សមត្ថកិច្ច​បញ្ជាក់​ថា ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀត​២​រូប​​ថា ក្លែង​បន្លំ​ឯកសារ​សាធារណៈ

អ្នកនាំពាក្យ​នៃ​ស្នងការដា្ឋន​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែ​មេសា នេះ​បាន​ឱ្យ​ដឹង​ថា ករណី​ឃាត់ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀត​ពីរ​រូប​រួមមាន អតីត​ប្រធាន គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខណ្ឌ​ជ្រោយចង្វារ និង​តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ លោក ដាង ប៊ុនហាក់ និង ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ លោក គឹម ថាយមុន្នី ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន លោក ដាង ប៊ុនហាក់ និង លោក គឹម ថាយមុន្នី នៅ​ថ្ងៃ​ទី៥ ខែ​មេសា ក្រោយពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន កាលពី​ថ្ងៃ​ទី​០៣ ខែ​មេសា។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​សមត្ថកិច្ច កាលពី​ថ្ងៃទី​១៥ ខែមីនា បាន​ទទួល​ពាក្យបណ្ដឹង​ពី​លោកស្រី ម៉ែន ស្រីទូច នាំ និង លោក ទូច សំអុល ដែល​ជា​អ្នកប្ដឹង​ទៅលើ​មន្ត្រី​បក្ស​ភ្លើងទៀន​ទាំងពីរ​រូប​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ។ ពួកគេ​បាន​ចោទ លោក ដាង ប៊ុនហាក់ និង លោក គឹម ថាយមុន្នី ថា​បាន​ចុះឈ្មោះ​ចូល​បញ្ជី​រាយ នាម​បេក្ខជន​ឈរឈ្មោះ​បម្រុង​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាមីខ្លួន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ កន្លង​មក​នេះ។

ទោះជា​យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ក្នុង​ករណី​ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​មន្ត្រី​បក្ស​ភ្លើងទៀន​កន្លង​មក​នេះ​ច្រើន​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ​ជាជាង​ការអនុវត្ត​ច្បាប់។

អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​អំឡុង​ការបោះឆ្នោត​ព្រឹទ្ធសភា​។ ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ​បាន​ធ្វើ​ឱ្យ​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​បាន​កើនឡើង​ដល់​២៧​នាក់ ក្នុង​ចំណោម​អ្នក​ទោស​មនសិការ​៤២​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ