ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​រិះគន់​មន្ត្រី​ស្ថានទូត​ថា ខ្ជិលច្រអូស

ដោយ ប្រាជ្ញ ចេវ
2024.10.17
ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​រិះគន់​មន្ត្រី​ស្ថានទូត​ថា ខ្ជិលច្រអូស ទិដ្ឋភាពស្ថានទូតខ្មែរប្រចាំ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ តុលា ២០២៤។
RFA

ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​រិះគន់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​ វ៉ាស៊ីនតោន​ថា ខ្វះ​ការ​យក​ចិត្ត​ទុក ធ្វើ​អនាម័យ និង​សម្អាត​រៀបចំ​បរិវេណ​ស្ថានទូត និង​និវេសនដ្ឋាន ឬ​កន្លែង​ស្នាក់នៅ​អគ្គរាជទូត​ស្នាក់នៅ​ឱ្យ​មាន​សោភ័ណភាព។ ពួកគាត់​ស្នើ​ឱ្យ​មន្ត្រី​ស្ថានទូត​កាត់​ស្មៅ និង​បោស​សំរាម​នៅ​ជុំវិញ​ស្ថានទូត ដែល​ជា​កន្លែង​តំណាង​ឱ្យ​ជាតិ​មួយ​នេះ​​បាន​ត្រឹមត្រូវ​ឡើងវិញ។

ស្លឹកឈើ​ស្វិត​ក្រៀម​ជ្រុះ​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ ដើម​ឈើ​ខ្លះ​វល្លិ​ព័ទ្ធ​ ចំណែក​ស្មៅ​ចុះ​ពេញ​ដេសដាស​ តាំង​ពីក្រោយ​ដល់​មុខ​ និង​នៅ​តាម​របង​នៅ​បរិវេណ​អគារ​លេខ​៤៥៣០ នៅ​ផ្លូវ​លេខ​១៦​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វនីញ៉ា (California) លោកស្រី ស៊ិន ម៉ាសែល ដែល​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ប្រាប់​ថា លោកស្រី​ភ្ញាក់​ផ្អើល​ពេញ​នៅ​បរិវេណ​ស្ថានទូត​ មាន​ស្មោះ​ដុះ​វែងៗ​បែប​នេះ។ លោកស្រី​បន្ត​ថា រូបភាព​បែប​នេះ​ជា​ការ​បង្ហាញ​ថា​ មន្ត្រី​ទូត​មិនមែន​មក​ធ្វើ​ការ​ទេ តែ​ទំនង​មក​ដេកស៊ី។

លោកស្រី ស៊ិន ម៉ាសែល៖ «ឥឡូវ​នេះ សូម​ផ្ដាំ​ទៅ​ស្ថានទូត​ដែល​ធ្វើ​ការ​ហ្នឹង​កុំ​ឱ្យ​តែ​ដេក​តែស៊ី​ស៊ី​តែ​ដេក​ណា​ សូម​ឱ្យ​មើល​រៀបចំ​បោស​សំអាត​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ឱ្យ​គេ​ដឹង​ថា នេះ​តំណាង​ឱ្យ​ខ្មែរ។ ដល់​ឆ្អេះអ៊ីចឹង​ទៅ​ប្រទេស​ផ្សេងៗ​គេ​មក​មើល​គេ​ថា ខ្មែរ​អ៊ីចឹង​​តាមពិត​ខ្មែរ​អត់​មាន​អ្នក​​ឆ្អេះទេ ព្រោះ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​ ព្រះពុទ្ធសាសនា​ព្រះអង្គ​បង្រៀន​កូនចៅ​ឱ្យ​ចេះ​សម្អាត»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ម្នាក់​ទៀត លោកស្រី សំ វឌ្ឍនា យល់​ថា ការ​បំពេញ​ការងារ និង​រស់នៅ​របស់​មន្ត្រី​ទូត​ប្រចាំ​សហរដ្ឋអាមេរិក​ខ្វះ​ការរៀបចំ និង​ខ្វះ​អនាម័យ។ លោកស្រី​យល់​ថា ស្ថានទូត​ស្ថានទូត​បែប​នេះ បង្ហាញ​ថា មន្ត្រី​ស្ថានទូត​ខ្វិល​ច្រអូស​ ចំណែក​ការ​បំពេញ ការងារ​បម្រើ​ពលរដ្ឋ ឬ​ការ​បង្កើត​​ទំនាក់ទំនង​ជាមួយ​បរទេស​​ក៏​ទំនង​មាន​ភាព​ស្ពឹក​ស្រពន់​ដែរ។

លោកស្រី សំ វឌ្ឈនា៖ «គិត​ឃើញ​ថា ការ​រៀបចំ និង​អ្នក​ធ្វើការ​នៅ​ស្ថានទូត​ហ្នឹង​ខ្វះ​ការរៀបចំ​របៀបរៀបរយ​ ហើយ​បង្ហាញ​អត្តចរិត​ខ្មែរ​ដូច​ថា យើង​ក្នុង​ស្ថានទូត​​មួយ​ហ្នឹង​គេ​ដែរ រួច​ការ​រៀបចំ​ជុំវិញ​ហ្នឹង​វា​មាន​ភាព​គគ្រិច»

បើ​ទោះជា​ស្ថានទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក ​មាន​អគារ​ធំ​ល្អ​ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ដើម្បី​ឱ្យ​មន្ត្រី​​បំពេញ​ការងារ​ និង​បម្រើ​សេវា​​ជូន​ពលរដ្ឋ​ក្ដី ប៉ុន្តែ​នៅ​ជុំវិញ​អគារ​នេះ​ហាក់​ដូច​កន្លែង​គ្មាន​មនុស្ស​ធ្វើ​ការ ឬ​ជា​ទីតាំង​ដែល​គេ​ទុក​ចោល។ ទីតាំង​នេះ ក្រៅ​ពី​មាន​អគារ​ស្ថានទូត​ ក៏​មាន​អគារ​និវេសនដ្ឋាន​ ជា​កន្លែង​ស្នាក់នៅ​ផ្លូវការ​របស់​ឯកអគ្គរាជទូត​ និង​កន្លែង​តម្កល់​រូប​សំណាក ​ព្រះបាទ​ ជ័យវរ្ម័ន ​ទី៧ ក៏​មិន​បាន​កាត់​ស្មៅ ឬ​រៀបចំ​ឱ្យ​បាន​សមរម្យ​នោះ​ដែរ។

ទាក់ទង​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក ប៉ុន្តែ​មន្ត្រី​ដែល​លើក​ទូរស័ព្ទ​សុំ​មិន​អត្ថាធិប្បាយ​ទេ ដោយ​ជំរុញ​វិទ្យុ​អាស៊ីសេរី​ផ្ញើ​សំណួរ​តាម​អ៊ីមែល​វិញ។ ទោះ​យ៉ាងណា បើ​ទោះ​ជា​វិទ្យុ​អាស៊ីសេរី បាន​ផ្ញើ​សំនួរ​តាម​អ៊ីមែល​​ក្ដី តែ​ខាង​ស្ថានទូត​មិន​ទាន់​ឆ្លើយ​បំភ្លឺ​រឿង​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ លោក ជុំ សន្ទរី ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ នៅ​ថ្ងៃ​ទី១៦ ខែ​តុលា។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ចង់​ឃើញ​រដ្ឋសភា​សួរ​ដេញដោល​​ទៅ​ក្រសួង​ការបរទេស ពី​ការ​ចំណាយ​ថវិកា​លើ​​ខ្មែរ​មន្ត្រី​ស្ថានទូត​ និង​ការ​ចំណាយ​ថវិកា​លើ​ថ្លៃ​រៀបចំ​អនាម័យ​នៅ​ស្ថានទូត​ឱ្យ​ពលរដ្ឋ​បាន​ដឹង។ អ្នកស្រី​បន្ត​ថា ប្រទេស​កម្ពុជា មាន​វប្បធម៌ និង​អរិយធម៌​ល្អ ប៉ុន្តែ​នៅ​ពេល​អ្នកស្រី ឃើញ​សំរាម​ពេញ​ទីធ្លា​ស្ថានទូត​បែប​នេះ​មិន​ដឹង កម្ពុជា​ត្រូវ​បង្ហាញ​មោទនភាព​ជាតិ​ឱ្យ​បរទេស​ដឹង​តាម​របៀប​ណា​នោះ​ទេ។

អ្នកស្រី មូរ សុខហួរ«ប្រទេស​អាមេរិក​ជា​ប្រទេស​ដែល​មាន​អំណាច​ ហើយ​វ៉ាស៊ីនតោន​ទៀត​​ជា​ទីក្រុង​រដ្ឋបាល​នៃ​ប្រទេស​មួយ​ដែល​មាន​អំណាច​ហើយ​ស្ថានទូត​ខ្មែរ​បង្ហាញ​នូវ​ភាព​ថ្លៃថ្នូរ​ជា​តំណាង​នៃ​ភាព​ថ្លៃថ្នូរ​គេ​ចាប់​ផ្ដើម​ដំបូង​គេ​មើល​ដំបូង​គេ​មើល​ទង់ជាតិ​​ បង​ប្អូន​អញ្ជើញ​ទៅ​មើល​ទង់ជាតិ​យើង​នៅ​ផ្ទះ​លោក​ទូត​ឡើង​កញ្ចាស់​ ហើយ​ទង់ជាតិ​នៅ​នេះ​(មុខ​ស្ថានទូត)​ក៏​ឡើង​កញ្ចាស់​មោទនភាព​អត់​មាន អ៊ីចឹង​យើង​មើល​ទាំង​ស្មៅ​ទាំង​អី​វា​មិន​គួរ​សោះ»

ក្រុម​ពលរដ្ឋ​លើកឡើង​ថា ប្រសិនបើ​ស្ថានទូត​ខ្វះ​ថវិកា ទិញ​ម៉ាស៊ីន​កាត់​ស្មៅ ​ឬ​គ្មាន​ថវិកា​ជួល​គេ​កាត់​ស្មៅ ពួកគាត់​នឹង​រ៉ៃ​ប្រាក់​​គ្នា​ផ្ដល់​ឱ្យ​ស្ថានទូត​ដើម្បី​ធ្វើ​អនាម័យ និង​រៀបចំ​សោភណភាព​ជុំវិញ​ស្ថានទូត​ឱ្យ​បាន​ល្អ​ឡើងវិញ។ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន មាន​ទីតាំង​នៅ​បណ្ដោយ​ផ្លូវ​លេខ​១៦​ ជា​តំបន់​នៃ​តាំង​ស្ថានទូត​បណ្ដា​ប្រទេស​ផ្សេង​ទៀត ប៉ុន្តែ ស្ថានទូត​ប្រទេស​ដទៃ​បាន​រៀបចំ​កាត់​ស្មៅ​ឬ​បោស​សំរាម​នៅ​បរិវេណ​ស្ថានទូត​របស់​គេ​បាន​សមរម្យ​ សូម្បី​ពលរដ្ឋ​ធម្មតា​នៅ​​តំបន់​នេះ ឬ​កន្លែង​ផ្សេង​ទៀត នៅ​សហរដ្ឋអាមេរិក​ក៏​រៀបចំ​មាន​សណ្ដាប់ធ្នាប់​​ល្អ​ជាង​ស្ថានទូត​កម្ពុជា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។