស្រាវជ្រាវ​ពី​ដំណាក់កាល​នៃ​ការ​ចាប់​ខ្លួន​លោក​ ទិត រ៉ន​ រហូត​ដល់​រហូត​ទៅ​ដល់​ពេល​ស្លាប់​អញ្ចឹង​ក្នុង​ដំណាក់កាល​នីមួយៗ ហ្នឹង តើ​វា​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​លោក​ ទិត រ៉ន ខ្លះ​នៅ​ក្នុង​ដំណាក់​កាល​ទាំង​អស់​ហ្នឹង »

អាជ្ញាធរ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ទី១៥ មេសា បាន​ចាប់ខ្លួន​លោក ទិត រ៉ន កូនប្រុស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយពី​មាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដោយ​ចោទប្រកាន់​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី ១៣​ឆ្នាំ កន្លង​ទៅ។

ក្រោយ​ពី​មាន​ជម្លោះ​នៅ​ក្នុង​ភូមិ​កាល​ពី​ជាង​ ១០ឆ្នាំ​មក លោក ទិត រ៉ន បាន​រត់​ភៀស​ខ្លួន​រហូត​ដល់​ត្រឡប់​មក​ដល់​ក្នុង​ភូមិ​វិញ បាន​ជាង ១ឆ្នាំ​ទើប​សមត្ថកិច្ច​សម្រេច​ចាប់​ខ្លួន​យក​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​ខេត្ត​កំពង់ចាម។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​ស្លាប់​របស់​លោក​ ទិត រ៉ន​ មិន​ឆ្លុះ​បញ្ចាំង​ពី​ហេតុ​ការណ៍​ពិត​ និង​ព្យាយាម​គេច​ចេញ​ពី​ការ​ទទួល​ខុសត្រូវ​ ក្នុង​គោល​បំណង​បិទ​បាំង​ការ​ពិត​នូវ​ទង្វើ​ដ៏​ឃោរឃៅ​របស់​របប​ក្រុង​ភ្នំពេញ​ទៅ​លើ​ជន​រង​គ្រោះ។

គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឱ្យ​របប​លោក​ ហ៊ុន សែន​ ត្រូវតែ​ស្ដារ​ការ​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។