សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបញ្ឈប់ឱ្យចាប់ខ្លួនអ្នកស្រាវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី មួយថ្ងៃក្រោយពីមានការស្នើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ផ្អែកតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី២១ ខែកញ្ញា ចៅក្រមស៊ើបសួរ លោក ញឹម ពិសាល បង្គាប់ឱ្យកម្លាំងសមត្ថកិច្ច បញ្ឈប់ការចាប់ខ្លួនបណ្ឌិត សេង សារី ដោយបញ្ជាក់ថា ជនត្រូវចោទរូបនេះ ក៏ទទួលបាននូវការសម្រេចលើកលែងការចោទប្រកាន់ផ្អែកតាមដីកាលើកលែងការចោទប្រកាន់ ចុះថ្ងៃដដែលនេះ។
អាជ្ញាធររបបលោក ហ៊ុន សែន មានផែនការចាប់ខ្លួន បណ្ឌិត សេង សារី តាំងពីថ្ងៃទី៥ ខែសីហា មកម្ល៉េះ ពីបទ «រួមគំនិតក្បត់» និង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីលោកបានវិភាគអំពីសេនារីយោ ៦ចំណុច នៃការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។ ក៏ប៉ុន្តែ បណ្ឌិត សេង សារី កំពុងស្នាក់នៅប្រទេសថៃ។ លោក ហ៊ុន សែន បានបង្ហើបពីការប្រកាសតាមចាប់ខ្លួន និងព្រមានបាញ់សម្លាប់បណ្ឌិត សេង សារី កាលពីថ្ងៃទី១៧ ខែកញ្ញា ដោយលោកចោទថា បណ្ឌិត សេង សារី គាំទ្រ «ចលនាឧទ្ទាម»។ ក៏ប៉ុន្តែ ៤ ថ្ងៃក្រោយមក លោក ហ៊ុន សែន បានបន្ទន់ឥរិយាបថនេះវិញ ហើយអំពាវនាវឱ្យតុលាការបញ្ឈប់ការតាមចាប់ខ្លួនបណ្ឌិត សេង សារី ដោយលោកទទួលស្គាល់ថា ការវិភាគរបស់បណ្ឌិត សេង សារី គឺជាការវិភាគបែបសេនារីយោ។
អ្នកវិភាគ និងពលរដ្ឋមួយចំនួនដាក់ការសង្ស័យចំពោះការបន្ទន់ឥរិយាបថរបស់លោក ហ៊ុន សែន ថា ជាគុណធម៌ក្លែងក្លាយ ខណៈពួកគេថា លោក ហ៊ុន សែន គួរធ្វើដូចគ្នានេះទៅលើអ្នកទោសនយោបាយជាច្រើនទៀត ដែលកំពុងជាប់គុកបច្ចុប្បន្ន រួមមាន ទាំងមេសហជីព លោក រ៉ុង ឈុន អ្នកនយោបាយបក្សប្រឆាំង សកម្មជនសង្គម និងសកម្មជនបរិស្ថានជាដើម ដោយសារពួកគេត្រូវបានរបបលោក ហ៊ុន សែន ចាប់ខ្លួនទាំងគ្មានទោសកំហុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
