មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​បាត់​អំណាច​ដោយសារ​គម្រោង CLV

ដោយ មាន ឫទ្ធិ
2024.08.12
មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​បាត់​អំណាច​ដោយសារ​គម្រោង CLV លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​មើល​ឃើញ​ថា លោក ហ៊ុន សែន ដែល​ឪពុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​បាត់បង់​អំណាច​ដោយសារ​កម្លាំង​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ងើប​ប្រឆាំង។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ព្រមាន​ថា ជា​ថ្មី​ថា លោក​នឹង​បង្ក្រាប​លើ​ពលរដ្ឋ​ណា ដែល​ចេញ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដូច​ប្រទេស​បង់ក្លាដេស្ហ (Bangladesh)។

មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ចរន្ត​មហាជន​ងើប​តវ៉ា​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​ពិសេស​ដូច​ទឹក​បាក់​ទំនប់​បាន​វាយ​ផ្ទប់​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន រសាប់រសល់​ក្នុង​ចិត្ត ដោយ​ខ្លាច​កម្លាំង​មហាជន​ងើប​តវ៉ា​ប្រឆាំង​មេ​ដឹកនាំ​ផ្ដាច់ការ​ដូច​ប្រទេស​បង់ក្លាដេស្ហ ដែល​ហានិភ័យ​ដល់​អំណាច​គ្រួសារ​ត្រកូល ហ៊ុន។

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន មើល​ឃើញ​ថា ស្ថានការណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន ទោះ​បី​ជា​លោក ហ៊ុន សែន ព្យាយាម​បកស្រាយ​ថា កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) នឹង​មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​វៀតណាម​យ៉ាង​ក្តី ក៏​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​មិន​ជឿជាក់​លើ​ការ​បកស្រាយ​នោះ​ដែរ។ លោក​បញ្ជាក់​ថា មូលហេតុ ដែល​ពលរដ្ឋ​លែង​ទុក​ចិត្ត ដោយសារ​ទង្វើ​របស់​លោក ហ៊ុន សែន ជាមួយ​ប្រទេស​វៀតណាម​កន្លង​មក ដូច​ជា លោក ហ៊ុន សែន អនុវត្ត​នយោបាយ​ដឹង​គុណ​វៀតណាម ដែល​ជា​អ្នក​លើក​បន្តុប​គាត់​ឱ្យ​បាន​ដឹកនាំ​កម្ពុជា តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៨០។ លោក ហ៊ុន សែន បាន​គំរាម​ព្រះមហាក្សត្រ​ឱ្យ​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម កាល​ពី​ឆ្នាំ២០០៥ ដែល​លោក អ៊ំ សំអាន យល់​ឃើញ​ថា សន្ធិសញ្ញា​នេះ​ធ្វើ​ឱ្យ​កម្ពុជា​បង់​ទឹកដី ជាពិសេស កោះត្រល់​ឱ្យ​ទៅ​វៀតណាម​កន្លង​មក។

លោក អ៊ំ សំអាន៖ «ព្យាយាម​បកស្រាយ​មេច ក៏​ប្រជាពលរដ្ឋ​មិន​គាំទ្រ​គាត់​ដែរ ដល់​ដំណាក់កាល​នេះ ពលរដ្ឋ​លែង​ជឿ​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ត្រកូល ហ៊ុន ទៀត​ហើយ អ៊ីចឹង​បាន​ជា​គាត់​ខ្លាច​អស់​អំណាច​ត្រឹម​លោក ហ៊ុន ម៉ាណែត ហ្នឹង​ឯង។ អ៊ីចឹង​ហើយ​បាន​ជា​គាត់​ភ័យ​ខ្លាច ស្លន់ស្លោ គំរាម​ចាប់​គេ​ដាក់​ពន្ធនាគារ​ឱ្យ​តែ​ហ៊ាន​និយាយ​រឿង CLV ហ្នឹង ជាពិសេស អ្នក​នយោបាយ​មិន​គួរ​ធ្វើ​នយោបាយ​ថោកទាប​អ៊ីចឹង​ទេ»

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​បញ្ចេញ​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ដាក់​ខេត្ត​ខ្មែរ​ចំនួន៤ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) នៅ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ព្រោងព្រាត ដោយ​ក្នុង​នោះ​រួម​ទាំង​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ផងដែរ។ ពួក​គាត់​ប្រកាស​មិន​គាំទ្រ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម និង​ឡាវ ដោយ​ខ្លាច​បាត់បង់​ទឹកដី​ដូច​សម័យ​អតីតកាល។ អ្នក​ខ្លះ​ស្នើ​លោក ហ៊ុន សែន ឱ្យ​បោះ​ឆ្នោត​ស្ទង់មតិ រីឯ​អ្នក​ខ្លះ​លើក​ឡើង​ថា មនុស្ស ដែល​នៅ​ក្បែរ​លោក ហ៊ុន សែន ចេញ​សារ​គាំទ្រ​គម្រោង CLV ធ្វើ​ឡើង ដោយ​បង្ខំ​ចិត្ត ដោយ​មិន​បាន​កើត​ចេញ​ពី​ឆន្ទៈ​ពិត​នោះ​ទេ។

ទាក់ទង​រឿង​នេះ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និយាយនៅក្នុងប្រព័ន្ធតេឡេក្រមនៅថ្ងៃទី១២ ខែសីហា​ថា លោក​មិន​អាច​ដក​ខ្លួន​ចេញ​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម​តាម​សំណើ និង​ក្តី​កង្វល់​របស់​ពលរដ្ឋ​បាន​ទេ ពីព្រោះ​គម្រោង CLV ជា​កិច្ច​សហប្រតិបត្តិការ ដើម្បី​ផល​ប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​សង្គម ដោយ​នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹកដី​ឱ្យ​វៀតណាម​ឡើយ។ ទន្ទឹម​នឹង​នេះ​លោក ហ៊ុន សែន ខឹង​ច្រលោត និង​ព្រមាន​បង្ក្រាប​លើ​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​ហ៊ាន​ចេញ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​តំបន់​ត្រីកោណ ដែល​លោក​ចោទ​ថា ក្រុម​ប្រឆាំង​នៅ​ពី​ក្រោយ។

លោក ហ៊ុន សែន៖ «ប៉ុន្តែ​សារ​បញ្ជូន​ពី​ខាង​ក្រៅ​ញុះញង់​ឱ្យ​បងប្អូន​ទទួល​ការ​វិនាស​ពិបាក​នឹង​ស្រោចស្រង់ នេះ​មិនមែន​ជា​ការ​គំរាម​ទេ ប៉ុន្តែ គឺ​ការ​និយាយ​បញ្ជាក់​ច្បាស់​អំពី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​មិន​អាច​ទុក​ឱ្យ​មនុស្ស​ប៉ុន្មាន​នាក់​បំផ្លាញ​សេចក្តីសុខ​របស់​បងប្អូន​ប្រជាជន ១៧លាន​នាក់​បាន​ឡើយ មាន​អ្នក​ខ្លះ​ឃើញ​ហេតុការណ៍​នៅ​បង់ក្លាដេស្ហ ប្រៀបធៀប​ហេតុការណ៍​ប្រទេស​កម្ពុជា សូម​សាកល្បង​មើល ប្រសិនបើ​អ្នក​អាច​ចាត់​ទុក​ថា ខ្លួន​ឯង​ជា​អ្នក​ខ្លាំង​សូម​អញ្ជើញ​សាកល្បង»

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​មួយ​ចំនួន នៅ​ថ្ងៃ​ទី១២ ខែសីហា បាន​បង្កើត​ក្រុម​ប្រព័ន្ធ​តេឡេក្រាម​មួយ​ឈ្មោះ​រួបរួម ដើម្បី​ជាតិ។ ក្រុម​នោះ​បាន​ប្រកាស​គ្រោង​ប្រមូលគ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី១៨ ខែសីហា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV)

លោក អ៊ំ សំអាន មើល​ឃើញ​ថា លោក ហ៊ុន សែន សុខចិត្ត​បង្ក្រាប និង​ចាប់​ពលរដ្ឋ​ខ្មែរ ដែល​ឈឺឆ្អាល​រឿង​ទឹកដី​ដាក់​គុក តែ​មេ​បក្ស​ប្រជាជន​កម្ពុជា​រូប​នេះ មិន​ដក​ខ្លួន​ចេញ​ពី​គម្រោង CLV តាម​សំណើ​របស់​ពលរដ្ឋ​ឡើយ ដោយ​លោក​គិត​ថា លោក ហ៊ុន សែន ទំនង​មាន​កិច្ចសន្យា​ដោះដូរ​ផល​ប្រយោជន៍​អំណាច​ជាមួយ​មេ​ដឹកនាំ​វៀតណាម។ ប៉ុន្តែ លោក​ថា ស្ថានការណ៍​សង្គម​ដុនដាប​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​មិន​ខ្លាច​ការ​គំរាម ឬ​បំបាក់​ទឹក​ចិត្ត​ក្នុង​ងើប​តស៊ូ​ស្វែងរក​យុត្តិធម៌​ដោយ​សន្តិវិធី​ឡើយ។

អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការ​ចេញ​តវ៉ា​រឿង​ទឹកដី​ជា​ការ​សិទ្ធិ​សេរីភាព ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​លែង​ជឿ ចំពោះ​ការ​អះអាង​របស់​លោក ហ៊ុន សែន ទៀតហើយ ដោយសារ​បញ្ហា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​បាត់បង់​ទឹកដី​ឱ្យ​ទៅ​វៀតណាម​នៅ​ជាប់​ដិតដាម​មក​ដល់​សព្វថ្ងៃ។ ដូច្នេះ វិធី​គំរាម​កំហែង​លើ​ពលរដ្ឋ​មិនមែន​ជា​ដំណោះស្រាយ​ដោយ​សន្តិវិធី​នោះ​ទេ ផ្ទុយ​ទៅ​វិញ សកម្មភាព​បំបិទ​សិទ្ធិ​សេរីភាព​ទាំង​នោះ គឺ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​បញ្ឆេះ​កំហឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ខឹង​សម្បារ​ងើប​ប្រឆាំង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កាន់តែ​ច្រើន។

លោក ស៊ឹង សែនករុណា៖ «រូបភាព​គំរាម​កំហែង​ដាក់​កងទ័ព និង​ការ​ប្រើប្រាស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៅ​បិទបាំង​សំឡេង​បញ្ចេញ​មតិ វា​ជា​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​យើង​ផង ផ្ទុយ​ពី​កតិកាសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង​ឡាយ​ផង។ អ៊ីចឹង អា​ហ្នឹងជា​រឿង​បង្ហាញ​កាន់តែ​ច្បាស់​ពី​អំពើ​ផ្ដាច់ការ អំពើ​រឹតត្បិត​សិទ្ធិ​សេរីភាព ដែល​មិន​សក្ដិសម​កើត​មាន​នៅ​ក្នុង​ប្រទេស​យើង​តែងតែ​អះអាង​ថា ជា​សង្គម​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឬ​សន្តិភាព​ទាំង​ហ្នឹង»

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន អូស្ត្រាលី អាមេរិក កាណាដា​ជា​ដើម បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ងាក​មក​ស្តាប់​មតិ​របស់​ប្រជាពលរដ្ឋ ដោយ​បញ្ឈប់​ដាក់​ខេត្ត​ខ្មែរ​ចំនួន៤ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV)។ ពួក​គាត់​ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​នឹង​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​គ្រាប់​ទីកន្លែង​រហូត​ដល់​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
បទសម្ភាសន៍៖ អតីត​មនុស្ស​ជំនិត​សម្ដេច​ក្រុមព្រះ​ថា លោក ហ៊ុន សែន ជ្រៀតជ្រែក​ព្រះមហាក្សត្រ​លើ​ការ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។