មេធាវី​បន្ត​ទាមទារ​តុលាការ​​ឱ្យ​ផ្ដល់​សេរីភាព​លោក កឹម សុខា ឡើង​វិញ ព្រោះ​តុលាការ​គ្មាន​ភស្តុតាង​ចោទ​ប្រកាន់​គ្រប់គ្រាន់

ដោយ ថា ថៃ
2022.08.17
មេធាវី​បន្ត​ទាមទារ​តុលាការ​​ឱ្យ​ផ្ដល់​សេរីភាព​លោក កឹម សុខា ឡើង​វិញ ព្រោះ​តុលាការ​គ្មាន​ភស្តុតាង​ចោទ​ប្រកាន់​គ្រប់គ្រាន់ អ្នកស្រី ម៉េង សុភារី សហមេធាវីការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​ចប់​សវនាការ​ទី៥២ នៃ​រឿង​ក្ដី​ក្បត់​ជាតិ ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

មេធាវី​លោក កឹម សុខា បន្ត​ទាមទារ​ឲ្យ​តុលាការ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា ឡើង​វិញ។ មេធាវី​ការពារ​ក្ដី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អ្នកស្រី ម៉េង សុភារី លើក​ឡើង​ថា ការ​ខ្វះខាត​ឯកសារ​របស់​តំណាង​អយ្យការ​ក្នុង​ការ​ចោទ​ប្រកាន់ លើ លោក កឹម សុខា ជា​ការ​បញ្ជាក់​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដាក់​បន្ទុក​លោក កឹម សុខា នោះ​ទេ។

លោក កឹម សុខា បាន​បាត់បង់​សិទ្ធិ​សេរីភាព​ជិត ៥ឆ្នាំ​ហើយ ក្រោយ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ ទោះ​យ៉ាង​ណា​ក្ដី តុលាការ​មិន​ដែល​បាន​បង្ហាញ​ថា រដ្ឋ​បរទេស​មួយ​ណា ដែល​មាន​ទំនាក់ទំនង​សម្ងាត់​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ តុលាការ​ត្រឹម​ចោទ​សួរ​លោក កឹម សុខា ជុំវិញ​ការ​ធ្វើ​បាតុកម្ម កាល​ពី​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៤។

មេធាវី​ការពារ​ក្ដី លោក កឹម សុខា លើក​ឡើង​ថា ករណី​គ្មាន​ភស្តុតាង​របស់​តុលាការ​នេះ បាន​ផ្ដល់​ប្រយោជន៍​ដល់​លោក កឹម សុខា ព្រោះ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ តុលាការ​មិន​អាច​ធ្វើ​ផ្ដន្ទាទោស ដាក់​ទោស ឬ​ដាក់​ទោស​លើ​ជន​ណា​ម្នាក់ ឬ​លោក កឹម សុខា បាន​ឡើយ។ អ្នកស្រី​បន្ត​ថា ផ្អែក​លើ​ការ​លើ​ចំណុច​នេះ តុលាការ​គួរ​តែ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ឬ​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើង​វិញ«តំណាង​អយ្យការ​គាត់​បាន​និយាយ​ហើយ​ថា គាត់​នឹង​ដាក់​ភស្តុតាង​រហូត រហូត​ដល់​ចប់​ការ​ដេញដោល ប្រសិនបើ​មាន មាន​ន័យ​ថា ម៉េច មាន​ន័យ អ្វី​ដែល​មាន​ពី​មុនៗ មក គឺ​អត់​គ្រប់គ្រាន់​ទេ កន្លែង​ហ្នឹង​បង្ហាញ​ថា ភស្តុតាង​អត់​គ្រប់គ្រាន់ ហើយ​ភស្តុតាង​អត់​គ្រប់គ្រាន់​ទេ តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​យើង មាត្រា៣៨ ចែងថា ម៉េច? ថា វិមតិសង្ស័យ ជា​ប្រយោជន៍​ជន​ជាប់​ចោទ។ អ៊ីចឹង វិមតិសង្ស័យ​មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា រាល់​ការ​ចោទ​ទាំង​ឡាយ​ណា បើ​នៅ​សល់​ចំណុច​សង្ស័យ គឺអត់អាចធ្វើការដាក់ទោស ផ្ដន្ទាទោស ឬ​ចោទ​ប្រកាន់​អី​បាន​ទេ»

អ្នកស្រី​មេធាវី ម៉េង សុភារី លើក​ឡើង​ដូច្នេះ ក្រោយ​ចប់​សវនាការ​ទី៥២ នៃ​ការ​ជំនុំជម្រះ​ក្ដី លោក កឹម សុខា ថ្ងៃ​ទី១៧ ខែសីហា។

សវនាការ​លោក កឹម សុខា លើក​នេះ ក៏​មិន​ខុស​ពី​ពេល​មុនៗ ដែរ គឺ​មាន​ភាព​តានតឹង​រវាង មេធាវី ការពារ​ក្ដី លោក កឹម សុខា និង​តំណាង​អយ្យការ រហូតដល់ពេលខ្លះ លោក កឹម សុខា ប្រើ​សិទ្ធិ​មិន​ឆ្លើយ​តប​នូវ​សំណួរ​របស់​តំណាង​អយ្យការ ។

អ្នក​ឃ្លាំមើល​ថា តំណាង​អយ្យការ សួរ​សំណួរ​លោក កឹម សុខា ដូច​ចង់​ច្របាច់​ក ដើម្បី​ចង់​បាន​ចម្លើយ។ តុលាការ​នឹង​បន្ត​សវនាការ​សំណុំរឿង លោក កឹម សុខា នៅ​ថ្ងៃ​ទី២៤ ខែសីហា​សប្ដាហ៍​ក្រោយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។