ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ហ៊ុន សែន ថា លោក សម រង្ស៊ី ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ម៉ាឡេស៊ី គឺ​ជា​ការ​ប្រឌិត

ដោយ សុជីវី
2023.06.01
ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ហ៊ុន សែន ថា លោក សម រង្ស៊ី ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ម៉ាឡេស៊ី គឺ​ជា​ការ​ប្រឌិត លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និង​ថ្នាក់ដឹកនាំគណបក្ស ក្នុងជំនួបជាមួយ​តំណាងរាស្ត្រ​​នៃ​គណបក្ស​កាន់​អំណាច​របស់​ម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ឧសភា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មន្ត្រី​គណបក្ស​ប្រឆាំង​ថា ព័ត៌មាន​ដែល​ថា លោក សម រង្ស៊ី ត្រូវ​បាន​គេ​បណ្តេញ​ពី​ប្រទេស​ម៉ាឡេស៊ី ជា​ព័ត៌មាន​ក្លែង​ប្រឌិត​ដោយ​ក្រុមគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេ​ថា លោក សម រង្ស៊ី ដែល​បាន​ចូល​ទឹកដី​ប្រទេស​ម៉ាឡេស៊ី​ជាថ្មី មិនមែន​កើតឡើង​ដោយ​ចៃដន្យ ឬ​ក្នុង​នាម​ជា​អ្នក​ដំណើរ​ធម្មតា ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ឡើយ។

ការ​អនុញ្ញាត​របស់​ប្រទេស​ម៉ាឡេស៊ី​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ជាន់​ទឹកដី​របស់​ខ្លួន​ជា​លើក​ទី​២ កាល​ពី​ថ្ងៃទី​៣០ ខែ​ឧសភា ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន អាម៉ាស់មុខ ព្រោះ​លោក​ធ្លាប់​ថ្លែង​អួតអាង​ជា​សាធារណៈ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​មិន​ស្វាគមន៍​លោក សម រង្ស៊ី ទៀត​ឡើយ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ និង​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​លោក ម៉ម ផល្លា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ថា លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី​ជាថ្មី គឺ​ធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​អ្នកនយោបាយ​ប្រជាធិបតេយ្យ និង​មិនមែន​មក​ដោយ​លួចលាក់ ដូច​ការ​ចោទ​របស់​លោក ហ៊ុន សែន ឡើយ​។ លោក​បញ្ជាក់​ថា ក្រៅពី​ជួប​សហការី​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក សម រង្ស៊ី ក៏បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​តំណាងរាស្ត្រ​មកពី​គណបក្សកាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែរ។

លោក ម៉ម ផល្លា៖ «រឿង​អញ្ជើញ ឬ​មិន​អញ្ជើញ​(​មន្ត្រី​ម៉ាឡេស៊ី​អញ្ជើញលោក សម រង្ស៊ី) ខ្ញុំ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ តែ​គ្រាន់តែ​ដឹង​ច្បាស់​ថា លោក​ប្រធាន សម រង្ស៊ី គាត់​អញ្ជើញ​មក​នេះ មិនមែន​ជា​ការ​មក​ដើរ​លេង​នោះ​ទេ គឺ​គាត់​មក​ក្នុង​ក្របខណ្ឌ​ជា​អ្នក​ធ្វើ​ការងារ។ ហើយ​ដូច្នេះហើយ អ្នក​ប្រជាធិបតេយ្យ​ដូចគ្នា គេ​ដឹង គេ​ចេះ របៀប​ធ្វើការ​ក្នុង​ក្របខណ្ឌ​អ្នកនយោបាយ​ដែល​ធ្វើការ​យូរ​ឆ្នាំ​មក​ហើយ»

ការ​លើកឡើង​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ ស្របពេល​លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងទន្លេ និង​ស្ពាន​អាកាស​ឫស្សីកែវ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ជាមួយគ្នា​ថា ដំណើរ​របស់​លោក សម រង្ស៊ី ចូល​ប្រទេស​ម៉ាឡេស៊ី​ជាថ្មី​នេះ គឺ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម មិន​បាន​ដឹង​មុន​ឡើយ​។ លោក ហ៊ុន សែន អះអាង​ថា លោក សម រង្ស៊ី ចូល​តាមរយៈ​ក្រុមហ៊ុន​វិស័យ​ឯកជន និង​ប្រើប្រាស់​លិខិតឆ្លងដែន​បារាំង ដោយ​លោក​សំអាង​ថា ពីព្រោះ​លោកនាយក​រដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្លាប់​បាន​សន្យា​ជាមួយ​លោក​ចំនួន​៤​ដង ថា នឹង​មិន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ជាន់​ទឹកដី​ម៉ាឡេស៊ី​នោះ​ទេ។

លោក ហ៊ុន សែន៖ «គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។ ឯកឧត្តម អ៊ីប្រាហ៊ីម អាន់វ៉ា បាន​និយាយ​ជាមួយ​ខ្ញុំ​ច្បាស់​ថា មិន​ឱ្យ​មក​ទេ ហើយ​ខ្ញុំ​ក៏បាន​និយាយ​ថា បើសិនជា​ឱ្យ​(​លោក សម រង្ស៊ី) មក​គឺ​ថា រដ្ឋាភិបាល​យើង​មើល​មុខ​គ្នា​អត់​ត្រង់។ ហើយ​គេ​បាន​(​ចូល​ប្រទេស​ម៉ាឡេស៊ី​) ប៉ុណ្ណឹង​ហើយ អួត​នោះ​អួត មិន​ត្រឹមតែ​អួត​បាន​មក​ជាន់​ទឹកដី​ម៉ាឡេស៊ី​ទេ អួត​បាន​មក​ជាន់ទឹក​ដី​ថៃ​ទៀត ចាំមើ​លៗ ចាំ​មើល​វា​អួត​ដល់​ណា​ទៀត»

ទោះបីជា​លោក ហ៊ុន សែន ថ្លែង​ដូច្នោះ​ក្តី ប៉ុន្តែ​លោក សម រង្ស៊ី រួម​ទាំង​ភរិយា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត បន្ទាប់ពី​បាន​បញ្ចប់​បេសកកម្ម​ជួប​ជាមួយ​សកម្មជន និង​ក្រុម​តំណាងរាស្ដ្រ​ម៉ាឡេស៊ី​រួច ពួក​លោក​ក៏បាន​ដើរ​កម្សាន្ត​នៅក្នុង​ទីក្រុង​កូឡាឡាំពួរ។ លើស​ពី​នេះ លោក សម រង្ស៊ី និង​គណៈប្រតិភូ​បាន​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី ដោយមាន​ក្រុម​សកម្មជន ជូន​ដំណើរ​ដល់​ព្រលាន​យន្តហោះ និង​គ្មាន​អាជ្ញាធរ ឬ​ប៉ូលិស​ម៉ាឡេស៊ី ទៅ​ចាប់បង្ខំ​ឱ្យ​លោក​ចាកចេញ​ដូច​ការ​អះអាង​របស់​ព័ត៌មាន​គាំទ្រ​លោក ហ៊ុន សែន ឡើយ។

លោក សម រង្ស៊ី និង​គណៈប្រតិភូ បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៩ ឧសភា និង​បាន​ជួប​តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​មួយ​ចំនួន ជជែក​អំពី​បញ្ហា​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​របប​លោក ហ៊ុន សែន កំពុងតែ​បំផ្លាញ​ចោល ថ្វី​ត្បិត​មន្ត្រី​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ព្យាយាម​ទៅ​រារាំង និង​សុំ​ឲ្យ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី កុំ​ឱ្យ​លោក សម រង្ស៊ី បន្ត​នៅ​ម៉ាឡេស៊ី​ក្ដី។

ស្របពេល​ម៉ាឡេស៊ី​នៅតែ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី ប៉ុន្តែ​លោក ហ៊ុន សែន នៅ​តែ​សង្ឃឹម​ថា ប្រទេស​ថៃ​ដែល​នឹង​មាន​រដ្ឋាភិបាល​ថ្មី កើត​ចេញ​ពី​ការបោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ នឹង​មិន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូល​ទឹកដី​របស់​ខ្លួន ដូចជា​ម៉ាឡេស៊ី​ឡើយ។ លោក ហ៊ុន សែន ព្រមាន​ជាមុន​ថា លោក​នឹង​ឱ្យ​គេ​ប្រើ​កាំភ្លើង​ធំ ឬ​គ្រាប់​បេ ប៊ី​.​អឹម​២១ ដើម្បី​បាញ់​កម្ទេច ប្រសិន​បើ​លោក សម រង្ស៊ី ដឹកនាំ​ក្រុម​អ្នកគាំទ្រ​ឆ្លងដែន​ប្រទេស​ថៃ ដើម្បី​វិល​ចូល​កម្ពុជា​វិញ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ឃើញ​ថា មេដឹកនាំ​ម៉ាឡេស៊ី​លោក​លោក អាន់វ៉ា អ៊ីប្រាហ៊ីម មិន​អាច​មិន​ដឹង​ជាមុន​ថា លោក សម រង្ស៊ី ធ្វើ​ដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ​។ លោក​បន្ត​ថា ជម្លោះ​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុង​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក ដូច្នេះ ដំណើរ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ជា​អ្នកនយោបាយ​កម្រិត​ខ្ពស់​មួយ​រូប ដែល​មាន​ការ​តស៊ូ​ក្នុង​នយោបាយ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណាមួយ រដ្ឋាភិបាល​និង​មេដឹកនាំ​ប្រទេស​នោះ ប្រាកដ​ជា​ដឹង​មុន​មិន​ខាន។

លោក គឹម សុខ៖ «ពីព្រោះ​ជា​ដំណើរ​មួយ ដែល​វា​មាន​លក្ខណៈ​ជា​នយោបាយ​កម្រិត​ខ្ពស់​។ កម្រិត​ខ្ពស់​ហ្នឹង ទី​១ ការ​តស៊ូ​នយោបាយ​របស់​លោក សម រង្ស៊ី ដើម្បី​ប្រជាធិបតេយ្យ ហើយ​កម្រិត​ខ្ពស់​មួយទៀត វា​មាន​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល ជាមួយនឹង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ដូច្នេះ ដំណើរ​របស់​លោក សម រង្ស៊ី ប្រាកដ​ណាស់ មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ដែល​លោក សម រង្ស៊ី ទៅដល់​ណុង ប្រាកដជា​ដឹង មិនមែន​មិនដឹង​ទេ»

លោក គឹម សុខ បន្ត​ទៀត​ថា ទោះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​គណបក្ស​ភ្លើងទៀន កំពុង​រង​ការ​ខ្ទប់​មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត ប៉ុន្តែ​ស្មារតី​ចង់បាន​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មិនអាច​បិទ​ខ្ទប់​បាន​ឡើយ។ លោក​លើកឡើង​ទៀត​ថា លោក សម រង្ស៊ី ដែល​ជា​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៅពេល​កាន់តែ​ហ៊ាន​ធ្វើ​សកម្មភាព​កៀក​សមរភូមិ​នយោបាយ​នៅ​កម្ពុជា នឹង​អាច​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ ហ៊ាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ដូច្នេះហើយ​តែង​ធ្វើ​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន ព្រួយ​បារម្ភ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​មើល​ឃើញ​ទៀត​ថា លោក សម រង្ស៊ី អាច​ចូល​ទៅដល់​ទឹកដី​ប្រទេស​ថៃ​ឬ​អត់ គឺ​អាស្រ័យ​លើ​នយោបាយ​ការទូត​របស់​លោក សម រង្ស៊ី ផ្ទាល់ ធ្វើ​យ៉ាងណា​ឱ្យ​មាន​លក្ខណៈ​ស្រប​រដ្ឋធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​តាម​ស្មារតី​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ទាមទារ​ឱ្យ​មាន​ការផ្សះផ្សា​ជាតិ រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នយោបាយ​នៅ​កម្ពុជា និង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ហ៊ាន​ប្រើ​សិទ្ធិ​ទាមទារ​យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​លោក សម រង្ស៊ី នឹង​មាន​ឱកាស​ធំ​អាច​ជាន់​ទឹកដី​ប្រទេស​ថៃ​បាន​។ លោក គឹម សុខ បញ្ជាក់​ថា ពីព្រោះ​ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី សុទ្ធតែ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ និង​មាន​គោលការណ៍​ដឹកនាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ​ដូចគ្នា ហើយ​ប្រទេស​ទាំងនោះ នឹង​មិន​ខ្វល់ខ្វាយ​ជុំវិញ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អាមេរិក​ផ្ដល់​ជំនួយ ១៨​លាន​ដុល្លារ​មក​កម្ពុជា​វិញ តែ​មិន​បាន​ទទួល​ស្គាល់​ថា ការ​បោះឆ្នោត​ត្រឹមត្រូវ​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។