ពលរដ្ឋខ្មែរនៅអឺរ៉ុបដាក់ញត្តិទៅសហភាពអឺរ៉ុបឱ្យជួយដោះលែងលោក កឹម សុខា និងស្ដារប្រជាធិបតេយ្យឡើងវិញ
2019.03.01

ពលរដ្ឋខ្មែររស់នៅអឺរ៉ុប ជាង២០០នាក់ ទាមទារឱ្យសហភាពអឺរ៉ុបបន្ថែមសម្ពាធលើរបបលោក ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការទាមទារនេះធ្វើឡើងតាមរយៈញត្តិមួយច្បាប់ដែលបាតុករបានដាក់ទៅសភាសហភាពអឺរ៉ុបកាលពីថ្ងៃទី១ ខែមីនា បន្ទាប់ពីពួកគេបានធ្វើបាតុកម្មនៅខាងមុខ សភាសហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium)។
តំណាងអ្នកតវ៉ា លោក ថៃ មករា ឱ្យដឹងតាមទូរស័ព្ទថា ពលរដ្ឋខ្មែររស់នៅអឺរ៉ុបបានដាក់ញត្តិថ្មីនោះទៅការិយាល័យការបរទេសនៃសហភាពអឺរ៉ុបទាមទារឱ្យសហភាពអឺរ៉ុបបន្ថែមទណ្ឌកម្ម និងសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ «ទំនិញគ្រប់មុខលើកលែងតែអាវុធ» ឬហៅកាត់ថាEBA រឹតត្បិតទិដ្ឋាការ ព្រមទាំងបង្កកទ្រព្យសម្បត្តិមន្ត្រីគ្រាក់ៗរួមទាំង ហ៊ុន សែន និងក្រុមគ្រួសារផងដែរ៖ «យើងចង់ឱ្យពន្លឿនហ្នឹងពីព្រោះថា របបក្រុងភ្នំពេញគាត់ឆ្លៀតពេលគេធ្វើបែបបទរបស់គេនីតិវិធី (ដកប្រពន្ធអនុគ្រោះពន្ធ)ហ្នឹងឯង ដើម្បីទាញពេលវេលា ដើម្បីសម្លាប់អ្នកប្រជាធិបតេយ្យក្នុងរយៈពេលដែលគេកំពុងធ្វើកិច្ចការហ្នឹង។ ដូច្នេះយើងជម្រាបគេ (សហភាពអឺរ៉ុប) ឱ្យច្បាស់អ៊ីចឹង គឺសូមឱ្យពន្លឿនទៅឱ្យដូចធ្វើជាមួយប្រទេសវេណេហ្ស៊ុយអេឡា (Venezuela) អ៊ីចឹងបាទ»។
បាតុករបាននាំគ្នាដើរក្បួននៅតាមផ្លូវមួយចំនួនក្នុងទីក្រុងប្រ៊ុចសែល ដោយកាន់ទង់ជាតិកម្ពុជា ទង់សហភាពអឺរ៉ុប ទង់គណបក្សសង្គ្រោះជាតិ ទង់ជាតិនៃបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងបដាជាច្រើន ដែលមានន័យសេចក្ដីទាមទារឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហានៅកម្ពុជា។ ពួកគេបានស្រែកទាមទារជាភាសាខ្មែរផងបារាំងផង និងអង់គ្លេសផង ឱ្យអឺរ៉ុបជួយពួកគេដោះលែងលោក កឹម សុខា និងធានាការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា។
សហភាពអឺរ៉ុប បានចាប់ផ្ដើមនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA កាលពីថ្ងៃទី១២ ខែកុម្ភៈ ដោយទុកពេលឱ្យរបបលោក ហ៊ុន សែន ដោយទុកពេលឱ្យរបបនេះ១២ខែ ដើម្បីស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ជាថ្នូរនឹងការមិនព្យួរការអនុគ្រោះពន្ធនេះ។ ត្រឹមខែ មករា ឆ្នាំ ២០២០ គណៈកម្មការអឺរ៉ុប នឹងចេញសេចក្ដីសម្រេចស្ថាពរមួយ ដោយសម្រេចថាព្យួរ ឬមិនព្យួរការអនុគ្រោះពន្ធនេះ។ បើសហភាពអឺរ៉ុបសម្រេច ព្យួរការអនុគ្រោះពន្ធនេះមែន សហភាពអឺរ៉ុបនឹងយកពន្ធ ការនាំចេញទំនិញពីកម្ពុជា ចាប់ពីពាក់កណ្ដាលឆ្នាំ២០២០ តទៅ៕