ពលរដ្ឋ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា

ដោយ ម៉ៅ សុធានី
2023.10.21
ពលរដ្ឋ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា (រូបកណ្ដា) និងភរិយា (ខាងស្ដាំ) ពេលត្រូវបាន​បញ្ជូនមកសវនាការនៅតុលាការ។
រូប៖ ហ្វេសប៊ុកកូនលោក ថាច់ សេដ្ឋា

ក្រុម​ពលរដ្ឋ​រិះគន់​តុលាការ​ក្រុងភ្នំពេញ​ថា កំពុង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ​ដោយសារតែ​តុលាការ​មិន​ឈរ​លើ​គោលការណ៍​អព្យាក្រឹត និង​យក​ស្ថាប័នរដ្ឋ​បម្រើ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ដោយ​គ្រាន់តែ​លោក​និយាយ​ការពិត​ពី​ប្រវត្តិ​របស់​បក្ស​កាន់អំណាច។

ក្រុម​ពលរដ្ឋ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ឥត​លក្ខខណ្ឌ​។ ពួកគាត់​អះអាង​ថា ការ​និយាយ​ពី​ប្រវត្តិសាស្ត្រ​មិនមែន​ជា​រឿង​ខុសច្បាប់​នោះ​ឡើយ។

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន លោកស្រី ម៉ូរី បូរ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ តុលា ថា លោកស្រី ហួសចិត្ត និង​មិន​អាច​ទទួល​បាន​ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ទាំង​អយុត្តិធម៌​បែប​នេះ។ លោកស្រី​បន្ត​ថា តុលាការ​គួរតែ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ប្រសិនបើ​មិន​ចង់ឱ្យ​ពលរដ្ឋ​រិះគន់។ លោកស្រី ម៉ូរី បូរ៉ា បញ្ជាក់​ថា នៅ​ថ្ងៃទី​២២ ខែ​តុលា ខាង​ក្រុម​ពលរដ្ឋ​រស់នៅ​ប្រទេស​ជប៉ុន​គ្រោង​ធ្វើ​កម្មវិធី​រំលឹក​ខួប​លើក​ទី​៣២ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​និង​លើកឡើង​ពី​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​ជាពិសេស លោក ថាច់ សេដ្ឋា ផង​ដែរ។

លោកស្រី ម៉ូរី បូរ៉ា៖ «ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​តំណាង​ឱ្យ​ពលរដ្ឋ​ដែល​ស្រឡាញ់​ជាតិនិយម​តាម​លទ្ធិប្រជាធិបតេយ្យ​គឺ​នាង​ខ្ញុំ​មិន​ចង់ឱ្យ​សង្គម​យើង​មាន​រូបភាព​បែប​ហ្នឹង​ទេ ចំពោះ​ការ​កាត់​ក្ដី​លើ​ពូ ថាច់ សេដ្ឋា ក៏ដូចជា​សកម្មជន​ផ្សេងៗ​ទៀត​វា​ជា​រឿង​អាប់មុខអាប់មាត់​សម្រាប់​ប្រទេសជាតិ​យើង»

ដោយឡែក​សកម្មជន​គណបក្ស​ភ្លើងទៀន និង​ជា​អតីត​សហការី លោក ថាច់ សេដ្ឋា គឺ​លោក ផន ផាន់ណា ថ្លែង​ថា ការណ៍​ដែល​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត សម្រេច​ផ្ដន្ទាទោស​លោក សេដ្ឋា បែបនេះ​គឺ​ជា​អំពើ​អយុត្តិធម៌ និង​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​នយោបាយ​ផ្សេងទៀត​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​។ លោក​បន្ត​ថា បើ​ចង់ឱ្យ​តុលាការ​ឯករាជ្យ​ទាល់តែ ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត ចេញ​ជាមុន​សិន។

លោក ផន ផាន់ណា៖ «និយាយ​ពី​ការ​លះបង់​វិញ​គឺជា​គាត់​ជា​មនុស្ស​លះបង់​ខ្លាំង​មែនទែន គាត់​ប្រាប់​ខ្ញុំ​ច្រើន​ពី​ការ​អូសទាញ​របស់​គណ​បក្ស​កាន់អំណាច​ហ្នឹង ប្រសិនបើ​គាត់​ចុះចូល​ជាមួយ​គេ​ហ្នឹង​គេ​ប្រគល់​នេះ​ប្រគល់​នោះ​ឱ្យ​តួនាទី​នេះ​តួនាទី​នោះ​ឱ្យ​ច្រើន​គាត់​នៅតែ​មិន​ព្រម​បម្រើ​រដ្ឋាភិបាល​អ៊ីចឹង»

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​គឺ​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​នៅ​ថ្ងៃទី​១៨ តុលា បាន​ប្រកាស​សាលក្រម​ឱ្យ​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​បន្ថែម​ទៀត និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល លើ​សំណុំរឿង ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​មាន​ការរើសអើង​ពូជសាសន៍​ទាំង​ដែល លោក​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​ការ ការ​ថែទាំ​ពី​ក្រុម​គ្រួសារ​។ ទង្វើ​រំលោភបំពាន​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាតិ និង​អន្តរជាតិ​ហួសចិត្ត និង​មិនអាច​ទទួល​យក​បាន ដោយ​គ្រាន់តែ​លោក ថាច់ សេដ្ឋា ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ខ្លួន​តែប៉ុណ្ណោះ​។ កាលពី​ថ្ងៃទី​២១ ខែកញ្ញា កន្លង​មក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៨ ខែ ក្នុង​សំណុំរឿង​ទី​១ ទាក់ទង​នឹង​ការ​ចេញ​សែក​ស្អុយ ឬ​សែក​អត់​ប្រាក់។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា មិនមែន​ជា​រឿង​ចំឡែក​ទេ​ដែល​ពលរដ្ឋ​ចាត់ទុក​ការសម្រេច​របស់​តុលាការ​គឺជា​រឿង​នយោបាយ ពីព្រោះ​កន្លង​មក​តុលាការ​មិនដែល​ឈរ​លើ​គោលការណ៍​ឯករាជ្យ​ស្រាប់​ទៅ​ហើយ។ លោក​បន្ត​ការ​បញ្ហា​នយោបាយ​នេះ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​កាន់តែ​ធ្លាក់ចុះ។

លោក នី សុខា ៖ «បើ​យើង​ដណ្ដើម​អំណាច​គ្នា​គួរតែ​ឈរ​លើ​ការបោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេចចិត្ត​ទៅ​អ្នកណា​ជាប់​អ្នកណា​ធ្លាក់​ស្ថិត​នៅ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេចចិត្ត​ទៅ ហើយ​យើង​ងាក​ទៅ​ដឹក​ដៃ​គ្នា​ទាំង​គណបក្ស​ប្រឆាំង​ក៏ដោយ​ទាំង​គណបក្ស​មិន​ប្រឆាំង​ក៏ដោយ​គឺ​យើង​ងាក​ទៅ​ដឹក​ដៃ​គ្នា​កសាង​ប្រទេសជាតិ​យើង​ទៅ​ឱ្យ​មានការ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ដូច​អ្វី​ដែល​ជា​សិទ្ធិ​ដែល​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ទៅ​ខ្ញុំ​គិតថា​យើង​អាច​កសាង​ប្រទេសជាតិ​យើង​រឹងមាំ​ហើយ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២០ ខែ​តុលា ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​សម្រេច​របស់​តុលាការ​គឺជា​ការ​អនុវត្ត​ច្បាប់។

លោក សុខ ឥសាន៖ «ទៅ​និយាយ​ណា​ច្រៀង​ណា​ច្រៀង​ទៅ ទៅ​និយាយ​បរិហារកេរ្តិ៍​គេ​យើង​ទៅ​លាប​ពណ៌​គេ យើង​ទៅ​មូល​បង្កាច់​គេ​ជា​គេ​មនុស្ស​ដែល ខ្លួនឯង​ចេះតែ​និយាយ​បាត​ណា​បាត​ណី​អត់​គិត​សិទ្ធិ​គេ​ម៉េច​កើត​អាហ្នឹង​វា​អ៊ីចឹង ថាច់ សេដ្ឋា ជាមួយ សុន ឆ័យ វា​គូកន​តែមួយ​វា​អត់​ខុសគ្នា​ទេ​ហើយ​វា​ចេញ​មក​អី​ចេញ​មក​ពី​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​វា​អ៊ីចឹង»

លោក ថាច់ សេដ្ឋា អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ជាន់ខ្ពស់ មាន​ដើមកំណើត​ខ្មែរក្រោម ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣។ លោក ថាច់ សេដ្ឋា អាយុ​៧០​ឆ្នាំ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​មួយចំនួន​ដូចជា ជំងឺ​បេះដូង ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។