មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងអមដំណើរលោក កឹម សុខា និងសង្គមស៊ីវិល ចូលរួមស្ដាប់សវនាការប្រធានគណបក្សប្រឆាំង នៅថ្ងៃទី១៥ និងថ្ងៃទី១៦ មករាឡើយ។ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលខកចិត្ត ចំពោះការមិនអនុញ្ញាតឲ្យពួកគេ បានចូលស្ដាប់សវនាការ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រាប់អាស៊ីសេរីថា ទ្រង់ និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត តុលាការមិនបានអនុញ្ញាតឲ្យចូលស្ដាប់សវនាការ លោក កឹម សុខា។ ព្រះអង្គ និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត បានដាក់ពាក្យស្នើសុំស្ដាប់សវនាការ តាមរយៈមេធាវីរបស់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែខាងតុលាការបដិសេធ៖ « ខាងតុលាការគេបដិសេធ។ គេបដិសេធ ដល់ពេលខ្ញុំសួរទៅថាមូលហេតុអ្វី គាត់ ( មេធាវីរបស់ លោក កឹម សុខា ) ឆ្លើយមកវិញថា គេអត់ចង់ឲ្យថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលរួមនៅក្នុងសវនាការ។ អត់មាននិយាយរឿងមានកន្លែង ឬអត់កន្លែងទេ។ គាត់បានបញ្ជាក់ច្បាស់ថា មូលហេតុដែលគេប្រាប់គាត់ គេមិនឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលរួមនៅក្នុងសវនាការទេ»។
យ៉ាងហោចណាស់មានមន្ត្រីបក្សប្រឆាំង ចំនួន៤នាក់ ត្រូវបានតុលាការបដិសេធ ការចូលរួមស្ដាប់សវនាការ លោក កឹម សុខា គឺ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ លោក ប៉ុល ហំម លោក សុន ឆ័យ លោក យ៉ែម បុញ្ញារិទ្ធិ។ ទោះយ៉ាងណា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អះអាងថា ទ្រង់នឹងយាងទៅឈរមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ហាញទឹកចិត្តគាំទ្រ លោក កឹម សុខា បើទោះ មានការរារាំងពីសមត្ថកិច្ច។ ព្រះអង្គ អះអាងថា ទ្រង់មានសិទ្ធិស្របច្បាប់ ក្នុងការឈរមុខតុលាការ ដោយមិនប្រើអំពើហិង្សា។
សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ចំនួនមនុស្សចូលរួមស្ដាប់សវនាការ លោក កឹម សុខា ចំនួន៣០នាក់គត់ ហើយតម្រូវឲ្យសាធារណៈជនចុះឈ្មោះ ដើម្បីទទួលបានកន្លែងអង្គុយស្ដាប់។ សវនាការរយៈពេល២ថ្ងៃនេះ ក្រៅពីនៅម្ដុំអគារសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរបានប្រកាសពង្រឹងការយាមល្បាត និងដាក់ពង្រាយកងកម្លាំងប្រដាប់ដោយអាវុធ ច្រើនទីតាំង រួមទាំងនៅតាមបណ្ដាខេត្តផ្សេងផងដែរ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទសុំការបញ្ជាក់ពីក្រុមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រធានតុលាការក្រុង លោក តាំង ស៊ុនឡាយ ព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ដែលជាអ្នកចេញដីកាកោះហៅសាក្សីច្រើននាក់ ឲ្យចូលបំភ្លឺ ក្នុងពេលសវនាការ លោក កឹម សុខា អ្នកនាំពាក្យប៉ូលិស ប៉េអឹម អ្នកនាំពាក្យរាជធានីភ្នំពេញ និង អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន តែមិនទទួលទូរស័ព្ទ នៅថ្ងៃទី១៤ មករា។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់ថា ខាងសង្គមស៊ីវិល និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ក៏មិនទទួលបានការអនុញ្ញាតឲ្យចូលរួមស្ដាប់សវនាការដែរ។ លោក ថា សវនាការលោក កឹម សុខា ហាក់មានលក្ខណៈចង្អៀត ហើយមានតែមន្ត្រីស្ថានទូតមួយចំនួន ទទួលបានការអនុញ្ញាតឲ្យចូលមើល។
លោក សោកស្ដាយចំពោះការមិនអនុញ្ញាតឲ្យតំណាងគណបក្ស និងតំណាងរបស់សង្គមស៊ីវិល ចូលរួមស្ដាប់សវនាការនេះ។ លោក ស៊ឹង សែនករុណា យល់ថា សាធារណជនសុទ្ធតែចង់មើលការកាត់ក្ដី លោក កឹម សុខា ដូច្នេះ តុលាការគួររៀបចំ សាលសវនាការដែលមានទំហំធំ ឬរៀបចំបញ្ចាំងស្លាយ (Slide) ដល់បន្ទប់ខាងក្រៅ ដូចសវនាការសាលាក្ដីខ្មែរក្រហម ទើបជាការប្រសើរ៖ « គួរតែមានការគិតគូរអំពីការបើកឲ្យទូលំទូលាយ។ ឧទាហរណ៍ថា អាចមានសាលពិសេសណាមួយ ដែលសម្រាប់បើកសវនាការ ករណី ដែលមានការចាប់អារម្មណ៍ច្រើនអ៊ីចឹង ហើយ អាហ្នឹងទី ១ គួរពិចារណាថ្ងៃក្រោយ។ មួយទៀតនោះ បើសិនជាចំណាត់ការបានចាប់ផ្ដើមហើយ គួរតែអាចដូចនីតិវិធីនៅខាងតុលាការសាលាក្ដី ខ្មែរក្រហម។ យើងឃើញហើយ គេមានការផ្សាយព័ត៌មានអ្វី សវនាការអ្វី នៅបន្ទប់ខាងក្រៅ ដល់សារព័ត៌មានណា»។
លោក ស៊ឹង សែនករុណា យល់ថា អាជ្ញាធរមិនត្រូវរារាំងពលរដ្ឋក្នុងការឈរមុខតុលាការទេ ដោយសារ ការឈរគាំទ្រ ឬធ្វើសកម្មភាពស្របច្បាប់ផ្សេងៗ នៅមុខតុលាការ មិនប៉ះពាល់ដល់សវនាការទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។