តុលាការ ​បន្ត​សួរ​សំណួរ​លោក កឹម សុខា ដដែលៗ រឿង​បោះឆ្នោត​ឆ្នាំ២០១៣

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ​អះអាង​ថា តុលាការ ​នៅតែ​បន្ត​ចោទសួរ​លោក កឹម សុខា ដដែលៗ ពាក់ព័ន្ធ​នឹង​រឿង​បោះឆ្នោត​កាលពី​ឆ្នាំ២០១៣។ មេធាវី និង​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា វិធី​របស់​តុលាការ​នេះ​ ធ្វើឲ្យ​សំណុំរឿង​របស់​លោក កឹម សុខា ​កាន់តែ​អូស​បន្លាយ​ពេល និង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​លោក​ថែមទៀត។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែឧសភា បាន​បន្ត​សវនាការ​សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឡើង​វិញ បន្ទាប់​ពី​ផ្អាក​កាលពី​មួយ​សប្ដាហ៍​មុន។សវនាការ​លើក​ទី៣៩ នេះ តុលាការ​នៅតែ​បន្ត​ចោទ​សួរ​លោក កឹម សុខា​ ដូច​លើក​មុនៗ ដែរ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ២០១៣។

សហ​មេធាវី​មួយ​រូប​របស់​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ក្រោយ​ចេញពី​តុលាការ​ថា ក្នុង​បន្ទប់​សវនាការ តុលាការ​មិន​បាន​លើក​ឡើង​ពី​ការ​កោះហៅ​តំណាង​រដ្ឋ​បរទេស​ដែល​មេធាវី​រដ្ឋាភិបាល ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា នេះ​ មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នកស្រី ​បញ្ជាក់​ថា តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល​បន្ត​សួរ​សំណួរ​ជាន់​នឹង​សំណួរ​របស់​ចៅក្រម​ស៊ើប​សួរ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បោះឆ្នោត​កាលពី​ឆ្នាំ២០១៣។ អ្នកស្រី​ យល់​ថា តុលាការ និង​មេធាវី​ដើម​បណ្ដឹង​ មិន​គួរ​សួរ​ជជីក​ឫស​កាយ​រឿង​បញ្ហា​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ នេះ​មក​ចោទសួរ​លោក កឹម សុខា​ ដដែលៗ នោះ​ទេ ​​ព្រោះ​​រឿង​នេះ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ចរចា​ផ្នែក​នយោបាយ​ដោះស្រាយ​រួចរាល់​ហើយ​តាមរយៈ​វប្បធម៌​សន្ទនា កាល​ពី​ឆ្នាំ២០១៤៖ « ក្នុង​កិច្ច​ព្រមព្រៀង ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០១៤ នោះ ​គឺ បាន​បញ្ចប់​បញ្ហា​ដែល​បាន​កើត​ឡើង​គឺ​បញ្ហា​រឿង​បោះឆ្នោត​មិនមែន​បញ្ចប់​ដោយ​​បញ្ហា​ដោយសារ​តែថា​មូលហេតុ​មាន​ការ​ការ​ធ្វើ​បដិវត្ត​ពណ៌​អ្វី​នោះ​ទេ​ ព្រោះ​វា​អត់​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​ទេ។ អ្វី​ដែល​ជា​ការ​ទាមទារ​កន្លង​មក​នេះ គឺ​ទាមទារ​ទាក់ទង​នឹង​រឿង​បោះឆ្នោត​​ ដូច្នេះ​ហើយ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​លើ​ឯកឧត្ដម កឹម សុខា ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​នឹង​បរទេស​នោះ ​យើង​ឃើញ​ថា ​មានការ​ប៉ះពាល់​ដល់​ទំនាក់ទំនង អន្តរជាតិ ​ហើយ​ដែល​បញ្ហា​នេះ គឺ​ហាក់​បី​ដូច​ជា​ដើរ​បញ្ច្រាស​ទិស​រវាង​រដ្ឋាភិបាល ដែល​ខិតខំ​កសាង​ ខិតខំ​រក្សា​ទំនាក់ទំនង​អន្តរជាតិ ​ដើម្បី​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​និង​សង្គមជាតិ​យើង​ផង​ដែរ »

អ្នកស្រី ម៉េង សុភារី ព្រួយ​បារម្ភ​ថា ​ប្រសិនបើ​តុលាការ​នៅតែ​បន្ត​ចោទ​ប្រកាន់​លោក លោក កឹម សុខា ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដ៏​ច្រើន​បែបនេះ​នឹង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ទំនាក់ទំនង រវាង​កម្ពុជា​ជាមួយ​នឹង​អន្តរជាតិ​ ដែល​នាំឲ្យ​ខាតបង់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ធ្ងន់ធ្ងរ។ អ្នកស្រី​លើក​ឧទាហរណ៍​ថា ​ជាក់ស្ដែង​​ដូចជា​ករណី​​សហភាព​អឺរ៉ុប ​ដកហូត​​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ពី​កម្ពុជា​ជា​ដើម។

សវនាការ​លើក​នេះ មាន​ការ​ចូល​ឃ្លាំមើល​ពី​តំណាង​ស្ថានទូត​បរទេស និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ​រួម​ទាំង​​តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ផង​ដែរ​ ប៉ុន្តែ​មិន​មាន​ចំនួន​ច្រើន​ដូច​លើក​មុនៗ នោះ​ទេ ព្រោះ​តុលាការ​មិន​អនុញ្ញាត​។ នៅ​ក្រៅ​របង​តុលាការ​ឯណោះ​វិញ ​អ្នក​គាំទ្រ​លោក កឹម សុខា ប្រមាណ ៥០នាក់​មក​ឃ្លាំ​មើល​តុលាការ​ ដោយ​ស្ថិត​ក្រោម​​​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ពី​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់​ ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​នោះ​ទេ។តុលាការ ​នឹង​បន្ត​សវនាការ​សំណុំរឿង ​លោក កឹម សុខា​ នៅ​ថ្ងៃ​ពុធ ទី១៨ ខែឧសភា​ខាង​មុខ​ទៀត។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​ព្យាយាម​សួរ​ជជីក​រឿង​បញ្ហា​នៃ​ការបោះឆ្នោត​ឆ្នាំ២០១៣​ ដែល​បាន​ដោះ​ស្រាយ​រួចរាល់​តាម​រយៈ​ការ​ចរចា​ផ្នែក​នយោបាយ​ហើយ ​កាលពី​ឆ្នាំ២០១៤ នោះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​សំណុំរឿង​នេះ ​​អូស​បន្លាយ​ពេល​ និង​ប៉ះពាល់​ដល់​សិទ្ធិ​ធ្វើ​នយោបាយ របស់​លោក កឹម សុខា។ លោក ​នៅ​តែ​ជំរុញ​ឲ្យ​អ្នកនយោបាយ​កំពូលៗ វិល​ទៅ​រក​ការ​ចរចា​ផ្នែក​នយោបាយ​ឡើង​វិញ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​និង​ពលរដ្ឋ​ជា​ធំ៖ « ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ​គឺ​ខកខាន​ទៅ​ហើយ​ដែល​យើង​មើល​មិន​ឃើញ​ថា ​ឯកឧត្ដម កឹម សុខា ​អាច​នឹង​វិល​ទៅ​ធ្វើ​នយោបាយ​ក្នុង​ការ​​​ប្រកួត​ប្រជែង​ទេ ហើយ​បើ​បញ្ហា​នេះ​អូស​បន្លាយ​ទៅទៀត ​ឆ្នាំ២០២៣​ ក៏​អាច​នឹង​រំលង​ផុត​ទៅទៀត។យើង​ដឹង​ហើយ​ថា ​ឯកឧត្ដម​ កឹម សុខា​គឺជា​អ្នកនយោបាយ ដូច្នេះ​អ្វី​ដែល​លោក​ចង់​នោះ​គឺ ការ​ចូលរួម​ធ្វើនយោបាយ​និង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌។ អ៊ីចឹង ខ្ញុំ​ថា អ្វី​ដែល​សំខាន់​ករណី​នេះ​បើ​សិន​ជា​អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់​លោក ​វិល​ទៅ​រក​វប្បធម៌​នៃ​ការ​សន្ទនា​ហើយ​មានការ​ចរចា​ផ្នែក​នយោបាយ​ណា​មួយ​កើត​ឡើង​ដូច​បទ​ពិសោធន៍​កន្លងៗ មក »

កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ​លោក កឹម សុខា ​បាន​ជួបជែក​ជាមួយ​លោក ហ៊ុន សែន រយៈពេល​៤ម៉ោង ​​ពេល​លោក​ទៅ​ចូល​រួម​បុណ្យ​សព​បងប្រុស​របស់​លោក ហ៊ុន សែន។លោក កឹម សុខា ​មិនបាន​បង្ហាញ​អំពី​​កិច្ច​សន្ទនា​នោះ​លម្អិត​ទេ ​ដោយ​​គ្រាន់តែ​បង្ហើប​ថា ​អ្នក​ទាំង​ពីរ ​បាន​ជជែក​អំពី​បញ្ហា​ប្រទេសជាតិ​និង​ពលរដ្ឋ​ខ្មែរ។ ភ្លាមៗ ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ និង​ឯកអគ្គរដ្ឋ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​ទៅ​ជួប​លោក កឹម សុខា ​ដែរ​​ ដោយ​បាន​លើក​ពី​បញ្ហា​លំហ​ប្រជាធិបតេយ្យ​ និង​ការ​ទាមទារ​រក​យុត្តិធម៌ និង​សេរីភាព​សម្រាប់​រូបលោក។ ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បញ្ជាក់​ថា ជំនួប​របស់​លោក​ជាមួយ​​លោក ហ៊ុន សែន ​និង​ជាមួយ​តំណាង​រដ្ឋ​បរទេស​ជា​មិត្ត ​នៅ​មិនទាន់​បាន​បង្ហាញ​នូវ​លទ្ធផល​នៃ​ដំណោះ​ស្រាយ​ជាដុំកំភួន​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី កាល​ពី​សប្ដាហ៍​មុន​នេះ សមាជិក​សភាព​អឺរ៉ុប​ភាគច្រើន​លើសលប់ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​លោក ហ៊ុន សែន លុបចោល​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​និង​ប្រគល់​សេរីភាព​ជូន​លោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មួរ សុខហូរ ​និង​មន្ត្រី ​ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ ទៀត ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​ការបោះឆ្នោត​ខាងមុខនេះ។ សភា​អឺរ៉ុប ​ថែមទាំង​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​អឺរ៉ុប ​​ត្រូវ​​ប្រើ​វិធានការ​ទាំងអស់​ ដែល​មាន​ដូចជា​ការព្យួរ​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ប្រសិន​បើ​រក​ឃើញ​ថា ការបោះឆ្នោត​ខាងមុខនេះ ​មាន​ភាព​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។