បក្ស​ប្រឆាំង​ជំរុញ​​សកម្មជន​ខ្លួន​កុំ​ឱ្យ​បាក់​​ទឹក​ចិត្ត​​​បន្ត​បេសកកម្ម​ជាមួយ​លោក សម រង្ស៊ី

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លើកទឹកចិត្ត​ដល់​សកម្មជន​របស់​ខ្លួន​កុំ​ឱ្យ​បាក់​ទឹកចិត្ត​ក្រោយពី​របប​ក្រុងភ្នំពេញ​កំពុង​ប្រើប្រាស់​យុទ្ធនាការ​បង្ក្រាប​គាស់​រំលើង​ឫស​គល់​បក្ស​ប្រឆាំង​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់ ប្រព័ន្ធ​យុត្តិធម៌​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង។

អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន មក​រស់នៅ​សហរដ្ឋអាមេរិក លោក ឡុង រី កាលពី​ថ្ងៃ​ទី​៧ មីនា បាន​លើកទឹកចិត្ត​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ប្រទេស​ឱ្យ​បន្ត​បេសកកម្ម​របស់​ខ្លួន​បន្ត​ទៀត ដើម្បី​រង់ចាំ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី មេដឹកនាំ​ស្ដីទី គណបក្សប្រឆាំង​ដែល​គ្រោង​វិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩​នេះ​ដើម្បី​ចាប់ខ្លួន​លោក ហ៊ុន សែន។

លោក​បញ្ជាក់​ថា ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជា​មានតែ​លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ទេ ទើប​អាច​សង្គ្រោះ​កម្ពុជា​កំពុង​មាន​វិបត្តិ៖ «បងប្អូន​ត្រូវតែ​បន្ត​បេសកកម្ម​នេះ ពង្រីក ពង្រឹង​សកម្មជន​នៅ​តាម​មូលដ្ឋាន​ដែល​មាន រង់ចាំ​ការ​វិលត្រឡប់​នេះ​ជា​ស្ថាពរ ទើប​យើង​អស់​មន្ទិល អស់​ភ័យ​អស់​ខ្លាច។ សូម​ឱ្យ​ជឿ​ថា យើង​នឹង​ធ្វើ​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ»។

ការ​អំពាវនាវ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​កើតមានឡើង​ក្រោយពី​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ចំនួន​ ៦​នាក់​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ក្រោយពី​របប​ក្រុងភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​​ខ្លួន​ទាក់ទង​នឹង​ការ​ជួបជុំ​ទទួលទាន​នំ​បញ្ចុក​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​រៀបចំ​គម្រោង​ស្វាគមន៍​លោក សម រង្ស៊ី។

សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បានចេញ​ដីកាកោះ​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៦​នាក់​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា ខាងមុខនេះ ពី​បទ​សង្ស័យ​ថា «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ទាក់ទិន​ទៅ​នឹង​ក្រុម​សកម្មជន​ទាំង​នោះ បាន​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៨ និង​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​គាំទ្រ​លោក សម រង្ស៊ី។សកម្មជន​គណបក្សប្រឆាំង​ទាំង ៦ នាក់​ដែល​តុលាការ​កោះហៅ​រួមមាន អតីត​សមាជិក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត និង​នាយក​ប្រតិបត្តិ​កំពង់ស្ពឺ​លោក ទៀង ស៊ាន អតីត​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ក្រុង​ច្បារមន អ្នកស្រី គុណ ម៉ាច អតីត​ប្រធាន​ប្រតិបត្តិ​ក្រុង​ច្បារមន លោក ស្រី ជុំ សោភ័ណ្ឌ អតីត​មេឃុំ​ជាប់ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ ឃុំ​ត្រែងត្រយឹង កញ្ញា កឹម តុលា ប្រធាន​ចលនា​ស្ត្រី​ស្រុក​ភ្នំស្រួច លោកស្រី ហែម ចន្នី អតីត​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត លោក ហុង ថេង និង​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អ្នកស្រី ឌុច នូសេរី។

អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ អ្នកស្រី ឌុច នូសេរី ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៧ មិនា ពី​កន្លែង​លាក់ខ្លួន​មក​ថា ពួកគេ​មកដល់​ទីតាំង​មាន​សុវត្ថិភាព​មែន តែ​នៅ​បារម្ភ​ពី​សុវត្ថិភាព​នៅឡើយ៖ «នាង​ខ្ញុំ​មានការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នាង​ខ្ញុំ​ផ្ទាល់ អ៊ីចឹង​បានជា​នាង​ខ្ញុំ ចាក​ចេញពី​លំនៅឋាន​របស់ខ្ញុំ​ដោយ​ខ្ញុំ​មិន​ជឿ​ទៅលើ​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា​យើង​ទេពី​ព្រោះ​វា​មិន​សុក្រឹត​មិនមែន​ការពារ​ផលប្រយោជន៍​ពិតប្រាកដ»។

ចំណែក​អតីត​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ក្រុង​ច្បារមន អ្នកស្រី គុណ ម៉ាច វិញ​ទទូច​ដល់​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ឱ្យ​ជួយ​តាមដាន​ឃ្លាំមើល​សុវត្ថិភាព ក្រោយពី​ពួកគេ​បាន​ទៅដល់​ទីតាំង​មាន​សុវត្ថិភាព​នោះ៖ « ខ្ញុំ​សំណូមពរ​ឱ្យ​អ្នកយកព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជួយ​ឃ្លាំមើល​ពី​សុវត្ថិភាព​ក្រុម​ពួក​ខ្ញុំ​ទាំង ៦​នាក់​នេះ។ សំណូមពរ​ឱ្យ​ខាង​អង្គការ ឬក៏​ស្នងការ សហប្រជាជាតិ​ជួយ​ផ្តល់​សិទ្ធិ​ជ្រកកោន​ឱ្យ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ផង»។

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ចាកចេញ​របស់​មន្ត្រី​គណបក្សប្រឆាំង​ថា គ្រាន់តែ​ចង់បាន​សិទ្ធិ​ជ្រកកោន​ប្រទេស​ទី​៣ និង​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ពី​ក្រៅ​ប្រទេស៖ «ចេញ​ទី​ដើម្បី​ប្រមូល​គ្នីគ្នា​នៅ​ក្រៅ​ប្រទេស ដែល​យើង​មើល​ឃើញ ជា​យុទ្ធសាស្ត្រ របៀប​រៀបចំ​ឱ្យ​មាន​ឧទ្ទាម​ខាងក្រៅ ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​មក​រដ្ឋាភិបាល​វិញ»។

គិត​មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ១០០​នាក់​ហើយ បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​របប​លោក ហ៊ុន សែន ក្រោយ​បក្ស​ប្រឆាំង​ដ៏​ធំជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​របប​នេះ រំលាយ​ទាំង​ខុសច្បាប់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។