មេន​គរ​បាល​ថា រោង​តង់​របស់​កងទ័ព​វៀតណាម​ចំនួន ២៨៧កន្លែង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន៩ មិន​ទាន់​រើចេញ​វិញ​នៅ​ឡើយ​ទេ

0:00 / 0:00

មេន​គរ​បាល​ជាតិ​កម្ពុជា ឱ្យ​ដឹង​ថា មក​ទល់​ពេលនេះ រោង​តង់​កងទ័ព​វៀតណាម​ចំនួន ២៨៧កន្លែង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន៩ នៅ​មិនទាន់​រើចេញ​វិញ​នៅ​ឡើយ​ទេ​ ហើយ​នៅ​តែ​មាន​កងទ័ព​វៀតណាម​ឈរ​ជើង​ប្រចាំ​ការ​ដដែល។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​វិធា​ការបន្ទាន់​លើ​បញ្ហា​នេះ​ដោយ​ចោទប្រកាន់​ថា អ្វី​ដែល​វៀតណាម​ធ្វើជា​ការរំលោភ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា និង​មានបំណង​ចង់​លេប​យក​តំបន់​ដែល​មិនទាន់​មានការ​ឯកភាព​ព្រំដែន។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៧ ខែកក្កដា តំបន់​ព្រំដែន​នៃ​ខេត្ត​ទាំង៩ របស់​កម្ពុជា​ដែល​វៀតណាម កំពុង​បោះ​រោង​តង់​នោះ​រួមមាន ខេត្ត​កណ្ដាល តាកែវ កំពត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​ព្រំដែន​ខេត្ត​មណ្ឌលគិរី។ លោក​បន្ត​ថា រោង​ដែល​វៀតណាម​បោះតង់​នោះ ទំហំ ៤ គុណ ៥ម៉ែត្រ និង​មាន​កងទ័ព​វៀតណាម​ប្រចាំការ​ពី​បី​នាក់​ទៅ​ប្រាំ​ពីរ​នាក់។ លោក​ថា កងទ័ព​វៀតណាម​ចាប់​ផ្ដើម​សាងសង់​រោង​តង់​នេះ​ចាប់​ពី​ថ្ងៃ​ទី២០ ខែ​មីនា ខណៈ​មាន​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​មាន​សរុប​ទាំងអស់​ចំនួន ២៩៥តង់ ប៉ុន្តែ​លោក​ថា ក្រោយ​ពី​មានការ​អន្តរាគមន៍​ជំទាស់​ពី​អាជ្ញាធរ​កម្ពុជា កងទ័ព​វៀតណាម​រើ​តង់​ចេញ​វិញ​ខ្លះ គឺ​នៅ​សល់​ចំនួន ២៨៧ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន៖ «ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​ស្ថានភាព​ប្រែប្រួល​មួយ​ចំនួន​ដោយ​ភាគី​វៀតណាម​បាន​រុះរើ​ចេញ​តែ​ម្ដង​តង់​ចំនួន ៨តង់ ហើយ​បាន​រើ​ថយ​ក្រោយ​ចំនួន ១៦តង់ តង់​ដែល​បាន​រុះរើ​នេះ​នៅ​ព្រំដែន​ខេត្ត​កណ្ដាល ៧តង់ ត្រូវ​បាន​រើ​ចេញ និង​មួយ​តង់​ទៀត នៅ​ព្រំដែន​ខេត្ត​ព្រៃវែង។ ដោយ​ឡែក តង់​ដែល​រើ​ចេញ​ហ្នឹង ជាប់​ព្រំដែន​ខេត្ត​កណ្ដាល​ដែរ ៤តង់ និង​ត្បូង​ឃ្មុំ ១២តង់។ ដូច្នេះ​តង់​ដែល​វៀតណាម​សល់​នៅ​ខ្សែ​បន្ទាប់​ព្រំដែន គឺ​មាន ២៨៧ទេ»

លោក​ឆាយ គឹម​ខឿន បញ្ជាក់​ថា ក្នុងចំណោម​រោង​តង់ ២៨៧ នោះ មាន​រោង​តង់​ចំនួន ៤០ វៀតណាម​បាន​បោះ​នៅ​តំបន់​មិន​ទាន់​មានការ​ឯកភាព​គ្នា​ក្នុង​ការវាស់វែង​ខ្សែបន្ទាត់​ព្រំដែន។ លោក​ថា ក្រៅពី​នេះ​ក៏​មាន​រោង​តង់​មួយ​ចំនួន​ទៀត វៀតណាម​បោះនៅ​លើ​ដី​របស់​គេ​ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​ពី​ប្រមាណ​ពី ៣០ម៉ែត្រ ទៅ ១០០ម៉ែត្រ។ លោក​ថា បើ​ផ្អែក​តាម​បើ​កិច្ច​សហប្រតិបត្តិ​ការណ៍ នៃ​ប្រទេស​ទាំង​ពីរ​នៃ​ចម្ងាយ​ដែល​ភាគី​វៀតណាម​បោះតង់​នោះ ​គឺ​តម្រូវ​ឱ្យ​វៀតណាម​ត្រូវ​ជួន​ដំណឹង​ឱ្យ​ភាគី​កម្ពុជា​ដឹង ប៉ុន្តែ​លោក​ថា វៀតណាម​មិនបាន​ប្រាប់​កម្ពុជា​នោះ​ទេ។

កាល​ពី​ខែ​ឧសភា ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​ព្រំដែន​ទៅ​វៀតណាម​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​យោធា​ទាំងអស់​ចេញ​ និង​បញ្ឈប់​សកម្មភាព​នានា​ ដើម្បី​រក្សា​ស្ថានភាព​ដើម​នៅ​ក្នុង​តំបន់​នោះ។ ប៉ុន្តែ ក្រសួង​ការ​បរទេស​វៀតណាម​បាន​បាន​ឆ្លើយ​តាមរយៈ​កំណត់​ទូត​របស់​ខ្លួន​កាល​ពី​ចុង​ខែ​ឧសភា​ថា ការ​បោះតង់​ទាំង​នោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខណ្ឌសីមា ​និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ស្ដីពី​ការ​បន្ត​បោះតង់​របស់​កងទ័ព​វៀតណាម​នេះ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំ​អាន ដែល​ទទួល​បន្ទុក​កិច្ចការ​ឃ្លាំមើល​បញ្ហា​ព្រំដែន រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បង្ហាញ​ជំហរ​ទន់ជ្រាយ​លើស​កម្ម​ភាព​នៃ​ការ បោះ​តង់​របស់​កងទ័ព​វៀតណាម​នេះ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ហ៊ាន​តតាំង​ជាមួយ​វៀតណាម​ដោយ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ឬ​ប្ដឹង​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពី​ការ​រំលោភ​បំពាន​នេះ៖ «ស្នើ​ទៅ​លោក ហ៊ុន សែន ប្ដឹង​ទៅ​វៀតណាម​ទៅ​កាន់​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ជំរុញ​ទៅ​វៀតណាម​ដក​តង់​ត្រឡប់​ទៅ​វៀតណាម​វិញ កុំ​យក​លេស​ថា ចាំ​ចប់​ជំងឺ​កូវីដ - ១៩ មិន​ដឹង​ថា ពេល​ណា​បាន​ចប់​ទេ នេះ​គ្រាន់​តែ​លេស​ក្នុង​ការ​ឈ្លានពាន​បូរណភាព​ទឹក​ដី​កម្ពុជា​ហ្នឹង​ឯង »

លោក អ៊ុំ សំ​អាន ជា​បទពិសោធន៍​កន្លងមក​ពេល​វៀតណាម​ចង់​យក​ទឹកដី​ខ្មែរ​មុនដំបូង​គេដាក់​កងទ័ព​នៅ​តំបន់​ដែល​មិនទាន់​មាន​ឯកភាព​គ្នា​ជាមុន​សិន​រួចហើយ​ទើប​មានការ​ចរចា​តាម​ក្រោយ ហើយ​ជា​ទម្លាប់​បើ​កងទ័ព​វៀតណាម​ឈរជើង​ត្រឹមណា​គឺ​វៀតណាម​ទាមទារ​កំណត់​ថា​ទីនោះ​ជា​ដែនដី​របស់​ខ្លួន។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ព្រួយបារម្ភ​ថា ករណី​វៀតណាម​បោះតង់​នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​មានការ​ឯកភាព​គ្នា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកដី​នៅ​តំបន់​នោះ។ លោក រ៉ុង ឈុន លើកឡើង​ថា រូបភាព​ដែល​កងទ័ព​វៀតណាម​បោះតង់​នេះ មិនមែន​ដើម្បី​បង្ការ ឬ​ទប់​ស្កាត់​ជំងឺ​កូវីដ​នោះ ប៉ុន្តែ​ប្រៀប​ដូចជា​ការ​ដាក់​ខ្សែ​ត្រៀម ដើម្បី​ប្រុង​ធ្វើអ្វី​មួយ​គួរ​ឱ្យ​សង្ស័យ៖ «បើ​សិន​អូស​បន្លាយ​ឱ្យ​បញ្ហា​ហ្នឹង​បន្ត​យូរ​ទៅៗ យើង​បារម្ភ​ខ្លាច​បាត់បង់​នូវ​ទឹក​ដី​របស់​យើង​ព្រោះ​ដែល​បោះ​មក​លើ​ដែន​អធិបតេយ្យ​នៃ​កម្ពុជា​យើង​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​ថា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​សរសេរ​លិខិត​ចំហ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្រាប់​ទៅ​លោក ហ៊ុន សែន ត្រូវ​ក្លាហាន​ប្ដឹង​វៀតណាម ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។ លោក​ក៏​លើក​ទឹក​ចិត្ត​ទៅ​ពលរដ្ឋ​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី ជំរុញ​ទៅ​រដ្ឋាភិបាល​ចាត់ វិធានការ​ឱ្យ​ម៉ឹង​ម៉ាត់​លើ​ករណី​នេះ។ រហូត​មក​ទល់​ពេល​នេះ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ព្រមទាំង​មន្ត្រី​កំពូលៗ ដទៃ​ទៀត ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​មិនដែល​និយាយ​អ្វី​សោះ​អំពី​ករណី​វៀតណាម​បោះ​តង់​តាម​តំបន់​ព្រំដែន​នេះ ប៉ុន្តែ​គេ​សង្កេត​ឃើញ​មេ​ដឹក​នាំ​ទាំង​នេះ តែងតែ​ប្រើ​ភាសា​បង្ក​សង្គ្រាម ឬ​ភាសា​ហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជា​មួយ​ពលរដ្ឋ​ខ្លួន​ឯង​ដែល​មាន​និន្នាការ​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។