តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ពីគណបក្ស សង្គ្រោះជាតិ ម្នាក់ គឺលោក គង់ បូរ៉ា ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយថ្មីៗ ពីរបបឯកបក្សក្រុងភ្នំពេញ កាលពីថ្ងៃទី៧ មីនា បានដាក់លិខិតស្នើសុំរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលលោកចូលបម្រើការងារនៅនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលវិញ។
លោក គង់ បូរ៉ា សរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) ថា ដោយសារលោកទើបរួចពីបម្រាមធ្វើនយោបាយ កាលពីខែមករា ដូចនេះ លោកស្នើសុំចូលបម្រើការងារជាមន្ត្រីរាជការ ឡើងវិញ ទៅតាមភាពអនុគ្រោះរបស់គោលនយោបាយរាជរដ្ឋាភិបាល សម្រាប់កាលៈទេសៈពិសេសនេះ។
លោក គង់ បូរ៉ា ប្រាប់សារព័ត៌មានក្នុងស្រុក (គេហទំព័រថ្មីៗ) នៅថ្ងៃទី៨ មីនាថា លោកធ្លាប់ជាឧត្ដមមន្ត្រី (ក្របខ័ណ្ឌ ក) នៅក្រសួងកសិកម្ម មុនពេលលោក ប្រឡូកចូលឆាកនយោបាយ ទៅធ្វើជាតំណាងរាស្ត្រ ២អាណត្តិ ឲ្យគណបក្សប្រឆាំង៖ « ខ្ញុំបានដាក់ពាក្យសុំចូលបម្រើការងារឡើងវិញ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈនៃបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ ( សារ ) ខ្ញុំយល់ថា ខ្ញុំមិនទាន់ចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សណាមួយ ក្រៅពីគណបក្ស សង្គ្រោះជាតិ ទេ»។
លោក គង់ បូរ៉ា ជាសមាជិកគណបក្ស សង្គ្រោះជាតិ ម្នាក់ ក្នុងចំណោម ១១៨នាក់ ដែលតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយនៅកម្ពុជា។ តែយ៉ាងណា លោក និងឪពុករបស់លោក គឺលោក គង់ គាំ ជាមនុស្សដំបូងដូចគ្នា ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយពីរបបឯកបក្សឡើងវិញ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់ថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងកសិកម្ម យល់ព្រមទទួលលោក គង់ បូរ៉ា ចូលក្របខ័ណ្ឌវិញ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ត្រូវផ្ដល់សិទ្ធិឲ្យគ្រូបង្រៀន ១១នាក់ បានទទួលក្របខ័ណ្ឌវិញដែរ៖ « យើងឃើញហើយថា អ្វីដែលយើងមិនអាចធ្វើបាន គឺងាយបំផុតទៅលើតែបុរសខ្លាំងម្នាក់។ បើសិនមានការអនុគ្រោះ ពីបុរសខ្លាំង ទោះបីជ្រែកមេឃ ជ្រែកដី ប៉ុណ្ណា ក៏រឿងដែលថា យ៉ាប់បំផុត គឺទៅដោយរលូន។ ដោយឡែក យ៉ាងណាមិញ ចំពោះរឿងលោក គង់ បូរ៉ា និងគ្រូបង្រៀនយើង ១១នាក់ ដែលយើងបានសុំចូលក្របខ័ណ្ឌដើមវិញនេះ វាមិនខុសអ្វីពីគ្នាទេ។ បើសិនជាលោកគ្រូ អ្នកគ្រូទាំង ១១នាក់ហ្នឹងទៅសុំសិទ្ធិដូចលោក គង់ បូរ៉ា សុំចុះចូលអ្វី ទទួលកំហុសខុសឆ្គងអ្វី ខ្ញុំគិតថា រលូន។ ប៉ុន្តែលោកគ្រូអ្នកគ្រូ យើង អត់មានខុសអ្វី ត្រូវសុំទោសណា»។
គ្រូបង្រៀន ១១នាក់ ក្នុងនោះ មានអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន ផង ត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដកក្របខ័ណ្ឌ និងលុបឈ្មោះចេញពីក្រសួងអប់រំ ដោយគ្មានការជូនដំណឹង ឬលិខិតព្រមាន ក្រោយពួកគេបានលាឈប់ពីតួនាទីសមាជិក គ.ជ.ប និងខ្លះទៀត ជាសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំង ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។
យ៉ាងណាក្ដី រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនទាន់ចេញប្រកាសផ្ដល់ក្របខ័ណ្ឌឲ្យលោក គង់ បូរ៉ា នៅឡើយទេ គិតត្រឹមព្រលប់ថ្ងៃទី៨ មីនា៕