មន្ត្រីបក្សប្រឆាំងថា ការធានារបស់លោក ស ខេង ឱ្យគណបក្សនយោបាយធ្វើសកម្មភាពដោយសេរីភាព នឹងបន្តគ្មានប្រសិទ្ធភាព
2023.03.13

មន្ត្រីគណបក្សប្រឆាំងបានលើកឡើងថា គណបក្សខ្លួននៅតែមិនអាចធ្វើសកម្មភាពបានពេញលេញឡើយ ដោយសារបន្តស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បើទោះជាមានការប្រកាសឱ្យបើកចំហពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្តបន្ទាប់ក្ដី។ មន្ត្រីសង្គមស៊ីវិលយល់ថា ក្រសួងមហាផ្ទៃគួរចាត់វិធានការច្បាប់ទៅលើអាជ្ញាធរ ឬសមត្ថកិច្ច ដែលយាយីរំខានការធ្វើសកម្មភាពរបស់គណបក្សនយោបាយ ជាជាងការប្រកាសដដែលៗ គ្មានប្រសិទ្ធភាព។
ស្របពេលបណ្ដាគណបក្សនយោបាយកំពុងបង្កើនសកម្មភាពចុះជួបសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួននៅតាមបណ្ដារាជធានីខេត្ត នៅមុនការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសជាថ្មីណែនាំឱ្យអាជ្ញាធរ និងកម្លាំងប៉ូលីសគ្រប់ជាន់ថ្នាក់នៅតាមមូលដ្ឋាន ត្រូវបង្កលក្ខណៈងាយស្រួលឱ្យគ្រប់គណបក្សនយោបាយអាចធ្វើសកម្មភាពបានដោយរលូន។
មន្ត្រីនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ មីនាថា ជាទូទៅ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែប្រកាសណែនាំអាជ្ញាធរថ្នាក់ក្រោម ត្រូវជួយសម្រួលដល់ការធ្វើសកម្មភាពពីបណ្ដាគណបក្សនយោបាយទាំងអស់ ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោមបានធ្វើផ្ទុយជារឿយៗ ហើយនាំឱ្យការប្រកាសរបស់រដ្ឋមន្ត្រីមហាផ្ទៃកន្លងមក ហាក់គ្មានប្រសិទ្ធភាពឡើយ។
លោកបន្តថា ថ្វីត្បិតនៅពេលនេះ លែងមានការប្រើកាយវិការ និងពាក្យសម្ដីគំរាមកំហែងដោយផ្ទាល់ដូចពេលកន្លងទៅ ប៉ុន្តែ អាជ្ញាធរតាមមូលដ្ឋាននៅតែចុះទៅស្ដាប់ ឃ្លាំមើល និងថតរូបពលរដ្ឋណា ដែលទៅចូលរួមកម្មវិធីជួបសំណេះសំណាលរបស់គណបក្សភ្លើងទៀន និងជារូបភាពមួយបន្តធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ពលរដ្ឋទាំងនោះ ខ្លាចរអាលែងចង់ចូលរួមក្នុងសកម្មភាពរបស់គណបក្ស ដែលមិនមែនជាគណបក្សកាន់អំណាច។
ការលើកឡើងពីមន្ត្រីគណបក្សភ្លើងទៀននេះ ធ្វើឡើងបន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនៅក្នុងពិធីបុណ្យផ្ការៃអង្គាសថវិកាកសាងសកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១២ មីនា ដោយបានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ថា ត្រូវបើកចំហឱ្យគ្រប់គណបក្សនយោបាយ អាចធ្វើសកម្មភាពបានពេញលេញស្មើៗ គ្នា ជាពិសេស ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតនៅពេលខាងមុខ។
លោក ស ខេង បន្តថា ចំណែកប្រជាពលរដ្ឋដែលចូលរួមនៅក្នុងសកម្មភាពនានា របស់គណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ជាពិសេស នៅអំឡុងការឃោសនារកសំឡេងឆ្នោត ក៏ត្រូវតែចូលរួមចៀសវាងកុំឱ្យមានអំពើហិង្សាដែរ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញរាជសារផ្ញើទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយអំពាវនាវឱ្យពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ថា ត្រូវទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងលើគ្រប់វិស័យរបស់ប្រទេសជាតិ។
នៅក្នុងរាជសារបន្តថា ព្រះអង្គបានស្នើពលរដ្ឋកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កាត់ ការគំរាមកំហែង ឬការសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឱ្យសោះ ហើយត្រូវប្រើប្រាស់សិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ជៈរបស់ខ្លួន ដែលមានទំនុកចិត្តលើបេក្ខជន និងគណបក្សនយោបាយណាមួយដោយសេរី។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ឃើញថា ដើម្បីឱ្យការប្រកាសរបស់លោក ស ខេង មានប្រសិទ្ធភាព សម្រាប់អាជ្ញាធរថ្នាក់ក្រោមយកទៅអនុវត្តឱ្យបានត្រឹមត្រូវ ទាល់តែមានវិធានការច្បាប់ ឬការដាក់ពិន័យចំពោះមន្រ្តីណា ដែលធ្វើល្មើសសេចក្ដីប្រកាសនេះ។
កាលពីអំឡុងមុនពេលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីខែមិថុនា ឆ្នាំ២០២២ ធ្លាប់មានសេចក្ដីរាយការណ៍ថា សកម្មជនគណបក្សភ្លើងទៀនជាច្រើននាក់ បានក្លាយជាជនរងគ្រោះ ដោយសារការទទួលរងអំពើហិង្សាតាមរូបភាពផ្សេងៗ ដូចជា ការព្រួតវាយធ្វើបាបពីជនមិនស្គាល់មុខ ការគប់ដុំថ្មចូលផ្ទះ និងការជិះម៉ូតូដេញបុកប៉ុនប៉ងសម្លាប់ជាដើម ប៉ុន្តែករណីទាំងនោះ គឺក្រសួងមហាផ្ទៃពុំដែលវែកមុខរកឃើញជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជន នឹងត្រូវធ្វើឡើងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។